ប្រវត្តិ​សង្ខេប​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ

0:00 / 0:00

អ្នកស្រី អៀង ធីរិទ្ធ ជា​ស្ត្រី​លេច​ធ្លោ​តែ​ម្នាក់​គត់​នៅ​ក្នុង​ជួរ​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ទាំង​នៅ​ក្នុង​សម័យ​តស៊ូ និង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ អ្នកស្រី អៀង ធីរិទ្ធ ក៏​ជា​ជន​ជាប់​ចោទ​ស្ត្រី​ម្នាក់​គត់​នៅ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម។

តើ អ្នកស្រី អៀង ធីរិទ្ធ មាន​ប្រវត្តិ​យ៉ាង​ណា​ខ្លះ?

អ្នកស្រី អៀង ធីរិទ្ធ មាន​ឈ្មោះ និង​ក្លាយ​ជា​បុគ្គល​លេច​ធ្លោ​មួយ​រូប​នៅ​ក្នុង​មជ្ឈដ្ឋាន​ពលរដ្ឋ​កម្ពុជា ជា​ទូទៅ គឺ​នៅ​ពេល​ដែល​អ្នកស្រី​មាន​មុខ​ជា​ជន​ជាប់​ចោទ​ក្នុង​រឿង​ក្ដី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម ចាប់​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១២។

ឯកសារ​សំណុំ​រឿង​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម និង​ឯកសារ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បង្ហាញ​ថា អ្នកស្រី អៀង ធីរិទ្ធ ដែល​មាន​ឈ្មោះ​ដើម​ថា ខៀវ ធីរិទ្ធ កើត​នៅ​ឆ្នាំ​១៩៣២ ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ​មួយ​នៅ​ខេត្ត​បាត់ដំបង។ អ្នកស្រី អៀង ធីរិទ្ធ បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ហើយ​បន្ទាប់​មក គាត់​ទៅ​សិក្សា​ផ្នែក​អក្សរសាស្ត្រ​នៅ​សាកលវិទ្យាល័យ សបូន (Sorbonne) នៅ​ប្រទេស​បារាំង។ អ្នកស្រី​រៀបការ​ជាមួយ លោក អៀង សារី ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ពេល​ដែល​អ្នក​ទាំង​ពីរ​ទៅ​សិក្សា​នៅ​ទីនោះ។ គឺ​នៅ​ទីក្រុង​ប៉ារីស នោះ​ហើយ​ដែល​អ្នកស្រី​បាន​ជួប​ជាមួយ​ជន​កុម្មុយនិស្ត​ជាច្រើន​រូប​ទៀត​ដែល​មាន​ជាអាទិ៍ ប៉ុល ពត និង​លោក អៀង សារី ដែល​ជា​ប្ដី​របស់​អ្នកស្រី។ អ្នកស្រី អៀង ធីរិទ្ធ ជា​ស្ត្រី​កម្ពុជា ទី​មួយ ដែល​បាន​ទទួល​សញ្ញាបត្រ​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស។ អ្នកស្រី អៀង ធីរិទ្ធ បាន​ត្រឡប់​មក​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​កម្ពុជា វិញ​នៅ​ឆ្នាំ​១៩៥៧ ហើយ​អ្នកស្រី​បង្កើត​សាលា​ឯកជន​បង្រៀន​ភាសា​អង់គ្លេស​មួយ​នៅ​ឆ្នាំ​១៩៦០។

អ្នកស្រី អៀង ធីរិទ្ធ ដែល​មាន​ឈ្មោះ​ដើម​ថា ខៀវ ធីរិទ្ធ ជា​ប្អូន​បង្កើត​របស់ លោកស្រី ខៀវ ប៉ុណ្ណារី ជា​ប្រពន្ធ​ទី​មួយ​របស់ ប៉ុល ពត។

អ្នកស្រី អៀង ធីរិទ្ធ ឈ្មោះ​បដិវត្តន៍​ហៅ​ថា ភា ឬ ហុង ត្រូវ​បាន​អង្គ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​១៩៧៥។ អ្នកស្រី អៀង ធីរិទ្ធ កាន់​មុខ​តំណែង​នេះ​រហូត​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា​របប​ខ្មែរ​ក្រហម​ដួល​រលំ នៅ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។

ក្នុង​តួនាទី​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច នេះ អ្នកស្រី អៀង ធីរិទ្ធ ត្រូវ​បាន​សាលា​ក្ដី​ខ្មែរ​ក្រហម ចាប់​ខ្លួន​ពី​ផ្ទះ​របស់​អ្នកស្រី​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ រួម​ជាមួយ​នឹង​ប្ដី​របស់​អ្នកស្រី គឺ​លោក អៀង សារី ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស នៃ​របប​ខ្មែរ​ក្រហម​ដែរ។

សាលា​ក្ដី​ខ្មែរ​ក្រហម បាន​បញ្ជូន អ្នកស្រី អៀង ធីរិទ្ធ ទៅ​ជំនុំ​ជម្រះ​ជា​សាធារណៈ​នៅ​ឆ្នាំ​២០១១ ក្នុង​សំណុំ​រឿង​ក្ដី​លេខ​០០២ រួម​ជាមួយ​ជន​ជាប់​ចោទ​អតីត​ជា​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ៣​រូប​ទៀត គឺ​ជន​ជាប់​ចោទ អៀង សារី នួន ជា និង ខៀវ សំផន។

ជន​ជាប់​ចោទ អៀង ធីរិទ្ធ ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ មនុស្ស​ឃាត ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខាង​ផ្នែក​សាសនា ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៦ និង​ក្នុង​ច្បាប់​ស្ដីពី​ការ​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០០៤។

សាលា​ក្ដី​ខ្មែរ​ក្រហម ចោទ​ប្រកាន់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ថា ក្នុង​នាម​ជា​អ្នក​ដឹក​នាំ គឺ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដូច​បាន​ចោទ​ប្រកាន់​ទាំង​នេះ តាម​រយៈ​ការ​ធ្វើ​សកម្មភាព ឬ​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់ (រួម​បញ្ចូល​ទាំង​ការ​ប្រព្រឹត្ត​តាម​រយៈ​ឧក្រិដ្ឋកម្ម​រួម) បញ្ជា​ញុះញង់ រៀបចំ​ផែនការ ដឹក​នាំ ឬ​សម​គំនិត​ដោយ​ការ​ជួយ ឬ​ជំរុញ ឬ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ទាំង​នេះ នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។ ប៉ុន្តែ​ជន​ជាប់​ចោទ អៀង ធីរិទ្ធ បដិសេធ​រាល់​បទ​ចោទ​ប្រកាន់​ទាំងអស់​មក​លើ​រូប​គាត់ ហើយ​ក៏​ប្ដឹង​ទាស់​នឹង​ការ​ឃុំ​ខ្លួន​គាត់​ដែរ។ ដោយសារ​តែ​ហេតុផល​ស្ថានភាព​សុខភាព​បញ្ញា​ស្មារតី​ចុះ​ខ្សោយ បាត់​ការ​ចងចាំ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២។ ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ត្រូវ​បាន​សហ​ព្រះរាជអាជ្ញា​ប្ដឹង​ទាស់ ដោយ​ស្នើសុំ​ឲ្យ​ដាក់​ការ​ដោះ​លែង​នោះ នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និង​ក្រោម​លក្ខខណ្ឌ ៦​ចំណុច។

នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១២ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ព្រោះ​យល់​ឃើញ​ថា ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​រូប​នេះ​នៅ​មន្ទីរ​ឃុំឃាំង​ត​ទៅ​ទៀត ជា​ការ​ពុំ​ចាំបាច់​ទេ។

ទោះ​ជា​ដូច្នេះ​ក្ដី អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល បាន​ភ្ជាប់​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ជា​បណ្ដោះអាសន្ន​នេះ ដោយ​លក្ខខណ្ឌ​សំខាន់​ចំនួន​៣ គឺ​ទី​១ ជន​ជាប់​ចោទ​ត្រូវ​ជូន​ដំណឹង​ដល់​អង្គ​ជំនុំ​ជម្រះ​អំពី​អាសយដ្ឋាន​ដែល​ខ្លួន​ត្រូវ​ស្នាក់​នៅ ហើយ​មិន​ត្រូវ​ផ្លាស់ប្ដូរ​លំនៅ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​អង្គ​ជំនុំ​ជម្រះ​ឡើយ។ ទី​២ ជន​ជាប់​ចោទ​ត្រូវ​ប្រគល់​លិខិត​ឆ្លង​ដែន និង​លិខិត​ធ្វើ​ដំណើរ​ពាក់ព័ន្ធ​ដទៃ​ទៀត ហើយ​មិន​ត្រូវ​ចាកចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឡើយ។ ទី​៣ ជន​ជាប់​ចោទ អៀង ធីរិទ្ធ ត្រូវ​តែ​ចូល​ខ្លួន​ពេល​តុលាការ​កោះ​ហៅ ហើយ​ជាង​នេះ​ទៀត ជន​ជាប់​ចោទ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​រដ្ឋបាល​របស់​តុលាការ​ឡើយ។

ជន​ជាប់​ចោទ អៀង ធីរិទ្ធ គឺ​ជា​ជន​ជាប់​ចោទ​តែ​ម្នាក់​គត់​ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ក្ដី​ខ្មែរ​ក្រហម យល់​ព្រម​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ក្នុង​ចំណោម​ជន​ជាប់​ចោទ ៥​រូប ដែល​ក្នុង​នោះ​មាន ឌុច ជា​អតីត​ប្រធាន​គុក​ទួល​ស្លែង ជន​ជាប់​ចោទ នួន ជា ជា​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ខៀវ សំផន ជា​ប្រធាន​រដ្ឋ និង​លោក អៀង សារី ជា​រដ្ឋមន្ត្រី​ការ​បរទេស ដែល​ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ឆ្នាំ​២០១៣។

ចាប់​តាំង​ពី​ថ្ងៃ​ដែល​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​នោះ​ហើយ ដែល​ជន​ជាប់​ចោទ អៀង ធីរិទ្ធ បាន​នៅ​ក្រៅ​ឃុំ​ក្រោម​ការ​ធានា​របស់​កូន​ស្រី​ឈ្មោះ អៀង វិជីដា និង​មាន​កូន​ប្រុស​ឈ្មោះ អៀង វុធ រហូត​មក​ដល់​ថ្ងៃ​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​២២ សីហា។ មរណភាព​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ក៏​ដូច​គ្នា​នឹង​មរណភាព​ជន​ជាប់​ចោទ អៀង សារី ដែរ គឺ​កើត​ឡើង​នៅ​មុន​ពេល​សាលា​ក្ដី​ខ្មែរ​ក្រហម រក​ឃើញ​ការ​ពិត​ថា តើ​ជន​ជាប់​ចោទ​ទាំង​ពីរ​មាន​ទោស ឬ​យ៉ាង​ណា នៅ​ក្នុង​រឿង​ក្ដី​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​លេខ​០០២។

រហូត​មក​ដល់​ពេល​នេះ មាន​តែ​ជន​ជាប់​ចោទ​ពីរ​រូប​ប៉ុណ្ណោះ គឺ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន កំពុង​ប្រឈម​នឹង​ការ​ជំនុំ​ជម្រះ​របស់​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ ក្រោយ​មរណភាព​នៃ​ជន​ជាប់​ចោទ អៀង ធីរិទ្ធ សហ​ព្រះរាជអាជ្ញា​សាលា​ក្ដី​ខ្មែរ​ក្រហម កំពុង​តែ​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ប្រាកដ នៃ​មរណភាព​របស់​ជន​ជាប់​ចោទ​រូប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។