តុលាការ​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​ពីរ​នាក់

តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំ​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ពីរ​នាក់​ដាក់​ពន្ធនាគារ​ព្រែកស្វាយ បណ្ដោះអាសន្ន​ហើយ នៅ​ព្រលប់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ដោយ​ចោទ​ប្រកាន់​ចំនួន​ពីរ​បទល្មើស​ គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ និង​ទី​២ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន រិះគន់​ថា ការ​ចោទ​ប្រកាន់​នេះ​មិន​សម​ហេតុផល។ លោក​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់ និង​សម្រេច​ឃុំ​ខ្លួន​នេះ គឺ​ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​ការពារ​បរិស្ថាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស៖ «»។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ២​នាក់​នោះ មាន​លោក ឌឹម គុណឌី និង​លោក ហ៊ុន វណ្ណៈ។ អ្នក​ទាំង​ពីរ​ត្រូវ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) ប្ដឹង​ឲ្យ​អាជ្ញាធរ​ឃុំ​ព្រែកខ្សាច់ ឃាត់​ខ្លួន​នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក ថ្ងៃ​ទី​១២ ខែ​កញ្ញា ខណៈ​អ្នក​ទាំង​ពីរ​នាក់​កំពុង​ជិះ​ទូក​ថតរូប និង​វីដេអូ​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

ការ​ឃាត់​ខ្លួន​នេះ​ ក្រោយពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​ចេញ​ផ្សាយ​វីដេអូ​មួយ ទាក់ទង​នឹង​ការ​រក​ឃើញ​ភាព​​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស​ទៅ​​កោះ​តៃវ៉ាន់ ចំនួន​ជាង ១​លាន​តោន ដែល​គិត​ជា​ទឹក​ប្រាក់​ជាង ៣០​លាន​ដុល្លារ​អាមេរិក។

មន្ត្រី​សិទ្ធិមនុស្ស និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ប្រចាំ​ខេត្ត​កោះកុង ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ទាំង​ពីរ​វិញ ដោយ​យល់​ថា ពួកគេ​ពុំ​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ព្រោះ​ថា ពួកគេ​ចូល​ទៅ​ថត​នៅ​ឆ្ងាយ​ពី​ក្រុមហ៊ុន​អេស.អ៊ី.ហ្សិត នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។