អាជ្ញាធរ​ខេត្ត​សៀមរាប​ឃាត់​ខ្លួន​ជនសង្ស័យ​បាញ់​អ្នក​សារព័ត៌មាន លោក ឈឿង ឈឹង ឱ្យ​របួស​ធ្ងន់

រដ្ឋបាល​ខេត្ត​សៀមរាប កាលពី​យប់​ថ្ងៃ​ទី៥ ខែធ្នូ អះអាង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ យក​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា។ អាជ្ញាធរ​អះអាង​ទៀត​ថា ជន​សង្ស័យ​បាន​សារភាព​ថា​បាន​ប្រព្រឹត្ត​រឿង​នេះ ដោយសារ «ទំនាស់​បុគ្គល»។

តែ​ទោះ​ជា​យ៉ាងណា រដ្ឋបាល​ខេត្ត​សៀមរាប មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ជន​សង្ស័យ​ថា​ជា​នរណា មាន​មុខ​របរ​អ្វី រស់នៅ​ទីណា ហើយ​មាន​គំនុំ​អ្វី​នឹង​អ្នកសារព័ត៌មាន ដែល​ជា​ជន​រងគ្រោះ​នោះ​ទេ។

ចំណែក​សារព័ត៌មាន​ក្នុង​ស្រុក​ផ្សាយ​ថា​ជនសង្ស័យ​មាន​ឈ្មោះ ស៊ី លឿយ អាយុ ៤០ឆ្នាំ រស់នៅ​ភូមិ​សាលា ឃុំ​គោកធ្លកលើ ស្រុក​ជីក្រែង ខេត្ត​សៀមរាប។

អ្នក​កាសែត​ជើង​ចាស់​នៅ​ខេត្ត​សៀមរាប លោក ឈឿង ឈឹង ធ្វើការ​ឱ្យ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍​ត្រូវ​ជន​មិន​ស្គាល់​មុខ ប្រើ​កាំភ្លើង​ច្នៃ​លប​បាញ់​ប្រហារ​ឱ្យ​របួស​ធ្ងន់ ក្នុង​ពេល​លោក​កំពុង​ចុះ​យក​ព័ត៌មាន​ពី​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​ឋិត​ក្នុង​ដែន​ជម្រក​សត្វ​បឹង​ពែរ ក្នុងស្រុក​ជីក្រែង កាលពី​ល្ងាច​ថ្ងៃ​ទី៤ ខែ​ធ្នូ។ អ្នកកាសែត​វ័យ ៦៣ឆ្នាំ រូប​នេះ​ត្រូវ​គ្រាប់​កាំភ្លើង​ច្នៃ ធ្លាយ​ពោះ​ខាង​ឆ្វេង ​របួស​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។

ប្រពន្ធ លោក ឈឿង ឈឹង សង្ស័យ​ថា ជន​សង្ស័យ​អាច​ជា​ជនល្មើស​កាប់​ទន្ទ្រាន​ព្រៃ​ខុសច្បាប់ ហើយ​ករណី​នេះ​អាច​ជា​រឿង​គំនុំ​ព្រោះ​ជនល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​មិន​សប្បាយ​ចិត្ត​នឹង​ការងារ​របស់​ប្ដី​លោក​ស្រី​នោះ​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​សកម្មភាព​នេះ ជា​ការ​គំរាម​កំហែង​លើ​អ្នក​សារព័ត៌មាន​ ដែល​ក្លាហាន​បក​អាក្រាត​ពី​បទល្មើស​ព្រៃឈើ៕