លោក ខៀវ សំផន ជាបញ្ញវន្តខ្មែរមួយរូប បានរៀនចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅប្រទេសបារាំង។ លោកធ្លាប់ជាប់ជាសមាជិកសភាតំណាងរាស្ត្រ ពីរអាណត្តិក្នុងសម័យសង្គមរាស្ត្រនិយម។ ក្រោយមក លោកក្លាយជាកម្មាភិបាលជាន់ខ្ពស់ ក្នុងរបបខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហមដួលរលំ លោកនៅបន្តកាន់មុខតំណែងជាន់ខ្ពស់នេះ រហូតដល់ថ្ងៃចាប់ខ្លួន ដោយសាលាក្ដីខ្មែរក្រហម។ ប៉ុន្តែ លោកអះអាងថា ការទទួលខុសត្រូវរបស់លោក មិនស្មើនឹងការទទួលខុសត្រូវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលក្នុងរបបខ្មែរក្រហមនោះទេ។
តើលោក ខៀវ សំផន មានប្រវត្តិយ៉ាងណា?
លោក ខៀវ សំផន ហៅ ហែម ឬ ណន មានអាយុ ៨៩ឆ្នាំ កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣១ នៅឃុំចេក ឬរំចេក ស្រុករំដួល ខេត្តស្វាយរៀង។ ឪពុកឈ្មោះ ខៀវ ឡុង ជាចៅក្រម។ ម្ដាយឈ្មោះ ប៉ោ គង់ ជាអ្នកស្រុកជីហែ ខេត្តកំពង់ចាម។ លោកមានប្រពន្ធឈ្មោះ សូ សុជាតិ ដែលជាចុងភៅនៅមន្ទីរ ស-៧១ ដែលជាមន្ទីររដ្ឋបាល និងភស្តុភារក្នុងសម័យខ្មែរក្រហម។ លោកមានកូនបួននាក់។ លោក ខៀវ សំផន មានបងប្អូនប្រុសស្រីប្រាំនាក់។
កាលនៅកុមារ លោករៀននៅសាលាបឋមសិក្សា ក្នុងខេត្តកំពង់ចាម រួចបន្តទៅរៀននៅអនុវិទ្យាល័យព្រះសីហនុ នៅខេត្តនេះដដែល។ នៅទីនោះលោកជួប ប៉ុល ពត ជាលើកដំបូង។ កាលណោះមានឈ្មោះថា សាឡុត ស។
ក្រោយពីបញ្ជាប់ការសិក្សានៅអនុវិទ្យាល័យព្រះសីហនុ លោកបានទៅរៀនបន្តនៅវិទ្យាល័យស៊ីសុវត្ថិ។ រៀនចប់នៅវិទ្យាល័យនេះ នៅឆ្នាំ១៩៥១។ ក្រោយចប់វិទ្យាល័យ លោកចាប់ផ្ដើមរៀនច្បាប់នៅភ្នំពេញ។
ពីរឆ្នាំក្រោយមក នៅឆ្នាំ១៩៥៣ លោកបានទទួលអាហារូបករណ៍ ពីរដ្ឋាភិបាលសង្គមរាស្ត្រនិយម ទៅរៀននៅប្រទេសបារាំង ដើម្បីសិក្សាច្បាប់ និងសេដ្ឋកិច្ច។ នៅឆ្នាំ ១៩៥៦ លោកបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។ លោករៀនចប់ថ្នាក់បណ្ឌិតនេះ និងការពារនិក្ខេបបទ ផ្ដោតលើសេដ្ឋកិច្ចកម្ពុជា និងបញ្ហាឧស្សាហូបនីយកម្ម។ លោកចប់ថ្នាក់បណ្ឌិតនេះ នៅឆ្នាំ ១៩៥៩។
កាលនៅប្រទេសបារាំង ដូចនិស្សិតខ្មែរជាច្រើនទៀតដែរ លោកត្រូវបានអូសទាញឲ្យស្រឡាញ់ចូលចិត្តក្រុមដែលប្រឆាំងនឹងសង្គ្រាមអាណានិគមបរទេស គឺសង្គ្រាមវៀតណាម នៅសមរភូមិឌៀន បៀន ភូ (Dien Bien Phu) ដែលបារាំងឈានទៅរកបរាជ័យ និងសង្គ្រាមអាល់ហ្ស៊េរី (Algeria) ដែលសង្គ្រាមពីរ ដែលកំពុងលេចធ្លោជាងគេ ដែលធ្វើឲ្យពលរដ្ឋបារាំងជាច្រើននាក់ស្លាប់បាត់ បង់ ជីវិត។ លោកចូលក្នុង "ក្រុមម៉ាក្សនិយម" (Marxism) ដែលបង្កើតឡើង និងមានការចូលរួមជាទៀងទាត់ ដោយនិស្សិតខ្មែរនៅប្រទេសបារាំង ក្នុងនោះមានលោក អៀង សារី សាឡុត ស អ្នកស្រី ធៀង ធីរិទ្ធ និងលោក សុន សេន។
លោក ខៀវ សំផន អះអាងប្រាប់អាស៊ីសេរី នៅមុនពេលត្រូវសាលាក្ដីខ្មែរក្រហមចាប់ខ្លួនថា មិនថាតែនិស្សិតខ្មែរទេ និស្សិតបារាំងទូទៅ ក៏នាំគ្នាប្រឆាំងសង្គ្រាមនោះដែរ៖ «និស្សិតបារាំងធម្មតា ដែលមិនមែនកុម្មុយនិស្ត ដែលប្រឆាំងកុម្មុយនិស្ត ដែលស្អីៗ ហ្នឹង ក៏តស៊ូរួមមកធ្វើបាតុកម្មជាមួយទាំងអស់គ្នា។ វាទៅជាមានបរិយាកាសមួយដែលថា ជាភាតរភាពរវាងយុវជនទូទៅទាំងអស់ប្រឆាំងសង្គ្រាមអាណានិគម »។
ក្រោយពីមកដល់កម្ពុជាវិញនៅឆ្នាំ១៩៥៩ លោកបានធ្វើជាចាងហ្វាងកាសែតជាភាសាបារាំងឈ្មោះ ឡុបស៊ែវាក់ទ័រ "L'Observateur" ។ លោក ខៀវ សំផន ថា កាសែតហ្នឹង មិនមែនគាំទ្រកុម្មុយនិស្តទេ។ ប៉ុន្តែ ជាច្រើនលើកច្រើនសា កាសែតរបស់លោករិះគន់រដ្ឋាភិបាលសម្ដេច នរោត្តម សីហនុ។ ចំណែកអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយចំនួន រួមទាំងអ្នកស្រី អៀង ធីរិទ្ធ ផង បានចងសម្ពន្ធភាពជាមួយក្រុមចលនាកុម្មុយនិស្តនៅក្នុងប្រទេសកម្ពុជា។ ជាលទ្ធផលលោក ខៀវ សំផន ត្រូវបានអាជ្ញាធរតាមឃ្លាំមើល និងធ្វើទុក្ខបុកម្នេញ។ មានករណីមួយនោះលោក ខៀវ សំផន ត្រូវបានគេធ្វើបាបនៅកណ្ដាលផ្លូវ ខាងក្រៅការិយាល័យរបស់លោក ពីសំណាក់មនុស្សមួយក្រុម ដែលប្រហែលជាភ្នាក់ងារប៉ូលិសសម្ងាត់។
លោក ខៀវ សំផន ត្រូវបានចាប់ និងឃុំខ្លួន កាលពីឆ្នាំ១៩៦០ ដោយគ្មានការចោទប្រកាន់ អស់ជាងមួយខែ ឯកាសែតក៏ត្រូវបិទ។ ក្រោយបិទកាសែត លោកចូលរួមជាមួយគណបក្សសង្គមរាស្ត្រនិយម ដែលបង្កើតដោយសម្ដេច នរោត្តម សីហនុ។ ឆ្នាំ១៩៦២ លោកធ្វើការក្នុងរដ្ឋសភាជាតំណាងរាស្ត្រ និងទទួលបានការតែងតាំងពីសម្ដេច នរោត្តម សីហនុ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ លោក ខៀវ សំផន ថា ការតែងតាំងនេះ គឺដោយសារសម្ដេចសីហនុ ចង់បញ្ចុះបញ្ចូលលោកឲ្យចូលខាងរដ្ឋាភិបាល។
ប៉ុន្តែមិនយូរប៉ុន្មាន លោក ខៀវ សំផន បានជាប់ក្នុងបញ្ជីខ្មៅ។ នៅខែមីនា ឆ្នាំ១៩៦៣ ក្រោយបាតុកម្មនិស្សិតនៅខេត្តសៀមរាប សម្ដេច នរោត្តម សីហនុ ដាក់មនុស្ស ៣៤នាក់ក្នុងបញ្ជីខ្មៅថា ជាអ្នករៀបចំកុប្បកម្ម ឬពួកឆ្វេងនិយម។ អ្នកទាំងនេះ ត្រូវបានចោទថា ជាជនក្បត់ជាតិ ដែលត្រូវថ្កោលទោស។
ទោះជាយ៉ាងនេះក្ដី នៅឆ្នាំ១៩៦៦ លោកបានជាប់ឆ្នោតជាសមាជិកសភាម្ដងទៀត។ ប៉ុន្តែ មួយឆ្នាំក្រោយមក គឺនៅខែ មេសា ឆ្នាំ១៩៦៧ សម្ដេច នរោត្តម សីហនុ ចោទប្រកាន់លោក ខៀវ សំផន និងសហការីឆ្វេងនិយមពីរនាក់ទៀត គឺលោក ហ៊ូ នឹម និង ហ៊ូ យន់ ដែលសុទ្ធតែជាបញ្ញាជនល្បីក្នុងចលនាតស៊ូប្រឆាំង ថាញុះញង់កសិករឱ្យបះបោរនៅសំឡូត ខេត្តបាត់ដំបង និងគំរាមយកទៅកាត់ទោសនៅតុលាការយោធា។ ព្រឹត្តិការណ៍នេះ ធ្វើឲ្យលោក ខៀវ សំផន និងអ្នកទាំងនោះ ត្រូវរត់ភៀសខ្លួនចេញពីទីក្រុងភ្នំពេញ ដោយមានការអញ្ជើញរបស់បក្សកុម្មុយនិស្តកម្ពុជាផង «ពេលហ្នុងមានការគំរាម ចាប់ខ្លួនខ្ញុំឡើងទៅតុលាការសឹក ក្រោយពីមានព្រឹត្តិការណ៍ បះបោរកសិករនៅសំឡូតអ៊ីចឹង។ ការគំរាមនេះ ការពិតទៅ មិនមែនទើបតែមានលើកនេះទេ » ។
ពេលរត់គេចខ្លួននោះ លោក ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់ បានទៅជ្រកកោននៅទីជនបទ ជិតអង្គតាសោម ក្នុងខេត្តតាកែវ ក្រោមកិច្ចការពាររបស់តាម៉ុក។
បើតាមសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ក្នុងចន្លោះឆ្នាំ១៩៦៧ និងឆ្នាំ១៩៧០ លោក ខៀវ សំផន បានផ្លាស់ប្ដូរទីកន្លែងពីភូមិមួយទៅភូមិមួយ ជុំវិញខេត្តកំពង់ស្ពឺ តាកែវ និងកំពង់ឆ្នាំង ដោយមានការជួយគាំទ្រពីសំណាក់ខ្សែរយៈបង្កប់ របស់បក្សកុម្មុយនិស្តកម្ពុជា។ លោក ខៀវ សំផន មានទំនាក់ទំនងក្រៅផ្លូវការជាមួយសមាជិកជាន់ខ្ពស់នៃបក្សកុម្មុយនិស្តកម្ពុជា តាំងពីយូរមកហើយ ជាពិសេសលោកនៅកៀកជាមួយគណៈកម្មាធិការបក្សក្រុងភ្នំពេញ ដែលជាអង្គការមួយ ដែលក្រោយមកវិវត្តទៅជាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា។
នៅខែមីនា ឆ្នាំ១៩៧០ ក្រោយរបបរាជានិយមរបស់សម្ដេច នរោត្តម សីហុន ត្រូវបានលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារផ្ដួលរំលំសម្ដេច នរោត្តម សីហនុ បានប្រកាសបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា។ ប៉ុល ពត បានផ្ញើសារទៅកាន់សម្ដេច ជំនួសមុខឲ្យលោក ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់។ ក្នុងឆ្នាំ១៩៧០ នោះ លោក ខៀវ សំផន មានតួនាទីជាអនុប្រធានរណសិរ្សរួបរួមជាតិកម្ពុជា និងជាអគ្គមេបញ្ជាការកងទ័ពរំដោះប្រជាជនកម្ពុជា។
លោក ខៀវ សំផន បានក្លាយជាសមាជិកត្រៀមនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា ក្នុងឆ្នាំ១៩៧១ និងជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៧៦។ លោកបានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិនៃរដ្ឋាភិបាលរួបរួមជាតិ។
សាលក្រមសាលាក្ដីខ្មែរក្រហមយល់ឃើញថា លោក ខៀវ សំផន ជាបុគ្គលម្នាក់មានការគោរពខ្ពស់ ព្រោះដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការទាញការគាំទ្រដល់ចលនាប្រឆាំង ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។
ក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ យោងតាមដីកាដំណោះស្រាយ របស់សាលាក្ដីខ្មែរក្រហម លោក ខៀវ សំផន មានតួនាទីជាប្រធានគណៈប្រធានរដ្ឋ។ ក្នុងនាមជាប្រធានគណៈប្រធានរដ្ឋ លោក ខៀវ សំផន បន្តបំពេញមុខងារការទូត និងពិធីផ្សេងៗ ដូចជាទទួលសារតាំងពីអ្នកការទូត ស្វាគមន៍គណៈប្រតិភូបរទេស ធ្វើជាម្ចាស់ផ្ទះ និងចូលរួមលៀងសាយភោជន៍ថ្នាក់រដ្ឋ ផ្ញើ និងទទួលកំណត់ទូត ក្នុងនាមជាតំណាងរបបកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងដឹកនាំគណៈប្រតិភូកម្ពុជាប្រជាធិបតេយ្យ ក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេស។
លោក ខៀវ សំផន ក៏ជាសមាជិកថ្នាក់ដឹកនាំម្នាក់នៃមន្ទីរ ៨៧០ មានការទទួលខុសត្រូវផ្នែកពាណិជ្ជកម្ម និងនៅក្នុងរយៈកាលរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា មានតួនាទីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងអគ្គមេបញ្ជាការកងទ័ពរំដោះជាតិកម្ពុជា។
តែយ៉ាងណា សាលាក្ដីខ្មែរក្រហម មិនអាចកំណត់បាន ថាតើលោក ខៀវ សំផន នៅរក្សាតួនាទីជាអគ្គមេបញ្ជាការដដែល នៅពេលដែលកងទ័ពរំដោះប្រជាជនកម្ពុជា ត្រូវបានបញ្ចូលទៅក្នុងកងទ័ពបដិវត្តកម្ពុជា នៅខែកក្កដា ឆ្នាំ១៩៧៥ យ៉ាងណានោះទេ។ នៅក្នុងករណីណាក៏ដោយ បើតាមសាលាក្ដីខ្មែរក្រហម ទោះបីជាមានការទទួលខុសត្រូវផ្នែកយោធាក្ដី ក៏លោក ខៀវ សំផន មិនដែលទទួលខុសត្រូវផ្ទាល់ក្នុងវិស័យនេះទេ។
លោក ខៀវ សំផន នៅបន្តគ្រងតួនាទីជាន់ខ្ពស់ ក្នុងរចនាសម្ព័ន្ធដឹកនាំរបស់ខ្មែរក្រហម ក្រោយឆ្នាំ១៩៧៩។ ក្នុងរដ្ឋាភិបាលចម្រុះត្រីភាគី លោក ខៀវ សំផន ទទួលបន្ទុកកិច្ចការបរទេស។ ក្នុងកិច្ចចរចាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ លោក ខៀវ សំផន គឺជាតំណាងខ្ពស់បំផុត នៃក្រុមខ្មែរក្រហម។ ក្រោយមកលោកក្លាយជាសមាជិកឧត្ដមក្រុមប្រឹក្សាជាតិ (Supreme National Council (SNC) ជាមួយសហជីវិនរបស់លោកគឺ លោក សុន សេន ក្នុងចំណោមសមាជិក ១៣រូបក្នុងភាគីទាំងបួនក្នុងចម្បាំង រួមមានរដ្ឋកម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម។ សម្ដេច នរោត្តម សីហនុ ជាព្រះប្រធានឧត្ដមក្រុមប្រឹក្សាជាតិនេះ។
ក្រុមខ្មែរក្រហមរបស់លោក ខៀវ សំផន មិនបានចូលរួមបោះឆ្នោតក្នុងឆ្នាំ១៩៩៣ ដែលគ្រប់គ្រងដោយអាជ្ញាធរបណ្ដោះអាសន្ន នៃអង្គការសហប្រជាជាតិ (UNTAC) នោះទេ។ លោកបានបន្តចលនាតស៊ូ ជាឧទ្ទាមទ័ពព្រៃបន្តទៅទៀត រហូតដល់ឆ្នាំ១៩៩៨ ទើបបានសុំចុះចាញ់ និងសុំចុះចូលជាមួយរដ្ឋាភិបាល ហើយត្រូវបានអនុញ្ញាតឲ្យរស់នៅជាពលរដ្ឋធម្មតា ដូចគេឯងតាំងពីពេលនោះមក។
តែទោះជាយ៉ាងណាក្ដី លោក ខៀវ សំផន ថា លោកជាមេខ្មែរក្រហមមានតែឈ្មោះ គឺគ្មានអំណាចអ្វីទាំងអស់។ ម្យ៉ាងទៀតលោកហៅការរត់ភៀសខ្លួន កាលពីឆ្នាំ១៩៦៧ ដែលលោកចាប់ផ្ដើមប្រឡូកក្នុងជួរខ្មែរក្រហមនោះថា ជាការធ្វើដោយបង្ខំចិត្តប៉ុណ្ណោះ៖ « ការណ៍ដែលទៅទាក់ទងលាយឡំជាមួយរឿងខ្មែរក្រហម គឺដោយសារតែការបង្ខំចិត្ត កាលពីឆ្នាំ១៩៦៧ នោះទេ។ ព្រឹត្តិការណ៍វាបង្ខំចិត្តខ្ញុំទៅទេតើ » ។
បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ លោក ខៀវ សំផន បានចាកចេញពីចលនាខ្មែរក្រហម និងរស់នៅក្នុងខេត្តប៉ៃលិន រហូតដល់ពេលត្រូវបានចាប់ និងឃុំខ្លួននៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅខែវិច្ឆិកា ឆ្នាំ ២០០៧។
នៅខែសីហា ឆ្នាំ ២០១៤ លោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហម ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ រួមមាន ការសម្លាប់រង្គាល ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងអំពើអមនុស្សធម៌ផ្សេងទៀត។
នៅក្នុងដំណើរការក្តីនោះ លោក ខៀវ សំផន អនុវត្តសិទ្ធិនៅស្ងៀមមិនឆ្លើយតប និងមិនឆ្លើយទៅនឹងការចោទសួរទាំងឡាយ។ ប៉ុន្តែ មានគ្រាមួយនៅក្នុងសវនាការ លោកសម្រេចឆ្លើយតបនឹងសំណួររបស់ជនរងគ្រោះ ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី ដែលសួរលោកអំពីមូលហេតុអ្វី បានជាមានការកាប់សម្លាប់មនុស្សមិនរើសមុខ បង្ខំឲ្យមនុស្សធ្វើការដូចសត្វធាតុ គ្មានពេលសម្រាក មិនឲ្យហូបឆ្អែត និងហេតុអ្វីបានជាមេដឹកនាំខ្មែរក្រហមមានចំណេះដឹងខ្ពស់ៗ បែរជាមិនបង្កើតសាលារៀន និងសម្លាប់អ្នកចេះដឹងបែបនេះទៅវិញ?
លោក ខៀវ សំផន ថា បើប្រៀបធៀបអំណាចលោក ទៅនឹងអំណាចលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងជួរកម្មាភិបាលខ្មែរក្រហម លោកថា លោកមានការទទួលខុសត្រូវទាបជាងលោក ហ៊ុន សែន ផង៖ «ខ្មែរក្រហមគឺ មិនមែនជាខ្ញុំទេ ហើយខ្ញុំក៏មិនអាចទទួលខុសត្រូវអំពើដែលគេចោទនោះដែរ។ ខ្ញុំយកឧទាហរណ៍ ដូចជាលោក ហ៊ុន សែន ជាដើម។ លោក ហ៊ុន សែន តើលោកទទួលខុសត្រូវនឹងអំពើរបស់ខ្មែរក្រហមទេ ? ហើយខ្ញុំវិញ ខ្ញុំក៏រឹតតែមិនដូចលោក ហ៊ុន សែន ទៅទៀត។ ខ្ញុំអត់ដឹងអ្វីទាំងអស់ អ្វីៗ ដែលកើតមានឡើងក្នុងចន្លោះឆ្នាំ១៩៧៥ ទៅដល់ឆ្នាំ១៩៧៩»។
លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់នៃរបបសព្វថ្ងៃ ជាច្រើនរូបផ្សេងទៀត ធ្លាប់ជាកម្មាភិបាលខ្មែរក្រហម ដោយអ្នកខ្លះមានតួនាទីខ្ពស់ក្នុងផ្នែកបញ្ជាការកងទ័ពទៀតផង។
ទោះជាយ៉ាងណា ខាងសហព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហម រកឃើញថា លោក ខៀវ សំផន ពិតជាបានទទួលខុសត្រូវក្នុងឋានៈជាកម្មាភិបាលជាន់ខ្ពស់ ចំពោះឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមនោះ។ សហព្រះរាជអាជ្ញាជាតិអ្នកស្រី ជា លាង ថា ទោសដែលស័ក្ដិសមបំផុតសម្រាប់ដាក់ទណ្ឌកម្មលោក ខៀវ សំផន គឺទោសជាប់ពន្ធនាគារអស់មួយជីវិតនេះឯង៖ «តាមរយៈឯកសារភស្តុតាងដូចជាតេឡេក្រាម វីដេអូ សក្ខីកម្មសាក្សី និងអ្នកជំនាញ បានបង្ហាញច្បាស់ថា ខៀវ សំផន ពិតជាបានដឹង និងបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តផែនការរបស់បក្សកុម្មុយនិស្តកម្ពុជា ដែលផែនការនេះបានបណ្ដាលឲ្យប្រជាជនរាប់លាននាក់ ស្លាប់ក្នុងរបបបីឆ្នាំប្រាំបីខែ និងម្ភៃថ្ងៃ » ។
លោក ខៀវ សំផន បានប្ដឹងជំទាស់សាលក្រមសាលាដំបូងនេះ។ សហមេធាវីជាតិការពារក្តីលោក ខៀវ សំផន គឺលោក គង់ សំអុន ចាត់ទុកសេចក្ដីសម្រេចផ្ដន្ទាទោសលោក ខៀវ សំផន នោះ ថាជារឿងអយុត្តិធម៌។ លោកអះអាងថា លោក ខៀវ សំផន មិនដឹងកិច្ចការធំៗ របស់របបខ្មែរក្រហម ដូចជា សេចក្ដីសម្រេច ឬការបញ្ជាឲ្យសម្លាប់មនុស្សនោះឡើយ៖ «ការងារអ្នកណា អ្នកនោះដឹង ! នេះហើយជាគោលការណ៍ ដែលលោក ខៀវ សំផន មិនអាចទៅជ្រៀតជ្រែក ឬទៅដឹងដើម្បីធ្វើអន្តរាគមន៍ទៅលើបញ្ហាកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យទាំងស្រុងទេ។ លោក ខៀវ សំផន ជាប្រមុខរដ្ឋ ក្នុងសម័យនោះ ហើយដែលគេមិនបានផ្តល់អំណាចពេញលេញ ក្នុងការដើរតួនាទីជាប្រមុខរដ្ឋទេ»។
ទោះជាយ៉ាងនេះក្តី នៅខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល តម្កល់សាលក្រមសាលាដំបូង ដោយផ្ដន្ទាទោសលោក ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតដដែល។ សេចក្ដីសម្រេចនេះ ទទួលបានការស្វាគមន៍ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ប៉ុន្តែ លោកស្រី សូ សុជាតិ ដែលជាភរិយាលោក ខៀវ សំផន ថា លោក ខៀវ សំផន គ្មានអត្តចរិតជាមនុស្សអាក្រក់ ដូចការចោទប្រកាន់នោះឡើយ តាមការសម្គាល់របស់លោកស្រី ក្នុងការរស់នៅជាមួយគ្នាតាំងពីឆ្នាំ១៩៧៦ នោះមក៖ «ខ្ញុំស្គាល់ប្ដីខ្ញុំ ស្គាល់អត្តចរិត ស្គាល់ឫកពា គឺមិនមែនជាមនុស្ស ស្វែងរកលាភសក្ការៈ ស្វែងរកមុខមាត់ បុណ្យស័ក្ដិ ស្វែងរកអំណាចអាជ្ញានោះទេ។ ក៏មិនមែនជាមនុស្សកាចសាហាវឃោរឃៅ ដើរចាប់ចងកាប់សម្លាប់នោះដែរ »។
ទោះជាយ៉ាងណា សេចក្ដីសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូល បានបិទផ្លូវតវ៉ា និងចារទុកក្នុងប្រវត្តិសាស្ត្រថា លោក ខៀវ សំផន គឺជាជនឧក្រិដ្ឋ ត្រូវស្ថិតក្នុងមន្ទីរឃុំឃាំងរបស់សាលាក្ដីខ្មែរក្រហម រង់ចាំការរៀបចំរួចរាល់ស្របតាមច្បាប់ នឹងត្រូវផ្ទេរទៅពន្ធនាគាររបស់រដ្ឋ ដែលនឹងត្រូវអនុវត្តទោសនៅទីនោះ រហូតដល់ជីវិតចុងក្រោយរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។