អយ្យការអមសាលាដំបូងខេត្តកំពត ចាប់ផ្ដើមដំណើរការបណ្ដឹងរបស់ប្រធានគយព្រំដែនច្រកព្រែកចាក ដែលប្ដឹងប្រឆាំងក្រុមអ្នកកាសែតជិត ១០នាក់ ពីបទជេរប្រមាថ និងជ្រៀតជ្រែកកិច្ចការមន្ត្រីរាជការសាធារណៈ ក្រោយកើតមានវិវាទជាមួយគ្នា។ អ្នកកាសែតរងការប្ដឹង អះអាងថា វិវាទកើតឡើង ដោយសារមេគយចាប់កញ្ឆក់កាមេរ៉ា និងទូរស័ព្ទរបស់អ្នកកាសែតមុន។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកំពត លោក ខាន់ សុផល ប្រាប់ថា តំណាងអយ្យការទទួលបានបណ្ដឹងរបស់មេធាវីប្រធានគយព្រែកចាកហើយ និងបានប្រគល់ឲ្យព្រះរាជអាជ្ញាម្នាក់ ដើម្បីកាន់សំណុំរឿងនេះ៖ « រឿងហ្នឹងមកដល់លោកព្រះរាជអាជ្ញារងម្នាក់ គាត់កំពុងធ្វើការហើយ។ បានមកដល់លោកព្រះរាជអាជ្ញារង កំពុងចាត់ការហើយ។ បានសេចក្ដីថា គាត់បានទទួលសំណុំរឿងមកចាត់ការហើយ តែចាត់ការយ៉ាងម្ដេចមិនទាន់ដឹងទេណា។ គ្រាន់តែថា បានទទួលសំណុំរឿងមកហើយ » ។
មេធាវីរបស់ប្រធានការិយាល័យគយ និងរដ្ឋាករព្រែកចាកខេត្តកំពត លោក យី ថុល បានប្ដឹងទៅតុលាការ កាលពីថ្ងៃទី៣ ឧសភា ប្ដឹងក្រុមអ្នកកាសែតជិត១០នាក់ ពីបទជេរប្រមាថ និងជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងាររបស់ខ្លួន ដោយសារក្រុមអ្នកកាសែតទាំងនោះ ធ្វើសកម្មភាពថត និង ទាស់ទែងពាក្យសម្ដី រវាងមន្ត្រីគយរូបនេះ និងក្រុមអ្នកកាសែត។
បណ្ដឹងរបស់មេគយព្រែកចាក ធ្វើឡើងក្រោយពេលវីដេអូឃ្លិបមួយ ត្រូវបានចែកផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក (facebook) តៗ គ្នា កាលពីចុងខែឧសភា ដោយបង្ហាញសកម្មភាព មន្ត្រីពាក់ឯកសណ្ឋានគយម្នាក់ ឈ្លោះប្រកែកគ្នារយៈពេលខ្លី ហើយក្រុមអ្នកកាសែតបានរុញច្រាន និងស្រែកគំហកដាក់មន្ត្រីគយម្នាក់ ដោយចោទថា មន្ត្រីគយនោះ បានដកហូតទូរស័ព្ទពីក្រុមអ្នកកាសែត ដែលកំពុងថតសកម្មភាព ដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាមចូលមកកម្ពុជា។ ក្នុងវីដេអូនោះ បង្ហាញថា មន្ត្រីគយ បានព្យាយាមគេចចេញពីក្រុមអ្នកកាសែត តែមិនទាន់បានប្រគល់ទូរស័ព្ទឲ្យក្រុមអ្នកកាសែតវិញទេ ខណៈក្រុមអ្នកកាសែត បាននាំគ្នាតាមថត និងចោទថា មន្ត្រីគយរូបនោះ ជាមេក្លោងបើកដៃឲ្យឈ្មួញនាំទំនិញខុសច្បាប់ចូលកម្ពុជា៖ « បាទ ! នេះហើយមេគយព្រែកចាក លោក គុណ ញឹម មើលចុះ។ មេគយ ៖ លោក ឯងធ្វើឲ្យស្រួល។ ក្រុមអ្នកកាសែត៖ លោកឯងទេ ដែលមកឆក់ទូរស័ព្ទអ្នកកាសែត។ នេះហើយមេគយ មេគយរូបស្រស់ ធ្វើបាបពលរដ្ឋ ជញ្ជក់ឈាមពលរដ្ឋ សម្លាប់ប្រជាពលរដ្ឋ » ។
ចាងហ្វាងការផ្សាយកាសែត និងគេហទំព័រពន្លឺនិរតី គឺលោក អ៊ិន ប៊ុនធឿន ម្នាក់ ក្នុងចំណោមក្រុមអ្នកកាសែតរងពាក្យប្ដឹង អះអាងថា វីដេអូឃ្លិបនោះ បង្ហាញតែសកម្មភាពមួយជ្រុងដែលមានអំពើហិង្សាប៉ុណ្ណោះ ព្រោះមុនកើតវិវាទនោះ មេគយ ច្រកព្រែកចាក លោក យី ថុល បានចេញមកដកហូតទូរស័ព្ទរបស់អ្នកកាសែតទាំងកំរោល ខណៈពួកគេកំពុងស្នើសុំ ថតត្រឹមត្រូវ។ លោក អ៊ិន ប៊ុនធឿន ថា ក្រោយវិវាទនោះ បានប្រហែល ១០នាទី ពួកគេបានសម្រួលគ្នារួចហើយ ប៉ុន្តែមិនដឹងហេតុអ្វី ទើបមានពាក្យប្ដឹងនៅតុលាការ។ តែយ៉ាងណា លោក អះអាងថា មិនបារម្ភចំពោះពាក្យប្ដឹងនោះទេ៖ « រឿងដែលកើតឡើង តែមួយជ្រុងទេបង អ្នកដែលបង្ហោះណា។ បង្ហោះអារឿងហិង្សាមួយប្រាវហ្នឹងទេ ក្រោយពីហិង្សាក៏វាសាបរលាបទៅវិញ យើងមានការសោកស្ដាយ មានការស្គាល់គ្នា មានការសុំទោសគ្នាទៅវិញ ទៅមក អ៊ីចឹង » ។
អ្នកកាសែតទាំង១០នាក់ ដែលរងការប្ដឹងនោះ មានប្រធានសារព័ត៌មាននៃក្លឹបអ្នកកាសែតឯករាជ្យ និងជានាយកការផ្សាយព័ត៌មានប្រជាជនកម្ពុជា (CPNTV) លោក ហ៊ុន សុខា លោក ចន យូដេត លោក ស៊ាង ប៊ុនសុង លោក ទុំ ឆោម លោក ប៉ែន រ៉ា លោក កែវ សុផាត លោក ជី ពេជ្រ លោក អ៊ិន ប៊ុនធឿន និង បក្ខពួកមួយចំនួនទៀត។
ឆ្លើយតបបណ្ដឹងនេះ លោក ហ៊ុន សុខា ប្រាប់សារព័ត៌មានក្នុងស្រុក (VOD) ថា នឹងប្ដឹងបកអាក្រាតអំពើពុករលួយរបស់មេគយព្រែកចាក ទៅអង្គភាពប្រឆាំងអំពើពុករលួយវិញ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីខាងភាគីប្រធាន ការិយាល័យគយ និងរដ្ឋាករព្រែកចាក លោក យី ថុល បានទេ ដោយសារ មេធាវីរបស់លោក គឺ លោក មេធាវី សៅ បូផាន់ មិនទទួលទូរស័ព្ទទេ នៅថ្ងៃទី៥ មិថុនា។ ប៉ុន្តែលោកមេធាវី សៅ បូផាន់ ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា មេធាវីមានភស្តុតាងគ្រប់គ្រាន់ និងបដិសេធការផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។
ក្នុងបណ្ដឹងរបស់មេធាវីតំណាងការិយាល័យគយ និងរដ្ឋាករព្រំដែនព្រែកចាក ប្ដឹងអ្នកកាសែតទាំងនោះ គឺទាមទារសំណងចំនួន ១០ម៉ឺនដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។