នៅពេលសាលាក្ដីខ្មែរក្រហមចាប់ផ្ដើមកកើតឡើង ទាំងអ្នកចូលរួមបង្កើត ទាំងអ្នកឃ្លាំមើល សង្ឃឹមថា សាលាក្ដីកូនកាត់មួយនេះ ក្រៅតែពីផ្ដន្ទាទោសអតីតមេដឹកនាំខ្មែរក្រហមហើយ ក៏នឹងក្លាយជាម៉ូដែល ឬជាគំរូល្អសម្រាប់តុលាការថ្នាក់ជាតិ។ ប៉ុន្តែក្តីសង្ឃឹមរបស់ពួកគេ បានក្លាយជាការខកចិត្តទៅវិញ ពីព្រោះតុលាការកម្ពុជាបច្ចុប្បន្ន មិនត្រឹមតែមិនបានយកគំរូល្អពីសាលាក្តីខ្មែរក្រហមមកអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើផ្ទុយពីគោលការណ៍នីតិរដ្ឋថែមទៀតផង។
ក្រោយចំណាយពេលចចារគ្នាអស់ជិត១០ឆ្នាំមក ភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិ បង្កើតបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា សាលាក្ដីខ្មែរក្រហម នៅឆ្នាំ២០០៦ ដើម្បីជំនុំជម្រះអតីតមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ រហូតមកដល់បច្ចុប្បន្ននេះ។ ពីដំបូងៗ ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងនីតិរដ្ឋ មានសុទិដ្ឋិនិយមថា ប្រព័ន្ធតុលាការក្នុងស្រុក អាចនឹងល្អប្រសើរឡើង បំពេញការងារផ្អែកលើវិជ្ជាជីវៈ តាមរយៈយកគំរូល្អៗ មួយចំនួនរបស់សាលាក្ដីខ្មែរក្រហម។
ក្ដីសង្ឃឹមអំពីមរតកគំរូល្អនៃសាលាក្ដីខ្មែរក្រហម
អតីតមន្ត្រីច្បាប់នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងបច្ចុប្បន្នជានាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាមស៍ (Brad Adams) គឺជាមនុស្សម្នាក់ ដែលបានចូលរួមដំបូងគេ ក្នុងការផ្ដួចផ្ដើមបង្កើតសាលាក្ដីខ្មែរក្រហម។ លោក ប្រ៊ែដ អាដាមស៍ បន្តថា ពេលនោះ លោករំពឹងថា សាលាក្ដីកូនកាត់ ដែលមានចៅក្រម ព្រះរាជអាជ្ញា និងមេធាវីអន្តរជាតិ មួយនេះ នឹងអាចជួយឱ្យតុលាការថ្នាក់ជាតិ បំពេញការងារប្រកបដោយប្រសិទ្ធភាព និងឈប់មានការជ្រៀតជ្រែកពីអ្នកនយោបាយ ដូចពេលបច្ចុប្បន្ន៖ « នៅពេលនោះយើងសង្ឃឹមថា ការហ្វឹកហាត់ ការអប់រំ និងបទពិសោធន៍ ដែលចៅក្រមខ្មែរទាំងអស់នោះ ទទួលបានពីការចូលរួមក្នុងដំណើរការក្ដី នៅក្នុងតុលាការកូនកាត់ ដែលមានចៅក្រមអន្តរជាតិមានបទពិសោធន៍ផ្នែកយុត្តិធម៌លំដាប់ពិភពលោកចូលរួមនោះ នឹងអាចជួយកែលម្អគុណភាពប្រព័ន្ធយុត្តិធម៌នៅក្នុងតុលាការកម្ពុជាឱ្យបានប្រសើរឡើង។ ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភដែរក្នុងពេលនោះ គឺថា ភាពប្រសើរឡើងនៃប្រព័ន្ធយុត្តិធម៌ថ្នាក់ជាតិនេះ អាចកើតទៅរួចបាន លុះត្រាតែរដ្ឋាភិបាល និងកងប្រដាប់អាវុធ ដែលមាននិន្នាការនយោបាយគាំទ្ររដ្ឋាភិបាល ត្រូវឈប់ជ្រៀតជ្រែកកិច្ចការរបស់តុលាការ ដោយទុកឱ្យតុលាការបំពេញការងាររបស់ខ្លួន » ។
ចាប់តាំងពីបង្កើតឡើងរហូតដល់ជិតបិទទ្វារទៅវិញហើយនេះ សាលាក្ដីខ្មែរក្រហមមកដល់ពេលនេះមានអាយុកាលជិត ១៥ឆ្នាំហើយ។ ចៅក្រម និងព្រះរាជអាជ្ញាជាតិស្ទើរតែទាំងអស់នៃសាលាក្ដីខ្មែរក្រហម ក៏មានតួនាទី និងមុខតំណែង នៅឯតុលាការថ្នាក់ជាតិ ក្នុងពេលតែមួយផងដែរ។
ឧទាហរណ៍៖ បច្ចុប្បន្ន លោក យូ ប៊ុនឡេង ជាសហចៅក្រមស៊ើបអង្កេតជាតិនៃសាលាក្ដីខ្មែរក្រហម លោកក៏កាន់តួនាទីមួយទៀតនៅតុលាការថ្នាក់ជាតិ គឺជាប្រធានសាលាឧទ្ធរណ៍នៅក្រុងភ្នំពេញ។
ថ្វីបើមន្ត្រីតុលាការទាំងនេះ បានឆ្លងកាត់ការងារ និងបទពិសោធន៍នៅសាលាក្ដីខ្មែរក្រហមលំដាប់ស្តង់ដារអន្តរជាតិ ដែលមានគំរូល្អៗ ខ្លះ គួរយកមកអនុវត្តនៅតុលាការថ្នាក់ជាតិក៏ដោយ ក៏គេសង្កេតឃើញថា មកដល់ពេលនេះ តុលាការជាតិមិនបានយកគំរូល្អៗ ទាំងនោះមកអនុវត្តឡើយ។
ឧទាហរណ៍៖ សាលាក្ដីខ្មែរក្រហមតែងលើកទឹកចិត្តសាធារណជនឱ្យចូលរួមស្ដាប់សវនាការ ដោយថែមទាំងបានយករថយន្តទៅដឹកប្រជាពលរដ្ឋមកពីទីឆ្ងាយទៀតផង។ ក្រៅពីអនុញ្ញាតឱ្យអង្គុយក្នុងបន្ទប់សវនាការដោយផ្ទាល់ សាលាក្ដីខ្មែរក្រហម ក៏បានរៀបចំទីតាំងបញ្ចាំងវីឌីអូអំពីសវនាការនៅខាងក្រៅអគារតុលាការ ដើម្បីឱ្យសាធារណជនបានទស្សនាដោយផ្ទាល់ថែមទៀតផង។ សម្រាប់អ្នកសារព័ត៌មានវិញ សាលាក្ដីខ្មែរក្រហមក៏បានយកចិត្តទុកដាក់ខ្ពស់ ដោយរៀបចំបន្ទប់ពិសេស ឱ្យពួកគេងាយស្រួលផ្សាយបន្តផ្ទាល់នូវទិដ្ឋភាពក្នុងសវនាការទៅជុំវិញពិភពលោកទៀតផង។
តុលាការជាតិធ្វើផ្ទុយពីតុលាការខ្មែរក្រហម
ផ្ទុយពីតុលាការខ្មែរក្រហម តុលាការថ្នាក់ជាតិឯណេះវិញ រហូតមកដល់ពេលនេះ ពួកគេមិនត្រឹមតែមិនបានលើកយកគំរូសាមញ្ញៗ ទាំងនេះពីសាលាក្ដីខ្មែរក្រហមមកអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើបញ្ច្រាសសាលាក្ដីខ្មែរក្រហមទៀតផង។
ចំណុចមួយចំនួនដែលតុលាការជាតិ ឬមន្ត្រីយុត្តិធម៌ អនុវត្តផ្ទុយពីសាលាក្ដីខ្មែរក្រហមនោះ រួមមាន ការចាប់មនុស្សដោយគ្មានដីកា ឬមិនបង្ហាញដីកាចាប់ខ្លួន ការរំលោភសិទ្ធិជនសង្ស័យ ឬជនជាប់ចោទ ការចោទប្រកាន់ និងការផ្ដន្ទាទោសដោយគ្មានភស្តុតាងត្រឹមត្រូវ ឬចាប់មនុស្សដាក់គុកតាមទំនើងចិត្ត ជាដើម។ ឧទាហរណ៍ ការចាប់ខ្លួនសកម្មជនបរិស្ថាន កញ្ញា ឡុង គន្ធា ដាក់ពន្ធនាគារ បន្ទាប់ពីនាងប្រកាសសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអង្វរលោកកុំឱ្យលុបបឹងតាមោក។
ចាប់តាំងពីរម្លាយគណបក្សសង្គ្រោះជាតិ ដែលមានតំណាងរាស្ត្រជាប់ឆ្នោត ៥៥រូប កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ នោះមក អាជ្ញាក្រុងភ្នំពេញហាក់លែងខ្វល់ពីការគោរពច្បាប់អ្វីទាំងអស់។ កម្លាំងអាជ្ញាធរបង្ក្រាប និងចាប់ចងសកម្មជនបក្សប្រឆាំង និងសកម្មជនតស៊ូមតិ ឥតស្រាកស្រាន្ត ដែលក្នុងនោះ សូម្បីតែក្រុមស្ត្រីប្ដីជាប់ឃុំប្រមូលផ្ដុំគ្នាតវ៉ាដោយសន្តិវិធី ក៏អាជ្ញាធរមិនលើកលែងដែរ។
ស្ត្រី និងក្មេងស្រី ដែលជាសាច់ញាតិរបស់សកម្មជនបក្សប្រឆាំង និងសកម្មជនតស៊ូមតិ តែងតែរងការរំខានយាយី និងអំពើហិង្សាពីក្រុមឆ្មាំសន្តិសុខ ដែលសូម្បីតែនៅថ្ងៃបើកសវនាការក៏ដោយចុះ។ ថ្មីៗ នេះ ក្រុមស្ត្រីប្ដីជាប់ឃុំទាំងនោះ រួមមាន ប្រពន្ធលោក ស៊ុន ធន់ និងប្រពន្ធលោក កាក់ កុម្ភារ ផង ត្អូញត្អែរអំពីបញ្ហាប្រឈមរបស់ពួកគាត់ជាមួយកម្លាំងអាជ្ញាធរក្រុងភ្នំពេញ ដែលតែងរំខានយាយី និងបំបែកការប្រមូលផ្ដុំដោយសន្តិវិធីរបស់ពួកគាត់។
លោកស្រី សេង ចាន់ថន៖ « ពេលខ្ញុំចុះពីអាតុកតុកទៅ ខ្ញុំឃើញគេដឹកគាត់មកដល់ល្មម ជួបខ្ញុំទន្ទឹមខ្ញុំ គាត់បក់ដៃហៅឱ្យខ្ញុំយកបាយឱ្យគាត់ ហើយខ្ញុំរត់យកទៅមិនទាន់ទេ គេមិនឱ្យខ្ញុំទៅជិតគាត់ទេ គេដេញខ្ញុំចេញ គេទាញខ្ញុំចេញ។ មិនគួរណាគេយកគាត់ទៅដាក់ពន្ធនាគារដោយគ្មានកំហុសសោះ ខ្ញុំស្រណោះគាត់ព្រោះគាត់ជាមនុស្សល្អ [ យំ ]» ។
ឆ្មាំសន្តិសុខ៖ « មិនអនុញ្ញាតឱ្យប្រមូលផ្ដុំទេបង អញ្ជើញទៅមុខ » ។
លោកស្រី ព្រំ ចន្ថា៖ « មកសវនាការដងណាក៏បងមិនបានជួបគ្រួសារបងដែរ។ ក្នុងមួយសប្ដាហ៍គេឱ្យជួបតែម្ដងតែ .. ឈឺប៉ុណ្ណាអូន ឈឺប៉ុណ្ណាអូន គេចាប់ដោយគ្មានកំហុសសោះ ចាប់ទាំងប្ដីចាប់ទាំងកូន ទាំងមិនទាន់គ្រប់អាយុក៏ចាប់ដែរ [ ស្រែកយំ ] » ។
ឆ្មាំសន្តិសុខ៖ « រំសាយជាបន្ទាន់ » ។

ទង្វើរបស់អាជ្ញាធរនេះ ត្រូវបានអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិថ្កោលទោសជាបន្តបន្ទាប់។ នាយករងអង្គការលីកាដូ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក អំ សំអាត មានប្រសាសន៍ថា រាល់ជនជាប់ឃុំ ទោះជាអ្នកនយោបាយក្ដី ឬឧក្រិដ្ឋជនក្ដី ពួកគេមានសិទ្ធិស្របច្បាប់ជួបក្រុមគ្រួសារ និងមានសិទ្ធិចូលរួមស្ដាប់រាល់ការជំនុំជម្រះក្តីរបស់គ្រួសារពួកគេ៖ « ព្រោះគេចង់ដឹងដែរ រឿងគ្រួសាររបស់ពួកគេក្នុងសវនាការហ្នឹង តើតុលាការដំណើរការសវនាការហ្នឹងយ៉ាងម៉េច ហើយភាពយុត្តិធម៌ហ្នឹងវាយ៉ាងម៉េចសម្រាប់គ្រួសារគេ គឺគេចង់ដឹងដែរ។ អ៊ីចឹង គួរមានការអនុញ្ញាតក្នុងការចូលស្ដាប់រឿងទាំងអស់ហ្នឹង នេះជាផ្លូវច្បាប់។ ប៉ុន្តែការពិត មិនអនុញ្ញាតមិនឱ្យចូលទៅជិតទេ ដោយសំអាងថា មិនដឹងថា អ្នកណាជាគ្រួសារ អ្នកណាមិនមែនគ្រួសារ ជាដើមអ៊ីចឹងទៅ អាហ្នឹងជាហេតុផលមួយ ដែលយើងមិនអាចទទួលយកបានទេ » ។
មិនលើកទឹកចិត្តអ្នកសង្កេតការណ៍
តុលាការជាតិក៏ត្រូវបានគេមើលឃើញថា មិនបានលើកទឹកចិត្តអ្នកសារព័ត៌មាន និងសាធារណជន ដែលមានបំណងតាមដានមើលសវនាការ ដូចសាលាក្ដីខ្មែរក្រហមឡើយ។ ថ្មីៗនេះ ក្នុងអំឡុងពេលជំនុំជម្រះសកម្មជនបក្សប្រឆាំង និងសកម្មជនតស៊ូមតិ តុលាការក្រុងភ្នំពេញ មិនត្រឹមតែមិនយកចិត្តទុកដាក់ដល់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យកម្លាំងប៉ូលិសបណ្ដេញពួកគេចេញទៅឆ្ងាយពីបរិវេណតុលាការទៀតផង។ លោក អំ សំអាត ថា ការធ្វើបែបនេះ គឺជាការរឹតត្បិតសេរីភាពពលរដ្ឋ និងបំពានសិទ្ធិរបស់អ្នកសារព័ត៌មាន។
ប៉ុន្តែ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ថ្មីៗ ប្រាប់អាស៊ីសេរីថា ចំណាត់ការរបស់កម្លាំងសមត្ថកិច្ច គឺដើម្បីការពារសន្តិសុខ និងរបៀបរៀបរយ ដើម្បីសម្រួលដល់ដំណើរការក្ដីរបស់តុលាការ៖ « រឿងសមត្ថកិច្ចពាក់ព័ន្ធគេអនុវត្តទៅតាមតែបទបញ្ជាទេ បើមានបញ្ជានៃអង្គ សវនាការឱ្យរៀបចំសណ្ដាប់ធ្នាប់គឺរៀបចំសណ្ដាប់ធ្នាប់ហើយ។ ទី២ លោកមានដឹងថា នៅក្នុងទីក្រុងភ្នំពេញ នៅកន្លែងតុលាការហ្នឹងវាមានមនុស្ស វាត្រូវការឱ្យមនុស្សរៀបចំសណ្ដាប់ធ្នាប់ឱ្យបានច្បាស់លាស់ទេ » ។
ទោះជាយ៉ាងណា អ្នកការពារសិទ្ធិមនុស្សលើកឡើងថា ហេតុផលសណ្ដាប់ធ្នាប់ចរាចរណ៍មិនអាចធ្វើជាសម្អាងហេតុគ្រប់គ្រាន់ ដើម្បីបំបិទសេរីភាពរបស់ប្រជាពលរដ្ឋបានឡើយ។ នោះមានន័យថា កម្លាំងសមត្ថកិច្ច គប្បីផ្ដល់អាទិភាពដល់ពលរដ្ឋ ដែលប្រមូលផ្ដុំតវ៉ាប្រឆាំងអំពើអយុត្តិធម៌សង្គមណាមួយ ឱ្យខ្ពស់ជាងការកកស្ទះចរាចរណ៍ ដែលអាចគ្រប់គ្រងបាន។ ម៉្យាងទៀត អ្នកឃ្លាំមើលសិទ្ធិមនុស្សជឿថា សមត្ថកិច្ចពិតជាអាចគ្រប់គ្រងស្ថានការណ៍ទាំងពីរក្នុងពេលតែមួយបាន ពោលគឺ ចាត់ចែងឱ្យមានការប្រមូលផ្ដុំតវ៉ាផង និងរក្សាឱ្យមានសណ្ដាប់ធ្នាប់ចរាចរណ៍បានល្អផងដែរ។
ទោះជាយ៉ាងណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ការលើកឡើងពីសណ្ដាប់ធ្នាប់ និងបញ្ហាកកស្ទះចរាចរណ៍ គឺជាលេស ដើម្បីបង្ក្រាបពលរដ្ឋមិនឱ្យប្រមូលផ្ដុំ ឬជាការអសមត្ថភាពរបស់កម្លាំងអាជ្ញាធរទៅវិញទេ៖ « ការលើកឡើងបែបនេះវាហាក់ដូចជាមានភាពអសមត្ថភាពរបស់សមត្ថកិច្ចទៅវិញទេ ។ បើគ្រាន់តែការសម្របសម្រួលឱ្យក្រុមទាំងអស់ហ្នឹងគាត់មានទីតាំងក្នុងការសម្ដែងមតិឱ្យបានត្រឹមត្រូវ ហើយដំណើរការរបស់តុលាការនៅតែអាចធ្វើទៅបាន ដោយមិនមានការប៉ះពាល់អីដូចជាមិនមានអីត្រូវពិបាកនោះទេ។ ព្រោះសមត្ថកិច្ចនៅប្រទេសផ្សេងគេមានសមត្ថភាពគេអត់ព្រួយបារម្ភក្នុងចំណុចទាំងអស់ហ្នឹងទេ គេមានវិធានក្នុងការទប់ស្កាត់ដោយជំនាញរបស់គេ » ។

ចៅក្រមសួរសំណួរដាក់បន្ទុកលើជនជាប់ចោទ
ងាកមកមើលខាងក្នុងបន្ទប់សវនាការវិញ ចៅក្រមដែលមានតួនាទីរកការពិត និងមិនលម្អៀងនោះ ត្រូវក្រុមអ្នកសង្កេតការណ៍មើលឃើញថា ជារឿយៗ ដើរតួជាព្រះរាជអាជ្ញា ដែលជាអ្នកដើមចោទទៅវិញ ជាពិសេស ក្នុងសំណុំរឿងនយោបាយ។ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ដែលតែងចូលសង្កេតមើលសវនាការជំនុំជម្រះសំណុំរឿងបក្សប្រឆាំង ថ្មីៗនេះសំដែងការខកចិត្តចំពោះទង្វើរបស់ចៅក្រមជម្រះក្ដី ដែលអ្នកស្រីថា បែរទៅជាសួរដេញដោលបែបដាក់បន្ទុកលើជនជាប់ចោទ៖ « ព្រះរាជអាជ្ញា និងចៅក្រមហ្នឹងគាត់ព្យាយាមសួរដាក់បន្ទុកលើកូនក្ដី ខ្ញុំគិតថា វាជារឿងមួយ ដែលអាចនឹងប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់កូនក្ដី » ។
ចំណែកលោក សំ សុគង់ ដែលជាមេធាវីតែងការពារក្ដីឱ្យគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលវិញ ក៏សង្កេតឃើញដូចអ្នកស្រី ចក់ សុភាព ដែរ។ មេធាវីដែលមិនដែលឈ្នះក្ដីក្នុងសំណុំរឿងនយោបាយរូបនេះ បានប្រាប់អ្នកកាសែតនៅខាងមុខតុលាការពេលថ្មីៗ នេះថា ចៅក្រមដែលត្រូវប្រកាន់ជំហរកណ្ដាល បែរជាសួរបែបដាក់បន្ទុកលើជនជាប់ចោទទៅវិញ។
ទោះពូកែនិយាយបកស្រាយអង្គហេតុ និងអង្គច្បាប់ក្ដី ក៏តុលាការមិនឱ្យតម្លៃស្មើសម្ដីនាយករដ្ឋមន្ត្រី
រីឯមេធាវីការពារក្ដីឱ្យគណបក្សប្រឆាំងម្នាក់ទៀត គឺលោក ជូង ជូងី បញ្ជាក់ថា នៅក្នុងសវនាការ ជាទូទៅ ចៅក្រមបើកឱកាសឱ្យលោកនិយាយទាញហេតុផល និងបកស្រាយច្បាប់តាមចិត្ត ដើម្បីការពារកូនរបស់លោក។ ប៉ុន្តែទន្ទឹមនឹងនោះ ចៅក្រមគ្រាន់តែស្ដាប់ចោលប៉ុណ្ណោះ ពីព្រោះនៅពេលចេញសេចក្ដីសម្រេច ចៅក្រមមិនដែលឱ្យលោកឈ្នះក្តីក្នុងសំណុំរឿងនយោបាយម្ដងណាឡើយ។ លោក ជូង ជូងី ដែលប្រកបអាជីពជាមេធាវីអស់រយៈពេល ២០ឆ្នាំមកហើយ និងពូកែនិយាយបកស្រាយអង្គហេតុ និងអង្គច្បាប់នៅក្នុងសវនាការនោះ បន្ថែមថា មេធាវីពូកែមិនសំខាន់ទេ ឬគ្មានន័យអ្វីនោះឡើយ ជាពិសេស មេធាវីដែលការពារបក្សប្រឆាំង ពីព្រោះតុលាការស្ដាប់តែលោក ហ៊ុន សែន ប៉ុណ្ណោះ៖ « កាលពីចុងឆ្នាំ២០១៩ ហ្នឹង ពេលដែលមានដំណឹងថា លោក សម រង្សី ជិតចូលស្រុកហ្នឹង មានការចាប់ខ្លួនសកម្មជនជិតដល់ ១០០នាក់ ហើយពេលនោះពួកខ្ញុំខំធ្វើការការពារពួកគេយ៉ាងម៉េចក៏អត់បានលទ្ធផលល្អដែរ។ ប៉ុន្តែគ្រាន់តែសម្ដេចនាយក មានប្រសាសន៍តែប៉ុន្មានម៉ាត់នៅកំពត ដោះលែងអស់រលីង ភ្លាមហ្នឹង » ។
ចំណុចជោគជ័យ និងបរាជ័យរបស់សាលាក្ដីខ្មែរក្រហម ដែលតុលាការជាតិគួររៀនសូត្រ
ងាកមកមើលការវាយតម្លៃរបស់អង្គការឃ្លាំមើលសាលាក្ដីខ្មែរក្រហមទៅលើតុលាការកូនកាត់មួយនេះវិញ។ អង្គការមួយឈ្មោះ Open Society Justice Initiative បានសរសេរការវាយតម្លៃរបស់ខ្លួននៅក្នុងសៀវភៅមួយ ដែលមានចំណងជើងថា Performance and Perceptionបោះពុម្ពផ្សាយនៅឆ្នាំ២០១៦ បានបង្ហាញទាំងចំណុចជោគជ័យ ទាំងចំណុចបរាជ័យរបស់សាលាក្ដីខ្មែរក្រហម។ ចំណុចជោគជ័យខ្លះៗ របស់តុលាការខ្មែរក្រហម ដែលអង្គការនេះយល់ថា ជាគំរូល្អសម្រាប់តុលាការក្នុងស្រុកគួរយកមកអនុវត្តតាមនោះ រួមមាន ការកាត់សេចក្ដី ដែលគ្រប់ភាគីមានសិទ្ធិទទួលបានយុត្តិធម៌ សិទ្ធិមានមេធាវី សិទ្ធិទទួលបានសាលក្រមជាលាយលក្ខណ៍អក្សរ ដែលមានសំអាងហេតុ សំអាងច្បាប់ត្រឹមត្រូវ តម្លាភាព ការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា និងផ្នែកល្អៗ នៃការអនុវត្តនីតិវិធីគ្រប់គ្រងតុលាការ។
រីឯចំណុចខ្វះខាត ឬចំណុចបញ្ហារបស់សាលាក្ដីខ្មែរក្រហមវិញ មានច្រើន ប៉ុន្តែអង្គការនេះ រកឃើញថា ចំណុចអាក្រក់ជាងគេបំផុតនោះ គឺឥទ្ធិពលនយោបាយ និងការលូកដៃជ្រៀតជ្រែករបស់រដ្ឋាភិបាលកម្ពុជាចូលទៅក្នុងកិច្ចការរបស់សាលាក្ដីខ្មែរក្រហម ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ។
ក្នុងការកសាងសមត្ថភាពផ្នែកច្បាប់ និងវិស័យយុត្តិធម៌ដល់បុគ្កលិកកម្ពុជាវិញ អង្គការឃ្លាំមើលតុលាការកូនកាត់នេះ យល់ឃើញថា ចៅក្រម ព្រះរាជអាជ្ញា និងមេធាវីខ្មែរ ដែលបានបំពេញការងារជិត ១៥ឆ្នាំនៅសាលាក្ដីខ្មែរក្រហមកន្លងទៅនេះ ពួកគេពិតជារៀនសូត្រ និងដកស្រង់បទពិសោធន៍ទាក់ទងនឹងនីតិវិធី និងរបៀបកាត់សេចក្ដីក្នុងទម្រង់ស្តង់ដារអន្តរជាតិបានច្រើន។ អង្គការ Open Society Justice Initiative បន្តទៀតថា កេរដំណែល និងធនធានមនុស្សពីសាលាក្ដីខ្មែរក្រហមទាំងនេះ មានសក្ដានុពលគ្រប់គ្រាន់ ដែលនឹងអាចជួយកែលម្អប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ន ឱ្យប្រសើរឡើង។ ប៉ុន្តែអង្គការនេះព្រមានថា ការណ៍នេះអាចជោគជ័យទៅបាន លុះត្រាតែកម្ពុជាមានឆន្ទៈនយោបាយក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការបច្ចុប្បន្ន ឱ្យឯករាជ្យពីអ្នកនយោបាយ។
នាយករដ្ឋមន្ត្រីជ្រៀតជ្រែកកិច្ចការតុលាការ
លោក ប្រ៊ែដ អាដាមស៍ នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) បន្ថែមថា អ្នកនយោបាយដែលតែងជ្រៀតជ្រែកកិច្ចការតុលាការជាប្រចាំនោះ គឺលោក ហ៊ុន សែន។ លោកថា សូម្បីតែសាលាក្ដីខ្មែរក្រហម ដែលមានទាំងបុគ្គលិកអង្គការសហប្រជាជាតិធ្វើការនៅទីនោះផង ក៏លោក ហ៊ុន សែន លូកដៃទៅក្នុងកិច្ចការនៅទីនោះកប់ក្លៀក ចុះទម្រាំតុលាការជាតិ ដែលគ្មានតំណាងអង្គការសហប្រជាជាតិវិញនោះ វានឹងកាន់តែយ៉ាប់ខ្លាំងទៀត ដូចដែលគេឯងគ្រប់គ្នាបានឃើញដូចសព្វថ្ងៃនេះ៖ « ខ្ញុំគិតថា ចៅក្រម និងមេធាវីខ្មែរ នៅសាលាក្ដីខ្មែរក្រហម រួមទាំងសាធារណជនផង ដែលបានតាមដានដំណើរការរបស់សាលាក្ដី ប្រាកដជាយល់ច្បាស់ថា កិច្ចការធំៗ នៅតុលាការកូនកាត់មួយនេះ ត្រូវបានអ្នកខាងក្រៅជាអ្នកសម្រេច ហើយអ្នកខាងក្រៅនោះ គ្មាននរណាក្រៅពីលោក ហ៊ុន សែន ទេ។ ចូរអ្នកគិតទៅមើល ប្រសិនបើចៅក្រមខ្មែរ ដែលមានសហភាគីអង្គការសហប្រជាជាតិធ្វើការជាមួយហើយ តែនៅមិនអាចសម្រេចចិត្តដោយឯករាជ្យខ្លួនឯងបាននៅពេលកាត់សេចក្ដីនោះ តើគេអាចរំពឹងថា ពួកចៅក្រមតុលាការក្នុងស្រុកទាំងអស់ អាចបំពេញការងាររបស់ខ្លួនដោយឯករាជ្យ បាន ឬទេ ជាពិសេស រឿងនយោបាយ ដូចជា សំណុំរឿងគណបក្សសង្គ្រោះជាតិនោះ ? ដូច្នេះសរុបសេចក្ដីទៅ ក្ដីស្រមៃក្នុងការបង្កើតប្រព័ន្ធយុត្តិធម៌ស្តង់ដារកម្រិតខ្ពស់មួយនៅកម្ពុជា ត្រូវបរាជ័យ គឺនឹងមិនបានជោគជ័យទេ » ។

ទោះយ៉ាងណា លោក ប្រ៊ែដ អាដាមស៍ ថា កូនសោដ៏សំខាន់សម្រាប់កែទម្រង់ប្រព័ន្ធតុលាការឱ្យល្អឡើងវិញ ដើម្បីទទួលបានការជឿជាក់ និងទំនុកចិត្តពីប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិនោះ គឺស្ថិតនៅក្នុងដៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ប្រ៊ែដ អាដាមស៍ បញ្ជាក់ថា គឺលោក ហ៊ុន សែន គ្រាន់តែឈប់ជ្រៀតជ្រែកគ្រប់រូបភាពទៅក្នុងកិច្ចការរបស់តុលាការ ហើយងាកមកលើកទឹកចិត្តចៅក្រម ព្រះរាជអាជ្ញា និងមេធាវីទាំងអស់ ឱ្យបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ដោយឈរលើមូលដ្ឋានសច្ចភាព និងច្បាប់ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាការស្រេច។ លោកថា លោក ហ៊ុន សែន គួរតែយកឱកាស ដែលលោកជាមេដឹកនាំប្រទេសនៅពេលនេះ សាងកេរ្តិ៍ឈ្មោះល្អក្នុងវិស័យយុត្តិធម៌នេះ ទុកឱ្យមនុស្សខ្មែរជំនាន់ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។