ក្រុមមេធាវីការពារក្ដីអតីតកម្មាភិបាលខ្មែរក្រហមលោក អោ អាន ស្នើចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហម ឲ្យលើកលែងការចោទប្រកាន់លើលោក អោ អាន ក្រោយពីសហព្រះរាជអាជ្ញាជាតិ និងសហព្រះរាជអាជ្ញាអន្តរជាតិ ខ្វែងយោបល់គ្នា រឿងដែលថា តើត្រូវលើកលែងការចោទប្រកាន់ ឬត្រូវបញ្ជូនរឿងទៅជំនុំជម្រះ។
ក្រុមមេធាវីការពារក្ដីលោក អោ អាន អះអាង ថា សាលាក្ដីខ្មែរក្រហមមិនអាចអាចយកលោក អោ អាន យកមកកាត់ទោសបាននោះទេ ដោយសារតែតុលាការកូនកាត់មួយនេះ គ្មានយុត្តាធិការបុគ្គលលើលោក អោ អាន។
ការអះអាងបែបនេះ ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ក្រុមមេធាវីការពារក្ដីលោក អោ អាន នៅថ្ងៃទី២៥ ខែតុលា ដែលតបទៅនឹងដីកាសន្និដ្ឋានស្ថាពររបស់សហព្រះរាជអាជ្ញា។
យុត្តាធិការបុគ្គល គឺសំដៅលើដែនសមត្ថកិច្ចតុលាការ ក្នុងការជំនុំជម្រះប្រភេទបុគ្គលជាក់លាក់មួយចំនួន ដោយមិនមែនជាការកាត់ទោសលើបុគ្គលទូទៅនោះឡើយ។
មេធាវីការពារក្ដីទាំងបីរូបរបស់លោក អោ អាន ដែលមានមេធាវីខ្មែរមួយរូប និងមេធាវីអន្តរជាតិពីររូប សម្អាងទៅលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ស្ដីពីការបង្កើតសាលាក្ដីខ្មែរក្រហម ដែលកំណត់ជនតែពីរប្រភេទប៉ុណ្ណោះ ដែលត្រូវយកមកកាត់ទោសបាន គឺទី១ ជននោះ ត្រូវតែជាមេដឹកនាំជាន់ខ្ពស់ និងទី២ ជននោះត្រូវតែជាជនទាំងឡាយណា ដែលបានទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើង នៅក្នុងរបបខ្មែរក្រហម ចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ក្រុមមេធាវី បានស្នើសុំសហចៅក្រមស៊ើបអង្កេត នៃសាលាក្ដីខ្មែរក្រហមនេះ ឲ្យលើកលែងការចោទប្រកាន់លើលោក អោ អាន ដោយសម្អាងថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ និងគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ក្នុងការបញ្ជូនខ្លួនលោក អោ អាន ទៅជំនុំជម្រះនោះទេ និងអះអាងបន្ថែម ថាសាលាក្ដីខ្មែរក្រហមនេះ មិនអាចកាត់ទោសលោក អោ អាន បានទេ ព្រោះលោក អោ អាន មិនមែនជាកម្មាភិបាលខ្មែរក្រហម ដែលស្ថិតក្នុងចំណាត់ថ្នាក់ នៃមេដឹកនាំជាន់ខ្ពស់ ឬជនទាំងឡាយណា ដែលទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមនោះទេ។
សេចក្ដីសន្និដ្ឋានរបស់ក្រុមមេធាវីការពារក្ដីលោក អោ អាន ស្របគ្នាទៅនឹងជំហររបស់សហព្រះរាជអាជ្ញាជាតិ ដែលកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ យល់ឃើញថា សាលាក្ដីខ្មែរក្រហម មិនអាចកាត់ទោសលោក អោ អាន បាននោះដែរ ដោយសារគ្មានយុត្តាធិការបុគ្គល។ ប៉ុន្តែ សហព្រះរាជអាជ្ញាអន្តរជាតិឯណោះទៅវិញ យល់ផ្ទុយពីនេះ ដោយយល់ឃើញថា តុលាការនេះ មានសមត្ថកិច្ចតាមផ្លូវតុលាការ ដែលអាចកាត់ទោសលោក អោ អាន បាន ព្រោះលោក អោ អាន គឺជាមេដឹកនាំជាន់ខ្ពស់ផង និងជាជនម្នាក់ក្នុងចំណោម អ្នកដែលទទួលខុសត្រូវខ្ពស់បំផុត។ សហព្រះរាជ្ញាអាជ្ញាអន្តរជាតិ លើកជាសំអាង ថាលោក អោ អាន មានតួនាទីជាអនុលេខាភូមិភាគកណ្ដាល ត្រូវជាអនុលេខារបស់លោក កែ ពក និងជាលេខាតំបន់ ៤១ គ្រប់គ្រង ៥ស្រុក នៅខេត្តកំពង់ចាម ដែលមានមនុស្សស្លាប់រាប់ពាន់នាក់។
ការស៊ើបអង្កេតក្នុងរឿងក្តីលោក អោ អាន ក្នុងសំណុំរឿង ០០៤/០២ ប្រើពេលអស់ ០៨ ឆ្នាំហើយ ពីបទអំពើប្រល័យពូជសាសន៍ លើជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមមាន ការសម្លាប់អតីតទាហាន លន់ នល់ ការបង្ខំឲ្យរៀបការ ការធ្វើទារុណកម្មជាដើម និងការរំលោភលើក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ រួមមានមនុស្សឃាតដោយចេតនា។
រហូតមកដល់ពេលនេះ សាលាក្ដីខ្មែរក្រហម បើកដំណើរការកាត់ក្ដី អស់រយៈពេលជិត ១២ឆ្នាំហើយ និង ចំណាយថវិកាអស់ជាង ៣០០លានដុល្លារអាមេរិក។ ជាលទ្ធផល សាលាក្ដីនេះបានកាត់ទោសអតីតមេគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងសំណុំរឿង ០០១ ឲ្យលោកជាប់ពន្ធនាគារអស់មួយជីវិត។ អតីតមេដឹកនាំ ជាន់ខ្ពស់ ខ្មែរក្រហមពីររូប គឺលោក ខៀវ សំផន និង នួន ជា ក្នុងសំណុំរឿង ០០២/០២ នេះ ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដែរ។
ចំណែកការស៊ើបអង្កេតលើសំណុំរឿង ០០៣ ដែលមានជនត្រូវចោទ មាស មុត និងសំណុំរឿង ០០៤ ដែលមានជនត្រូវចោទ អោ អាន និង យឹម ទិត្យ ត្រូវបានបិទបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០១៦។ ប៉ុន្តែ នីតិវិធីបន្តក្នុងសំណុំរឿងទាំងពីរនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ លើកលែងតែ ករណីអតីតកម្មាភិបាលខ្មែរក្រហមអ្នកស្រី អ៊ឹម ចែម ដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿង ០០៤/០១ ត្រូវបានសាលាក្ដី សម្រេចលើកលែងការចោទប្រកាន់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។