គ្រូពេទ្យ​ជនជាតិ​អង់គ្លេស​ម្នាក់​ជាប់​ចោទ​ពី​បទ​រួមភេទ​ជាមួយ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​បុរស​វ័យ​ចំណាស់ និង​ជា​វេជ្ជបណ្ឌិត​ជនជាតិ​អង់គេ្លស​ម្នាក់ ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​ករណី​រួមភេទ​នឹង​កុមារី​ចាប់ពី​អាយុ ៩ និង ១៣​ឆ្នាំ។ លោក ខ្លីវ ក្រេស៊ី (Clive Cressy) អាយុ​៧០ឆ្នាំ ធ្លាប់​បង្រៀន​ភាសា​អង់គ្លេស​នៅ​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​នៅ​ក្នុង​ផ្ទះ​ជួល​របស់​លោក ជាមួយ​ប្រពន្ធ​ជនជាតិ​វៀតណាម ដែល​បាន​ទាក់ទង​ក្មេង​ស្រី​វៀតណាម មិនទាន់​គ្រប់​អាយុ​មក​អោយ​រួមភេទ​ជាមួយ​ប្ដី​របស់​ខ្លួន ។ តុលាការ​រក​ឃើញ​ថា លោក ខ្លី​វ ក្រេស៊ី បាន​ចំណាយ​ប្រាក់​រហូតដល់ ៣​ពាន់​ដុល្លារ ដល់​ជនរងគ្រោះ​ក្នុង​ការ​រួមភេទ​នៅ​ពេល​លោក​មាន​ចំណង់។ ជនរងគ្រោះ​ជា​កុមារ​ទាំងនោះ ត្រូវ​បាន​បុរស​រូប​នេះ​និង​ភរិយា​យក​មក​រស់នៅ​ផ្ទះ​ជាមួយ មុន​ពេល​ពួកគេ​ត្រូវ​បាន​រំលោភ​ផ្លូវ​ភេទ។ លោក ខ្លីវ ក្រេស៊ី នឹង​ត្រូវ​បណ្ដេញ​ពី​កម្ពុជា​ក្រោយពេល​ចេញពី​ពន្ធនាគារ។

តាម​កាសែត​បរទេស The Argus ស្រង់​សម្ដី​មន្ត្រី​តុលាការ​ថា បុរស​គ្រូពេទ្យ​ជនជាតិ​អង់គ្លេស​រូប​នេះ បាន​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥។ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧ មន្ត្រី​នគរបាល​កម្ពុជា បាន​ចូល​ទៅ​រំដោះ​ក្មេង​ស្រី​ទាំងនោះ​ក្នុង​ផ្ទះ​ជួល​របស់​ជនល្មើស ហើយ​ចាប់​បុរស​រូប​នេះ។ ចំណែក​ឯ​ប្រពន្ធ​ល្មើស​នៅ​ពេល​នោះ បាន​រត់គេច​ខ្លួន តែ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​បាន​វិញ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។