ការ​ប្រើប្រាស់​ស្ថាប័ន​តុលាការ​ដើម្បី​បម្រើ​គោល​ដៅ​នយោបាយ

0:00 / 0:00

តុលាការ​ជា​ស្ថាប័ន​កាត់​សេចក្ដី និង​ជា​កន្លែង​ចេញ​សេចក្ដី​សម្រេច​ថា​ភាគី​ជម្លោះ​ណា​ខុស​និង​ភាគី​ណា​ត្រូវ​។ ចៅក្រម​តុលាការ​កាត់​សេចក្ដី​លើ​រឿង​ទូទៅ ទាក់ទង​ទំនាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​គ្រប់​ប្រភេទ។ ចៅក្រម​តុលា​ការ​មិន​ត្រឹមតែ​កាត់​សេចក្ដី​លើ​ទំនាស់​ធម្មតា ទាក់ទង​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​ទេ គឺ​មាន​កាត់​សេចក្ដី និង​ចេញ​សេចក្ដី​សម្រេច​ផ្សេងៗ​ទាក់ទង រឿង​នយោបាយ​ផង​ដែរ។ មាន​រឿង​ទំនាស់​នយោបាយ​ខ្លះ អ្នកនយោបាយ​មិន​អាច​ដោះស្រាយ​បាន និង​ទាមទារ​យក​ឈ្នះ​បាន ក៏​សម្រេចចិត្ត​រុញ​រឿង​ក្ដី​ខ្លះ ឲ្យ​ចៅក្រម​ជា​អ្នក​ចេញ​សាលក្រម​សម្រេច​សេចក្ដី​ទាំង​ចម្រូងចម្រាស ដើម្បី​បម្រើ​គោលដៅ​នយោបាយ​របស់​ខ្លួន។

រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​ចែងថា​អំណាចតុលាការ​ជា​អំណាច​ឯករាជ្យ។ អំណាច​តុលាការ​ធានា​រក្សា​អនាគតិ និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ អំណាច​តុលាការ​គ្រប​ដណ្ដប់​ទៅលើ​រឿង​ក្ដី​ទាំងអស់ រួម​ទាំង​ក្ដី​រឿង​រដ្ឋបាល​ផង។ អំណាច​នេះ​ត្រូវ​ប្រគល់​ឲ្យ​តុលាការ​កំពូល និង​សាលា​ជម្រះ​ក្តី​គ្រប់​ជាន់ថ្នាក់។ មាន​តែ​ចៅក្រម​ទេ​មាន​សិទ្ធិ​ជម្រះ​ក្ដី។ ចៅក្រម​ត្រូវ​បំពេញ​ភារកិច្ច​នេះ ដោយ​គោរព​ច្បាប់​ម៉ឺងម៉ាត់​និង​អស់ពីដួងចិត្ត និង​សម្បជញ្ញៈ​របស់​ខ្លួន។ ទាំងអស់​នេះ​ជា​ខ្លឹមសារ​អត្ថបទ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​សិទ្ធិ​អំណាច និង​មុខងារ​របស់​តុលាការ។

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) មាន​ប្រសាសន៍​ថា​ការប្រើប្រាស់​តុលាការ​ដើម្បី​បម្រើ​គោលដៅ​នយោបាយ​គឺ​ជា​សកម្មភាព​រំលោភ រដ្ឋធម្មនុញ្ញ​តែ​ម្ដង ហើយ​វា​ប៉ះពាល់​ទៅដល់​ការបែងចែក​អំណាច​ទាំង​៣ គឺ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​អំណាចតុលាការ។

លោក នី ចរិយា បន្ថែម​ថា​តុលាការ​នៅ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​មិន​មាន​ឯករាជ្យ​ភាព​ទេ។ ដូច្នេះ កាលណា​អ្នកនយោបាយ​មាន​អំណាច​ប្រើ​ឥទ្ធិពល​អំណាច គឺ​ទៅ​លើ​ចៅក្រម​គឺ​អ្នកនយោបាយ បាន​ទទួល​អ្វី​ដែល​គេ​ចង់បាន៖ «ការ​លូកលាន់​នេះ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។ ត្រង់​នេះ​គឺ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រូវតែ​ណែនាំ អ្នក​នយោបាយ​ឈប់​ឲ្យ​យក​តុលាការ​មក​ប្រើប្រាស់​នៅ​ក្នុង​រឿង​នយោបាយ​របស់ខ្លួន។ ទី​២ ការ​ដោះស្រាយ​នៅ​ក្នុង​រឿង​នយោបាយ​នោះ អត់​បាន​បម្រើ​ផលប្រយោជន៍​ជាតិ​ទេ។ វា​បម្រើ​តែ​ផលប្រយោជន៍​បុគ្គល កាលណា​បុគ្គល​ណា​មានអំណាច​ខ្លាំង បុគ្គល​នោះ​អាច​ប្រើ​តុលាការ​គ្រប់​បែប​យ៉ាង ដើម្បី​ដោះស្រាយ​ទាញ​យក​ផលប្រយោជន៍​ទៅលើ​ក្រុម​ខ្លួន​និង​បុគ្គល​ខ្លួន»។

លោក នី ចរិយា មើល​ឃើញ​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ តុលាការ​កម្ពុជា​គ្មាន​ជម្រើស និង​វិធី​ដើម្បី​បំពេញការងារ​ខ្លួន​ដោយ​ឯករាជ្យ​បានទេ។ ពីព្រោះ​សូម្បីតែ​សេចក្ដី​ព្រាង​ច្បាប់​ទាក់ទង​ស្ថាប័ន​តុលាការ​ក៏​មាន​ចំណុច​ខ្លះ បាន​ចែង​ឲ្យ​ស្ថាប័ន​នីតិប្រតិបត្តិ​នោះ​ចាត់ចែង​លើ​ការងារ​ជា​គន្លឹះ​លើ​ការងារ​តុលាការ​ទៅ​ហើយ៖ «តុលាការ​នេះ​វា​អត់​ឯករាជ្យ។ អំណាចនីតិប្រតិបត្តិ និង​អំណាច​របស់​អ្នកដឹកនាំ​កំពូល​នោះ វា​គ្រប​ដណ្ដប់​ទៅលើ​អំណាចតុលាការ​ទៅ​ហើយ។ ដោយសារ​ស្ថាប័ន​តុលាការ​យើង​វា​គ្មាន​ស្ថាប័ន​ណាមួយ ការពារ​សុវត្ថិភាព​របស់​ចៅក្រម ព្រះរាជអាជ្ញា ដូច្នេះ​ធ្វើ​អោយ​តុលាការ​នោះ​អត់​ឯករាជ្យ ហើយ​ស្ថិត​នៅ​ក្រោម​អ្នក​មាន​អំណាច​នយោបាយ​កំពូល»។

ចំណែក​លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការិយាល័យ​អមរិន្ទ្រ មាន​ប្រសាសន៍​ថា នៅ​ពេល​ណា​ចៅក្រម​តុលាការ​មាន​លក្ខណៈ​ឯករាជ្យ គឺ​គ្មាន​អ្នកនយោបាយ​ណា​អាច​បង្ខិតបង្ខំ ឲ្យ​ចៅក្រម​ចេញ​សេចក្ដី​សម្រេច ដើម្បី​បំពេញ​បំណង​របស់​អ្នកនយោបាយ​បានទេ។

លោក​មេធាវី សុក សំអឿន លើកឡើង​ដែរ​ថា​ដើម្បី​កុំ​ឲ្យ​អ្នកនយោបាយ​ប្រើ​ឥទ្ធិពល​អំណាច របស់​ខ្លួន​ទៅលើ​ស្ថាប័ន​តុលាការ​បាន​ទាល់តែ​ប្រជាពលរដ្ឋ​ចូលរួម​ដែរ គឺ​ត្រូវ​បោះឆ្នោត​គាំទ្រ​ជ្រើសរើស​តែ អ្នក​នយោបាយ​រូប​ណា ដែល​មាន​សីលធម៌​ខ្ពស់​គោរព​អំពើ​យុត្តិធម៌​នៅ​ក្នុង​សង្គម និង​ទទួល​ខុសត្រូវ ក្នុង​សកម្មភាព​បម្រើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ៖ «តុលាការ​វា​អត់​ឯករាជ្យ បានជា​គេ​យក​ធ្វើ​ឧបករណ៍​បាន។ ធ្វើតាម​រដ្ឋធម្មនុញ្ញ​ទៅ​វា​បាន​ហើយ តែ​កន្លង​មក​និយាយ​រួម​ទៅ​ផ្ដល់​ការ​ការពារ​តាម​ផ្លូវ​តុលាការ​នេះ​តាម​រដ្ឋធម្មនុញ្ញ​នេះ​មួយ។ ទី​២ ផ្ដល់​អំណាច​ឲ្យ​ក្រុមប្រឹក្សា​អង្គចៅក្រម​អោយ​ឯករាជ្យ​ទៅ ហើយ​អោយ​អំណាច​ទៅ​គាត់​ក្នុង​ការ​គ្រប់គ្រង​ចៅក្រម។ ត្រូវ​មាន​ច្បាប់​ដាក់ទោស​អ្នក​លូកលាន់​ការងារ​តុលាការ។

ចំណែក អ្នកស្រី មួរ សុខហួរ បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​ធ្លាប់​រងគ្រោះ​ដោយសារ​ការ​ចាញ់​ក្ដី​នយោបាយ​នៅ​តុលាការ​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា អ្នកនយោបាយ​ដែល​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​របស់​ខ្លួន​នោះ គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​របស់​មហាជន ចំពោះ​ប្រព័ន្ធ​តុលាការ ហើយ​មហាជន​គេ​មិន​ទុកចិត្ត​អ្នកនយោបាយ​ប្រភេទ​នេះ​ឡើយ។

លោកស្រី មួរ សុខហួរ បាន​បន្ថែម​ឲ្យ​ដឹង​ថា​តាមពិត​មន្ត្រី​តុលាការ​មិនមែន​ទន់ជ្រាយ​ទេ ប៉ុន្តែ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​មក ប្រទេស​កម្ពុជា​មិនដែល​មាន​តុលាការ ឯករាជ្យ អព្យាក្រឹត និង អនុវត្ត​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​ទេ គឺ​កម្ពុជា​មានតែ​ប្រព័ន្ធ​តុលាការ​មួយ​ដែល​អ្នក​ដឹកនាំ​ផ្ដាច់ការ​បាន​បង្កើត​ឡើង និង​បង្វិល​ឲ្យ​មនុស្ស​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​នោះ​ឲ្យ​ធ្វើ​ការបម្រើ​ប្រយោជន៍​របស់​គេ៖ «យើង​ឃើញ​ថា​ការ​ទន់ជ្រាយ​នោះ​មិនមែន​ដោយសារ​ចៅក្រម​និង​មន្ត្រី​នៅ​ក្នុង​នោះ​ទេ។ គឺ​ដោយសារ គំនិត​របស់​អ្នកដឹកនាំ​ផ្ដាច់ការ។ គឺ​គេ​យក​ចៅក្រម​ក្ដី ព្រះរាជអាជ្ញា​ក្ដី ជា​សមាជិក​គណបក្ស នយោបាយ ហើយ​មិន​មែន​ជា​សមាជិក​ធម្មតា​ទេ គឺជា​សមាជិក​សកម្ម​ដែល​ផ្ដល់​ថវិកា​គាំទ្រ គណបក្ស​របស់​ខ្លួន»។

លោកស្រី មួរ សុខ​ហួរ លើក​ឡើង​ថា បើ​ចង់​ឲ្យ​តុលាការ​នេះ​កាត់​ក្ដី​ដោយ​ត្រឹមត្រូវ ទាល់តែ​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​នេះ​ឡើងវិញ គឺ​ទាល់តែ​ស្ថាប័ន​នោះ​មាន​ឯករាជ្យ​ពិតប្រាកដ ហើយ​មនុស្ស​ដែល​បំពេញការងារ​នេះ មិន​ចំណុះ​គណបក្ស​នយោបាយ៖ «បើ​យើង​ប្ដូរ​មនុស្ស ហើយ​ស្ថាប័ន​មិន​ប្ដូរ អត់​មានការ​កែទម្រង់​ស្ថាប័ន​នោះ ក៏​យើង​ដូរ​អត់​ន័យ​ដែរ»។

វិទ្យុ​អាស៊ី​សេរី​បាន​ទាក់ទង​សុំ​យោបល់​មន្ត្រី តុលាការ​មួយ​ចំនួន​ដែរ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​យ៉ាងណា​ឡើយ​ចំពោះ​បញ្ហា​នេះ។

ទាក់ទង​បញ្ហា​នេះ​ដែរ លោក ជាម យៀប សមាជិក​ជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​សភា មានប្រសាសន៍ថា​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែល​ចេញ​បញ្ជា​ទៅ​ស្ថាប័ន​តុលាការ​ទេ៖ «ខ្ញុំ​សុំ​ជម្រាប​ថា​ក្នុងនាម​ខ្ញុំ​ជា​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល ខ្ញុំ​សុំ​ជម្រាប​ថា​មិនដែល​មេ​ខ្ញុំ​លោក​បញ្ជា​ទៅ​តុលាការ​ម្ដង​ណា​ទេ។ លោក​យល់​លោក​ដឹង​ណាស់​ពី​ច្បាប់​នោះ សម្ដេច​តេជោ ហ៊ុន សែន លោក​ធ្វើ​នាយករដ្ឋមន្ត្រី​តាំងពី​ឆ្នាំ​១៩៨៥ មក គឺ​ជិត​៣០​ឆ្នាំ​ហើយ។ បើ​អ៊ីចឹង​លោក​យល់​ពី​ច្បាប់​ច្រើន​ណាស់។ ខ្ញុំ​សុំ​អោយ​ជឿ​ថា គណបក្ស​ប្រជាជន​កម្ពុជា អត់​មានបាន​បញ្ចា​ទៅដល់ តុលាការ​ទេ។ អានេះ​គឺ​គេ​យក​គតិយុត្តិ​ធម៌​មក​ធ្វើជា​មូលដ្ឋានគ្រឹះ ដូច្នេះ​ការ​អព្យាក្រឹត ការ​ឈរ​នៅ​កណ្ដាល​គឺ​ច្បាប់ អនុវត្ត​ច្បាប់​តុលាការ។ កន្លែង​ណា​ដែល​មិន​អនុវត្ត​គោរព​ច្បាប់ គឺ​វា​អនាគតិ។ បើ​គេ​គោរព​ច្បាប់ ច្បាប់​ថា​យ៉ាងណា​គេ​ធ្វើតាម​ហ្នឹង។ អោយ​មានការ​លំអៀង​អី​នោះ​គឺ​គ្មាន​ទេ ប៉ុន្តែ​អ៊ីចេះ អ្នកចោទ​ប្រកាន់​ច្រើនតែ​អ្នក​ចាញ់​ណា »

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ស្ដីពី​សិទ្ធិមនុស្ស ឆ្នាំ​២០១៣ បាន​សរសេរ​ថា​នៅ​ប្រទេស​កម្ពុជា រដ្ឋធម្មនុញ្ញ​បាន​ផ្ដល់​ឯករាជ្យ​ភាព​ដល់​តុលាការ ប៉ុន្តែ​រដ្ឋាភិបាល ជាទូទៅ​មិន​គោរព ឯករាជ្យ​ភាព​របស់ តុលាការ​នោះ​ទេ​។ ប្រព័ន្ធ​តុលាការ​រង​ឥទ្ធិពល​ពី​ស្ថាប័ន នីតិប្រតិបត្តិ និង​មាន​ការ​រីកសាយ​ភាយ​អំពើពុករលួយ​ក្នុង​ចំណោម​ចៅក្រម​កាត់​សេចក្ដី ព្រះរាជអាជ្ញា និង​មន្ត្រី​តុលាការ។ ក្នុង​ពេល​ជាមួយ​នោះ​លទ្ធផល​នៃ​ការ​កាត់​សេចក្ដី​ហាក់​ដូចជា​គេ​បាន​កំណត់​ទុកជាមុន។ របាយការណ៍​បាន​លើក​ឡើង​ដែរ​ថា​ការ​ខ្វះ​ធនធាន ប្រាក់​បៀវត្សរ៍​ទាប និង ការ​ហ្វឹកហ្វឺន​គ្មាន​គុណភាព បាន​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​អំពើពុករលួយ និង​ការ​គ្មាន​ប្រសិទ្ធភាព​នៃ ស្ថាប័ន​តុលាការ ហើយ​រដ្ឋាភិបាល​មិន​បាន​ផ្ដល់​នូវ​សេចក្ដី​ត្រូវការ​ទាំងនោះ ដើម្បី​ដំណើរការ​តុលាការ​ឲ្យ​បាន​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។