មេធាវីការពារក្ដីឱ្យសកម្មជនអង្គការមាតាធម្មជាតិ ២រូប គ្រោងប្ដឹងឧទ្ធរណ៍ដើម្បីស្ដារកិត្តិយស និងសេចក្ដីថ្លៃថ្នូរកូនក្ដីទាំងពីរបស់លោកមកវិញ។ លោកចាត់ទុកថា សេចក្ដីសម្រេចរបស់តុលាការខេត្តកោះកុង ផ្ដន្ទាទោសកូនក្ដីទាំងពីររបស់លោក ជាសេចក្ដីសម្រេចមួយដែលអយុត្តិធម៌បំផុត។
លោក សំ ចំរើន មេធាវីការពារក្តីឱ្យលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី បានឱ្យអាស៊ីសេរី ដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ថា លោកមិនសប្បាយចិត្តចំពោះការផ្ដន្ទាទោសចំពោះកូនក្ដីលោកឡើយ បើទោះបីជាតុលាការបានដោះលែងកូនក្ដីទាំងពីររបស់លោកឱ្យមានសេរីភាពឡើងវិញក៏ដោយ។
លោកយល់ថា កូនក្ដីទាំងពីររបស់លោកនៅតែមានឈ្មោះជាអ្នកទោសដដែល។ លោកចាត់ទុកសេចក្ដីសាលក្រមនេះថាធ្វើឡើងមិនត្រឹមត្រូវតាមផ្លូវច្បាប់ ព្រោះកូនក្ដីទាំងពីររបស់លោកមិនបានប្រព្រឹត្តបទល្មើសណាមួយដែលផ្ទុយនឹងច្បាប់ឡើយ៖ «ដូចខ្ញុំបញ្ជាក់តាំងពីដើមមកថា តាំងពីដំបូងការឃាត់ខ្លួន ការចាប់ខ្លួន ការចោទប្រកាន់ ការផ្ដន្ទាទោស ខ្ញុំនៅតែយល់ថា ធ្វើឡើងដោយមានការភ័ន្តច្រឡំអង្គហេតុ និងច្បាប់យ៉ាងធ្ងន់ធ្ងរ ព្រោះកូនក្ដីខ្ញុំសុចរិតតាំងពីដំបូង»។
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ត្រូវបានតុលាការខេត្តកោះកុង ដោះលែងឱ្យមានសេរីភាពកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ លោកទាំងពីរត្រូវបានសាលាដំបូងខេត្តកោះកុង កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ ១ឆ្នាំ តែអនុវត្តទោសតែ ៥ខែ ដោយទោសនៅសល់ ៧ខែទៀតត្រូវព្យួរ ព្រមទាំងពិន័យជាប្រាក់ម្នាក់ ១លានរៀល ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល ក្រោយពេលពួកគេបានជិះទូកថតរូបភាព និងថតវីដេអូ សកម្មភាពកប៉ាល់ពីរគ្រឿងដឹកខ្សាច់ស៊ីលីកា (Silica) ក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។ ដើមបណ្ដឹងនៃសំណុំរឿងនេះ គឺក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង (LYP) របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអ្នករកស៊ីនាំចេញខ្សាច់នៅខេត្តកោះកុង អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកមេធាវី សំ ចំរើន លើកឡើងថា ដើមបណ្ដឹងនៅក្នុងសំណុំរឿងក្តីនេះ មិនមានលក្ខណៈសម្បត្តិជាដើមបណ្ដឹងឡើយ ហើយនៅដំណាក់កាលសួរដេញដោលក៏គ្មានវត្តមានដើមបណ្ដឹងមកចូលរួមដែរ។ ជាមួយគ្នានេះដែរ ខាងតំណាងអយ្យការក៏មិនមានភស្តុតាងណាមួយដើម្បីដាក់បន្ទុកមកលើកូនក្ដីទាំងពីរដែរ។ លោកមេធាវីបញ្ជាក់ថា កូនក្ដីរបស់លោកនឹងទាមទារកាមេរ៉ា អង្គចងចាំ (Memory) និងសម្ភារៈមួយចំនួនទៀតយកមកវិញ ព្រោះលោកយល់ថា សម្ភារៈទាំងអស់នោះមិនស្ថិតនៅក្នុងការស៊ើបអង្កេតតទៅទៀតឡើយ។
លោកមេធាវីពន្យល់ថា ដើម្បីផ្ដន្ទាទោសអ្នកណាម្នាក់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ លុះត្រាតែបុគ្គលជាជនសង្ស័យបានប្រព្រឹត្តអំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៖ «ឧទាហរណ៍ដូចគាត់ផ្សព្វផ្សាយទៅមនុស្សឆោឡោ វឹកវរ មនុស្សនៅអត់សុខ... ដូចជាមានការបាតុកម្មហិង្សាផ្សេងៗ អាហ្នឹងបានចូលក្នុងបទល្មើសញុះញង់...»។
លោកមេធាវីក៏បានពន្យល់បន្តទៀតថា ដើម្បីចោទប្រកាន់អ្នកណាម្នាក់ពីបទធ្វើឱ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល លុះត្រាបុគ្គលជាជនសង្ស័យបានលួចថតរូបនៃបុគ្គលនៅក្នុងទីកន្លែងឯកជន៖ «អំពើដែលចូលក្នុងបទល្មើសនេះបានលុះត្រាតែអំពើថតរូប ហើយថតរូបហ្នឹងគឺថតរូបបុគ្គល មិនមែនថតរូបភាព ថតទេសភាព ថតរូបទឹកសមុទ្រ ហើយនៅទីកន្លែងឯកជន បានន័យថា នៅផ្ទះឯកជនរបស់គេ បរិវេណផ្ទះរបស់គេ ហើយគ្មានការអនុញ្ញាតពីគេ ហ្នឹងហើយចូលក្នុងបទប៉ះពាល់ខាងសិទ្ធិរូបភាពនៃបុគ្គល។ តែសកម្មភាពរបស់អ្នកទាំងពីរកន្លងមក គឺថតរូបភាពនៅក្នុងលំហសមុទ្រ ហើយថតរូបភាពកប៉ាល់ទៀត មិនមែនថតរូបភាពមនុស្សទេ អ៊ីចឹងមិនមានអង្គហេតុណាមួយដែលនាំឱ្យចូលដូចការចោទប្រកាន់ពីបទប៉ះពាល់ខាងសិទ្ធិរូបភាពនៃបុគ្គលហ្នឹងទេ»។
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីតុលាការខេត្តកោះកុង ដើម្បីសុំការបំភ្លឺចំពោះករណីនេះបាននៅឡើយទេ កាលពីថ្ងៃទី១៥ កុម្ភៈ។
ស្ថាបនិករបស់អង្គការមាតាធម្មជាតិលោក អាឡិច (Alex) សាទរចំពោះការដោះលែងសកម្មជនរបស់លោកទាំងពីរនាក់ គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ឱ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែលោកចាត់ទុកការឃុំឃាំងសកម្មជនទាំងពីររូបរយៈពេល ៥ខែកន្លងមកនេះ ថាជាបទឧក្រិដ្ឋមួយដែលតុលាការខែត្រកោះកុង បានចាប់ពួកគាត់ទាំងបំពានច្បាប់ ហើយបញ្ហានេះ តុលាការនិងអាជ្ញាធរពាក់ព័ន្ធត្រូវតែទទួលខុសត្រូវ។ សកម្មជនបរិស្ថាន លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី អះអាងថា ពួកលោកមិនបាក់ស្បាតចំពោះការងារបរិស្ថាននិងធនធានធម្មជាតិឡើយ ពួកលោកនឹងធ្វើការនេះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។