ជនបរទេស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សង្ស័យ​ថា​ពាក់ព័ន្ធ​ការ​ទិញ​ពេស្យាចារ​កុមារ​ខុសច្បាប់

នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ជនជាតិ​អាមេរិកាំង​ម្នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ​ខុសច្បាប់។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​អាមេរិកាំង វ័យ ៦០​ឆ្នាំ ឈ្មោះ ផូប ដេនី លី (POPE Danny Lee) កាលពី​ថ្ងៃទី២ ខែ​មីនា បន្ទាប់ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យ​បណ្តឹង ពី​អាណាព្យាបាល​ជនរងគ្រោះ​។ ក្នុង​បេសកកម្ម​បង្ក្រាប​បទល្មើស​ទិញ​ពេស្យាចារ​កុមារ នៅ​ក្នុង​ហាង​ម៉ាស្សា មួយ​កន្លែង​ក្នុង​សង្កាត់​កាកាបពីរ ខណ្ឌ​ពោធិសែនជ័យ សមត្ថកិច្ច​បាន​រក​ឃើញ​ជនរងគ្រោះ​ចំនួន ៥​នាក់ ក្នុង​នោះ​មាន ៣​នាក់​ជា​អនីតិជន ឬ​ក្មេង​មិនទាន់​គ្រប់​អាយុ​នៅឡើយ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ដកស្រង់​សម្ដី​របស់​ប្រធាន​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន លោក កែវ ធា ឱ្យ​​​​​​​​​​​​​​​ដឹង​ថា សមត្ថកិច្ច​បាន​ឃ្លាំមើល ជនបរទេស​រូប​​នេះ​យូរហើយ ប៉ុន្តែ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​ចាប់ខ្លួន។ លោក​បន្ថែម​ថា ក្រៅពី​ឃាត់ខ្លួន​ជនបរទេស​រូប​នេះ សមត្ថកិច្ច​ក៏​កំពុងតែ​ស៊ើបអង្កេត រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​យក​មក​ផ្ដន្ទាទោស​ផង​ដែរ។

លោក កែវ ធា បញ្ជាក់​ថា ខាង​លោក​បានសម្រេច​ចោទប្រកាន់​ជនបរទេស​នេះ ទៅ​តុលាការ​ចំនួន​ពីរ​បទល្មើស គឺ​អំពើ​ពេស្យាចារ​លើ​កុមារ និង​បទ​រំលោភ​សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់​ទោស។ទោះយ៉ាងណា សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​មិនទាន់​ធ្វើការ​ចោទប្រកាន់ ជនបរទេស​រូប​នេះ​នៅឡើយ​ទេ។ ចំណែក​ជនរងគ្រោះ​ទាំង ៥​នាក់ ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​អប់រំ បណ្ដុះបណ្ដាល នៃ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។