អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហម នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា នេះ ចាប់ផ្ដើមធ្វើសវនាការស្ដាប់សាក្សីលើអង្គហេតុបោសសម្អាតផ្ទៃក្នុងរបស់បក្សកុម្មុយនិស្តកម្ពុជា។ សាក្សីថ្មីនៅក្នុងអង្គហេតុនេះ ត្រូវបានសហចៅក្រមស៊ើបអង្កេតបញ្ជាឱ្យលាក់ឈ្មោះ និងលំនៅឋាន ដោយប្រើរហស្សនាមជាលេខកូដថា 2TCW-1005។
សាក្សី 2TCW-1005 អតីតជាអ្នករត់សំបុត្រ ឬជានីរសារនៅតំបន់ ១៣ នៃភូមិភាគនិរតី ក្រោមការគ្រប់គ្រងរបស់តា ម៉ុក ហើយក៏ជាអនុប្រធានមន្ទីរកងពល ១១៧ នៃតំបន់ ៥០៥ នៅខេត្តក្រចេះ នៅឆ្នាំ១៩៧៧។
សាក្សីរូបនេះជម្រាបអង្គជំនុំជម្រះសាលាដំបូងថា នៅឆ្នាំ១៩៧៨ កងទ័ពខ្មែរក្រហម និងវៀតណាម ប្រយុទ្ធគ្នាខ្លាំងនៅខេត្តក្រចេះ ហើយមេបញ្ជាការកងទ័ពជើងទឹក គឺលោក មាស មុត បានចុះទៅពិនិត្យសភាពការណ៍នៅទីនោះ។
លោកថា ពេលនោះហើយ ដែលមានការបោសសម្អាតកម្មាភិបាលកងទ័ព ជាមេបញ្ជាការរបស់លោក៖ «បញ្ហាហ្នឹងពិតប្រាកដមែន ដូចខ្ញុំបានបញ្ជាក់ហើយថា មានគណៈស្រុកពីរ (នាក់) វរសេនាធំបួន កងពលពីរ ថ្នាក់តំបន់ពីរ។ ការផ្លាស់ប្ដូរមុខតំណែង វាត្រូវអ្នកថ្មីទៅដូរ អ្នកចាស់ត្រូវដកជិះយន្តហោះមកភ្នំពេញ បាត់រហូតទល់នឹងកៀកពេលរត់យួនបុកខ្លាំងនោះហើយ សភាពការណ៍តឹងតែងមែនទែន ដែលយួនយកស្នួលបានទាំងមូលហើយ។ អាហ្នឹងបញ្ហាដែលខ្ញុំនៅទីនោះផ្ទាល់ខ្ញុំដឹង ពីព្រោះអ៊ំ មុត គាត់ទៅក្នុងនាមគាត់ជាអគ្គមេបញ្ជាការរង បានន័យថា គាត់ទៅហ្នឹង កងទ័ពគាត់ទៅពីកំពង់សោម គាត់យកទៅមួយកងវរសេនាធំ»។
លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹករបស់ខ្មែរក្រហម បច្ចុប្បន្នជាជនសង្ស័យមួយរូប នៅក្នុងសំណុំរឿងក្ដី ០០៣ ទាក់ទងនឹងរឿងឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម។
សាក្សី 2TCW-1005 ថ្លែងបញ្ជាក់ថា ការបោសសម្អាតពេលនោះ គឺធ្វើឡើងតាមរយៈសារទូរលេខមួយច្បាប់ពីមន្ទីរអ្នកដឹកនាំថ្នាក់លើ លេខ ៨៧០៖ «កាលហ្នុងហើយឃើញ ម.៨៧០ សុំអញ្ជើញមកធ្វើការនៅភ្នំពេញ យន្ត (យន្តហោះ) មកទទួល។ ដល់ម៉ោង ៩ ឃើញដាកូតាទៅមែន។ សំបុត្រហ្នឹងខ្ញុំបានអានជូនគាត់។ ក្នុងហ្នឹងខ្ញុំឃើញនីរសារអ្នកសារទូរលេខរបស់អ៊ំ មុត ឈ្មោះ គង់ ហើយនិង ធី ហ្នឹងវាអ្នកយកមក ព្រោះអាហ្នឹងធ្លាប់ចេញចូលទំនាក់ទំនងសារទូរលេខអីខ្ញុំស្គាល់គ្នា សួរថាបងនៅឬអត់ ខ្ញុំថានៅ។ ដល់នៅចូលទៅជួបពូ រ៉ុម។ អ៊ីចឹងបញ្ហាហ្នឹងឃើញ ម.៨៧០ ព្រោះអាហ្នឹងមន្ទីររបស់រដ្ឋ មន្ទីររបស់អ៊ំខាងលើ»។
មន្ទីរលេខ ៨៧០ ជាមន្ទីររបស់គណៈមជ្ឈិមនៃបក្សកុម្មុយនិស្តកម្ពុជា ដែលមានជនជាប់ចោទ នួន ជា និង ខៀវ សំផន ជាសមាជិក។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែងថា អង្គហេតុបោសសម្អាតផ្ទៃក្នុងនេះ ជាអង្គហេតុចោទប្រកាន់ជនជាប់ចោទទាំងពីរ បន្តពីអង្គហេតុមួយចំនួន នៅក្នុងសំណុំរឿង ០០២ វគ្គ ២ ដែលបានធ្វើសវនាការរួចហើយ៖ «អង្គហេតុដែលបានសវនាការហើយនោះ គឺសហករណ៍ត្រាំកក់ មន្ទីរសន្តិសុខក្រាំងតាចាន់ ការដ្ឋានការងារទំនប់ ១មករា ត្រពាំងថ្ម ព្រះលានយន្តហោះកំពង់ឆ្នាំង ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងវៀតណាម ហើយនិងមន្ទីរសន្តិសុខ មានមន្ទីរសន្តិសុខអូរកន្សែង មន្ទីរសន្តិសុខភ្នំក្រោល មន្ទីរសន្តិសុខ ស-២១ ហើយនិងការបោសសម្អាតផ្ទៃក្នុងហ្នឹង។ បន្ទាប់ពីបញ្ចប់ការស្ដាប់សក្ខីកម្មលើការបោសសម្អាតផ្ទៃក្នុង គឺអង្គជំនុំជម្រះនឹងបន្តពាក់ព័ន្ធអង្គហេតុការរៀបការដោយបង្ខំ ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងវៀតណាម និងតួនាទីរបស់ជនជាប់ចោទ។ គេរំពឹងថា នឹងបញ្ចប់សវនាការស្ដាប់អង្គហេតុលើសំណុំរឿង ០០២ វគ្គ ២ នេះ នៅចុងឆ្នាំ២០១៦ ហ្នឹង»។
លោកបន្តថា សវនាការលើសំណុំរឿង ០០២ វគ្គ ២ រហូតមកដល់ថ្ងៃទី២៦ កក្កដា គឺមានរយៈពេល ២០៤ថ្ងៃហើយ ហើយមានសាក្សី ៤៧រូប ដើមបណ្ដឹងរដ្ឋប្បវេណី ៤០រូប និងអ្នកជំនាញ ៣រូប មកផ្ដល់សក្ខីកម្ម។
ស្របពេលដែលសាលាដំបូងកំពុងជំនុំជម្រះសំណុំរឿង ០០២ វគ្គ ២ នៅថ្ងៃទី២៦ កក្កដា សហភាពអឺរ៉ុប បានផ្ដល់កញ្ចប់ថវិកាជំនួយរបស់ខ្លួនចំនួន ២,៩លានអឺរ៉ូ ដែលស្មើនឹងជាង ៣លានដុល្លារអាមេរិក ឧបត្ថម្ភដល់សាលាក្ដីខ្មែរក្រហម។ ក្នុងនោះ ថវិកាចំនួនជាង ១,៦លានដុល្លារ (១,៥លានអឺរ៉ូ) សម្រាប់គាំទ្រភាគីអន្តរជាតិ និងចំនួនជាង ១,៥លានដុល្លារ (១,៤លានអឺរ៉ូ) ទៀត សម្រាប់ភាគីជាតិ។ សហភាពអឺរ៉ុប ជាម្ចាស់ជំនួយធំមួយក្នុងចំណោមម្ចាស់ជំនួយធំៗ បំផុតរបស់សាលាក្ដីខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។