មន្ត្រីអង្គការសង្គមស៊ីវិលព្រួយបារម្ភថា ច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច។ ក្ដីបារម្ភនេះ បន្ទាប់ពីព្រឹទ្ធសភារបបឯកបក្ស បានអនុម័តសេចក្ដីព្រាងច្បាប់នេះយ៉ាងប្រញាប់ប្រញាល់ ដូចការគ្រោងទុក នៅព្រឹកនៅថ្ងៃទី១១ មីនា។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា សេចក្ដីព្រាងច្បាប់នេះ មានកម្រិតទោសធ្ងន់ធ្ងរ។ ដូច្នេះ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តមិនបានត្រឹមត្រូវទេ អាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋជាមិនខានឡើយ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១១ មីនាថា ការអនុម័តច្បាប់នៅក្នុងស្ថានការណ៍នយោបាយមានភាពចម្រូងចម្រាសបែបនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលងាយរងគ្រោះជាប់ពន្ធនាគារជាច្រើនឆ្នាំ៖ «ទោស ១០ឆ្នាំ ២០ឆ្នាំហ្នឹង វាសុទ្ធតែបទឧក្រិដ្ឋ។ ដូច្នេះ រឿងខ្លះទៀតយើងមិនទាន់ច្បាស់ទៅទៀតថា រឿងការចម្លងហ្នឹងវាយ៉ាងម៉េចអីយ៉ាងម៉េច យើងពិបាកសន្និដ្ឋាន ដោយសាររឿងនេះមានតែខាងប៉ាស្ទ័រទេធ្វើការងារហ្នឹង។ អ៊ីចឹងទៅមានវិទ្យាស្ថានតែមួយហ្នឹងវាអត់មានអ្វីថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ។ ទី២ ប្រជាពលរដ្ឋខ្មែរនៅខ្វះចន្លោះការទទួលព័ត៌មាន អីចឹងទៅខ្លាចគាត់មិនយល់ហើយគាត់អាចភ័ន្តច្រឡំក្នុងការអនុវត្តច្បាប់ហ្នឹងវាអាចធ្វើឱ្យមានទើសធ្ងន់ » ។

ស្រដៀងគ្នានេះដែរ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព យល់ថា រដ្ឋាភិបាលគួរតែរកវិធីសហការ ជាមួយពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ប្រសើរជាងការបង្កើតច្បាប់ដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់ពលរដ្ឋ។ អ្នកស្រីព្រួយបារម្ភថា នៅពេលដាក់ប្រើប្រាស់ច្បាប់នេះជាធរមាននឹងប៉ះពាល់ដល់សិទ្ធិធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ៖ «ការដាក់ចេញនីតិវិធីច្បាប់ក្នុងគោលដៅទប់ស្កាត់វាអាចជារឿងល្អ ប៉ុន្តែគ្រាន់ថាបើសិនជាយើងមិនបានពិនិត្យមើលនៅឫសគល់នោះទេ ហើយនៅពេលពលរដ្ឋគាត់មិនយល់បញ្ហានេះ នៅពេលដែលយើងដាក់ចេញច្បាប់មានលក្ខណៈធ្ងន់ធ្ងរនោះវាហ្នឹងឱ្យ ពលរដ្ឋហ្នឹងគាត់កាន់តែភ័យខ្លាច។ ទី២ វាមិនបានឆ្លើយតបនឹងគោលដៅដែលយើងចង់ទប់ស្កាត់ទេ វាទៅជាករណីខ្លះពលរដ្ឋវាក្លាយទៅជាជនរងគ្រោះ ដោយសារតែការមិនយល់ពីស្ថានភាព » ។
មន្ត្រីអង្គការសង្គមស៊ីវិលក៏ជំរុញឱ្យអាជ្ញាធរផ្សព្វផ្សាយច្បាប់នេះទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានដឹងទូលំទូលាយ ដើម្បីពួកគាត់ត្រៀមខ្លួនអនុវត្តឱ្យរួចផុតពីទោសទណ្ឌ។ ប្រតិកម្មរបស់មន្ត្រីអង្គការសង្គមស៊ីវិលនេះ កើតឡើងបន្ទាប់ពី ព្រឹទ្ធសភារបបឯកបក្សបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីអំពីការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ និងជំងឺកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី១១ មីនា។
ច្បាប់នេះមាន ៦ជំពូក និង ១៨មាត្រា ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ហាមឃាត់សកម្មភាពពលរដ្ឋមួយចំនួន និងដាក់ទោសទណ្ឌ ដល់អ្នកល្មើសការធ្វើចត្តាឡីស័ក និងបិទតំបន់ណាមួយ ដែលមានជំងឺកូវីដ១៩ ឆ្លងរាលដាលផងដែរ។
សម្រាប់ទោសទណ្ឌវិញ អ្នកគេចវេះមិនធ្វើចត្តាឡឺស័ក ត្រូវជាប់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ។ ឯអ្នកគេចវេះពីការព្យាបាល ឬលួចរត់ចេញពីកន្លែងព្យាបាលជំងឺនេះ ក៏ត្រូវជាប់ពន្ធនាគារដែរ ហើយបើអ្នកជំងឺនោះ លួចរត់បណ្ដាលឲ្យឆ្លងដល់អ្នកដទៃ នឹងត្រូវមានទោសកាន់តែធ្ងន់ គឺអាចជាប់ពន្ធនាគារអតិបរមារយៈពេល ១០ឆ្នាំ។ អ្នកមានចេតនាចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយបើចេតនានេះ ធ្វើឡើងដោយមានការរៀបចំ ជាក្រុម ឬមានអង្គការចាត់តាំង អ្នកនោះ នឹងត្រូវជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រាប់អាស៊ីសេរីថា ច្បាប់នេះមានប្រយោជន៍ដល់សង្គមជាតិ ទើបបានជាព្រឹទ្ធសភាត្រូវអនុម័តឱ្យបានឆាប់ ដើម្បីដាក់ប្រើប្រាស់ឱ្យទាន់សភាពការណ៍។លោកបញ្ជាក់ថា ព្រឹទ្ធសភាគ្រោងបញ្ជូនសេចក្ដីព្រាងច្បាប់នេះត្រឡប់ទៅរដ្ឋសភាវិញ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខា និងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗ៖ «ច្បាប់នេះបានចែងទោសទណ្ឌ គឺមិនមែនយកទោសទណ្ឌហ្នឹង ដើម្បីកៀបសង្កត់ប្រជាពលរដ្ឋឬក៏ធ្វើបាបពលរដ្ឋដូចអ្វីដែលគាត់គិតនោះទេ គឺយើងធ្វើដើម្បីជួយអាយុជីវិតប្រជាពលរដ្ឋទី២ សុខមាភាពសាធារណៈ ហើយបើសិនជាយើងបណ្ដែតបណ្ដោយ យើងឃើញហើយបណ្ដាប្រទេសនៅជុំវិញជិតខាងក៏ដូចជាពិភពលោកហ្នឹង ការធ្វេសប្រហែសហ្នឹងហើយ ដែលធ្វើឱ្យឆ្លងក្នុងសហគមន៍ ហើយក៏មានស្លាប់មនុស្សជាច្រើននោះ » ។
ទោះជាយ៉ាងណាកន្លងមកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញសេចក្ដីថ្លែងការរិះគន់ថា សេចក្ដីព្រាងច្បាប់នេះចែងមិនច្បាស់លាស់ និងផ្តល់អំណាចយ៉ាងទូលំទូលាយ ដែលអាជ្ញាធរងាយអនុវត្តដោយបំពាន ព្រមទាំងគ្មានយន្តការត្រួតពិនិត្យដោយឯករាជ្យ ឬកិច្ចគាំពារតាមផ្លូវច្បាប់ត្រឹមត្រូវឡើយ។ អង្គការដដែលនេះ ស្នើឱ្យរបបក្រុងភ្នំពេញឱ្យលុបចោលវិធានការធ្ងន់ធ្ងរ និងច្រើនហួសប្រមាណទាំងនោះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។