គិតមកត្រឹមយប់ថ្ងៃទី៥ ខែវិច្ឆិកា យុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាពនៃគណបក្សសង្គ្រោះជាតិ មានអ្នកចូលរួមចុះហត្ថលេខាជាង ២ម៉ឺន ៧ពាន់នាក់ (២៧.១៧១)។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ បានបន្តចុះហត្ថលេខាគាំទ្រយុទ្ធនាការបញ្ចប់និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ដល់ជនល្មើសនៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិនានា ឲ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះដែលបានស្លាប់ដោយអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន។
ក្រុមការងារនេះឲ្យដឹងថា មានអ្នកជំនាញបន្ថែមដើម្បីរៀបចំ "សៀវភៅស" មកពីសាកលវិទ្យាល័យល្បីមួយរូបនៅប្រទេសអូស្ត្រាលី (Australia) ដែលនឹងទទួលខុសត្រូវលើការចងក្រងឯកសារព្រឹត្តិការណ៍បោកគ្រាប់បែកចូលហ្វូងបាតុករដឹកនាំដោយ លោក សម រង្ស៊ី ដែលកំពុងតវ៉ាទាមទាររកយុត្តិធម៌សង្គម និងទាមទារឱ្យកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧។
ទន្ទឹមនឹងគ្នាក្រុមការងារក៏កំពុងចងក្រងសាច់រឿងលោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ករណីសម្លាប់អ្នកកាសែត សិល្បករ និងព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលនឹងខិតខំចងក្រងឯកសារបិទបញ្ចប់នៅត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។