មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ប៉ៃលិន​ប្រមូល​ផ្ដុំ​មុខ​តុលាការ​ករណី​ក្រុមប្រឹក្សា​ម្នាក់​ត្រូវ​ចាប់​ខ្លួន

0:00 / 0:00

ថ្នាក់ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន ប្រមាណ​៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ តុលា បាន​ប្រមូល​ផ្ដុំ គ្នា​នៅមុខ​សាលាដំបូង​ខេត្ត ក្រោយពី​ពួកគាត់​ដឹង​ថា សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណបក្ស​ម្នាក់ ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី២៤ ខែ​តុលា ទៅ​សាកសួរ​នៅ​តុលាការ​នោះ។ ប៉ុន្តែ​ការ​ជួបជុំគ្នា​នេះ សមត្ថកិច្ច​ពុំ​អនុញ្ញាត​ឲ្យ​ពួកគាត់​ជួប​​ក្រុមប្រឹក្សា​រូប​នោះ​នៅឡើយ។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន បាន​ដាក់​លិខិត​ស្នើ​ទៅ​អភិបាលខេត្ត​នេះ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​ក្រុម​ប្រឹក្សាឃុំ​ស្ទឹង​កាច់​ភ្លាមៗ ក្រោយពី​បាន​ជួបជុំគ្នា​នៅមុខ​សាលាដំបូង​ខេត្ត​អស់​ជាច្រើន​ម៉ោង​ដោយ​គ្មាន​ដំណោះស្រាយ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ តុលា ថា មន្ត្រី​សាលាខេត្ត​ប៉ៃលិន​បាន​ទទួល​លិខិត​សុំ​អន្តរាគមន៍​ឲ្យ​ដោះលែង លោក ឈុន សិទ្ធី ក្រុម​ប្រឹក្សា​ឃុំ​ស្ទឹង​កាច់​រួចហើយ កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​តុលា។ លោក​អះអាង​ថា មូលហេតុ​ដែល​ពួកគាត់​សរសេរ​ស្នើ​ទៅ​អភិបាលខេត្ត​មួយ​នេះ ដោយ​យល់​ឃើញ​ថា ក្រុម​ប្រឹក្សាឃុំ​រូប​នេះ​គ្មាន​កំហុស​នោះ​ទេ៖ «អត់​មាន​កំហុស​ផង ដល់​មក​ចាប់​ដូច្នោះ​វា​ហាក់​ដូច​ជា​ការ​បង្ក​ធ្វើ​ឲ្យ​ការ​បំពេញ​ការងារ នៅ​ក្នុង​មូលដ្ឋាន​រវាង​មន្ត្រី​គណបក្ស​ទាំង​២ មើល​មុខ​គ្នា​មិន​ចំ។ ដូច្នេះ​ទេ បានជា​យើងខ្ញុំ​សុំ​ឲ្យ​អភិបាលខេត្ត​យោគយល់​បញ្ហា​នេះ ហើយ​ធ្វើការ​ដោះលែង»។

លោក ឃឹម ប៉ុន បន្ថែម​ទៀត​ថា សមត្ថកិច្ច​ចាប់​ក្រុមប្រឹក្សា​ឃុំ ដោយ​គ្មាន​ដីកា​ពី​តុលាការ និង​ពុំបាន​បញ្ជាក់​ពី​អំពី​មូលហេតុ នៃ​ការ​ចាប់ខ្លួន​នោះ ដើម្បី​ឲ្យ​សាច់ញាតិ​បាន​ដឹង​នៅឡើយ​ទេ។

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្រែល (Comfrel) លោក យឿង សុធារ៉ា មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ជន​ណា​ម្នាក់​ត្រូវ​មាន​ដីកា​ពី​តុលាការ លើកលែងតែ​បទល្មើស​ជាក់ស្ដែង ដែល​ជន​នោះ​កំពុង​ប្រព្រឹត្តិ ខុស និង​ឃើញ​ផ្ទាល់​ភ្នែក ដែល​គេ​កំពុង​ដេញ​ដេញប្រផាប់ចាប់ប្រភីង ទើប​សមត្ថកិច្ច​ចាប់​ជន​នោះ​ដោយ​ពុំ​ចាំបាច់​មាន​ដីកា៖ «ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​ត្រូវតែ​បង្ហាញ​ពី​មូលហេតុ និង​បង្ហាញ​ពី​ដីកា​ដែល​ត្រូវ​ចាប់ខ្លួន​នេះ ព្រោះ​មូលហេតុ​គេ​ចែង​ក្នុង​ដីកា​នោះ​ហើយ មូលហេតុ​ដែល​ចាប់ខ្លួន​បណ្ដាលមកពី​អ្វី ? មិនមែន​គ្រប់​បទល្មើស​ចេះតែ​ចាប់ខ្លួន​បានទេ ដូច្នេះ​បើសិនជា​ខុស​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​នីតិវិធី​បែបនេះ វា​ជា​ការ​បំពាន​ច្បាប់ និង​ការរំលោភ​សិទ្ធជន​ជាប់ចោទ ឬ​ថា​រំលោភច្បាប់​ទាំងស្រុង»។

ក្រុម​ប្រឹក្សាឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​លោក ឈុន សិទ្ធី ត្រូវ​បាន​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ តុលា។ ការ​ចាប់ខ្លួន​នេះ គឺ​សមត្ថកិច្ច​ពុំ​បញ្ជាក់​ពី​ទោសកំហុស​អ្វី​នៅឡើយ​ទេ។ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន អះអាង​ថា ការ​ចាប់​នេះ​ទំនង​ដោយសារ លោក ឈុន សិទ្ធី បាន​បង្ហោះ​វីដេអូ​ឃ្លីប​១ កាលពី​ថ្ងៃទី២៣ ខែ​តុលា ដោយ​បាន​ផ្ដាំ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា គាត់​មិន​ចង់បាន​ប្រាក់ខែ ៥៧​ម៉ឺន​រៀល (៥៧០,០០០) នោះ​ទេ ហើយ​បើ​ទោះ​បី​ជា​ប្រាក់ខែ​រាប់​លាន​ដុល្លារ​អាមេរិក​ក៏​លោក​មិន​លក់​ឧត្ដមគតិ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។