របប​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​សង្គម បរិស្ថាន និង​សកម្មជន​នយោបាយ ១៨នាក់ រួម​ទាំង លោក រ៉ុង ឈុន ផង

0:00 / 0:00

តុលាការ​របប​ក្រុង​ភ្នំពេញ​ បាន​ដោះលែង​សកម្មជន​សង្គម បរិស្ថាន និង​សកម្មជន​នយោបាយ ចំនួន១៨នាក់ រាប់​ទាំង​លោក រ៉ុង ឈុន ផង​ចេញ​ពី​ពន្ធនាគារ​ហើយ ​កាល​ពី​ថ្ងៃ​ទី១២ ខែវិច្ឆិកា ​បន្ទាប់ពី​ពួកគាត់​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​ជាង ១០ខែ​ទៅ​ជាង ១៥ខែ។ ប៉ុន្តែ​ទាំង​លោក រ៉ុង ឈុន និង​សកម្មជន​ទាំង​អស់ ដែល​ត្រូវ​បាន​ដោះ​លែង​ រិះគន់​ថា ការ​ដោះ​លែង​ដោយ​ភ្ជាប់​ជាមួយ​លក្ខខ័ណ្ឌ​តឹងរ៉ឹង ​ជា​ច្រើន​នេះ នៅតែ​អយុត្តិធម៌​សម្រាប់​ពួកគាត់។

សកម្មជន​ទាំង ១៨នាក់ ដែល​តុលាការ​បាន​ដោះ​លែង​ជា​បន្ត​បន្ទាប់ កាល​ពី​ថ្ងៃ​ទី១២ ខែវិច្ឆិកា ​រួមមាន មេដឹកនាំ​សហជីព ​លោក រ៉ុង ឈុន ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​លោក សួង សុភ័ណ្ឌ និង​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ២រូប គឺ​លោក ប៉ែន ច័ន្ទសង្គ្រាម និង​លោក តុន និមល សមាជិក​សហជីព​ការងារ កញ្ញា ស កណិការ ក្រុម​យុវជន​ខ្មែរថាវរៈ ២នាក់ មាន​លោក ហ៊ុន វណ្ណៈ​ និង​លោក​ស្រី ឈឿន ដារ៉ាវី។ រីឯ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ៦នាក់ ក្នុង​នោះ មាន​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា លោក លី ច័ន្ទដារ៉ាវុធ និង​លោក យីម លាងហ៊ី ក៏​ត្រូវ​បាន​ដោះ​លែង​ផង​ដែរ។

ក្នុង​ចំណោម​អ្នក​ដោះ​លែង​ពី​ពន្ធនាគារ នៅ​ថ្ងៃ​សុក្រ ទី១២ វិច្ឆិកា​នេះ​ដែរ ក៏​មាន​ក្រុម​​ស្ត្រី​ក្លាហាន​ចំនួន ៥នាក់​ គឺ​លោក​ស្រី លឹម សាន លោក​ស្រី យ៉យ ស្រីមុំ លោកស្រី ហុង អាន លោកស្រី ប៉ៃ រ៉េន និង​លោក​ស្រី សាន ស្រីនាថ។

សកម្មជន​ទាំង​នោះ ភាគ​ច្រើន​មាន​រូបកាយ​ស្លេកស្លាំង និង​ស្គមស្គាំង​ដូចៗ គ្នា ប៉ុន្តែ​ពួក​គាត់​នៅ​តែ​បង្ហាញ​ស្មារតី​ និង​ជំហរ​រឹងមាំ​ដដែល។ ពួក​គេ​មិន​សប្បាយ​ចិត្ត ដែល​រង​អំពើ​អយុត្តិធម៌ ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​បញ្ចេញ​មតិ ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ។

មេធាវី​ការពារ​ក្ដី លោក សំ សុគង់ ថ្លែង​ថា កូន​ក្ដី​របស់​លោក នៅ​តែ​ចាត់​ទុក​ថា ការ​សម្រេច​ក្ដី​នេះ ជា​រឿង​អយុត្តិធម៌ ​ហើយ​ពួកគាត់ ​បាន​ប្រាប់​លោក​ភ្លាមៗ ដើម្បី​ដាក់​បណ្ដឹង​​ជំទាស់​ទៅ​តុលាការ​កំពូល​ទៀត៖ « នៅ​ពេល​ប្រកាស​សាលា​ដីកា បែរ​ជា​កូន​ក្តី​របស់ខ្ញុំ​ទាំង​បី​នាក់ នៅ​តែ​មាន​ឈ្មោះ​ថា​ជា​អ្នក​មាន​កំហុស និង​ផ្ដន្ទាទោស និង​ថែម​ទាំង​ដាក់​លក្ខខណ្ឌ ៧ចំណុច ដែល​ធ្វើ​ឲ្យ​ការ​សម្រេច​នេះ មិន​បាន​ផ្តល់​យុត្តិធម៌​ចំពោះ​ពួកគាត់ »

ការ​ដោះ​លែង​លោក រ៉ុង ឈុន នេះ គឺ​បន្ទាប់​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​ភ្នំពេញ ​លោក យន់ ណារ៉ុង កាល​នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែវិច្ឆិកា បាន​សម្រេច​តម្កល់​ការ​ផ្ដន្ទា​ទោស​លោក រ៉ុង ឈុន ប៉ុន្តែ​បាន​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​មក​នៅ​ត្រឹម​រយៈ​ពេល ១៥ខែ និង ១១ថ្ងៃ នៃ​ទោស​ពន្ធនាគារ​សរុប ២៤ខែ​ហើយ​ទោស ដែល​នៅ​សល់​ត្រូវ​បាន​ព្យួរ។ ចំណែក​កញ្ញា ស កណិការ វិញ សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៥ខែ និង ៥ថ្ងៃ​នៃ​ទោស​សរុប​ចំនួន ២០ខែ ដោយ​ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ។ ចំពោះ​លោក តុន និមល ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៤ខែ និង ២៤ថ្ងៃ​នៃ​ទោស​សរុប​ចំនួន ២០ខែ ដោយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។ បើ​គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​មក គឺ​លោក រ៉ុង ឈុន កញ្ញា ស កណិការ និង​លោក តុន និមល បាន​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​កំណត់ ដែល​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ស្វាគមន៍​ការ​ដោះ​លែង​សកម្មជន​ជា​បន្ត​បន្ទាប់​នេះ ប៉ុន្តែ​លោក​នៅតែ​ស្នើ​ឲ្យ​តុលាការ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​គាត់​ទាំង​អស់ ដើម្បី​ឲ្យ​ពួកគាត់​មាន​សេរីភាព​ពេញលេញ​ឡើង​វិញ៖ « សាធារណៈ​មតិ និង​ប្រជាពលរដ្ឋ​ ក៏​គេ​យល់​បែប​នេះ​ដែរ​ថា ជា​ធម្មតា​ការ​ដោះ​លែង​មនុស្ស​ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ គឺ​ស្មើ​នឹង​វាស់វែង​នៅ​សិទ្ធិ​សេរីភាព​ឲ្យ​ដើរ​នេះ​ហើយ ​ដូច្នេះ​វា​អត់​សមស្រប​នឹង​សិទ្ធិ​សេរីភាព​របស់​គាត់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ទេ »

អ្នក​វិភាគ​សង្គម បណ្ឌិត សេង សារី ក៏​ស្វាគមន៍​ការ​ដោះ​លែង​នេះ​ដែរ ប៉ុន្តែ​ស្នើ​ឲ្យ​កម្ពុជា​ត្រូវ​កែ​លម្អ​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​ថែម​ទៀត ទើប​កម្ពុជា​មាន​មុខ​មាត់ ដឹក​នាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។