មជ្ឈមណ្ឌលឯកសារកម្ពុជា បង្ហាញថា អតីតបងធំទី៣ នៃរបបខ្មែរក្រហម លោក អៀង សារី ធ្លាប់មានលុយ ២០លានដុល្លារសហរដ្ឋអាមេរិកទុកក្នុងធនាគារនៃទីក្រុងហុងកុង។
ទីភ្នាក់ងារព័ត៌មាន South China Morning Post បានដកស្រង់សំដីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា ថា លោកបានសម្ភាសន៍មន្ត្រីហិរញ្ញវត្ថុនៃរបបខ្មែរក្រហមដែលគេស្គាល់ថា ជាសមមិត្ត រិទ្ធិ បញ្ជាក់ថា លោក អៀង សារី មានលុយ ២០លានដុល្លារសហរដ្ឋអាមេរិកក្នុងធនាគារនៃទីក្រុងហុងកុង កាលពីឆ្នាំ១៩៨០ នៅពេលលោកគ្រប់គ្រងមូលដ្ឋានទ័ពខ្មែរក្រហមនៅក្បែរព្រំដែនថៃ។
នៅពេលរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ដួលរលំក្នុងឆ្នាំ១៩៧៩ លោក អៀង សារី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាលនិរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយលុយរាប់លានដុល្លារដែលឆ្លងកាត់ធនាគារទីក្រុងហុងកុង មានឈ្មោះ លោក អៀង សារី។
ទោះបីជាយ៉ាងណាក៏ដោយ អតីតនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី លោក លី ក្វាន់យូ (Lee Kuan Yew) ធ្លាប់មានប្រសាសន៍ថា ប្រទេសចិន បានផ្ដល់ជំនួយជាសព្វាវុធ និងលុយសុទ្ធដល់រដ្ឋាភិបាលខ្មែរក្រហមនៅឆ្នាំ១៩៨០ មានចំនួនជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតក្រុមឧទ្ទាមថ្មីមួយទៀត បន្ទាប់ពីវៀតណាម ចូលឈ្លានពានកម្ពុជា។
លោក អៀង សារី ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសដែលគេស្គាល់ថា ជាបងធំទី៣ នៃរបបខ្មែរក្រហមបានស្លាប់ក្នុងអាយុ ៨៧ឆ្នាំ ដោយសារគាំងបេះដូង នៅខណៈដែលសាលាក្ដីខ្មែរក្រហមកំពុងដំណើរការកាត់ទោសរូបលោកក្នុងសំណុំរឿងលេខ ០០២ ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម។
ជុំវិញអះអាងថា លោក អៀង សារី ធ្លាប់មានលុយ ២០ដុល្លារសហរដ្ឋអាមេរិកក្នុងធនាគារនៅទីក្រុងហុងកុង នេះ លោក អៀង វុធ ជាអភិបាលរងខេត្តប៉ៃលិន ដែលជាកូនប្រុសបង្កើតរបស់លោក អៀង សារី បានបដិសេធចំពោះព័ត៌មាននេះ៖ «និយាយដោយស្មោះទៅ គ្រួសារខ្ញុំហ្នឹងវារងការចោទប្រកាន់ច្រើនលើកច្រើនសាមកហើយ។ ពីមុនថា ខ្ញុំមានលុយរាប់លានដុល្លារសហរដ្ឋអាមេរិកនៅគុយបា (Cuba) ថាខ្ញុំហ្នឹងជាអ្នកចាត់ចែងចេញចាត់ចែងចូល។ ពួកហ្នឹងសុទ្ធតែជាអ្នកកាសែតទាំងអស់។ ប៉ុន្តែយើងវាខ្ជិលប្ដឹងផ្ដល់អី ដំណឹងមិនពិតវាចេះតែចុះផ្សាយគ្រប់កន្លែងហ្នឹង។ ខ្ញុំមើលទៅដំណឹងហ្នឹងសុទ្ធតែជាដំណឹងចចាមអារ៉ាមទាំងអស់។ ពីមុនមកក្រោយពេលផ្តាច់ខ្លួនទៅគេចោទថា គ្រួសារខ្ញុំមានប៉ុន្មានរយលានឯណោះ។ ខ្ញុំគ្រាន់តែមានមតិប៉ុណ្ណឹងទេ។ ខ្ញុំគិតថា នេះជារឿងមិនពិត ហើយសុទ្ធតែជារឿងនយោបាយទាំងអស់»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសេដ្ឋវិទូអង់គ្លេស ដែលធ្វើការឲ្យអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា អ៊ុនតាក់ (Untac) កាលពីទសវត្សរ៍ឆ្នាំ១៩៩០ អះអាងថា ទាំងការជួញដូរឈើ និងត្បូងនៅខេត្តប៉ៃលិន ក្រុមឧទ្ទាមខ្មែរអាចរកចំណូលបានប្រហែល ១០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។