មន្ត្រីជាន់ខ្ពស់ និងសកម្មជនគណបក្សប្រឆាំងចំនួន ១១នាក់ ត្រូវបានអនុរក្សពន្ធនាគារព្រៃស បញ្ជូនខ្លួនមកជំនុំជម្រះពាក់ព័ន្ធសំណុំរឿងហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សម្រេចចេញដីកាបំបែកសំណុំរឿងនេះឲ្យទៅជា ២ករណីសិន មុននឹងបន្តសវនាការជាថ្មីទៀត។
ក្រោយចំណាយពេលជំនុំជម្រះអស់ជាច្រើនម៉ោងរួចមក ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ប្លង់ សំណាង សម្រេចចេញដីកាដោយញែកសំណុំរឿងសកម្មជនបក្សប្រឆាំងនេះទៅជា ២ករណីដាច់ដោយឡែកពីគ្នា គឺទី១ ជាបណ្ដឹងមោឃភាព និងសំណុំរឿងមួយទៀត គឺជាសំណុំរឿងអង្គសេចក្ដី ប៉ុន្តែសេចក្ដីសម្រេចនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ នៅពុំទាន់បានកំណត់ពេលក្នុងការជំនុំជម្រះឡើងវិញនៅពេលណាឲ្យប្រាកដនៅឡើយទេ។
បើទោះជាបែបណា ក្រុមសកម្មជនគណបក្សប្រឆាំងមួយចំនួន បានស្រែកតវ៉ាក្រោយបញ្ជូនចេញពីបន្ទប់សវនាការយកទៅឃុំខ្លួននៅព្រៃសវិញ។ ពួកគេយល់ឃើញថា ការចាប់ខ្លួននេះ គឺបានរំលោភលើគោលការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស ដែលកម្ពុជា បានផ្ដល់សច្ចាប័នរួចហើយស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ម្យ៉ាងវិញទៀត អ្នកទោសនយោបាយទាំងនេះយល់ឃើញថា ពួកគេអាចនឹងរួចផុតពីការចោទប្រកាន់ បន្ទាប់ពីការជំនុំជម្រះពេលក្រោយនេះ។ ពួកគេបន្តថា « ខ្ញុំសង្ឃឹមថា លើកក្រោយសាលាឧទ្ធរណ៍នឹងសម្រេចលើកលែងទោសពួកខ្ញុំ។ បំផ្លាញអស់ហើយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឯណា ? យើងវេទនាណាស់ »។
សកម្មជនគណបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ក្រោយពីមានព្រឹត្តិការណ៍ដ៏ហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោក មាជ សុវណ្ណារ៉ា រួមនឹងសកម្មជនគណបក្សសង្គ្រោះជាតិ ១០នាក់ទៀត ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំទៅ ២០ឆ្នាំ ពីបទចូលរួម និងដឹកនាំកុប្បកម្មនៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ។
ក្រោយមានសាលក្រមរបស់តុលាការក្រុងភ្នំពេញហើយ មេធាវីការពារក្តីឲ្យបក្សប្រឆាំង សម្រេចប្ដឹងមោឃភាពមកតុលាការកំពូល និងឧទ្ធរណ៍ ដោយទាមទារឲ្យទាត់ចោលសាលក្រមរបស់តុលាការក្រុងភ្នំពេញ។
មេធាវីការពារក្ដីសកម្មជនបក្សប្រឆាំង អ្នកស្រី ម៉េង សុភារី ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតក្រោយចេញពីបន្ទប់សវនាការដោយយល់ឃើញថា ដីកាសម្រេចរបស់សាលាឧទ្ធរណ៍នេះ អាចទទួលយកបាន ព្រោះវាស្របតាមការចង់បានរបស់ក្រុមមេធាវី។ មិនតែប៉ុណ្ណោះ ប្រសិនបើតុលាការនៅតែរក្សាសាលក្រមរបស់តុលាការក្រុងភ្នំពេញទៀត គឺអយុត្តិធម៌សម្រាប់កូនក្តីអ្នកស្រី។ អ្នកស្រីបន្តថា « ពួកយើងទទួលយកបាននៅពេលដែលបំបែករឿងនេះជាពីរ។ យើងត្រូវរកឲ្យឃើញខុសត្រូវសិន ថាតើសាលដីការបស់សាលាដំបូងហ្នឹង ថាត្រូវ ឬខុសសិន ? បើសិនថាខុស យើងមាននីតិវិធីផ្សេងទៀត។ ប៉ុន្តែអ្វីដែលយើងមិនទាន់ពេញចិត្តគ្រប់គ្រាន់ គឺដោយសារនៅក្នុងសាលដីកាហ្នឹងទាក់ទងរឿងមោឃភាពមានជនជាប់ចោទតែ ៦នាក់ទេ »។
នៅថ្ងៃសវនាការកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ថ្វីត្បិតតែក្រុមអ្នកកាសែតមិនត្រូវបានគេរឹតបន្តឹងសន្តិសុខមុខក្រោយដូចសាលាដំបូងរាជធានីភ្នំពេញ ឬហាមអ្នកកាសែតសូម្បីឈរក្បែររបងតុលាការ ក៏មានអ្នកជាប់ឃុំខ្លះក្នុងនោះមានលោក មាជ សុវណ្ណារ៉ា ជាដើម មិនបានឲ្យចេញក្រៅចូលបន្ទប់ទឹក ក្នុងពេលសម្រាកដូចអ្នកទោសដទៃទៀតឡើយ។ អ្នកទោសខ្លះត្រូវឆ្មាំគុកបង្ខំចិត្តឲ្យនោមដាក់ដបនៅក្នុងបន្ទប់រង់ចាំ ដើម្បីគេចចេញពីការតាមថតរបស់ក្រុមអ្នកកាសែតថែមទៀតផង។
ជុំវិញរឿងនេះ លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) ដែលចុះសង្កេតការណ៍ដោយផ្ទាល់យល់ឃើញថា បើទោះជាយុត្តិធម៌សម្រាប់សកម្មជនបក្សប្រឆាំងហាក់នៅឆ្ងាយ នីតិវិធីដែលដំណើរការនៅពេលនេះជាសញ្ញាល្អមួយ ជាពិសេសអាចទុកជាគំរូដល់តុលាការថ្នាក់ផ្សេងទៀតបាន។ លោកបន្តថា « យើងឃើញថាការជជែកដេញដោលគ្នាមួយព្រឹក ហើយយើងស្វាគមន៍នៅក្នុងការជជែកដេញដោលនេះ គឺមានការបើកឱកាសច្រើនសម្រាប់មេធាវីដើមបណ្ដឹង មេធាវីជនជាប់ចោទដែលលោកមានសិទ្ធិក្នុងការបញ្ចេញមតិ »។
យ៉ាងនេះក្ដី មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា ហាក់មិនមានជំនឿទាល់តែសោះថាការជំនុំជម្រះលើកក្រោយនេះ អាចនឹងផ្ដល់យុត្តិធម៌សម្រាប់រូបលោក និងសកម្មជនដទៃទៀតណាស់។ លោកមើលឃើញថា សារនយោបាយរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២២ សីហា បញ្ជាក់យ៉ាងច្បាស់ថា លោកនាយករដ្ឋមន្ត្រីបានជ្រៀតជ្រែករួចទៅហើយក្នុងដំណើរការក្ដីនេះ។ លោកបន្តថា « នយោបាយដោះអ្នកនយោបាយ ព្រោះយើងកាត់ថ្ងៃនេះឥតយុត្តិធម៌ទេ ព្រោះ ហ៊ុន សែន ស្រែកម្សិលមិញហើយ។ សារនយោបាយអ្នកណាជាប់គុក នៅតែជាប់គុក។ អ៊ីចឹងលោក ហ៊ុន សែន មានកូនធ្វើនយោបាយតទៀត »។
នៅក្នុងអង្គសវនាការកាលពីព្រឹកថ្ងៃទី២៣ សីហា ក្រៅពីមានមេធាវីឡើងការពារបណ្ដឹងមោឃភាពហើយ ក្នុងនោះក៏មានដើមបណ្ដឹងជាកងសន្តិសុខខណ្ឌដូនពេញមួយចំនួន ត្រូវបានតុលាការចេញដីកាកោះឲ្យចូលឆ្លើយបំភ្លឺតទល់ផ្ទាល់មាត់ដែរ។ កងសន្តិសុខ ឬហៅថាប្រជាការពារ និយាយថា មូលហេតុដែលពួកគេប្ដឹងសកម្មជនបក្សប្រឆាំងទាំងនេះ ដោយសារពួកគេគឺជាជនរងគ្រោះដោយអំពើប្រើហិង្សា។
ផ្ទុយពីនេះវិញ សកម្មជនបក្សប្រឆាំងចោទប្រកាន់ថា កងសន្តិសុខខណ្ឌដែលតាំងខ្លួនជាដើមបណ្ដឹងទាំងនេះ ត្រូវគេជួលមកអុកឡុកព្រឹត្តិការណ៍កាលពីថ្ងៃទី១៥ ខែកក្កដា ជាថ្នូរទទួលបានម៉ូតូក្នុងម្នាក់ ១គ្រឿង៕
វីដេអូ៖លោក មាជ សុវណ្ណារ៉ា ចោទលោកហ៊ុនសែនថាលូកដៃចូលក្នុងប្រព័ន្ធតុលាការ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។