ក្នុងសប្ដាហ៍ទី៥ នៃគម្រោងធ្វើសវនាការបីខែ ជុំវិញសំណុំរឿងដែលចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិ សវនាការសួរដេញដោលជនជាប់ចោទ នឹងឈានដល់ដំណាក់កាលបង្កើតគណបក្សសង្គ្រោះជាតិ និងព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ២០១៣។
សវនាការសួរដេញដោល លោក កឹម សុខា ក្នុងសំណុំរឿងដែលរងការរិះគន់ថា មានចរិតនយោបាយនេះ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ប្រព្រឹត្តទៅដោយបន្សល់ទុកនូវភាពមន្ទិល និងភាពចម្រូងចម្រាសជាប្រចាំ។ ចំណាប់អារម្មណ៍របស់អ្នកតាមដានសំណុំរឿងនេះ ក៏ថមថយជាលំដាប់ដែរ ស្របពេលដែលសវនាការកាន់តែរំកិលទៅមុខ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។
កាលពីសប្ដាហ៍ដំបូងៗ ភាពចម្រូងចម្រាស កើតឡើងមានចាប់តាំងពីការយកវីដេអូកាត់តជាកង់ៗ រយៈពេលជាងពីរនាទី អំពីសុន្ទរកថាលោក កឹម សុខា នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣ មកធ្វើជាភស្តុតាងដាក់បន្ទុក ថាលោក កឹម សុខា ត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ សវនាការដំបូងៗ នោះ ក៏រងការរិះគន់ជុំទិស រឿងរឹតត្បិតសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការតាមដានដំណើរការសវនាការ។
ក្រោយពេលក្រុមមេធាវីលោក កឹម សុខា ដាក់វីដេអូទាំងស្រុង នៃសុន្ទរកថាលោក កឹម សុខា ដែលមានរយៈពេលជាងមួយម៉ោង ដើម្បីជាតម្រុយភស្តុតាង ក្នុងការបញ្ជាក់ថា វីដេអូដែលកាត់តជាកង់ៗ រយៈពេលជាង ២នាទីនោះថា មិនមែនជាខ្លឹមសារពិត និងទាំងស្រុងនៃសាររបស់លោក កឹម សុខា ខាងព្រះរាជអាជ្ញា និងរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមច្បិចយកពាក្យមួយម៉ាត់ៗ នៅក្នុងខ្សែវីដេអូនោះ មកធ្វើជាមូលដ្ឋានក្នុងការសួរដេញដោលលោក កឹម សុខា។
ការចោទសួរលោក កឹម សុខា ដោយផ្អែកលើតម្រុយភស្តុតាង ជាជាងផ្អែកលើអង្គហេតុ ដែលចោទថា លោក កឹម សុខា ត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះ រងការជំទាស់ជាប្រចាំពីសំណាក់ក្រុមមេធាវីការពារក្ដីលោក កឹម សុខា។ មេធាវីលោក កឹម សុខា ទាមទារឲ្យខាងភាគីចោទប្រកាន់យកអង្គហេតុ ដែលថាលោក កឹម សុខា ត្រូវរ៉ូវគ្នាជាសម្ងាត់ជាមួយរដ្ឋបរទេសនោះ តើត្រូវរ៉ូវគ្នាយ៉ាងម៉េច? មានការចុះកិច្ចព្រមព្រៀងណាមួយរដ្ឋបរទេសណា ដោយរបបរបៀបណាជាដើម។ ប៉ុន្តែ សវនាការ នៅតែបន្តដំណើរទៅមុខ។
មេធាវីការពារក្តីឲ្យរដ្ឋាភិបាល ឆ្លៀតយកឱកាសជួបអ្នកកាសែត ក្រោយសវនាការ ដើម្បីបង្ហើរសារនយោបាយ ដោយវាយប្រហារ ឬឌឺដងឡងសម្ដីទៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលមិនមែនជាគូភាគីនៅក្នុងរឿងក្តីនេះ។
បញ្ហានៃការអនុវត្តច្បាប់សន្ទិដ្ឋិភាព ដែលទើបចូលជាធរមានក្នុងឆ្នាំ ២០១០ ប៉ុន្តែ យកអនុវត្តចំពោះបទចោទប្រកាន់ នៃអំពើដែលប្រព្រឹត្តតាំងពីជាង ១០ ឆ្នាំមុននោះ ក៏រងការជំទាស់ និងរិះគន់ពីសំណាក់មេធាវីការពារក្តីលោក កឹម សុខា និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលដំណើរការសវនាការនេះដែរ។ ក្រុមមេធាវីថា ការអនុវត្តច្បាប់ដែលចេញឆ្នាំ ២០១០ ទៅលើអង្គហេតុដែលកើតឡើងឆ្នាំ ១៩៩៣ បែបនេះ គឺផ្ទុយទៅនឹងគោលការណ៍មិនប្រតិសកម្មនៃច្បាប់។
ចូលមកដល់សវនាការសប្ដាហ៍ទីបួន កាលពីថ្ងៃទី៥ និង ៦ ខែកុម្ភៈ តុលាការបានចាក់វីដេអូភស្តុតាង ដែលក្រុមមេធាវីលោក កឹម សុខា បានដាក់ពីសប្ដាហ៍ដំបូង និងសប្ដាហ៍ចុងក្រោយ ក្នុងចំណោមភស្តុតាង ៥១ ចំណុច ដើម្បីផ្ទៀងផ្ទាត់។
ជាទូទៅ សវនាការអំពីភាពអាចទទួលយកបាន ឬមិនទទួលយកបាននៃយកភស្តុតាង ត្រូវធ្វើដាច់ដោយឡែក និងធ្វើឲ្យរួចរាល់ហើយសិន ទើបតុលាការបើកសវនាការលើទម្ងន់ ឬតម្លៃនៃភស្តុតាង។ ប៉ុន្តែ នៅក្នុងសវនាការទាំងបួនសប្ដាហ៍កន្លងទៅនេះ តុលាការអនុញ្ញាតឲ្យដាក់ភស្តុតាងជាប្រចាំ ស្របពេលដែលតុលាការចាប់ផ្ដើមជជែកអំពីតម្លៃនៃភស្តុតាង។ ប្រការនេះ ធ្វើឲ្យមេធាវីការពារក្ដីលោក កឹម សុខា លើកឡើងថា ជាការបង្កើតឲ្យមានភាពរញ៉េរញ៉ៃ ក្នុងដំណើរការក្ដីនេះ។
កាលពីក្នុងសវនាការសប្ដាហ៍ទី៤ នោះដែរ ក្រុមមេធាវីការពារក្តីលោក កឹម សុខា ក៏ជំទាស់ទៅនឹងការណ៍ដែលខាងព្រះរាជអាជ្ញា យកប្រភពភស្តុតាងពីជនអនាមិក យកមកសួរដេញដោលលោក កឹម សុខា។ ប្រភពអនាមិកនោះ គឺបានពីគណនីហ្វេសប៊ុក គ្មានម្ចាស់ច្បាស់លាស់មួយឈ្មោះថា កូនខ្មែរ។
ជាងនេះទៅទៀត មេធាវីការពារក្តីលោក កឹម សុខា មួយរូប គឺលោក អាង ឧត្ដម ក៏ជំទាស់ទៅនឹងភាពមិនយុត្តិធម៌ នៃកម្លាំងក្នុងការការពារក្ដី ក្នុងរឿងនេះក្ដីនេះដែរ ដោយសារតែភាគីលោក កឹម សុខា ត្រូវប្រឈមតទល់នឹងភាគីដើមចោទគឺព្រះរាជអាជ្ញាផង និងរដ្ឋាភិបាលដែលជាភាគីដើមបណ្ដឹងរដ្ឋប្បវេណីផង ដែលលោកអះអាងថា ភាគីដើមបណ្ដឹងរដ្ឋប្បវេណីនោះ ធ្វើលើសពីតួនាទីរបស់ខ្លួន ដែលគ្រាន់តែចូលរួមជាភាគី ដើម្បីសម្ដែងអំពីទុក្ខសោក និងព្យសនកម្ម។
ទោះជាយ៉ាងនេះក្ដី តុលាការនៅតែបន្តសវនាការទៅមុខ ទោះមកដល់ចប់សប្ដាហ៍ទីបួនទៅហើយក្តី មិនទាន់មានសាក្សីណាម្នាក់ ត្រូវបានកោះហៅ ដើម្បីធ្វើសក្ខីកម្មនៅឡើយទេ។
ឥឡូវនេះ ការសួរដេញដោលអំពីរយៈពេលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ នៃការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ នៃការបង្កើតគណបក្សសិទ្ធិមនុស្សបានបញ្ចប់ហើយ។
សវនាការសប្ដាហ៍ទីប្រាំ ដែលចាប់ផ្ដើមនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ នឹងផ្ដោតលើរយៈពេលចាប់ពីឆ្នាំ ២០១៣ នៃការបង្កើតគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតជាតិ ដល់ថ្ងៃចាប់ខ្លួនលោក កឹម សុខា ក្នុងឆ្នាំ ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។