តុលាការ​បង្គាប់​ឲ្យ​លោក អះម៉ាត់ យ៉ះយ៉ា សង​ជំងឺ​ចិត្ត​​​លោក អូស្មាន ហាស្សាន់ ១០០​លាន​រៀល

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ឲ្យ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ចាញ់​ក្តី​រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក អូស្មាន ហាហ្សាន់ ដែល​ជា​ក្មួយ​ប្រុស​របស់​លោក ជុំវិញ​បណ្ដឹង​បរិហារ​កេរ្តិ៍​ទាក់ទង​នឹង​រឿង​គម្រោង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់។ លោក អះម៉ាត់ យ៉ះយ៉ា សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សាលក្រម​នេះ ហើយ​បញ្ជាក់​ថា លោក​នឹង​ប្ដឹង​ជំទាស់​សាលក្រម​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ជា​បន្ត​ទៀត។

តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​លោក អះម៉ាត់ យ៉ះយ៉ា ដោយ​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល​ដាក់​ចូល​ថវិកា​ជាតិ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​តាម​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។

លើស​ពី​នេះ តុលាការ​ក៏​បង្គាប់​ឲ្យ​លោក អះម៉ាត់ យ៉ះយ៉ា បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ១០០​លាន​រៀល​ទៅ​ឲ្យ​លោក អូស្មាន ហាស្សាន់ ជា​ភាគី​ដើម​ចោទ។

នៅ​ចំពោះ​មុខ​តំណាង​អយ្យការ ក្រឡាបញ្ជី លោក អះម៉ាត់ យ៉ះយ៉ា និង​អ្នក​មាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ​ជាង ១០​នាក់ ចៅក្រម​ជំនុំ​ជម្រះ លោក ឡុង កេសភារម្យ បាន​ប្រកាស​ថា លោក អះម៉ាត់ យ៉ះយ៉ា មាន​រយៈពេល ១​ខែ គិត​ចាប់​ពី​ថ្ងៃ​ទី​១៥ សីហា ត​ទៅ ដើម្បី​ប្ដឹង​ជំទាស់​សាលក្រម​នេះ​ទៅ​សាលា​ឧទ្ធរណ៍។

លោក អះម៉ាត់ យ៉ះយ៉ា បាន​ថ្លែង​នៅ​ក្រោយ​សវនាការ​ថា លោក​សោកស្ដាយ​ចំពោះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ក្តី​មិន​ឈរ​លើ​យុត្តិធម៌ និង​ភស្តុតាង​ត្រឹមត្រូវ៖ « មិន​មែន​យើង​មក​ឆ្លើយ​ជាមួយ​តុលាការ​អត់​មាន​ភស្តុតាង​នោះ​ទេ។ យើង​មាន​ភស្តុតាង​គ្រប់គ្រាន់។ ស្អី​ដែល​យើង​និយាយ យើង​ទទួល​ខុស​ត្រូវ ហើយ​យើង​ចង់​សាក​មើល តើ​តុលាការ​យុត្តិធម៌​ដែរ​ឬ​អត់ ? ឥឡូវ​យើង​ឃើញ​ហើយ តុលាការ​កាត់​ក្តី​អត់​ឈរ​លើ​ភស្តុតាង​ទេ »

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច រូប​នេះ​អះអាង​ថា លោក​នឹង​ប្ដឹង​ទាស់​សាលក្រម​នេះ​ទៅ​សាលា​ឧទ្ធរណ៍ ហើយ​ខុស​ពី​នៅ​សាលា​ដំបូង លោក​នឹង​ពឹងពាក់​មេធាវី​ឲ្យ​ជួយ​ការពារ​ក្តី​នៅ​សាលា​ឧទ្ធរណ៍។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លោក អះម៉ាត់ យ៉ះយ៉ា កាល​ពី​ថ្ងៃ​ទី​២ សីហា ដោយ​លោក​គ្មាន​មេធាវី។ លោក អះម៉ាត់ យ៉ះយ៉ា បញ្ជាក់​ថា មូលហេតុ​ដែល​លោក​គ្មាន​មេធាវី​ការពារ​ក្ដី​នេះ ព្រោះ​លោក​គ្មាន​លុយ​ជួល​មេធាវី រីឯ​លោក អូស្មាន ហាស្សាន់ ដែល​ជា​ដើម​បណ្ដឹង​វិញ មាន​មេធាវី​ការពារ​ក្ដី​ចំនួន​ពីរ​រូប។ លោក អះម៉ាត់ យ៉ះយ៉ា នៅ​តែ​អះអាង​ថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា លោក អូស្មាន ហាស្សាន់ ជា​អ្នក​គូរ​ប្លង់​ទៅ​ឲ្យ​សាលា​ក្រុង ទាក់ទង​នឹង​ការ​ពុះ​ដី​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់ ដែល​ជា​ដី​រួម​របស់​សាសនិក​ឥស្លាម​នៅ​ទូទាំង​ប្រទេស និង​ពិភពលោក៖ « រឿង​ទាំងអស់​ហ្នឹង​គ្មាន​នរណា​ក្រៅ​ពី អូស្មាន ហាស្សាន់ អ្នក​គូរ​ប្លង់​ឲ្យ​សាលា​ក្រុង ដើម្បី​ឲ្យ​សាលា​ក្រុង​អនុម័ត។ មិន​មែន​សាលា​ក្រុង​អ្នក​គូរ ហើយ​យក​មក​ឲ្យ​ពួក​ខ្ញុំ​អនុម័ត​ទេ។ យោង​តាម​ឯកសារ​ទាំង​ពីរ នេះ​រឿង​ទី​មួយ។ ទី​ពីរ ខ្ញុំ​បាន​និយាយ​ថា ម្ល៉ោះ​ហើយ​គេ​ចង់​ដោះដូរ​ដើម្បី​បាន​ផល​ប្រយោជន៍។ ខ្ញុំ​និយាយ​គ្រាន់​ថា បាន​ប្រយោជន៍។ ខ្ញុំ​អត់​ថា ផល​ប្រយោជន៍​ឯណា​មួយ​ដែល​តុលាការ​ថា​នោះ​ទេ។ នេះ​មិន​មាន​នៅ​ក្នុង​ពាក្យ​ដែល​ខ្ញុំ​និយាយ​ជាមួយ​សារព័ត៌មាន​ថ្មី​ថ្មី​នោះ​ទេ »

ជុំវិញ​រឿង​នេះ អាស៊ីសេរី មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​លោក អូស្មាន ហាស្សាន់ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៥ សីហា ដោយសារ​លោក​ជាប់​រវល់។

លោក អូស្មាន ហាស្សាន់ បាន​ប្ដឹង​លោក អះម៉ាត់ យ៉ះយ៉ា ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ក្រោយ​ពី​លោក​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មីៗ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ ស្ដីពី​ការ​ពុះ​ដី​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់ ថា​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​ចង់​ធ្វើ​ផ្លូវ​នេះ គឺ​ជា​អ្នក​គូរ​ប្លង់​ឲ្យ​ទៅ​សាលា​ក្រុង ដើម្បី​ចង់​បាន​ផល​ប្រយោជន៍​ណា​មួយ។

សាសនិក​ឥស្លាម​ម្នាក់ លោក អុស អែល ដែល​តាមដាន​ករណី​នេះ​យល់​ឃើញ​ថា សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ​មាន​ភាព​អយុត្តិធម៌​ចំពោះ​លោក អះម៉ាត់ យ៉ះយ៉ា ដោយសារ​ទង្វើ​របស់​លោក គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍​រួម​របស់​សាសនិក​ឥស្លាម មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ។ ក្រៅ​ពី​នេះ លោក​យល់​ឃើញ​ថា ការ​ប្ដឹង​ផ្តល់​គ្នា​រវាង​លោក អះម៉ាត់ យ៉ះយ៉ា និង​លោក អូស្មាន ហាស្សាន់ អាច​នឹង​នាំ​ឲ្យ​មាន​ការ​ប្រេះឆា​គ្នា​ក្នុង​ចំណោម​សាសនិក​ឥស្លាម​នៅ​ទូទាំង​ប្រទេស ដោយសារ​អ្នក​ទាំង​ពីរ​ជា​មា និង​ក្មួយ និង​សុទ្ធសឹងតែ​ជា​មនុស្ស​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នក​នយោបាយ​ជនជាតិ​ចាម កាន់​សាសនា​ឥស្លាម នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។