​អ្នកការពារបរិស្ថានលោក ថុន រដ្ឋា ប្រើ​​សិទ្ធិ​មិន​ឆ្លើយ​​​សំណួរ​​​ចៅក្រម​ស៊ើបសួរ​ក្នុង​​​​​​សំណុំ​រឿង​​​ថ្មី​​«រួម​គំនិត​ក្បត់​»

0:00 / 0:00

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ទី​៦ ខែកញ្ញា បាន​កោះ​ហៅ​​សកម្មជន​បរិស្ថាន​ម្នាក់ ដែល​​កំពុង​ជាប់​ឃុំ​ គឺ​លោក ថុន រដ្ឋា ឲ្យ​ឆ្លើយ​បំភ្លឺ​​ចំពោះ​​បទ​​​ចោទ​​ថ្មី​មួយ​ទៀត គឺ​បទ​​រួម​គំនិត​ក្បត់​។ ប៉ុន្តែ​លោក ថុន រដ្ឋា ​​បាន​​​ប្រើ​សិទ្ធិ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​​ចៅក្រម​ស៊ើបសួរ​ ដោយ​លោក​រក្សា​ជំហរថា​ ​មិន​​បាន​​ប្រព្រឹត្តខុស​ច្បាប់​​​​​ឡើយ។

បើ​​ទោះ​ជាលោក ថុន រដ្ឋា ​មិន​​​បាន​ឆ្លើយ​តប​​សំណួរ​របស់​ចៅក្រម​ស៊ើបសួរលោក អ៊ឹម វណ្ណៈ ​​តែ​​​អ្នក​ការពារ​បរិស្ថាន​រូប​នេះ នៅ​តែ​ឆ្លៀត​បញ្ជាក់​​​​ទៅ​​ចៅក្រម​ជា​រឿយៗ​ ថា​​ លោក​​​ជា​មនុស្ស​ស្អាត​ស្អំ និង​​មិន​បាន​ប្រព្រឹត្តកំហុស​ដូច​ការ​ចោទ​ឡើយ​​។

ក្រោយ​ការ​សាកសួរ​រួច​លោក ថុន រដ្ឋា បាន​ចេញ​មក​ជួប​ប្រពន្ធ​​ គឺលោកស្រី ប៉ាត់ រស្មី។ លោក​​បាន​ប្រាប់​ប្រពន្ធ​​​​នៅ​ក្រៅ​បន្ទប់​សាកសួ​ថា លោក​មិន​តក់​ស្លុត​ចំពោះ​បទ​ចោទ​ថ្មី​បន្ថែម​ទៀត​ទេ ដោយសារលោក​​​ជា​មនុស្ស​ស្អាត​ស្អំ និង​មិន​បាន​​ប្រព្រឹត្តកំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ ​លោក ថុន រដ្ឋា នៅ​តែ​មាន​សុខភាព និង​ ​ស្មារតី​ល្អ តែ​លោក​បាន​កោរ​សក់​ ដើម្បី​ទាមទារ​រក​យុត្តិធម៌។

លោកស្រី ប៉ាត់ រស្មី និយាយថា លោកស្រីមាន​មោទនភាព​ចំពោះទង្វើ​និងភាពមោះមុតរបស់​ប្ដី​ ហើយទទូច​ឲ្យ​តុលាការ​ដោះលែងលោក ថុន រដ្ឋា​ ឲ្យ​មាន​សេរីភាពឡើង​វិញ​៖ «ជា​រឿង​អយុត្តិធម៌​មែន​ទែន ដោយ​​តុលាការ​បាន​សម្រេច​សាល​ក្រម​មួយ​សារ​ហើយ​ចំពោះ​បទ​ញុះញង់ ហើយ​ឥឡូវ​មក​ចោទ​បទ​ថ្មី​នេះ «​រួម​គំនិត​ក្បត់»​ ។ ខ្ញុំ​ពិត​ជា​មាន​ការ​ឈឺ​ចាប់​មែន​ទែន ដោយ​ប្ដី​ខ្ញុំ​អត់​បាន​ប្រព្រឹត្តកំហុស​អ្វី​ផង តែ​តុលាការ​បាន​ចោទ​បទ​ថ្មី​មួយ​ទៀត​ទៅ​លើ​រូប​គាត់»។

ចំណែក​សហ​មេធាវីការពារក្តី​របស់លោក ថុន រដ្ឋា គឺលោក សំ សុគង់ ឲ្យ​ដឹង​ថា ​​ចៅក្រម​បាន​សួរ​សំណួរ​​ជាន់​គ្នា​នឹង​អង្គ​ហេតុ​ចាស់ ក្នុង​សំណុំ​រឿង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ដែល​​​​​តុលាការ​កាត់​ទោស​​ កូន​ក្ដី​របស់​លោក​រួច​ហើយកាល​ពី​​ខែ​ឧសភា។​

លោក​​មេធាវីបន្ត​​ថា កូនក្តីរបស់លោកបាន​ប្រើ​សិទ្ធិ​មិន​ឆ្លើយតប​សំណួរជាច្រើន​។ ឯ​​ក្រុម​មេធាវី​វិញ​ ក៏​មាន​បំណង​​ស្នើសុំ​​​ចៅក្រម​ស៊ើបសួរ​ទម្លាក់​បទ​ចោទ​ប្រកាន់​ថ្មី​នេះ​ដែរ​។ លោក​មេធាវី​ពន្យល់​ថា​ តាម​ផ្លូវ​ច្បាប់ គឺ​នៅ​ក្នុង​អង្គហេតុ​តែ​មួយ ចៅក្រម​​មិន​អាច​ចោទ​ប្រកាន់​​ក្នុង​សំណុំ​រឿង​២​ ផ្សេង​គ្នា​បាន​ទេ៖ «ការ​ចោទ​ប្រកាន់​ហ្នឹង​វា​ជាន់​គ្នា​​ទៅ​នឹង​សំណុំ​រឿង​របស់​ពួកគាត់​ចាស់ គឺ​សំណុំ​រឿង​ដែល​ចោទ​ពី​បទ​ញុះញង់​។ អ៊ីចឹង​ហើយ​យើង​ខ្ញុំ​ជា​មេធាវី​ការពារ​យល់​ឃើញ​ថា​ ការណ៍​ដែល​យក​អង្គ​ហេតុ​តែ​មួយ យក​មក​ចោទ​នៅ​ក្នុង​សំណុំ​រឿង​​២​បែប​នេះ គឺ​មិន​ទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ​ទេ ដោយសារ​វា​ពាក់ព័ន្ធ​នឹង​គោលការណ៍​មួយ​ហៅ​ថា​ អាជ្ញា​អស់​ជំនុំ ឬ​មួយ​ហៅ​​ថា ជន​ជាប់​ចោទ​មួយ​មិន​អាច​យក​មក​ចោទ​ប្រកាន់​ក្នុង​បទ​ល្មើស​តែ​មួយ ឬ​ពីរ​ដង​នោះ​ទេ»។

ក្រោយ​ការ​សាកសួរ​ចប់​ ចៅក្រម​ស៊ើប​សួរ​លោក អ៊ឹម វណ្ណៈ មិន​ទាន់​សម្រេច​យ៉ាង​ណានោះ​ទេ។ ប៉ុន្តែ​លោក​​​នឹង​បន្ត​ការ​សាកសួរ​​លើ​សកម្មជន​បរិស្ថានជា​ស្ត្រី​ចំនួន​​ ២ នាក់​​ទៀត គឺកញ្ញា​ ភួន កែវ​រស្មី នៅ​ថ្ងៃ​​ទី​៧ ខែកញ្ញា និង​កញ្ញា ឡុង គន្ធា នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ក្នុង​សំណុំ​រឿង​បទ​ចោទ​ថ្មី​​ «​រួម​គំនិត​ក្បត់»​ ដូច​គ្នា​​។ យុវជន​​បរិស្ថាន​ទាំង ​៣ នាក់​នេះ​ បាន​ជាប់​ឃុំ​​​ក្នុង​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​ហើយ​។

កាល​ពី​ខែ​ឧសភា ចៅក្រម​សាលា​ដំបូង​រាជធានីភ្នំពេញលោក លិ សុខា បាន​ផ្ដន្ទាទោស​ឲ្យ​សកម្មជន​​បរិស្ថាន​ទាំង​ ៣ នាក់ ជាប់​ពន្ធនាគារ​ ​១៨ ​ខែ ទៅ ​២០ ​ខែ និង​ពិន័យ​ប្រាក់​ពី​ពីរ​លាន ​(២លាន​) ​រៀល ទៅ​បួន​លាន​ (៤លាន​) រៀល ក្នុង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ ចៅក្រម​ក៏​បាន​កាត់​ទោស​កំបាំង​មុខ​សកម្មជន​ ២ ​នាក់​ទៀត គឺ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក អាឡិច ហ្គន់សាឡេស ដេវិតសុន ​(Alejandro Gonzalez Davidson) ជា​ជនជាតិ​អេស្ប៉ាញ និង​ យុវជន​នៃ​ក្រុម​ខ្មែរ​ថាវរៈ កញ្ញា ជា គន្ធីន ឲ្យ​ជាប់​ពន្ធនាគារ​ពី ១៨ ​ទៅ ​២០ ​ខែ និង​ពិន័យ​​ប្រាក់​ម្នាក់​ បួន​លាន​ (៤​លាន​) រៀល​។​​

​ក្រោយ​មក​នៅ​​​​ខែ​កក្កដា ​តំណាង​អយ្យការ​ ​បាន​បន្ថែម​បទ​ចោទ​​១​ទៀត លើ​​​​សកម្មជន​ទាំង​ ៣ ​នាក់ ​​គឺ​បទ​​រួមគំនិត​ក្បត់​ ដែល​បទ​ចោទ​​ថ្មី​នេះ​មាន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​​សកម្មជន​​​បរិស្ថាន ​​៤ ​​នាក់​ផ្សេង​ទៀត គឺ​លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា យុវជន លី ចាន់​ដារ៉ា​វុធ និង​​លោក អាឡិច​។

​ប៉ុន្តែ​​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រិះគន់ថា ការ​ចោទ​ប្រកាន់​​នានា​ លើ​​​​សកម្មជន​​​បរិស្ថាន​ទាំងនេះ គឺធ្វើឡើងទាំងគ្មានមូលដ្ឋានច្បាប់ និងរំលោភបំពានសិទ្ធិរបស់អ្នកការពារធនធានធម្មជាតិទាំងនេះធ្ងន់ធ្ងរ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូលោក អំ សំអាត ​នៅ​តែ​ជំរុញ​ឲ្យ​តុលាការ​ទម្លាក់​​​បទ​ចោទ​ទាំង​អស់ លើ​សកម្មជន​បរិស្ថាន​​កំពុង​ជាប់​ឃុំ​ទាំង​ ៦ ​នាក់​វិញ។ ​តំណាង​សង្គម​ស៊ីវិលរូបនេះថា​ ការ​ចោទ​ប្រកាន់​​បទ​​រួម​គំនិត​ក្បត់​ លើ​សកម្មជន​បរិស្ថាន ជា​រឿង​ធ្ងន់ធ្ងរ​​​ និង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​​ជា​មូលដ្ឋាន​​របស់​ពលរដ្ឋ​៖ «ប៉ុន្តែ​​បើសិន​ជា​ទិដ្ឋភាព​ទូទៅ​ដែល​យើង​មើល គឺ​ថា​ការ​ចាប់​ ការ​ឃុំ​ខ្លួន និង​បទ​ចោទ​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន​នេះ​ វា​ជា​រឿង​មួយ ដែល​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ សិទ្ធិ​សេរីភាព​​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​បណ្ដា​អង្គ​ទូត​មួយ​ចំនួន​ក៏​គេ​មាន​ប្រតិកម្ម​ពី​ការ​ចាប់​ឃុំ​ខ្លួន​ហ្នឹង​ដែរ»។

ជាមួយ​គ្នា​នេះ ក្រុម​សង្គម​ស៊ីវិល​​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ក៏​នាំ​គ្នា​បន្ត​​ធ្វើ​យុទ្ធនាការ​សប្តាហ៍ទី៥ បង្ហោះ​សារ​​​ទាមទារ​ដោះ​លែង​សកម្មជន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។ នៅសប្ដាហ៍​នេះ ក្រុម​សង្គម​ស៊ីវិល​បាន​ផ្ដោត​លើ​​ការ​ចាប់​ខ្លួន​យុវជន​​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន ​៦ នាក់ ដែល​កំពុង​ប្រឈម​មុខ​ «បទ​រួម​គំនិត​ក្បត់» និង «​បទ​ប្រមាថ​​​ព្រះមហាក្សត្រ​»។

​ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា ​​សកម្មជន​បរិស្ថាន​នៅ​ទូទាំង​ពិភព​លោក ​​តែង​ទទួល​បាន​ការ​​គាំទ្រ​ និង​​ការ​លើក​ទឹក​ចិត្ត​​​ពី​អាជ្ញាធរ​រដ្ឋ​ នៅ​ពេល​ដែល​​ពួកគេ​ឈរ​ជួរ​មុខ ​និង​សកម្ម​​ក្នុង​កិច្ច​ការ​ពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ ប៉ុន្តែ​ផ្ទុយ​ស្រឡះ​ពីនៅកម្ពុជា ដែលសកម្ម​ជន​ការពារធនធម្មជាតិបែរ​ជា​​រង​ការ​គំរាមកំហែង​បំភិត​បំភ័យ ​និង​​ចាប់​​ដាក់​ពន្ធនាគារ​​ទៅ​វិញ។ ក្រុម​សង្គម​ស៊ីវិល​​​​ក៏​បារម្ភ​ថា​​ បើ​តុលាការ​​​ផ្ដន្ទាទោស​សកម្ម​ជន​បរិស្ថាន​​ទាំង ​៦ នាក់ ​​តើ​នរណា​នឹង​បន្ត​ភាព​សកម្ម​និយម និង​​ហ៊ាន​ការ​ពារ​ផល​ប្រយោជន៍​សង្គម​ជាតិ​ ត​ទៅ​ទៀតដែរឬទេ​៕​​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។