ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់យុវជន ៥នាក់ ក្នុងបទញុះញង់បង្កឲ្យវឹកវរធ្ងន់ធ្ងរដល់សង្គម នៅថ្ងៃទី១៨ ធ្នូ។
សាច់ញាតិ និងអ្នកសិទ្ធិមនុស្ស ជំរុញឲ្យតុលាការដោះលែងយុវជនទាំង៥ នាក់ឱ្យនៅក្រៅឃុំ និងទម្លាក់ចោលបទចោទប្រឆាំងអ្នកទោសមនសិការទាំងអស់។
យុវជនទាំង៥នាក់ ដែលប្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្ននោះ រួមមានក្រុមខ្មែរថាវរៈ ៣នាក់ គឺព្រះតេជព្រះគុណ កើត សារ៉ាយ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក ថា ឡាវី ចំណែក ២នាក់ទៀត គឺជាសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី និង លោក មួង សុភ័ក្ត្រ។
អាជ្ញាធរ មិនបានបញ្ជូនយុវជនទាំង ៥នាក់ ពីពន្ធនាគារ មកចូលរួមសវនាការ នៅសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៦ ទេ គឺមានតែ លោកមេធាវី សំ ចំរើន ម្នាក់គត់ ដែលតំណាងឲ្យកូនក្ដី ទាំង៥នាក់។ ក្រោយបញ្ចប់សវនាការ សាលាឧទ្ធរណ៍សម្រេចថា នឹងប្រកាសសាលដីការឿងនេះនៅថ្ងៃសុក្រ ទី១៨ ធ្នូខាងមុខ។
សាច់ញាតិរបស់ក្រុមយុវជនទាំងនោះប្រាប់ថា ពួកគេមិនបានដឹងពីសវនាការនេះទេ ហើយពួកគេសោកស្ដាយ ដែលមិនបានចូលរួម តាមដានរឿងនេះ។ តែយ៉ាងណា សាច់ញាតិទាំងនោះ ចង់ឲ្យតុលាការដោះលែងយុវជនទាំង ៥នាក់ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃប្រកាសសាលដីកា ១៨ ធ្នូ។
ប្អូនប្រុសរបស់ លោក មាន ព្រហ្មមុនី គឺ លោក សំ ណាប់ នៅតែបន្តទាមទារឲ្យសាលាឧទ្ធរណ៍ ដោះលែង លោក មាន ព្រហ្មមុនី ដោយអះអាងថា បងប្រុសលោក ជាមនុស្សស្អាតស្អំ គ្មានកំហុស ដូចការចោទប្រកាន់ឡើយ៖ « សង្ឃឹមៗ ហើយបង ព្រោះអ្វី យើងដូចជាអត់មានខុសអ្វីដែរ ហើយយើងសុំនៅក្រៅឃុំ។ ចង់ឲ្យគាត់នៅក្រៅឃុំ។ ចង់ឲ្យគេ ( តុលាការ ) សម្រេចឲ្យពួកគាត់ ( យុវជន ៥នាក់ ) នៅក្រៅឃុំ អ៊ីចឹងណា»។
យុវជនទាំង ៥នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយពេលពួកគេ នាំគ្នាជម្នះរៀបចំការតវ៉ា នៅទីលានប្រជាធិបតេយ្យឲ្យខាងតែបាន ដើម្បីទាមទារ ឲ្យតុលាការដោះលែង តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សោភ័ណ្ឌ និងតំណាងក្រុមយុវជនខ្មែរថាវរៈផ្សេងទៀត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ជំរុញឲ្យសាលាឧទ្ធរណ៍ ដោះលែងយុវជនទាំង៥រូប និងទម្លាក់បទចោទប្រកាន់ទាំងអស់ ប្រឆាំងក្រុមអ្នកទោសមនសិការដែលជាប់ឃុំឃាំង ដោយសារការប្រើសិទ្ធិបញ្ចេញមតិ។
លោក ស៊ឹង សែនករុណា អះអាងថា ក្រុមយុវជនខ្មែរថាវរៈ និង សមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ មិនបានប្រព្រឹត្តិកំហុសនោះទេ ហើយការប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់ពួកគេកន្លងមក ជារឿងត្រឹមត្រូវតាមច្បាប់៖ « ក្រោយពីចាប់ខ្លួន ក៏យើងឃើញដែរ មានការសម្ដែងនូវការសោកស្ដាយ ក្នុងការចាប់ខ្លួនពួកគាត់ ក្នុងពេលកន្លងមកហ្នឹង។ អ៊ីចឹងហើយ បានយើងទទូចចង់ឲ្យមានការដោះលែងពួកគាត់ ឲ្យមានសេរីភាពឡើងវិញ។ ចំណែកនីតិវិធីតុលាការ ក៏យើងនៅតែមិនអាចបន្តទៅមុខបានទៀតទេ ព្រោះអ្វីពួកគាត់មានការប្ដេជ្ញាបន្តនីតិវិធីជាមួយខាងតុលាការ នៅក្នុងការស្នើសុំដោះលែងក្រៅឃុំ។ អ៊ីចឹង គួរតែខាងតុលាការ ពិចារណាក្នុងការសម្រេចឲ្យពួកគាត់បាននៅក្រៅឃុំ ដូចការស្នើសុំពួកគាត់ទៅ»។
គិតចាប់ពីខែមករាមក តុលាការបានឃុំខ្លួនសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ព្រះសង្ឃ យុវជន និងអ្នករិះគន់តាមបណ្ដាញសង្គម ប្រមាណជិត ៥០នាក់ហើយ ដោយសារការអនុវត្តសិទ្ធិសេរីភាព ទាំងក្នុងសង្គម និងនៅលើប្រព័ន្ធអ៊ីនធឹណិត។
អង្គការជាតិ និងអន្តរជាតិ ក្នុងនោះ ក៏រួមទាំងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផង បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការយាយី និងការចោទប្រកាន់ទាំងបំពានច្បាប់ លើអ្នករិះគន់ និងត្រូវដោះលែងអ្នកទោសមនសិការទាំងអស់ ឲ្យមានសេរីភាពវិញ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកការពារសិទ្ធិមនុស្ស ក៏ទាមទារឲ្យអាជ្ញាធរ ត្រូវធានាលើកស្ទួយ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋឡើងវិញ ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។