សាលាដំបូងខេត្តព្រះវិហារ សម្រេចទម្លាក់ចោលទាំងស្រុងបទចោទប្រកាន់ប្រឆាំងនឹងពលរដ្ឋជនជាតិដើមភាគតិចកួយនៅឃុំប្រមេរ។ មន្ត្រីសិទ្ធិមនុស្សសាទរចំពោះការផ្តល់យុត្តិធម៌ដល់ពលរដ្ឋ និងស្នើសាលាដំបូងរាជធានី-ខេត្តដទៃទៀត ឱ្យយកគំរូតាមករណីនេះ ពេលដោះស្រាយវិវាទដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុន និងអ្នកមានអំណាច។
មេធាវីការពារក្តីឱ្យពលរដ្ឋឃុំប្រមេរ លោក សេក សោភ័ណ ប្រាប់អាស៊ីសេរីថា ប្រជាពលរដ្ឋឃុំប្រមេរជាច្រើននាក់រួមទាំងកូនក្តីរបស់លោកផង បាននាំគ្នាទៅស្តាប់ការប្រកាសសាលក្រមរបស់តុលាការខេត្តព្រះវិហារ នៅថ្ងៃទី៨ កក្កដា។ លោកថា តុលាការបានសម្រេចលើកលែងការចោទប្រកាន់លើកូនក្តីរបស់លោកចំនួន៨ នាក់ថែមទៀត ដែលមានន័យថា កូនក្តីរបស់លោកទាំងអស់បានរួចផុតពីបទចោទប្រកាន់នេះហើយ។ លោកបញ្ជាក់ថា នេះជាយុត្តិធម៌តាមផ្លូវច្បាប់ដែលលោក និងកូនក្តីបានទន្ទឹងរង់ចាំ៖ « សម្រាប់មេធាវីការពារសិទ្ធិគាត់ហ្នឹង ខ្ញុំសាទរនឹងលទ្ធផលហ្នឹង ហើយយល់ថា ការសម្រេចរបស់តុលាការហ្នឹង មានមូលដ្ឋានពិតប្រាកដត្រឹមត្រូវ ដែលឈរលើការថ្លឹងថ្លែងភស្តុតាងដោះបន្ទុកទាំងប៉ុន្មាន ដែលកូនក្តី និងមេធាវីការពារសិទ្ធិបានដាក់ទៅតុលាការ » ។
តុលាការខេត្តព្រះវិហារបានចោទប្រកាន់មនុស្សចំនួន១៦ នាក់ ក្នុងនោះមានពលរដ្ឋជនជាតិដើមភាគតិចកួយឃុំប្រមេរចំនួន ១៤នាក់ ជាប់ចោទពីបទ "ចាប់ឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់"។ ចំណែកមន្ត្រី និងអតីតមន្ត្រីអង្គការពន្លកខ្មែរពីរនាក់វិញ ជាប់ចោទពីបទ "សមគំនិត" ក្នុងអំពើទាំងនេះ។ ក្តីក្តាំនេះកើតឡើងដោយសារតែពលរដ្ឋបានឃាត់គ្រឿងចក្រពីរគ្រឿងរបស់ក្រុមហ៊ុនស្ករសចិន ហេងហ្វូ (Hengfu) ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយពួកគាត់ កាលពីចុងឆ្នាំ២០១៤ កន្លងទៅ។ អ្នកបើកគ្រឿងចក្រឱ្យក្រុមហ៊ុនចិនពីរនាក់ គឺជាអ្នកប្ដឹងប្រជាពលរដ្ឋ និងមន្ត្រីអង្គការពន្លកខ្មែរ តែសាក្សីជាច្រើនសុទ្ធតែបានបញ្ជាក់ថា ពលរដ្ឋមិនបានឃាត់ខ្លួនពួកគេនោះទេ។ សាក្សីអះអាងថា ពេលឃាត់គ្រឿងចក្រនោះ ពលរដ្ឋបានឱ្យអ្នកបើកគ្រឿងចក្រទាំងពីរនាក់ត្រឡប់ទៅវិញ ប៉ុន្តែពួកគេមិនព្រមទៅ ដោយបារម្ភខ្លាចពលរដ្ឋដុតគ្រឿងចក្រចោល។
ចៅក្រមស៊ើបសួរតុលាការខេត្តព្រះវិហារ បានសម្រេចលើកលែងការចោទប្រកាន់លើមនុស្ស៨ នាក់ ក្រោយបញ្ចប់នីតិវិធីស៊ើបអង្កេតកាលពីដើមឆ្នាំ២០២០។ ចំណែក ពលរដ្ឋ ៨នាក់ទៀត តុលាការបានបើកការជំនុំជម្រះកាលពីថ្ងៃទី១០ មិថុនា ដោយក្នុងសវនាការនោះ តំណាងអយ្យការបានធ្វើសេចក្ដីសន្និដ្ឋានថា ករណីនេះមិនមានបទល្មើសឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា សាទរចំពោះសាលក្រមលើកលែងការចោទប្រកាន់លើក្រុមពលរដ្ឋ។ លោកថា រឿងនេះមិនគួរមានការចោទប្រកាន់លើពលរដ្ឋតាំងពីដំបូងមកម៉្លេះ ព្រោះពួកគាត់បាត់បង់ដីធ្លីហើយ ត្រូវរងបណ្ដឹងនៅតុលាការទៀត។ លោកថា ក្រៅពីទម្លាក់ចោលការចោទប្រកាន់នេះហើយ អាជ្ញាធក៏គួរពិនិត្យឡើងវិញក្នុងការដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋផងដែរ៖ « លើកនេះ យើងសាទរជាមួយការសម្រេចចិត្តរបស់ខាងតុលាការដែលហ៊ានធ្វើការទម្លាក់បទចោទប្រកាន់ចំពោះពួកគាត់ ហើយទន្ទឹមនឹងនោះ យើងគួរតែមានការស្រាវជ្រាវឡើងវិញអំពីការរំលោភបំពានដីធ្លីរបស់ពួកគាត់ ដើម្បីរកដំណោះស្រាយជាបន្តទៀត ឱ្យពួកគាត់អាចទទួលបានយុត្តិធម៌នៅក្នុងរឿងជម្លោះដីធ្លីហ្នឹងផង » ។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ កាត់ឆ្វៀលដីនៅតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ដើម្បីផ្តល់ជូនពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផលជាក់ស្ដែង។ ចំណែក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង វិញ បានទទួលស្គាល់ថា ជម្លោះដីធ្លីកើតឡើងជាហូរហែ និងពិបាកដោះស្រាយ ដោយសារតែករណីខ្លះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីគ្រាក់ៗរបស់រដ្ឋាភិបាល។
អ្នកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា សង្កត់ធ្ងន់ថា ការប្រកាសរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនេះ គឺជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃមួយចំនួន និងការទម្លាក់ចោលបទចោទលើពលរដ្ឋដែលកំពុងជាប់បណ្ដឹង ឬជាប់ឃុំ ដោយសារតែរឿងដីធ្លី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។