តុលាការ​សម្រេច​ឃុំខ្លួន​អតីត​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​រូប​រឿង​លក់​ដី​រដ្ឋ

0:00 / 0:00

តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា សម្រេច​ឃុំខ្លួន​លោក សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​អតីត​មេដឹកនាំ​ក្រុម​ក្មេង​វត្ត​គាំទ្រ​លោក ហ៊ុន សែន ពី​បទ​រំលោភ​យក​ទ្រព្យសម្បត្តិ​រដ្ឋ​សាធារណៈ​ដោយ​ខុសច្បាប់។

មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​តុលាការ ប៉ុន្តែ​ទទូច​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ​ត្រូវតែ​ហ៊ាន​នាំ​យក​មន្ត្រី​ខុស​ច្បាស់​ផ្សេង​ទៀត មក​ទទួលទោស​ដើម្បី​ឱ្យ​មាន​ភាព​ស្នើ​គ្នា នៅ​ចំពោះ​មុខ​ច្បាប់។

អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក គុជ គឹមឡុង ប្រាប់​អាស៊ីសេរី​ថា ក្រោយ​ព្រះរាជ​អាជ្ញារង​បាន​សាកសួរ លោក សេង សុវណ្ណារ៉ា អស់​រយៈពេល​ជាច្រើន​ម៉ោង ព្រះរាជអាជ្ញា​រង សេង ហៀង សម្រេច​ចោទប្រកាន់​ចំនួន ៤​បទល្មើស គឺ​ពី​បទ «​ ឆបោក​ដោយមាន​ស្ថាន​ទម្ងន់​ទោស កាន់កាប់​អាវុធ​ខុសច្បាប់ សម្លុត​គំរាមកំហែង​មិន​ឱ្យ​មានការ​ប្ដឹងផ្ដល់ និង​រំលោភ​យក​ទ្រព្យសម្បត្តិ​រដ្ឋ​សាធារណៈ​ដោយ​ខុសច្បាប់​៖ « បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ហើយ​ក្រោយពី​បាន​ស៊ើបសួរ​តាម​នីតិវិធី​ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន »

អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃ​ទី​២៦ មិថុនា បាន​ចាប់ខ្លួន​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក សេង សុវណ្ណារ៉ា ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដី​សាធារណ​របស់​រដ្ឋ​ជាច្រើន​ហិកតារ នៅ​ខេត្ត​មណ្ឌលគិរី។

នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​តុលាការ។ ប៉ុន្តែ​លោក​ទទូច​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ​ត្រូវតែ​ហ៊ាន​នាំយក​មន្ត្រី​ខុស​ច្បាស់​ផ្សេងទៀត​មក​ទទួលទោស​ដើម្បី​ឱ្យ​មាន​ភាព​ស្នើ​គ្នា​ចំពោះ​មុខ​ច្បាប់។

លោក អំ សំអាត ថា ការ​ចាប់​ខ្លួន​នេះ ជា​សារ​មួយ​ដែល​បង្ហាញ​ថា សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ផ្សេងទៀត​ប្រសិនណាបើ​មានការ​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ មក​ធ្វើជា​កម្មសិទ្ធិឯកជន​គឺ​ត្រូវតែ​ទទួលទោស​និង​យក​មក​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​ដូចគ្នា​៖ «ជា​ការ​កត់សំគាល់​របស់​ខ្ញុំ​ឃើញ​ថា​មាន​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​កន្លងមក​នៅ​ពេល​ដែល​រដ្ឋាភិបាល​លោក​បញ្ចប់​ដំណែង​ទៅ​ហើយ​មានការ​ចោទប្រកាន់​ហ្នឹង​គឺ​ច្រើន​។ តែ​មាន​ការចោទប្រកាន់​បទល្មើស​ធ្ងន់ធ្ងរ​ច្រើន​អ៊ីចឹង​ដែល​ជា​ទង្វើ​ដែល មន្ត្រី​ទាំងអស់​ហ្នឹង​បាន​ប្រព្រឹត្ត​កន្លងមក​គឺ​ច្រើន​បទល្មើស​ហើយ​សុទ្ធ សឹង​ជា​បទល្មើស​ធ្ងន់ធ្ងរ​អ៊ីចឹង​ដែរ​បាទ»

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន មិន​ឆ្លើយតប​ទៅ​នឹង​ការ​ចាប់ខ្លួន​នេះ​ទេ។ លោក​បាន​បង្វែរ​សំនួរ​នេះ​ទៅ​សួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ​៖ « បាទ​នេះ​ជា​ដំណើរការ​ស៊ើប​អង្កេត​របស់​ ACU ហ្នឹង​នីតិវិធី​របស់​តុលាការ​អ៊ីចឹង​ខ្ញុំ​មិន​អ្វី​ទៅលើ​ហ្នឹង​ទេ »

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក ឱម យិនទៀង មិន​ធ្វើ​អត្ថាធិប្បាយ​ទេ នឹង​សំណួរ អាស៊ីសេរី ជុំវិញ​ការសម្រេច​ឃុំខ្លួន​របស់​តុលាការ​នេះ​ទេ។

អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​អតីត​ក្រុម​ក្មេង​វត្ត ដែល​គាំទ្រ​គណបក្ស​ប្រ​ប្រជាជន​កម្ពុជា​ក្នុង​ការ​វាយ​បង្ក្រាប​ក្រុម​គណបក្ស​ប្រឆាំង លោក សេង សុវណ្ណារ៉ា ត្រូវ​បាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង​ពី អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ តាម​សំណើ​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៩។

ក្រោយ​មក​លោក សេង សុវណ្ណារ៉ា ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ដកហូត​តួនាទី​ពី​ក្រុម​ការងារ​ថ្នាក់​ជាតិ​ខាង​គណបក្ស​គ្រប់គ្រង​អំណាច​ចុះ​ជួយ​ខេត្ត​មណ្ឌលគិរី​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។