យុវជន​ខ្មែរ​ថាវរៈ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ធាក់​ផ្តួល​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់

វជន​ដែល​សកម្ម​លើ​កិច្ច​ការងារ​សង្គម​និង​ធនធានធម្មជាតិ ​កញ្ញា តូច ស្រីនិច ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​​ធាក់​ផ្តួល​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ នៅ​ចំណុច​ផ្សារ​បឹងត្របែក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​២៦ កញ្ញា ២០២១។
វជន​ដែល​សកម្ម​លើ​កិច្ច​ការងារ​សង្គម​និង​ធនធានធម្មជាតិ ​កញ្ញា តូច ស្រីនិច ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​​ធាក់​ផ្តួល​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ នៅ​ចំណុច​ផ្សារ​បឹងត្របែក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​២៦ កញ្ញា ២០២១។ (រូប៖ ហ្វេសប៊ុក)

0:00 / 0:00

យុវជន​ខ្មែរ​ថាវរៈ​ម្នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ធាក់​ផ្តួល​ម៉ូតូ​បោក​ក្បាល​លើ​ថ្នល់​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ នៅ​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៦ កញ្ញា​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត ស្វែងរក​ជនល្មើស​យក​មក​អនុវត្ត​តាមផ្លូវ​ច្បាប់​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បង្កើត​ជំនឿ​ចិត្ត​ជូន​ពលរដ្ឋ។

យុវជន​ដែល​សកម្ម​លើ​កិច្ច​ការងារ​សង្គម​និង​ធនធានធម្មជាតិ​មួយ​រូប គឺ​កញ្ញា តូច ស្រីនិច ទៀត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​ទំនើប ៤​គ្រឿង បាន​ធាក់​ផ្តួល​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ នៅ​ចំណុច​ផ្សារ​បឹងត្របែក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៦ កញ្ញា ។ កញ្ញា​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​វែកមុខ​ចាប់​ជន​ដៃដល់​យក​មក​ទទួល​ខុសត្រូវ​ជុំវិញ​ករណី​ហិង្សា​នេះ។

យុវជន​ខ្មែរ​ថាវរៈ​កញ្ញា តូច ស្រីនិច ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ករណីនេះ បាន​ធ្វើ​ឲ្យ​ម៉ូតូ​របស់​កញ្ញា ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ដោយ​រងរបួស​ធ្ងន់​នៅ​ត្រង់​ក្បាល​និង​ដៃជើង​ផ្នែក​ខាងស្តាំ ប៉ុន្តែ​កញ្ញា​មិន​បាន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ ដោយសារ​កញ្ញា​គ្មាន​ប្រាក់​សម្រាប់​ពិនិត្យ និង​ព្យាបាល​របួស។ យុវជន​រូប​នេះ ប្រាប់​ថា កញ្ញា​នឹង​ដាក់​ពាក្យ​បណ្តឹង​នៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខាងមុខនេះ ដើម្បី​ចាប់​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

កញ្ញា តូច ស្រីនិច ព្រួយ​បារម្ភ​ថា ករណី​នេះ​ពាក់ព័ន្ធ​ការ​រឿង​ធ្វើទុក្ខបុកម្នេញ​និង​បំភិតបំភ័យ​យុវជន​សង្គម ព្រោះ​វា​គឺជា​ករណី​តែមួយ​ដូច​ករណី​ជនរងគ្រោះ​ដែល​ជា​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ផ្សេងទៀត​ដែរ។ កញ្ញា​អះអាង​ថា អំឡុង​ពេល​បួន​ថ្ងៃ​មុន​ពេល​កើតហេតុ​នេះ កញ្ញា​សង្កេត​ឃើញ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​តាមដាន និង​ឃ្លាំមើល​សកម្មភាព​របស់​កញ្ញា​ជា​បន្តបន្ទាប់៖ «ខ្ញុំ​អត់​បំពាន​អ្នកណា​ដែល​ធ្វើ​អាក្រក់​ខ្ញុំ​ក៏​អត់​បំពាន ខ្ញុំ​អត់​មាន​ទៅ​ធ្វើ​អី​គេ គ្រាន់តែ​អ្វី​ដែល​រង​ភាព​អយុត្តិធម៌ អ្វី​មានការ​ឈឺចាប់​ចេញពី​ចិត្ត​ខ្ញុំ​នឹង​ធ្វើ បើ​ខ្ញុំ​ដាក់ចិត្ត​ធ្វើ​ខ្ញុំ​អត់​ខ្លាច​ព្រោះថា​ខ្ញុំ​អត់​ខុស​ខ្ញុំ​អត់​បាន​ទៅ​ជេរ​ឬ ទៅ​ប្រមាថ​អ្នកណាម្នាក់​ក៏​ខ្ញុំ​អត់​បាន​ធ្វើ ខ្ញុំ​ធ្វើ​តាម​ក្តី​ស្រឡាញ់​ហើយ​ក្តី​ស្រ​ម៉ៃ​របស់ខ្ញុំ​ចង់ឱ្យ​ប្រទេស​រីកចម្រើន មិនមែន​ធ្វើ​ដើម្បី​ផលប្រយោជន៍​ខ្ញុំ»។

ករណី​នេះ​កើតឡើង​បន្ទាប់​ពី កញ្ញា​ផ្តល់​បទសម្ភាសន៍​ឱ្យ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី​២៤ កញ្ញា ទាក់ទង​ការ​រឹតត្បិត​និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​លើ​យុវជន​សង្គម និង​យុវជន​បក្ស​ប្រឆាំង ដែល​ពួកគេ​មិន​អាច​ចូលរួម​កសាង និង​អភិវឌ្ឍ​សង្គម​។ ទោះជា​យ៉ាងណា ស្រីនិច បញ្ជាក់​ថា​ទោះបី​រង​នូវ​ហិង្សា​និង​តាមដាន​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ ឬ​អាជ្ញាធរ​ក៏ដោយ​កញ្ញា​នៅតែ​ប្តេជ្ញា​ចិត្ត​បន្ត​ចូលរួម​ការពារ​ផលប្រយោជន៍​សង្គម​ដដែល។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យ​ប៉ូលិស​ក្រុងភ្នំពេញ លោក សាន សុខសីហា ដើម្បី​សាកសួរ​ពី​ការស៊ើបអង្កេត រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៦ កញ្ញា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​កន្លងមក​ករណី​ហិង្សា​លើ​សកម្មជន​សង្គម និង​គណបក្ស​ប្រឆាំង​សមត្ថកិច្ច​តែងតែ​ស្នើ​ឱ្យ​ជនរងគ្រោះ​ដាក់​ពាក្យ​បណ្តឹង និង​សហការ​ជាមួយ​សមត្ថកិច្ច និង​ទុកចិត្ត​លើ​សមត្ថកិច្ច​។ ប៉ុន្តែ​ជន​គ្រោះ​អះអាង​ថា អាជ្ញាធរ​មិនដែល​បង្ហាញ​លទ្ធផល ឬ​ភស្តុតាង​ដែល​អាច​ជឿ​ទុកចិត្ត​បាន ទាក់ទង​នឹង​ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ទទួល​បាន​សន្តិសុខ សុវត្ថិភាព​ផ្ទាល់ខ្លួន​ស្របតាម​ច្បាប់ និង​គោលការណ៍​សិទ្ធិមនុស្ស ហើយ​សមត្ថកិច្ច​មាន​កាតព្វកិច្ច​វែកមុខ​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​លុបបំបាត់​មតិ​សង្ស័យ​លើ​ការ​អនុវត្ត​ច្បាប់។ លោក​សង្កេត​ឃើញ​ថា ករណី​បែបនេះ​តែងតែ​កើត​សកម្មជន​សង្គម និង​បក្ស​ប្រឆាំង ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​ភ័យខ្លាច​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម​បន្ត​ទៀត។ លោក​ចាត់ទុក​ករណី​ហិង្សា​លើ​យុវជន​ខ្មែរ​ថាវរៈ​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ប្រសិនបើ​សមត្ថកិច្ច​មិន​ស៊ើបអង្កេត​រក​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «យើង​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន ក្រុម​មួយ​ចំនួន​ដែល​តែងតែ​មាន​មតិ​ជំទាស់​ជាមួយ​រដ្ឋាភិបាល​កន្លង​មកនេះ រួម​ទាំង​សកម្មជន​បក្ស​ប្រឆាំង​ផង គឺថា​មាន​ការ​លួច​វាយឆ្មក់ វាយដំ​នៅ​តាម​បណ្តាល​ដងផ្លូវ មិន​ដែល​សមត្ថកិច្ច​វែកមុខ​ជនល្មើស​ឃើញ​ទេ នេះ​ជា​រឿង​មួយ​ប្រសិនបើ​សមត្ថកិច្ច នៅតែ​បន្ត​មិនអាច​វែកមុខ​ជនល្មើស​ឃើញ​យក​មក​ដាក់​ទោសទណ្ឌ​ទេ អាហ្នឹង​វា​ធ្វើ​ឱ្យ​ស្ថានភាព​បរិយាកាស​សេរី​នៅ​កម្ពុជា​មាន​បញ្ហា​ធ្លាក់ចុះ»។

គិត​មក​ដល់​ពេល​នេះ មាន​សកម្មជន​សង្គម​និង​គណបក្សប្រឆាំង​ជាង ៣០​នាក់​ហើយ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បង្ក​ហិង្សា​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ ហើយ​ជនរងគ្រោះ​ខ្លះ​បាន​ស្លាប់ និង​ធ្លាក់ខ្លួន​ពិការ​អស់​មួយ​ជីវិត​។ ករណី​ទាំងនោះ​ច្រើន​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា គឺ​ជន​ដៃដល់​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព លួច​វាយ​ជនរងគ្រោះ​ពីក្រោយ​ខ្នង ឬ​ធាក់​ម៉ូតូ​ផ្តួល ហើយ​ភាគច្រើន​បំផុត​អាជ្ញាធរ​មិន​បាន​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​នោះ​ទេ​។ ជនរងគ្រោះ​ខ្លះ​មិន​ត្រឹមតែ​មិន​ទទួល​បាន​យុត្តិធម៌​នោះ​ទេ តែ​ថែមទាំង​ត្រូវ​បាន​ជនល្មើស​លួច​វាយប្រហារ​ផ្ទួនៗ​គ្នា​ពីរ​លើក ហើយ​អ្នក​ខ្លះទៀត ថែមទាំង​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ទៀត​ផង។

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​អង្គការសហប្រជាជាតិ​ផង បាន​សម្ដែង​ក្តី​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​អំពើ​ហិង្សា​លើ​សកម្មជន​សង្គម និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ញឹកញាប់​នេះ។ ពួកគេ​ចាត់ទុក ករណី​ទាំងនេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​និង​នយោបាយ​ដែល​ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។