តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ បញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃសភ្លាមៗ បន្ទាប់ពីព្រះរាជអាជ្ញារងចោទប្រកាន់ក្រោមបទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ។ អង្គការផ្នែកសិទ្ធិមនុស្ស ដែលឃ្លាំមើលដំណើរការក្ដីនេះ ចាត់ទុកថា នេះជាការអនុវត្តដែលរំលោភទាំងស្រុងទៅលើរដ្ឋធម្មនុញ្ញ ជាពិសេសបំពានទៅលើសិទ្ធិរបស់អ្នកតំណាងរាស្ត្រ។
ក្រោយចំណាយពេល ៥ម៉ោង ក្នុងថ្ងៃទី២ នៃការសាកសួរបន្តនេះ តំណាងរាស្ត្រដែលធ្លាប់រិះគន់រដ្ឋាភិបាលមិនសំចៃមាត់ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ត្រូវគេដឹកតាមក្បួនរថយន្តស៊ីរ៉ែនបញ្ជូនភ្លាមៗទៅពន្ធនាគារព្រៃស ដើម្បីឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ។
ចៅក្រមស៊ើបសួរនៃតុលាការទីក្រុងភ្នំពេញ លោក តុប ឈុនហេង បានសម្រេចចេញដីកាឃុំខ្លួនលោក អ៊ុំ សំអាន នៅថ្ងៃទី១២ ខែមេសា បន្ទាប់ពីព្រះរាជអាជ្ញារងលោក អ៊ឹង ប៊ុនថន ចោទប្រកាន់ ២បទល្មើស គឺញុះញង់ឲ្យប្រព្រឹត្តិអំពើឧក្រិដ្ឋ និងញុះញង់ឲ្យមានការរើសអើងនៃក្រមព្រហ្មទណ្ឌ។ លោក អ៊ុំ សំអាន គឺជាតំណាងរាស្ត្រមួយរូបតែងគាស់កកាយ និងសើរើរឿងព្រំដែនរវាងកម្ពុជា និងវៀតណាម។ នៅនាទីចុងក្រោយរហូតធ្វើឲ្យរដ្ឋាភិបាលបង្ខំចិត្តសុំខ្ចីផែនទីពីបណ្ដាប្រទេសមហាអំណាចមួយចំនួន ក្នុងនោះរួមទាំងផែនទីពីអង្គការសហប្រជាជាតិផង ដើម្បីផ្ទៀងផ្ទាត់រកការពិតនៃការកំណត់ព្រំដែននេះ។ ក៏ប៉ុន្តែ លោក អ៊ុំ សំអាន នៅតែអះអាងថា ផែនទីដែលបានផ្ទៀងផ្ទាត់កន្លងទៅនោះ គឺជាផែនទីខ្នាត UTM ១ លើ ៥០ពាន់ (១/៥០.០០០) ដែលមិនមែនជាផែនទីបោន ១ លើ ១០០ពាន់ (១/១០០.០០០) ជាផែនទីដែលនាំឲ្យកម្ពុជា ចំណេញដីក្នុងការបោះបង្គោលព្រំដែននេះទេ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា ទំនងស្ថិតក្រោមហេតុផលនេះហើយ ដែលធ្វើឲ្យរដ្ឋាភិបាលខឹងសម្បា និងរកមូលហេតុក្នុងការចាប់ខ្លួនលោក អ៊ុំ សំអាន។ នេះជាតំណាងរាស្ត្រទី២ហើយ បន្ទាប់ពីសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ ត្រូវបានរដ្ឋាភិបាលចោទប្រកាន់ ហើយចាប់ខ្លួនក្នុងសំណុំរឿងព្រំដែនដូចគ្នានេះ។
ថ្លែងក្រោយបញ្ចប់ការសាកសួរ មេធាវីការពារក្ដីរបស់លោក អ៊ុំ សំអាន គឺលោក ជូង ជូងី ឲ្យដឹងថា ការចាប់ខ្លួនកូនក្ដីរបស់លោកគឺជាការអនុវត្តផ្ទុយពីច្បាប់។ រឹតតែជាបញ្ហាថែមទៀតនោះ គឺរំលោភរដ្ឋធម្មនុញ្ញ ដែលបានធានា និងការពារសិទ្ធិ ជាពិសេសរបស់អ្នកតំណាងរាស្ត្រ មិនអាចជនណាម្នាក់រំលោភបំពានបាន។
បន្ថែមពីលើនេះទៀត លោកអះអាងថា នឹងបន្តទាមទារឲ្យតុលាការដោះលែងកូនក្ដីរបស់ខ្លួន៖ «ខ្ញុំយល់ឃើញថា វាខុសទៅនឹងរដ្ឋធម្មនុញ្ញមាត្រា៨០ ពីព្រោះគាត់នៅមានអភ័យឯកសិទ្ធិនៅឡើយ បែរជាតំណាងអយ្យការចោទប្រកាន់គាត់ ហើយចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនគាត់។ អ៊ីចឹងបានន័យថា ចាប់ និងឃុំខ្លួនតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ»។
លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃទី១១ មេសា នៅខេត្តសៀមរាប មុនបញ្ជូនខ្លួនមកនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ។ ក្រោយបញ្ចប់ការសាកសួររយៈពេល ១ថ្ងៃកន្លះ លោក អ៊ុំ សំអាន ត្រូវគេបញ្ជូនខ្លួនភ្លាមៗ ទៅគុកព្រៃស ដើម្បីរង់ចាំសវនាការបន្ត។
ជុំវិញសំណុំរឿងនេះ អង្គការមិនមែនរដ្ឋាភិបាលរិះគន់ចំណាត់ការនៅពេលនេះ របស់រដ្ឋាភិបាលដែលបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនលោក អ៊ុំ សំអាន ថាគឺការរំលោភច្បាប់ទាំងបំពាន។ ការរិះគន់នេះ សង្គមស៊ីវិលក៏បានលើកឡើងដែរថា បណ្ដាប្រទេសប្រកាន់របបប្រជាធិបតេយ្យមួយចំនួន រដ្ឋាភិបាលកម្រយកទោសពៃរ៍ ជាពិសេសតែងគាំពារ និងលើកទឹកចិត្តពលរដ្ឋដែលខ្វល់ខ្វាយរឿងបូរណភាពទឹកដី ដែលផ្ទុយពីកម្ពុជា នៅពេលនេះ។
មន្ត្រីផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ណៃ វ៉ង់ដា យល់ឃើញថា ការចាប់ខ្លួននេះមិនធ្វើឲ្យរដ្ឋាភិបាលចំណេញអ្វីទាល់តែសោះ ផ្ទុយទៅវិញ នឹងធ្វើឲ្យគណបក្សដែលគ្រប់គ្រងរដ្ឋាភិបាលត្រូវបាត់បង់ប្រជាប្រិយកាន់តែខ្លាំងថែមទៀតផង។ ម្យ៉ាងការចាប់ខ្លួននេះទៀតសោត មិនត្រឹមតែជាការរំលោភសិទ្ធិរបស់អ្នកតំណាងរាស្ត្រមួយមុខប៉ុណ្ណោះទេ តែថែមទាំងបានបំពានយ៉ាងធ្ងន់ធ្ងរទៅដល់សិទ្ធិពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀត ដែលបោះឆ្នោតឲ្យតំណាងរបស់ពួកគាត់ថែមទៀតផង។
លោកបន្តថា៖ «សមាជិកសភាហ្នឹងឯងគឺពលរដ្ឋបោះឆ្នោតឲ្យដើម្បីគិតគូរបញ្ហាប្រទេសជាតិធំៗ ដែលប្រជាពលរដ្ឋខ្មែរមិនអាចធ្វើបាន។ ដូច្នេះការចាប់ខ្លួននេះ ទីមួយមិនមែនជាបទល្មើសជាក់ស្ដែង ទីពីរ គឺអត់មានបទល្មើស ទីបីគឺរំលោភទៅលើអភ័យឯកសិទ្ធិរបស់សភា។ បើសិនមានការគិតថា គាត់ជាសមាជិកសភាគណបក្សប្រឆាំង គាត់ធ្វើអ្វីៗដើម្បីផលប្រយោជន៍ ឬក៏របស់គណបក្សគាត់។ អ៊ីចឹងហេតុអីកន្លងមកយើងមិនព្រមបោះឆ្នោតឯកត្តនាមទៅ ហើយរើសសមាជិកសភាដែលមិនមែនជាសមាជិកគណបក្ស ដែលមិនមែនជាសមាជិករាជរដ្ឋាភិបាល»។
ថ្វីបើក្នុងរយៈពេល ២ថ្ងៃនៃការបញ្ជូនលោក អ៊ុំ សំអាន មកកាន់តុលាការក្រុងភ្នំពេញ កម្លាំងនគរបាលមិនត្រូវគេដាក់ពង្រាយដូចលើកមុនៗក៏ដោយចុះ ប៉ុន្តែអ្នកសារព័ត៌មាន អ្នកគាំទ្រ និងក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សជាដើម ត្រូវបានឆ្មាំយាមតុលាការ ដេញចុះដេញឡើង ហើយនៅថ្ងៃចុងក្រោយនៃការសាកសួរ សូម្បីឈរក្បែររបងតុលាការក៏មិនបានផង។ រឹតតែបញ្ហាទៀតនោះ គឺលោក អ៊ុំ សំអាន ត្រូវគេដឹកក្នុងរថយន្តដែលមានកញ្ចក់រ៉ៃបាន់ពណ៌ខ្មៅយ៉ាងជិត ដែលមិនអាចមើលឃើញ និងថតរូបបានថែមទៀតផង។ គិតមកដល់ពេលនេះ ទាំងមន្ត្រីជាន់ខ្ពស់ និងសកម្មជនគាំទ្របក្សសង្គ្រោះជាតិ សរុប ១៦នាក់ហើយត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ។
អង្គការផ្នែកសិទ្ធិមនុស្សចាត់ទុកថា សំណុំរឿងទាំងនេះ គឺជារឿងនយោបាយ។ មិនតែប៉ុណ្ណោះ សាលក្រម និងសេចក្ដីសម្រេចនានារបស់តុលាការ គឺជាការអនុវត្តស្ថិតក្រោមសម្ពាធនយោបាយរបស់គណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។