សមត្ថកិច្ច​តាម​ស្រាវជ្រាវ ដើម្បី​ឃាត់​ខ្លួន​បុរស ដែល​បើក​ឡាន​បុក​មនុស្ស​ម្នាក់​ឱ្យ​ស្លាប់ និង​រត់​គេច​ខ្លួន ក្រោយ​ទទួល​បាន​ដីកា​ពី​តុលាការ

0:00 / 0:00

សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​បាន​ដីកា​ពី​អយ្យការ​សាលាដំបូង​រាជធានី ដើម្បី​តាម​ស្រាវជ្រាវ​នឹង​ឃាត់​ខ្លួន​បុរស ដែល​បើក​ឡាន​ទំនើប (Jeep) បាន​បុក​មនុស្ស​ម្នាក់​ឱ្យ​ស្លាប់ និង​រត់​គេច​ខ្លួន។ វិធានការ​ភ្លាមៗ ដើម្បី​តាម​ចាប់​ជន​សង្ស័យ​ករណី​បើក​បុក​មនុស្ស និង​រត់​គេច​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ បញ្ជា​ឱ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន។

ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរ​អនុវត្ត​ច្បាប់​ដោយ​មិន​លំអៀង និង​ទាន់​ពេល​វេលា ខណៈ​ដែល​គ្រួសារ​ជន​រង​គ្រោះ​កំពុង​រង់ចាំ​យុត្តិធម៌។

អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក នៅ​យប់​ថ្ងៃ​ទី១៩ ខែធ្នូ ម្សិលមិញ​ថា សមត្ថកិច្ច​បាន​ទទួល​ដីកា​ពី​តុលាការ​រួច​ហើយ ដើម្បី​ស្រាវជ្រាវ​ស្វែង​រក​ឃាត់​ខ្លួន​ជន​សង្ស័យ​មក​ចាត់​ការ​តាម​នីតិវិធី។

ព្រះរាជអាជ្ញា​រង ប្លង់ សុផល នៃ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៩ ខែធ្នូ បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន និង​បង្គាប់​ឱ្យ​ជន​សង្ស័យ ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បង្ហាញ​ខ្លួន​នៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឱ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ដីកា​ដដែល​នេះ​បាន​បើក​ផ្លូវ​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ប្រើប្រាស់​កម្លាំង​សាធារណៈ ដើម្បី​បង្ខំ​ជន​សង្ស័យ​ឱ្យ​ចូល​បង្ហាញ​ខ្លួន​បាន។

ចំណាត់​ការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បទបញ្ជា​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ដែល​តម្រូវ​ឱ្យ​ព្រះរាជអាជ្ញា​ស្រាវជ្រាវ និង​ដោះ​ស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​ករណី​កូន​ប្រុស​របស់​មេធាវី ព្រហ្ម វិចិត្រសុភា គឺ​លោក ព្រហ្ម វិចិត្រសុសក្ដា ដែល​បាន​បើក​ឡាន​បុក​បុរស​ម្នាក់​ឈ្មោះ សៀង គីមហុង បណ្ដាល​ឱ្យ​ស្លាប់ និង​បាន​រត់​គេច​ខ្លួន កាល​ពី​ថ្ងៃ​ទី១៤ ធ្នូ។

ប្រពន្ធ​លោក សៀង គីមហុង គឺ​លោកស្រី គ្រុយ ឈិញលាំង បាន​លើក​ឡើង​ក្នុង​គណនី​ហ្វេសហ៊ុក (Facebook) កាល​ពី​ថ្ងៃ​ទី១៨ ធ្នូ កន្លង​ទៅ​ថា លោកស្រី​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​ការ​គំរាមកំហែង និង​ផ្ដល់​ប្រាក់​ចំនួន ១ពាន់​ដុល្លារ​របស់​ឪពុក​ជន​បង្ក​ឱ្យ​ទៅ​លោកស្រី ដើម្បី​ឱ្យ​ដក​ពាក្យ​បណ្ដឹង។ លោកស្រី គ្រុយ ឈិញលាំង ថា នឹង​បន្ត​ទាមទារ​រក​យុត្តិធម៌​ជូន​ប្ដី ព្រោះ​ភាគី​ម្ខាង​ជា​អ្នក​បើកបរ​ធ្វេសប្រហែស ហើយ​រត់​គេច​មិន​ទទួល​ខុស​ត្រូវ។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​ភាគី​ទាំង​ពីរ​បាន​ទេ នៅ​ថ្ងៃ​ទី១៩ ខែធ្នូ។

ច្បាប់​ចរាចរណ៍​ថ្មី មាត្រា៨៥ ចែងថា ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស​ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ ត្រូវ​ផ្ដន្ទាទោស​ពី ១ឆ្នាំ​ទៅ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤លានរៀលទៅ ១០ លាន​រៀល។ ករណី​ជន​បង្ក​បើក​រត់​គេច​ពី​កន្លែង​កើត​ហេតុ ដើម្បី​គេច​ពី​ការ​ទទួល​ខុស​ត្រូវ គឺ​ត្រូវ​ផ្ដន្ទាទោស​ពី ២ឆ្នាំទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០លានរៀលទៅ ២៥លានរៀល ព្រម​ទាំង​ហាម​បើកបរ​រយៈ​ពេល ៥ឆ្នាំ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​គួរ​ចាត់​វិធានការ​ដោយ​ម៉ឺងម៉ាត់ និង​ទាន់​ពេល​វេលា​ទៅ​លើ​ជន ដែល​ប្រព្រឹត្ត ដូច​ជា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឱ្យ​មក​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់ ទោះបី​ជា​ពួក​គេ​មាន​លុយ និង​បុណ្យស័ក្ដិ​បែប​ណា​ក៏​ដោយ។

លោក ស៊ឹង សែនករុណា សាទរ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​អយ្យការ​លើ​ករណី​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា សង្គម​ស៊ីវិល និង​ពលរដ្ឋ​កំពុង​ទន្ទឹង​រង់ចាំ​មើល​លទ្ធផល​នៃ​ចំណាត់​ការ​រឿង​នេះ និង​រឿង​កន្លង​មក ដែល​ជន​រង​គ្រោះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។

លោក ស៊ឹង សែនករុណា៖«ឱ្យ​មាន​ការ​ចាត់​វិធានការ​ស្រាវជ្រាវ និង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​នេះ ខ្ញុំ​គាំទ្រ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​យើង​ចាំ​មើល​ទៀត​ថា តើ​ការ​អនុវត្ត​បាន​ត្រឹមត្រូវ​ទេ មាន​ការ​ខិតខំ​ដុត​ដៃ​ដុត​ជើង​ចាប់​ខ្លួន​ជន​បង្ក​មក​ផ្ដន្ទាទោស​បាន ឬ​អត់ បើ​មិន​ដូច្នោះ​ទេ ការ​លើក​ឡើង​ហ្នឹង គ្រាន់តែ​ជា​ការ​លើក​ឡើង ចំណែក​ជន​ប្រព្រឹត្ត​នៅ​ក្រៅ​សំណាញ់​ច្បាប់​ដដែល។ យើង​ធ្លាប់​ដឹង​កន្លង​មក​ដែរ»។

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល កត់​សម្គាល់​ថា បើ​ទោះ​បី​ជា​ច្បាប់​ចែង​អំពី​ការ​ដាក់​ទោស​ធ្ងន់ធ្ងរ​បែប​នេះ​ក្ដី ក៏​ការ​ផ្ដន្ទាទោស​កម្រ​កើត​មាន​ណាស់ ប្រសិន​បើ​ជន​បង្ក គឺ​ជា​អ្នក​មាន​លុយ និង​មាន​អំណាច។ ជាក់ស្ដែង ករណី​បុគ្គល​ឈ្មោះ សោម ណូរីទីឃា បើក​រថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​បណ្ដាលឱ្យ​ទារក​ម្នាក់​ស្លាប់ និងមនុស្សចំនួន២នាក់រងរបួសធ្ងន់បានរត់គេចពីសំណាញ់​ច្បាប់​ក្រោយ​ផ្ដល់ ២ពាន់ ៥រយ​ដុល្លារ ដើម្បី​បញ្ចប់​រឿង។ ចំណែក​ករណី​អភិបាល​ខេត្តមណ្ឌលគិរី លោក ថង សាវុន ក៏​បាន​បើក​ឡាន​ទំនើប​បុក​ពលរដ្ឋ​ពីរ​នាក់​ស្លាប់​ភ្លាមៗ កាល​ពី​ខែកញ្ញា ឆ្នាំ២០២១ ហើយ​មក​ទល់​ពេល​នេះ អាជ្ញាធរ​ក៏​មិន​ទាន់​ស្រាវជ្រាវ និង​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នៅ​ឡើយ​ទេ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។