តំណាង​សហគមន៍​ឡពាង​រង​ការ​គំរាម​សម្លាប់​ពី​សន្តិសុខ​ការពារ​ដី​ឱ្យ​ក្រុមហ៊ុន​ ខេ.ឌី.ស៊ី

0:00 / 0:00

សកម្មជន​ដីធ្លី​ឡ​ពាង​ម្នាក់​រង​ការ​គំរាម​សម្លាប់​ពី​អ្នកភូមិ​ជាមួយគ្នា​ដែល​ធ្វើការ​យាម​ដី​ឱ្យ​ក្រុមហ៊ុន ​ខេ​.​ឌី​.​ស៊ី របស់​អ្នកស្រី ជា ខេង ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម។ សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ចុះ​ស៊ើបអង្កេត​រក​ឱ្យ​ឃើញ​មូលហេតុ​ពិតប្រាកដ ក្នុង​រឿង​នេះ និង​ផ្ដន្ទាទោស​អ្នក​គំរាម​ទៅតាម​ច្បាប់។

តំណាង​សហគមន៍​ឡពាង ដែល​មាន​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ស្ងួន ញឿន ឱ្យ​អាស៊ីសេរី​ដឹង​​ថា រូបលោក ត្រូវ​ឈ្មោះ ជួន ឃីម ជា​សន្តិសុខ​យាម​ឱ្យ​ក្រុមហ៊ុន ស្រែក​សម្លុត និង​គំរាម​សម្លាប់ ខណៈ​លោក​និង​កូន​ដើរ​រក​ត្រី​នៅ​តាម​អូរ​ក្បែរ​របង​ថ្ម​ក្រុមហ៊ុន ​ខេ.ឌី.ស៊ី កាលពី​យប់​ថ្ងៃ​ទី​១៣ មិថុនា។

លោក ស្ងួន ញឿន រៀបរាប់​ថា នៅ​ពេល​ឈ្មោះ ជួន ឃីម ស្រែក​ពី​ចង្ហាយ​ថា នឹង​សម្លាប់ចោល​មួយ​គ្រួសារ កូនប្រុស​របស់ ជួន ឃីម ឈ្មោះ រិទ្ធិ ក៏បាន​ស្ទុះ​ទៅ​យក​កាំបិត​បម្រុង​ទៅ​កាប់​លើ​រូបលោក និង​កូន​តូច​៣​នាក់​ទៀត ប៉ុន្តែ​ត្រូវ​អាក់ខាន​ទៅវិញ ដោយសារ​ឈ្មោះ ជួន ឃីម ជា​ឪពុក​បាន​ឃាត់។

សកម្មជន​ដីធ្លី​រូប​នេះ អះអាង​ថា ឈ្មោះ ជួន ឃីម ប្រើ​ពាក្យ​សម្ដី​គំរាម​សម្លាប់ និង​ប្រមាថ​ដល់​អាយុជីវិត ថា​កាប់​នឹង​កាំបិត ឬ​បាញ់​នឹង​កាំភ្លើង​ខ្យល់ មិន​សំដៅ​ចំពោះតែ​រូបលោក​ម្នាក់​ទេ​អ្នកភូមិ​ផ្សេងទៀត ក៏​អាច​ជា​គោលដៅ​ដែរ​៖ «ពួក​ខ្ញុំ​ឃើញ​ទង្វើ​ទាំងអស់​នេះ គឺជា​ទង្វើ​ខុសច្បាប់​មួយ​ដោយសារ​ប្រមាថ​នូវ​ជីវិត​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ដាក់​ពាក្យ​ទៅ​អាជ្ញាធរ​ឬ​មេ​ប៉ុស្តិ៍​តាចេស​ហ្នឹង ក៏​អត់​ឃើញ​មាន​ចំណាត់ការ​យ៉ាង​ណា​ទេ។ ហើយ​នេះ​ជា​ទង្វើ​អាក្រក់​មួយ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ធ្វើ​។ មិន​ធ្វើ​ចំពោះ​ខ្ញុំ​ប៉ុណ្ណឹង​ទេ ប្រជាពលរដ្ឋ​ក៏​គេ​រាយការណ៍​ប្រាប់​ដែ។ នេះ​គ្រួសារ​ខ្ញុំ​ហើយ ដែល​ប៉ះ​ផ្ទាល់។ ប្រជាពលរដ្ឋ​ក៏​រាយការណ៍​រឿយៗ​ដែរ ឱ្យ​អ្នកណា​ទៅ​ជិត​របង​ទៅ​ជិត​ដី​ក្រុមហ៊ុន ត្រូវ​ប្រមាថ​បាញ់​មួយ​កាំភ្លើង​ខ្យល់ ឬក៏​កាំភ្លើង​អី​ជាដើម​អ៊ីចឹង»។

ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​តាជេស លោក ចាន់ ដារ៉ា ប្រាប់​អាស៊ីសេរី​ថា លោក​បាន​ទៅ​កត់​កំណត់ហេតុ​នៅផ្ទះ​លោក ស្ងួន ញឿន នៅ​ថ្ងៃទី១៩ មិថុនា ហើយ​និង​កោះហៅ​ឈ្មោះ ជួន ឃីម ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល ក្នុង​រឿង​គំរាម​សម្លាប់​នេះ​៖ «​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​អ្នកគ្រូ ហើយ​គាត់​ថា​ចាំ​គាត់​មក​ពី​បង្ហាត់​វិញ ចាំ​ជួប​ខ្ញុំ​អ៊ីចឹង។ ហើយ​តិច​ទៀត ខ្ញុំ​ចេញទៅ​ហ្នឹងហើយ ទៅផ្ទះ​គាត់​ឥឡូវ​ហ្នឹង​ដែរ ដើម្បី​ធ្វើ​ពាក្យបណ្ដឹង​ពី​គាត់​អ៊ីចឹង​ណា​បង​។ ហើយ​បាន​យើង​ដាក់​លិខិត​អញ្ជើញ​ហៅ​ភាគី​ម្ខាង​ទៀត ដើម្បី​ឱ្យ​គាត់​មក​ជជែក​គ្នា មកពី​យ៉ាង​មិច​អី​យ៉ាង​មិច»។

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ជួន ឃីម ដើម្បី​បកស្រាយ​ការចោទប្រកាន់​នេះ បាន​នៅឡើយ​។

​ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ពន្យល់​ថា ការ​ប្រើ​ពាក្យសម្ដី​បែបនេះ គឺជា​បទល្មើស​រួច​ទៅ​ហើយ នៅ​ពេលដែល​ជនណា​ម្នាក់​គំរាម​សម្លាប់​អ្នកដទៃ​។ លោក សំ ច័ន្ទគា យល់ថា អាជ្ញាធរ​នៅ​ថ្នាក់​មូលដ្ឋាន គួរ​ចុះ​ស៊ើបអង្កេត​រក​ឱ្យ​ឃើញ​មូលហេតុ​ពិតប្រាកដ ក្នុង​រឿង​នេះ និង​ផ្ដន្ទាទោស​តាមច្បាប់​ចំពោះ​ជន​ដែល​គំរាម​សម្លាប់​អ្នកដទៃ ប្រសិនបើ​រឿង​នោះ​ជា​បទល្មើស​ប្រាកដ​មែន​៖ «​ក្នុង​ច្បាប់​ករណី​ដែល​យើង​ប៉ុនប៉ង ឬក៏​ប្រើ​សម្ដី អាកប្បកិរិយា​បែប​ហ្នឹង គឺជា​ការ​គំរាម​សម្លាប់​ហើយ​។ ខាង​សមត្ថកិច្ច គេ​អង្កេត​ស្រាវជ្រាវ​រក​ថា តើ​វា​ជា​ចេតនា ឬ​មិន​ចេតនា ជា​រឿង​របស់​ជំនាញ»។

នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​ ២៣៣ ចែងថា ការ​គំរាមកំហែង​ថា នឹង​សម្លាប់ កាល​បើ​ការ​គំរាមកំហែង​នេះ ធ្វើឡើង​ម្ដង​ហើយ​ម្ដងទៀត ឬ​សម្ដែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វីមួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ខែ ទៅ ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​លាន​រៀល ទៅ ​៤​លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។