សាលាឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​មាតា​ធម្មជាតិ ៣នាក់

0:00 / 0:00

សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃ​ទី៦ វិច្ឆិកា​នេះ សម្រេច​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​មាតា​ធម្មជាតិ ៣នាក់ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។ មន្ត្រី​សិទ្ធិមនុស្ស​សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​នេះ និង ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌។

សាលា​ឧទ្ធរណ៍​មិន​អនុញ្ញាត​ឱ្យ​សកម្មជន​មាតា​ធម្មជាតិ ៣នាក់ គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​ទេ​ ក្រោម​ហេតុផល​ថា រឿង​ក្ដី​នេះ​មាន​ជន​ល្មើស​ច្រើន​នាក់ ហើយ​តុលាការ​ត្រូវ​រក្សា​ទុក​ពួក​គេ​ ដើម្បី​អនុវត្ត​នីតិវិធី​ឱ្យ​មាន​ប្រសិទ្ធភាព និង​សកម្មជន​ទាំង ៣នាក់ គ្មាន​មុខ​របរ​ច្បាស់លាស់។

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​មាតា​ធម្មជាតិ​ទាំង ៣រូប គឺ​លោក សំ ចំរើន ថ្លែង​ថា ​​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ ជា​រឿង​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​ថា កូន​ក្ដី​របស់​លោក​បាន​ប្ដេជ្ញា​ចូល​រួម​គ្រប់​នីតិវិធី​របស់​តុលាការ​ ព្រោះ​ពួក​គេ​​ជា​សកម្មជន​បរិស្ថាន ហើយ​ចង់​បន្ត​ការងារ​ផ្នែក​បរិស្ថាន​​តទៅទៀត។ ជាង​នេះ​ទៅ​ទៀត លោក​ថា កូន​ក្តី​របស់​លោក​កំពុង​សិក្សា និង​ខ្លះ​ទៀត មាន​ការងារ​ច្បាស់​លាស់ ដែល​អាច​ជឿ​បាន​ថា ពួកគេ​នឹង​មិន​គេចវេះ​ទៅ​ណា​ឡើយ ហើយ​ក៏​មិន​បង្ក​ជា​ឧបសគ្គ​ដល់​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​ដែរ។

មេធាវី​រូប​នេះ​សង្កត់​ធ្ងន់​ថា សំណុំ​រឿង​កូន​ក្តី​របស់​លោក​នេះ មិន​គួរ​ត្រូវ​បាន​តុលាការ​បន្ត​នីតិវិធី​មក​ដល់​ពេល​នេះ​ទេ ព្រោះ​សកម្មភាព​របស់​ពួក​គេ​គ្មាន​ចរិត​ជា​បទល្មើស​ឡើយ៖ « យើង​យល់​ថា សេចក្ដី​សម្រេច​ហ្នឹង យើង​អត់​អាច​ទទួល​យក​បាន ព្រោះ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​របស់​កូន​ក្ដី​ខ្ញុំ​ធ្ងន់ធ្ងរ។ ​ហេតុ​ផល​ដែល​សាលាឧទ្ធរណ៍​លើក​ឡើង​មិន​មាន​ជា​លក្ខខណ្ឌ​របស់​ច្បាប់​ពេញលេញ​ដែល​ត្រូវ​យក​មក​អនុវត្ត​ក្នុង​ករណី​នេះ​ទេ ព្រោះ​សកម្មភាព​របស់​ពួក​គាត់​ហ្នឹង វា​​មិនមែន​មាន​ចរិត​ជា​បទល្មើស​ ជា​អំពើ​ខុស​ច្បាប់​នោះ​ទេ »

មេធាវី សំ ចំរើន ឱ្យ​ដឹង​ថា លោក​នឹង​ជជែក​ជាមួយ​កូន​ក្ដី​បន្ថែម ដើម្បី​ប្ដឹង​សាទុក្ខ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​នេះ ទៅ​តុលាការ​កំពូល​បន្ត​ទៀត។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​​ខ្លួន​សកម្មជន​បរិស្ថាន​ទាំង ៣នាក់​ កាល​ពីដើម​ខែ​កញ្ញា​កន្លង​ទៅ។ តុលាការ​បាន​ចោទ​ប្រកាន់ពួក​គេ​​ពី​បទ "ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម" ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២ឆ្នាំ។ ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​យុវជន​ទាំង៣ នាក់​នេះ កើតមាន​ឡើង​ ក្រោយ​ពី​កញ្ញា​ ឡុង គន្ធា បាន​ប្រកាស​ថា នាង​នឹង​ស្លៀក​ពាក់ស ដើរ​ពី​វត្ត​ភ្នំ​ឆ្ពោះ​ទៅ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​ស្នើសុំ​ជួប​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន និយាយ​អំពី​រឿង​ការ​លុប​បឹង​តាមោក​នៅ​ជាយ​ក្រុង​ភ្នំពេញ។

សកម្មជន​បរិស្ថាន យុវជន ថុន រដ្ឋា ឡុង គន្ធា និង ភួន កែវរស្មី ​ធ្លាប់​ធ្វើ​ធម្មយាត្រា​ដោយ​ថ្មើ​ជើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ទាម​ទារ​ឱ្យ​អាជ្ញាធរ​គោរព​ពាក្យ​សន្យា​ចុះ​វាយ​កម្ទេច​កាស៊ីណូ​ខុស​ច្បាប់​មួយ​កន្លែង​នៅ​កោះ​រ៉ុង​សន្លឹម និង​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ពី​ខេត្ត​កោះកុង​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​ការពារ​ធម្មជាតិ។ យុទ្ធនាការ​ការពារ​បរិស្ថាន​ទាំងនោះ តែង​រង​ការ​រំខាន ឬ​យាយី​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​​ក្រសួង​បរិស្ថាន​វិញ បាន​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ថា ពួកគេ​ធ្វើ​សកម្មភាព​ក្នុង​ទិសដៅ​នយោបាយ​ទុច្ចរិត។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​បន្ត​ឃុំ​ខ្លួន​សកម្មជន​ទាំង ៣នាក់​តទៅទៀត។ លោក​ពិនិត្យ​ឃើញ​ថា ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ ហើយ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពួក​គេ​ធ្វើ​ឡើង​ក្នុង​ហេតុផល​នយោបាយ​ច្រើន​ជាង៖ « ក្រុម​យុវជន​ដែល​ស្រឡាញ់​ធម្មជាតិ ការពារ​ធនធាន​ធម្មជាតិ គួរ​តែ​មាន​ការ​លើក​ទឹក​ចិត្ត​​សម្រាប់​គាត់ ព្រោះ​វា​មិន​មែន​ជា​ការ​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ​ទេ។ តែ​សោកស្ដាយ​ ដោយសារ​ពួក​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​និង​ឃុំ​ខ្លួន​ហ្នឹង »

យុវជន​មាតា​ធម្មជាតិ​ទាំង ៣នាក់ ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ជាង ៣០នាក់​ ដែល​ត្រូវ​របប​លោក ហ៊ុន សែន បង្ក្រាប​តាម​រយៈ​ប្រព័ន្ធ​តុលាការ គិត​ពី​ដើម​ឆ្នាំ២០២០ មក។ សកម្មជន ព្រះសង្ឃ និង​យុវជន ត្រូវ​បាន​អាជ្ញាធរ​ចោទប្រកាន់​ពី​បទ​ញុះញង់ ចំណែក​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ អាជ្ញាធរ​ចោទ​ពួក​គេ​ពី​បទ​រួម​គំនិត​ក្បត់ បទ​ញុះញង់ និង​ការ​ប្រមាថ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល។

ប្រទេស​ប្រជាធិបតេយ្យ សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​អ្នក​ទោស​មនសិការ​ទាំង​នេះ ហើយ​ងាក​មក​គោរព​សិទ្ធិ​ពលរដ្ឋ​វិញ ព្រោះ​មាន​តែ​ធ្វើ​បែប​នេះ ទើប​កម្ពុជា​អាច​ចៀស​ផុត​ពី​ទណ្ឌកម្ម​របស់​​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។