បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពន្ធនាគារ ១៥ខែ ពីបទប្រព្រឹត្តអំពើអាសលើកុមារខ្មែរ។ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បានប្រកាសសាលក្រមប្រឆាំងលោក ស្ទីហ្វិន ចន ល័រីម៉ែន (Stephen John Loryman) ក្រោយពីតុលាការរកឃើញថា មានពិរុទ្ធភាពពីបទ“ ប្រព្រឹត្តអំពើអាស លើអនីតិជនអាយុក្រោម ១៥ ឆ្នាំ” ក្រោមច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់អង្គការសកម្មភាពដើម្បីកុមារ (APLE) នៅថ្ងៃទី៩ ខែសីហា បានបញ្ជាក់ថា ក្នុងចំណោមទោសជាប់ពន្ធនាគារទាំង ១៥ ខែនោះ តុលាការសម្រេចព្យួរទោសបីខែ បង្គាប់ឱ្យលោក ស្ទីហ្វិន ចន ល័រីម៉ែន បង់ប្រាក់សំណងប្រមាណជាង ១៥០០ ដុល្លារដល់កុមាររងគ្រោះ ២ នាក់ និងពិន័យជាប្រាក់ ៧៥០ដុល្លារ។
តាមសេចក្ដីសម្រេចនេះ លោក ស្ទីហ្វិន ចន ល័រីម៉ែន នឹងត្រូវជាប់ពន្ធនាគារតែបីខែទៀតប៉ុណ្ណោះ ព្រោះតុលាការបានឃុំខ្លួនលោក តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០១៨។ ទោះជាយ៉ាងនេះក្តី ក្រោយចេញពីពន្ធនាគារ លោកត្រូវតុលាការហាមចូលប្រទេសកម្ពុជាវិញ រយៈពេលបីឆ្នាំ។
អ្នកឯកទេសការពារកុមារ នៃអង្គការសកម្មភាពដើម្បីកុមារ (APLE) លោក ខឹម វ៉ាន់ដូ សាទរសេចក្ដីសម្រេចរបស់តុលាការកម្ពុជា ដែលហាមលោក ស្ទីហ្វិន ចន ល័រីម៉ែន មិនឱ្យចូលស្រុកខ្មែរវិញនេះ។ លោកថា ការហាមឃាត់នេះ ជួយកាត់បន្ថយហានិភ័យដល់កុមារខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។