ព្រះមហាក្សត្រខ្មែរ ព្រះបាទបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យបង្កើតសាលាឧទ្ធរណ៍ចំនួន៣ បន្ថែមទៀត ស្របពេលដែលកម្ពុជាមានសាលាឧទ្ធរណ៍តែមួយប៉ុណ្ណោះ គឺនៅរាជធានីភ្នំពេញ។ អ្នកការពារសិទ្ធិមនុស្សស្វាគមន៍ការសម្រេចនេះ ក៏ប៉ុន្តែស្នើឱ្យរដ្ឋាភិបាលប្រឹងប្រែងបន្ថែមទៀតក្នុងការកែទម្រង់វិស័យយុត្តិធម៌។
សាលាឧទ្ធរណ៍តំបន់ដែលត្រូវបង្កើតឡើងដោយព្រះរាជក្រឹត្យនៅពេលនេះ រួមមានសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ បាត់ដំបង និងព្រះសីហនុ។
សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំនឹងត្រូវទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍របស់សាលាដំបូង និងអយ្យការអមតុលាការខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ព្រះវិហារ ខេត្តទាំង៤ នៅភាគឦសាន ខេត្តព្រៃវែង ស្វាយរៀង និងសំណុំរឿងដែលតុលាការកំពូលបង្វិលមកវិញ។ ចំណែកសាលាឧទ្ធរណ៍តំបន់បាត់ដំបងវិញ ទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍របស់សាលាដំបូង និងអយ្យការអមតុលាការខេត្តកំពង់ឆ្នាំង និងខេត្តចំនួន៥ មានព្រំដែនជាប់ប្រទេសថៃ ព្រមទាំងសំណុំរឿងដែលតុលាការកំពូលបង្វិលមកវិញ។ ដោយឡែក សាលាឧទ្ធរណ៍តំបន់ព្រះសីហនុវិញ ត្រូវទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍របស់សាលាដំបូង និងអយ្យការអមតុលាការខេត្តតាកែវ កំពង់ស្ពឺ ខេត្តជាប់មាត់សមុទ្រទាំង៤ និងសំណុំរឿងដែលតុលាការកំពូលបង្វិលមកវិញ។
សាលាឧទ្ធរណ៍តំបន់ទាំងនេះ នឹងចាប់ផ្ដើមទទួលសំណុំរឿងជាផ្លូវការនៅថ្ងៃទី១ មេសា ឆ្នាំ២០២០ ខាងមុខ ក៏ប៉ុន្តែនៅចន្លោះពេលនេះ សាលាឧទ្ធរណ៍នៅភ្នំពេញជាអ្នកទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍ពីគ្រប់ខេត្តទាំងអស់។ បន្ទាប់ពីសាលាឧទ្ធរណ៍តំបន់ទាំង៣ អាចដំណើរការបានជាផ្លូវការហើយ នោះសាលាឧទ្ធរណ៍បច្ចុប្បន្ននេះ នឹងក្លាយជាសាលាឧទ្ធរណ៍ភ្នំពេញ ដែលត្រូវទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍របស់សាលាដំបូង និងអយ្យការអមតុលាការរាជធានីភ្នំពេញ និងខេត្តកណ្តាល។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាកាលពីសប្ដាហ៍មុន និងទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២២ សីហា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ស្ថាប័នពាក់ព័ន្ធកំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ និងតែងតាំងមន្ត្រីឱ្យទៅកាន់តួនាទីនៅតាមសាលាឧទ្ធរណ៍តំបន់ទាំងនេះ។ លោកបញ្ជាក់ថា ការបង្កើតសាលាឧទ្ធរណ៍តំបន់នេះ គឺជាការអនុវត្តកម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងគោលបំណងបង្ខិតសេវាយុត្តិធម៌ឱ្យនៅកៀកពលរដ្ឋ និងធានាសិទ្ធិទទួលបានយុត្តិធម៌របស់ពលរដ្ឋ៖ «ឧទ្ធរណ៍តំបន់ហ្នឹងក៏ចូលរួមក្នុងការដោះស្រាយភាពកកស្ទះសំណុំរឿងនៅតុលាការផងដែរ ដោយសារតែយើងមានឧទ្ធរណ៍តំបន់ច្រើនទៅ វារំលែកពីសំណុំរឿងមួយចំនួនដែលសម្រុកមកឧទ្ធរណ៍នៅភ្នំពេញតែមួយរបស់យើងដែលមាននាពេលបច្ចុប្បន្ន។ មួយចំណែកទៀតនេះ ក៏វាចូលរួមដោះស្រាយភាពចង្អៀតណែនកកស្ទះក្នុងពន្ធនាគារដែរ ដោយសារកាលណាយើងមានឧទ្ធរណ៍តំបន់ច្រើន ដំណើរការនីតិវិធីក៏លឿនដែរ អ៊ីចឹងវាបើកឱកាសឱ្យមានមានការស្នើសុំលើកលែងទោស បន្ធូរបន្ថយទោសដល់ទណ្ឌិតដែលបានកែប្រែខ្លួន និងបំពេញបានតាមលក្ខខណ្ឌមួយចំនួនតាមផ្លូវច្បាប់»។
អង្គការសង្គមស៊ីវិលគាំទ្រការបង្កើតសាលាឧទ្ធរណ៍តំបន់នេះ ពីព្រោះកន្លងមកសំណុំរឿងជាច្រើនបានកកស្ទះនៅដំណាក់កាលឧទ្ធរណ៍ បង្កើតឱ្យមានផលវិបាកជាច្រើន ទាំងទិដ្ឋភាពច្បាប់ និងសិទ្ធិមនុស្ស។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) កត់សម្គាល់ថា ពលរដ្ឋក្រីក្រនៅខេត្តឆ្ងាយៗ មិនមានលទ្ធភាពឡើងមកតតាំងក្តីនៅសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញឡើយ ហេតុដូច្នេះពួកគាត់ត្រូវបាត់សិទ្ធិទទួលបានការជំនុំជម្រះដោយស្មើភាពគ្នានៅចំពោះមុខច្បាប់។ លោកបន្តថា ការកកស្ទះសំណុំរឿងនៅដំណាក់កាលឧទ្ធរណ៍ ក៏ជាមូលហេតុនៃភាពចង្អៀតណែនក្នុងពន្ធនាគារដែរ។ លោកជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើតសាលាឧទ្ធរណ៍តំបន់នេះឱ្យបានតាមការគ្រោងទុក៖ «បើនៅឧទ្ធរណ៍រឿងខ្លះគាត់កាត់លើកលែងចោទប្រកាន់ ឬក៏កាត់ឱ្យរួចផុត ឬក៏កាត់តម្រឹមអីយ៉ាងម៉េចទៅ ក៏វាអាចជួយបន្ថយភាពចង្អៀតណែនហ្នឹងមួយផងដែរ។ ទីពីរបើមានការបញ្ជូនជនត្រូវចោទមកសាលាឧទ្ធរណ៍ វាបន្ថយការចំណាយហ្នឹងហើយ ហើយជនត្រូវចោទទាំងអស់ហ្នឹង គាត់មានឱកាសច្រើនតតាំងគ្នានៅចំពោះមុខសាលាឧទ្ធរណ៍»។
អ្នកការពារសិទ្ធិមនុស្សរូបនេះទទួលស្គាល់ថា ការបង្កើតសាលាឧទ្ធរណ៍តំបន់ គឺជាការរួមចំណែកដល់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលមានបញ្ហាជាច្រើនទៀតដែលត្រូវធ្វើពាក់ព័ន្ធនឹងវិស័យយុត្តិធម៌នេះ។ បញ្ហាទាំងនោះ មានជាអាទិ៍ ការពង្រឹងឯករាជ្យរបស់ស្ថាប័នតុលាការ និងការលុបបំបាត់អំពើពុករលួយក្រោមរូបភាពស៊ីសំណូក និងបក្ខពួកនិយម ជាដើម៖ «ផ្ដើមចេញពីឆន្ទៈនៃអ្នកនយោបាយត្រូវធ្វើយ៉ាងណានាំគ្នាឱ្យប្រព័ន្ធតុលាការមានភាពឯករាជ្យ។ ទីពីរ គឺបំបាត់អំពើពុករលួយ ហើយទីបីការអនុវត្ត ធ្វើម៉េចឱ្យមានស្តង់ដារមួយឱ្យស្មើភាពគ្នាចំពោះមុខច្បាប់ ហើយធានាឱ្យបាននូវការគោរពសិទ្ធិមនុស្ស។ អាហ្នឹងបានវាអាចទៅជាប្រព័ន្ធយុត្តិធម៌ ឬប្រព័ន្ធតុលាការមួយដែលមានជំនឿទុកចិត្ត»។
តុលាការកម្ពុជាត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ រិះគន់ថា ជាស្ថាប័នខ្វះភាពឯករាជ្យ និងពោរពេញដោយអំពើពុករលួយ។ ស្ថាប័នយុត្តិធម៌មួយនេះ ក៏ត្រូវបានគេមើលឃើញថា ជាអាវុធដ៏មានប្រសិទ្ធភាពសម្រាប់របបលោក ហ៊ុន សែន ក្នុងការកម្ចាត់សំឡេងប្រឆាំង និងសំឡេងឯករាជ្យនៅកម្ពុជាដែរ។ ជាឧទាហរណ៍ ក្រោមការបង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តុលាការបានចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា ដាក់ពន្ធនាគារ រំលាយចោលគណបក្សសង្គ្រោះជាតិ និងបិទសិទ្ធិសេរីភាពរបស់មន្ត្រីបក្សប្រឆាំងចំនួន១១៨ នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ ឆ្នាំ ទៀតផង។ ក្រៅពីនេះ មន្ត្រីអង្គការសង្គមស៊ីវិល សហជីព អ្នកសារព័ត៌មាន និងពលរដ្ឋជាច្រើន ក៏ត្រូវបានតុលាការចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទមិនសមហេតុផល និងគ្មានមូលដ្ឋានត្រឹមត្រូវផងដែរ។
ក្រុមអ្នកសង្កេតការណ៍ពិនិត្យឃើញថា មូលហេតុសំខាន់ដែលតុលាការកម្ពុជាមិនអាចចេញរួចពីឥទ្ធិពលនយោបាយនេះ គឺដោយសារតែមន្ត្រីតុលាការតាំងពីថ្នាក់ទាប ដល់ថ្នាក់ខ្ពស់ សុទ្ធសឹងតែជាសមាជិកគណបក្សប្រជាជនកម្ពុជា ឬនិយាយឱ្យចំ គឺជាកូនចៅរបស់លោក ហ៊ុន សែន។ ក្រុមអ្នកសង្កេតការណ៍យល់ថា ទាល់តែមន្ត្រីតុលាការលែងជាសមាជិកគណបក្សណាមួយ ទើបតុលាការកម្ពុជាអាចក្លាយជាស្ថាប័នឯករាជ្យ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។