សាលាឧទ្ធរណ៍លើកយកសំណុំរឿងអតីតសកម្មជនមាតាធម្មជាតិពីរនាក់ ដែលជាប់ទោសដោយសារការថតកប៉ាល់ដឹកខ្សាច់នៅខេត្តកោះកុង មកជំនុំជម្រះនៅថ្ងៃទី៨ សីហា។ ក៏ប៉ុន្តែតុលាការជាន់ខ្ពស់មួយនេះ មិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ ដោយកំណត់ថ្ងៃប្រកាសសាលដីកានៅចុងខែសីហានេះវិញ។
សាលាឧទ្ធរណ៍ប្រើពេលប្រមាណ ៤៥នាទី ដើម្បីសួរដេញដោលអតីតសកម្មជនមាតាធម្មជាតិពីរនាក់ គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេបានប្រព្រឹត្តបទល្មើសលួចថតសកម្មភាពកប៉ាល់ដឹកខ្សាច់របស់លោកសេដ្ឋីម្នាក់ កាលពីឆ្នាំ២០១៧ កន្លងទៅ។
អតីតសកម្មជនមាតាធម្មជាតិ លោក ហ៊ុន វណ្ណៈ ឱ្យអាស៊ីសេរីដឹងថា សវនាការនៅសាលាឧទ្ធរណ៍នេះ ខុសគ្នាដាច់ពីសវនាការលើកមុនៗ។ លោកថា អំឡុងសវនាការសុំនៅក្រៅឃុំកាលពីលើកមុន និងការជំនុំជម្រះនៅតុលាការខេត្តកោះកុង ខាងតុលាការព្យាយាមដាក់បន្ទុកលើពួកលោកទាំងពីរ។ ក៏ប៉ុន្តែលោកថា លើកនេះ ទាំងចៅក្រម និងតំណាងមហាអយ្យការ បានស្តាប់ការបកស្រាយរបស់ពួកលោក និងមេធាវីដោយយកចិត្តទុកដាក់ និងមិនបានចោទសួរដាក់បន្ទុកទៀតឡើយ។ លោកជឿជាក់ថា សាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌ដល់ពួកលោក ដោយបដិសេធចោលនូវសាលក្រមផ្តន្ទាទោសរបស់តុលាការខេត្តកោះកុង៖ «វាជាបទចោទដែលអត់មានសម្អាងច្បាស់លាស់ទេ ព្រោះជជែកគ្នាព្រឹកមិញហ្នឹង សូម្បីតែមេធាវីក៏គាត់និយាយឡើងច្បាស់ សូម្បីតែតំណាងមហាអយ្យការក៏ការពារយើងថា យើងមិនមែនបានទៅលួចថតគេឯណា។ យើងថតហ្នឹង យើងថតនៅលើដែនសមុទ្រហ្នឹង មិនមែននៅលើដីក្រុមហ៊ុនឯណា ហេតុអ្វីបានជាគេចោទយើងថា ប៉ះពាល់សិទ្ធិរូបភាពបុគ្គល បើច្បាប់ហ្នឹង គេថាយើងល្មើស នៅពេលណាដែលយើងទៅថតនៅកន្លែងឯកជនរបស់គេ ប៉ុន្តែនេះយើងថតនៅលំហសមុទ្រ ហើយញុះញង់បង្កឱ្យមានបទឧក្រិដ្ឋ យើងគ្រាន់តែទៅថតមិនទាន់ចប់ផង គេក៏ចាប់។ យើងអត់មានទៅផុស អត់មានធ្វើសកម្មភាពអីផងហ្នឹង ចោទញុះញង់ម៉េចកើត»។
កាលពីដើមឆ្នាំ២០១៨ កន្លងទៅ សាលាដំបូងខេត្តកោះកុង បានកាត់ទោសលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ឱ្យជាប់ពន្ធនាគារម្នាក់ ១ឆ្នាំ ដោយអនុវត្តទោស ៥ខែក្នុងពន្ធនាគារ ហើយទោសនៅសល់ត្រូវព្យួរ ព្រមទាំងពិន័យជាប្រាក់ម្នាក់ ១លានរៀលថែមទៀត។ អ្នកទាំងពីរត្រូវបានផ្តន្ទាទោស ពីបទ "ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" និង "ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល" ក្រោយពេលយុវជនទាំងពីរ បានជិះទូកថតរូបសកម្មភាពកប៉ាល់ដឹកខ្សាច់នៅក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។
ដើមបណ្តឹងនៃសំណុំរឿងនេះ គឺក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលហៅកាត់ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់ឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអ្នករកស៊ីនាំចេញខ្សាច់នៅខេត្តកោះកុង ជាយូរអង្វែងមកហើយ។ ឧកញ៉ា លី យ៉ុងផាត់ ក៏ជាអ្នកតែងតែផ្តល់លុយជាប្រចាំដល់គណបក្សប្រជាជនកម្ពុជា និងរបបក្រុងភ្នំពេញដែរ។ ទោះជាយ៉ាងណា តំណាងក្រុមហ៊ុនដែលជាភាគីដើមបណ្តឹង មិនដែលបានចូលរួមក្នុងអង្គសវនាការម្តងណាឡើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា តុលាការគួរតែទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងយុវជនទាំងពីរតាំងតែពីដំបូងមកម្ល៉េះ ពីព្រោះពួកគេមិនបានប្រព្រឹត្តកំហុសអ្វីឡើយ ហើយតុលាការក៏គ្មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់នោះដែរ។ លោករិះគន់ថា ការចាប់ឃុំខ្លួនរយៈពេល ៥ខែ និងកាត់ឱ្យអ្នកទាំពីរជាប់ទោសទៀតនោះ គឺជាការបំបាក់ស្មារតីយុវជនដែលហ៊ានចេញមុខការពារបរិស្ថាន និងធនធានធម្មជាតិ៖ «យើងនៅតែសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌សម្រាប់អ្នកទាំងពីរ គឺទម្លាក់ចោលបទចោទប្រកាន់ហ្នឹង ហើយបដិសេធចោលសាលក្រមរបស់សាលាដំបូង ដើម្បីឱ្យអ្នកទាំងពីរនេះមានសេរីភាពពេញលេញដូចពលរដ្ឋដទៃនៅក្នុងការធ្វើការងាររបស់ខ្លួន»។
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី គឺជាសកម្មជនមាតាធម្មជាតិពីរនាក់ផ្សេងទៀត ដែលត្រូវបានតុលាការខេត្តកោះកុងផ្តន្ទាទោសពាក់ព័ន្ធនឹងសកម្មភាពតស៊ូមតិប្រឆាំងនឹងការបូមខ្សាច់បែបអនាធិបតេយ្យនៅក្នុងខេត្តកោះកុង បន្ទាប់ពីយុវជន សាន់ ម៉ាឡា ទ្រី សុវិគា និងស៊ីម សំណាង។ ក្រៅពីនេះ ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ក៏ទំនងជាត្រូវបានតុលាការខេត្តកោះកុងកាត់ឱ្យមានទោសដែរ បន្ទាប់ពីបានបើកសវនាការកំបាំងមុខ កាលពីពេលថ្មីៗ នេះ។
ក្រុមសកម្មបរិស្ថានបានរិះគន់ថា តុលាកាខេត្តកោះកុង ធ្វើអ្វីតាមតែការចង់បានរបស់ក្រុមហ៊ុនប៉ុណ្ណោះ ដោយស្ថាប័នយុត្តិធម៌មួយនេះមិនបានឱ្យតម្លៃលើការងារការពារបរិស្ថាន និងឈរលើមូលដ្ឋានច្បាប់ត្រឹមត្រូវក្នុងការសម្រេចសេចក្តីឡើយ។
លោក ហ៊ុន វណ្ណៈ អះអាងថា ប្រសិនបើសាលាឧទ្ធរណ៍តម្កល់សាលក្រមតុលាការខេត្តកោះកុង នោះលោកនឹងប្តឹងទាស់ទៅតុលាការកំពូលបន្តទៀត ពីព្រោះលោកថា ការផ្តន្ទាទោសរូបលោកជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។