សាលាដំបូងខេត្តកោះកុង កោះហៅពលរដ្ឋ ២នាក់បន្ថែមទៀត ឱ្យចូលខ្លួនបំភ្លឺនៅដើមខែក្រោយ ទាក់ទងនឹងបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ ដែលប្ដឹងពលរដ្ឋមានជម្លោះដីធ្លីជាមួយខ្លួន ៣បទល្មើសផ្សេងគ្នា។ ស្ត្រី២នាក់ អះអាងថា ពួកគាត់មិនប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ។ ពួកគាត់ស្នើសុំតុលាការ ពន្យារពេលចូលខ្លួនបំភ្លឺ ដើម្បីឱ្យពួកគាត់អាចរកមេធាវីជួយការពារក្នុងរឿងក្ដីនេះ។
ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកោះកុង លោក អ៊ង រី កោះហៅ ពលរដ្ឋពីរនាក់ទៀត គឺលោកស្រី «ដេត ហួ» និងលោកស្រី «អើប វី» រស់នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅតុលាការ ក្នុងនាមជាជនសង្ស័យ នៅថ្ងៃទី១ សីហា តាមបណ្ដឹងរបស់លោក ហេង ហ៊ុយ ប្រធានក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍។ គិតមកដល់ពេលនេះ លោក ហេង ហ៊ុយ បានប្ដឹងស្ត្រី៤នាក់ហើយ ក្រោយបទចោទដូចគ្នា គឺ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
កាលពីថ្ងៃទី២៤ កក្កដា លោក អ៊ង រី ដែលកាន់សំណុំរឿងនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ដកតួនាទីចេញពីព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកោះកុង ឱ្យទៅបម្រើការនៅក្រសួងវិញ ក្រោយពីលោកមានរឿងអាស្រូវស្នេហា ហើយបែកធ្លាយពេញបណ្ដាញសង្គមហ្វេសប៊ុក។
កាលពីថ្ងៃទី១០ ខែកក្កដា លោក អ៊ង រី បានកោះហៅតំណាងពលរដ្ឋ២នាក់ គឺលោកស្រី អិន ធូ និងលោកស្រី កើត នៅ ឱ្យចូលខ្លួនបំភ្លឺនៅតុលាការ នៅថ្ងៃទី២៣ កក្កដា។ ប៉ុន្តែស្ត្រីទាំងពីរនាក់ បានដាក់ពាក្យស្នើសុំពន្យារពេលចូលទៅបំភ្លឺនៅតុលាការ តាមរយៈសមាគមអាដហុក (Adhoc) ប្រចាំខេត្តកោះកុង ដោយសារគ្មានមេធាវី។
លោកស្រី ដេត ហួត ជាស្ត្រីទី៣ ក្នុងចំណោមស្ត្រី៤នាក់ ដែលត្រូវលោកហេង ហ៊ុយ ប្ដឹងទៅតុលាការ ថ្លែងថា នេះជារឿងអយុត្តិធម៌ចំពោះពួកគាត់ដែលបាត់បង់ដីស្រែចម្ការ ហើយត្រូវរងបណ្ដឹងបន្ថែមទៀត។ លោកស្រី ដេត ហួត យល់ថា ការចោទប្រកាន់រូបគាត់ តាមផ្លូវតុលាការនេះ ទំនងជាខាងក្រុមហ៊ុនចង់ដាក់សម្ពាធ និងគំរាមដល់អ្នកភូមិ ឱ្យឈប់ចេញតវ៉ារកដំណោះស្រាយវិវាទដីធ្លីដែលបន្តអូសបន្លាយជាង ១០ឆ្នាំមកនេះ។
លោកស្រី ដេត ហួត ដែលមានកូន៣នាក់ក្នុងបន្ទុកគ្រួសារ និងប្ដីកំពុងមានជំងឺជាប់ខ្លួនផង ស្នើសុំតុលាការផ្ដល់ពេលវេលាឱ្យគាត់ រកមេធាវីសិន មុននឹងចូលខ្លួនបំភ្លឺនៅតុលាការ ពីព្រោះលោកស្រីមិនយល់ដឹងអំពីច្បាប់ទម្លាប់ អំពីការតតាំងក្ដីនៅតុលាការ៖ «ខ្ញុំនឹងចូលទៅបំភ្លឺ ព្រោះខ្ញុំមិនបានធ្វើអ្វីខុសទេ តែឥឡូវ ខ្ញុំកំពុងរកមេធាវី។ អត់ទាន់បានរកទេ ព្រោះខ្ញុំមិនដឹងថា ត្រូវទៅខាងណា។ និយាយរួមទៅ ខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់។ ខ្ញុំមិនមែនអ្នករំលោភដីគេទេ។ គេរំលោភដីខ្ញុំ។ ខ្ញុំក៏មិនដឹងថាទៅរកកន្លែងណា អីកន្លែងណា និយាយរួមទៅ អត់ដឹងតែម្ដង»។
ចំណែក លោកស្រី អើប វី ប្រាប់អាស៊ីសេរីថា រូបគាត់មានអារម្មណ៍មិនភិតភ័យ នៅពេលមានមន្ត្រី នគរបាលនាំយកដីកាកោះហៅមកឱ្យគាត់ កាលពីល្ងាចថ្ងៃទី ២៤ កក្កដា។ លោកស្រី អើប វី ដែលមានកូនតូច៣នាក់ក្នុងបន្ទុកគ្រួសារ ថា រូបគាត់ក៏ត្រូវការជំនួយផ្នែកច្បាប់ពីមេធាវីដែរ ពីព្រោះលោកស្រីមិនចេះអក្សរទេ។ ស្ត្រីរូបអះអាងថា រូបគាត់មិនដែលនិយាយបរិហារកេរ្តិ៍លោក ហេង ហ៊ុយ ម្ដងណាឡើយ ក្រៅពីតវ៉ាទាមទារដីស្រែមកវិញនោះទេ៖ «គាត់ថាពួកខ្ញុំបរិហារកេរ្តិ៍គាត់ គឺគាត់ទេដែលគំរាមកំហែងពួកខ្ញុំវិញទេ បើខ្ញុំអត់មានបរិហារកេរ្តិ៍ ញុះញង់អីផង។ ខ្ញុំបរិសុទ្ធ។ ខ្ញុំបាត់បង់ដីធ្លីខ្ញុំមែន តែដល់ពេលគាត់ថាបរិហារ ញុះញង់ ខ្ញុំអត់មានទេ»។
ពួកគាត់ទាំងពីរនាក់ស្នើសុំអង្គការសង្គមស៊ីវិលជួយផ្ដល់មេធាវីដល់ពួកគាត់ផង ដោយសារតែជីវភាពក្រីក្រ និងអនក្ខរភាព។
អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុង លោក មាន ព្រហ្មមុនី ឱ្យដឹងថា សមាគមអាដហុក តែងផ្ដល់មេធាវីជូនដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីជួយតតាំងក្ដីក្នុងរឿងព្រហ្មទណ្ឌនៅតុលាការ នៅពេលពួកគាត់ដាក់ពាក្យស្នើសុំសេវាផ្នែកច្បាប់ពីសមាគម។
លោក មាន ព្រហ្មមុនី យល់ថា ការកោះហៅពលរដ្ឋជាបន្តបន្ទាប់ឱ្យចូលខ្លួនបំភ្លឺនៅតុលាការនេះ មិនមែនជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហាដីធ្លីរវាងប្រជាពលរដ្ឋជិត២រយគ្រួសារដែលមានទំនាស់ជាមួយក្រុមហ៊ុន ហេង ហ៊ុយ នោះទេ។ មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្សរូបស្នើដល់តុលាការពិនិត្យមើលករណីរឿងនេះ ឡើងវិញ ដោយឯករាជ្យ និងឈរលើកគោលការណ៍យុត្តិធម៌៖ « ខ្ញុំគិតថាហ្នឹង មិនមែនជារឿងបរិហារកេរ្តិ៍ បង្កាច់កេរ្តិ៍ និងញុះញង់ឱ្យមានប្រព្រឹត្តបទឧក្រិដ្ឋអីទេ។ គាត់ជួបជុំគ្នា អាហ្នឹងជាសេរីភាពសម្ដែងមតិ។ ប្រសិនបើប្រព័ន្ធតុលាការឯករាជ តុលាការទទួលខុសត្រូវជួយរកសំណងឱ្យប្រជាពលរដ្ឋ។ ប៉ុន្តែរឿងនេះ ប្រជាពលរដ្ឋសម្ដែងមតិ តស៊ូមតិ ដើម្បីឱ្យមានការដោះស្រាយដីធ្លីឱ្យពួកគាត់ដែលបាត់បង់ ហើយគាត់ធ្លាប់ខ្លួនក្រីក្រថែមទៀត។ ការអភិវឌ្ឍប្រគល់ទៅឱ្យក្រុមហ៊ុន ប៉ះពាល់ដីប្រជាពលរដ្ឋហើយអត់ដោះស្រាយ បែរជាមានរឿងព្រហ្មទណ្ឌទៅវិញ»។
របបក្រុងភ្នំពេញបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនហេង ហ៊ុយ អភិវឌ្ឍន៍ ជាង៤ពាន់ហិកតារ ដើម្បីវិនិយោគដំណាំស្ករអំពៅ កាលពីឆ្នាំ២០០៧។ នៅឆ្នាំ២០១០ ពលរដ្ឋចោទ ក្រុមហ៊ុន ហេង ហ៊ុយ ថាបានយកគ្រឿងចក្រទៅឈូសឆាយដីលំនៅប្រជាពលរដ្ឋ និងគំរាមចាប់ខ្លួនប្រជាពលរដ្ឋណាដែលហ៊ានតវ៉ាចំពោះការឈូសឆាយវាទយកដីរបស់ក្រុមហ៊ុន។ ពលរដ្ឋអះអាងថា បានចូលកាន់កាប់ និងអាស្រ័យផលលើដីធ្លីចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដោយមានប័ណ្ណកាន់កាប់ដីធ្លីទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ជម្លោះដីធ្លីនេះ បានបណ្ដាលឱ្យពលរដ្ឋរាប់រយគ្រួសារ ក្នុងឃុំជីខលើ និងឃុំជីខក្រោម ក្នុងស្រុកស្រែអំបិល ត្រូវធ្លាក់ខ្លួនក្រីក្រ បាត់បង់មុខធ្វើស្រែចម្ការលើដីខ្លួន ជំពាក់បំណុលធនាគារ ហើយក្មេងៗភាគច្រើនបាត់បង់ការសិក្សា។
កាលពីថ្ងៃទី២១ មិថុនា ពលរដ្ឋស្នើអាជ្ញាធរខេត្តកោះកុង សុំកាត់ឆ្វៀលដីទំហំ ៤២១ហិកតារ ចេញពីគម្រោងរបស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាលឆ័រ គ្រុប (Heng Huy Agriculture Group) ដើម្បីយកទៅចែកគ្នាក្នុង ១គ្រួសារ ២ហិកតារ និងទាមទារសំណង៧ពាន់ដុល្លារ។ ប៉ុន្តែ នៅដើមខែកក្កដា ទាំងក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកោះកុង បានបដិសេធសំណើពលរដ្ឋមិនទទួលយកទៅដោះស្រាយទេ។ អាជ្ញាធរខេត្តកោះកុង ដោយអះអាងថា ទីតាំងដែលពលរដ្ឋស្នើសុំកាត់ឆ្វៀលនោះ គឺស្ថិតលើដីរបស់ក្រុមហ៊ុន ហេង ហ៊ុយ ដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ។ អាជ្ញាធរ បញ្ជាក់ថា ការដោះស្រាយគឺសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
ទោះបីជាយ៉ាងណា អង្គការសង្គមស៊ីវិល នៅតែទទូចស្នើដល់អាជ្ញាធរខេត្តកោះកុង និងក្រសួងរៀបចំដែនដី គួររិះរកដំណោះស្រាយសមរម្យណាមួយ ក្រៅប្រព័ន្ធតុលាការ ផ្ដល់ឱ្យប្រជាពលរដ្ឋ ដើម្បីបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ និងដើម្បីបញ្ឈប់ការចេញតវ៉ាតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។