យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព​នៅ​កម្ពុជា ដែល​រៀប​ចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ កើន​ចំនួន​គាំទ្រ​ដល់​ជិត ១ម៉ឺន ៥ពាន់ (១៤.៧៤៣) នាក់ គិត​ត្រឹម​យប់​ថ្ងៃ​ទី២១ សីហា។

យុទ្ធនាការ​នេះ​មាន​សន្ទុះ​គាំទ្រ​កាន់​តែ​ច្រើន ​ បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ​បង្កើន​ការ​ចាប់​ចង និង​ធ្វើទុក្ខ​បុក​ម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល ​សកម្ម​ជន និង​ប្រជា​ពលរដ្ឋ​កាន់តែ​ខ្លាំង។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សេង ម៉េងប៊ុនរ៉ុង ​ឲ្យ​អាស៊ី​សេរី​ដឹង​ថា ព្រឹត្តិការណ៍​នៃ​ការចាប់​ខ្លួន​លោក រ៉ុង ឈុន និង​យុវជន​មួយ​ចំនួន​ដាក់​ពន្ធនាគារ ​បំពាន​លើ​ក្រុម​បាតុករ​ជា​ស្ត្រី​ ​បំបិទ​សិទ្ធ​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​មិន​ឲ្យ​តវ៉ា ការ​ធ្វើ​ឲ្យ​បាត់​បង់ EBA ២០% និង​ការ​គំរាម​កំហែង​លើ​សង្គម​ស៊ីវិល​ជាដើម​នោះ បាន​ធ្វើ​ឲ្យ​ប្រជា​​ពលរដ្ឋ​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង ហើយ​ពួក​គាត់​បាន​ចូល​រួម​ចុះ​ឈ្មោះ​គាំទ្រ​ញត្តិ​តាម​អនឡាញ​នេះ​កាន់​តែ​ច្រើន។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​​ជាតិ​ទទួល​បាន​ញត្តិ​ពី​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ១.០០០នាក់​ក្នុង​មួយ​ថ្ងៃ ​ដែល​ក្នុង​នោះ​បាន​មក​ពី​ប្រទេស​កម្ពុជា​ប្រមាណ ៥០០នាក់ ក្នុង​មួយ​ថ្ងៃ និង​បណ្ដា​ប្រទេស​ផ្សេងៗ មួយ​ចំនួន​ទៀត​ផង​ដែរ៖ « នៅ​ពេល​ដែល​របប​ក្រុង​ភ្នំពេញ​កាន់​តែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​អ្នក​ស្នេហា​ជាតិ​ អ្នក​ស្រលាញ់​លទ្ធិ​ប្រជាធិបតេយ្យ ប្រជា​ពលរដ្ឋ និង​យុវជន កាន់​តែ​ចាប់​អារម្មណ៍ និង​កាន់តែ​ចូលរួម​ជាមួយ​នឹង​​យុទ្ធនា​ការ​នេះ​ ដើម្បី​​ជា​កម្លាំង ដើម្បី​ជា​ចលករ​មួយ​ជំរុញ​ឲ្យ​ក្រុម​ការងារ​របស់​យើង​ហ្នឹង បាន​ទទួល​ញត្តិ​ហ្នឹង ហើយ​យក​ញត្តិ​ហ្នឹង​ទៅ​ដាក់​តាម​អង្គការ​ធំៗ តុលាការ ដើម្បី​ឲ្យ​ជួយ ជួយ​ប្រទេស​កម្ពុជា​ហ្នឹង​កុំឲ្យ​មាន​និទណ្ឌភាព​ទៀត​ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ »

ប្រជា​ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង​នៅ​ក្រៅ​ប្រទេស គាំទ្រ​យុទ្ធនាការ​បញ្ចប់​និ​ទណ្ឌ​ភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាមមេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការ​អន្តរជាតិ​នានា ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​ជន​រង​គ្រោះ មួយ​ចំនួន ដែល​រួមមាន​ឃាតកម្ម​លើ​អ្នកវិភាគ​សង្គម លោក​បណ្ឌិត កែម ឡី អ្នកស្រី​ពិសិដ្ឋ ពី​លី​កា សិល្បករ​និង​ជា​សាស្ត្រាចារ្យ​សាលា​វិចិត្រ​សិល្បៈ ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ និង​អ្នក​សារព័ត៌មាន សកម្មជន​នយោបាយ ​មន្ត្រី​សហជីព ព្រមទាំង​ប្រជា​ពលរដ្ឋ​ផ្សេងទៀត​ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ក្រោម​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន។

ក្រៅពី​យុទ្ធនាការ​តាម​អនឡាញនេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​រៀបចំ "សៀវភៅ​ស" ដែល​ចង​ក្រង​រឿង​រ៉ាវ​នៃ​ការ​ធ្វើ​ទុក​បុក​ម្នេញ​ និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ផង​ដែរ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា សៀវភៅ​ស​នេះ​នឹង​ក្លាយ​ជា​ឯកសារ​ប្រវត្តិ​សាស្ត្រ​ស្តី​អំពី​ការ​ដឹក​នាំ​បែប​ផ្ដាច់​ការ​របស់​លោក ហ៊ុន សែន និង​ភាព​អយុត្តិធម៌​ដែល​កើត​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។