សកម្មជនដីធ្លីតំបន់បឹងកក់លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំម៉ី ដែលមានវ័យ ៨៤ឆ្នាំ ប្ដេជ្ញាចេញតវ៉ា រហូតដល់អាជ្ញាធរដោះលែងកូនស្រីរបស់គាត់ ដោយចាត់ទុកការចាប់ខ្លួនកូនស្រីថា ជារឿងអយុត្តិធម៌។ ការប្ដេជ្ញានេះ ធ្វើឡើងក្នុងពេលអាជ្ញាធរក្រុងភ្នំពេញ បានបញ្ជូនកូនរបស់លោកស្រី គឺលោកស្រី អេង សុខា ទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១ ខែកុម្ភៈ។ សង្គមស៊ីវិលថា តុលាការគួរតែដោះលែងកូនលោកស្រី ង៉ែត ឃុន ឱ្យមានសេរីភាព ដើម្បីកុំឱ្យគ្រួសារពួកគាត់រងភាពអយុត្តិធម៌ផ្ទួនគ្នា។
សកម្មជនបឹងកក់លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំម៉ី ចាត់ទុកការចាប់ខ្លួនកូនស្រីរបស់លោកស្រីនៅពេលនេះថា គឺជាការគុំកួនរបស់អាជ្ញាធរមកលើកូនស្រីលោកស្រី ដែលតែងតែចេញមុខតវ៉ាទាមទារយុត្តិធម៌ឱ្យលោកស្រី និងសហគមន៍។
លោកស្រី ង៉ែត ឃុន អះអាងថា នៅរសៀលថ្ងៃទី១ ខែកុម្ភៈ សមត្ថកិច្ចបញ្ជូនកូនស្រីរបស់គាត់ទៅសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់មកក៏បញ្ជូនទៅឃុំនៅខណ្ឌជ្រោយចង្វាវិញ។ លោកស្រីប្ដេជ្ញាចិត្តចេញមុខទាមទារយុត្តិធម៌ឱ្យដល់ទីបញ្ចប់ បើសមត្ថកិច្ចមិនព្រមដោះលែងកូនស្រីនោះទេ។
លោកស្រី ង៉ែត ឃុន៖ «បើសិនដាក់កូនខ្ញុំនៅពន្ធនាគារ គឺខ្ញុំចេញមកតវ៉ាទៀត ឱ្យតុលាការចង់ចាប់ ចាប់ឱ្យអស់ចុះ កូនខ្ញុំមួយពូជ ចាប់ដាក់ពន្ធនាគារទាំងអស់គ្នា ដោយសារតែភាពអយុត្តិធម៌សម្រាប់ខ្ញុំ ដូចជាគេវាយខ្ញុំបែកក្បាលអ៊ីចឹង។ ហេតុអីប្រព័ន្ធតុលាការមិនចាប់ជនល្មើស ជនល្មើសនៅរាល់ថ្ងៃ ហើយរូបភាព ភស្តុតាងមានទាំងអស់»។
ស្ត្រីអាយុ ៨៤ឆ្នាំរូបនេះលើកឡើងថា កូនស្រីរបស់លោកស្រីបានសារភាពថា គាត់ពិតជាបានវាយកញ្ចក់នៅខាងមុខតុលាការមែន។ ប៉ុន្តែ លោកស្រីរៀបរាប់ថា ការវាយកញ្ចក់នោះ គឺព្រោះតែសន្តិសុខក៏បានចូលរួមបង្កហេតុដែរ ដោយកម្លាំងសន្តិសុខ មិនត្រឹមតែរំខានការផ្សាយផ្ទាល់ ឬ Live តាមបណ្ដាញសង្គមហ្វេសប៊ុករបស់កូនស្រីលោកស្រីទេ ប៉ុន្តែ ថែមទាំងបានប្រើអំពើហិង្សាលើគាត់ផង ជាហេតុធ្វើឱ្យកូនរបស់លោកស្រីខឹង និងឈានដល់ការវាយកញ្ចក់នោះ។
លោកស្រី ង៉ែត ឃុន៖ «បើគេមិនលែង បើមិនអ៊ីចឹង វាឱ្យចាប់ប៉ូលិសតុលាការ ៥ ទៅ ៥នាក់មកផ្ដន្ទាទោសតាមច្បាប់ឱ្យវា ព្រោះពួកគាត់សុទ្ធតែប្រុសៗ ៤ ទៅ ៥នាក់ មកចាប់វាមកបោចសក់វា។ ម៉ែឯងមើលៗ មើលសក់វាបោចចេញមក ហើយដៃខ្ញុំឃើញហើមមែន ហើយកួយដៃដាច់ចេញឈាម ហើយនឹងក្បាល»។
លោកស្រី ង៉ែត ឃុន ថា ការចាប់ខ្លួនកូនរបស់លោកស្រីដាក់ឃុំក្នុងរឿងនេះ គឺជាអំពើអយុត្តិធម៌ នៅពេលសន្តិសុខដែលបានបង្ករឿង បែរជារួចខ្លួនទៅវិញ។ លោកស្រីទទូចឱ្យសមត្ថកិច្ចដោះលែងកូនស្រី ហើយលោកស្រីសុខចិត្តជួសជុលកញ្ចក់សងតុលាការវិញ។ លោកស្រីថា អាជ្ញាធរឃុំខ្លួនកូនលោកស្រីនៅកន្លែងស្អុយឆ្អេះឆ្អាបស្ទើរតែដកដង្ហើមមិនរួច គឺជាការរំលោភសិទ្ធិពលរដ្ឋ។
លោកស្រី ង៉ែត ឃុន៖ «កូនខ្ញុំវាយកញ្ចក់ហ្នឹងបែកពិតប្រាកដមែន ខ្ញុំសូមធ្វើឱ្យស្អាតវិញ សូមដោះលែងកូនខ្ញុំទៅ បើសិនជាតុលាការ ចៅក្រមយុត្តិធម៌ ឯករាជ្យពិតប្រាកដស្រុកខ្មែរ កុំយកទោសពៃកូនខ្ញុំអី។ កូនខ្ញុំសតិអារម្មណ៍អត់មូលទេ វាចង់សរសៃប្រសាទផង អ៊ីចឹងមិនអាចប្រកាន់វាបានទេ»។
អាជ្ញាធរក្រុងភ្នំពេញបានឃាត់ខ្លួនកូនស្រីសកម្មជនបឹងកក់លោកស្រី ង៉ែត ឃុន គឺលោកស្រី អេង សុខា ដោយពុំមានដីកា កាលពីថ្ងៃទី៣១ ខែមករា គឺក្នុងអំឡុងពេលដែលលោកស្រី អេង សុខា ទៅតវ៉ានិងផ្សាយផ្ទាល់ឬ Live លើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងការផ្សាយផ្ទាល់នោះ លោកស្រីបានរិះគន់តុលាការ ដែលកាត់ក្ដីដោយអយុត្តិធម៌ លើសំណុំរឿងម្ដាយរបស់លោកស្រីគឺលោកស្រី ង៉ែត ឃុន ដែលត្រូវក្រុមសន្តិសុខក្រុងភ្នំពេញ បាន វាយដំឱ្យបែកក្បាលហូរឈាម ពេលចេញតវ៉ារកដំណោះស្រាយជម្លោះដីធ្លី កាលពី ជាង ១០ឆ្នាំកន្លងមក។
អត្ថបទដែលទាក់ទង៖
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអភិបាលខណ្ឌជ្រោយចង្វារលោក លឹម សុភា និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី១ ខែកុម្ភៈ។
ជុំវិញករណីនេះ មន្ត្រីសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ថា តុលាការគួរតែសម្រេចដោះលែងលោកស្រី អេង សុខា ឱ្យមានសេរីភាព ទោះបីជាគាត់មានសកម្មភាព និងប្រើពាក្យសម្ដីលើសលស់បន្តិចក៏ដោយ។ លោកថា ការផ្សាយផ្ទាល់របស់លោកស្រី អេង សុខា លើបណ្ដាញសង្គមនេះ កើតចេញពីការឈឺចាប់ និងការមិនសប្បាយចិត្ត ដែលគាត់មិនអាចទប់ចិត្តបាន ពីការមិនមានជំនឿលើប្រព័ន្ធយុត្តិធម៌តែប៉ុណ្ណោះ។ លោកថា ករណីនេះ គួរណាស់តែតុលាការចាត់ទុកជាការសម្ដែងមតិ។
លោក យិន ម៉េងលី៖ «ប្រសិនបើតុលាការបន្តឃុំខ្លួនគាត់ ដោយតែគាត់មានការរំជើបរំជួលចិត្ត ដោយសារតែគាត់រងនូវភាពអយុត្តិធម៌។ អ៊ីចឹង គេនឹងមើលឃើញ គេនឹងធ្វើការរិះគន់បន្ថែមទៀត ទៅលើប្រព័ន្ធតុលាការរបស់យើងហ្នឹង។ មួយទៀត នេះជាផ្នែកមួយនៃសេរីភាពក្នុងការបញ្ចេញមតិ ក៏ដូចជាការតស៊ូមតិរបស់ពួកគាត់ដែរ ទោះបីជាមានការពាក្យពេចន៍ធ្ងន់ធ្ងរខ្លះក៏ដោយ។ អ៊ីចឹង យើងចង់តុលាការពិនិត្យ និងធ្វើការដោះលែងគាត់វិញ ដើម្បីកុំឱ្យមានការរងការរិះគន់ពីបញ្ហាប្រព័ន្ធតុលាការរបស់យើងហ្នឹង»។
លោកស្រី អេង សុខា កូនស្រីរបស់សកម្មជនបឹងកក់ គឺលោកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី តែងតែចេញមុខតវ៉ា ទាមទារយុត្តិធម៌សង្គមជាមួយម្ដាយក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ជាពិសេស ក្នុងជម្លោះដីធ្លីនៅតំបន់បឹងកក់ និងករណីចាប់ខ្លួនសកម្មជនសង្គមនានា។
អ្នកឃ្លាំមើលថា ការឃាត់ខ្លួនលោកស្រី អេង សុខា ដែលគ្រាន់តែផ្សាយផ្ទាល់លើបណ្ដាញសង្គម សម្ដែងមតិអំពីបញ្ហាសង្គម និងទាមទារយុត្តិធម៌ជូនម្ដាយ គឺជាការដាក់ទណ្ឌកម្មបន្ថែមលើភាពឈឺចាប់ ដែលគ្រួសារពួកគាត់កំពុងតែទទួលរង និងជាការរំលោភបំពានសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។