មេធាវី៖ លោក កឹម សុខា ប្រាប់​មេធាវី​កុំ​ឲ្យ​ចូលរួម​សវនាការ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង

0:00 / 0:00

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ បាន​ធ្វើ​ពហិការ​មិន​ចូលរួម​សវនាការ​ស៊ើបសួរ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​នោះ​ទេ ហើយ​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ក្រុម​មេធាវី​ក៏​នឹង​មិន​ចូលរួម​ដែរ ដោយ​អះអាង​ថា នេះ​គឺ​ជា​ឆន្ទៈ​ផ្ទាល់ខ្លួន​​របស់​កូនក្ដី​ដែល​ប្រាប់​ឲ្យ​ក្រុម​មេធាវី​ធ្វើ​ពហិការ។

មេធាវី​ម្នាក់​របស់​លោក កឹម សុខា គឺ​លោក សំ សុគង់ ឲ្យ​ដឹង​ថា ក្រៅ​ពី​បង្គាប់​ឲ្យ​មេធាវី​ធ្វើ​ពហិការ លោក កឹម សុខា ក៏​នឹង​មិន​ឆ្លើយ​អ្វី​ជាមួយ​ចៅក្រម​ស៊ើបសួរ​ដែរ។ លោក​ថា កូនក្ដី បាន​ប្រើប្រាស់​សិទ្ធិ​មិន​ឆ្លើយ​ជាមួយ​ចៅក្រម​ស៊ើបសួរ​តាំង​ពី​ការ​សាកសួរ​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ មក។

​លោក​មេធាវី សំ សុគង់ ថ្លែង​ថា កូនក្ដី​លោក​ស្នើ​សុំ​ឲ្យ​ចៅក្រម​បើក​សវនាការ​ស៊ើបសួរ​នៅ​ក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រោះ​ពន្ធនាគារ​ជា​កន្លែង​បង្ខាំង​មនុស្ស ហើយ​ការ​បើក​សវនាការ​ស៊ើបសួរ​នៅ​ក្នុង​ពន្ធនាគារ មិន​ត្រឹមត្រូវ​តាម​ច្បាប់​ក្រមព្រហ្មទណ្ឌ​នោះ​ទេ៖ «»។

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បាន​ជូន​ដំណឹង​ទៅ​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ដោយ​ផ្ទាល់​មាត់​ថា នឹង​បន្ត​សួរ​ចម្លើយ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២១ និង​២២ ខែ​ធ្នូ ទៀត នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ដែល​ស្ថិត​ក្នុង​ខែត្រ​ត្បូងឃ្មុំ ជិត​ព្រំដែន​ប្រទេស​វៀតណាម។

មេធាវី​លោក កឹម សុខា ម្នាក់​ទៀត គឺ​លោក ហែម សុជាតិ មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​របស់​ចៅក្រម​នេះ មិន​មាន​ភស្តុតាង​អ្វី​ផ្សេង​ក្រៅ​ពី​វីដេអូ​ឃ្លិប​ពីរ​បី​នាទី​ដែល​ដាក់​បន្ទុក​កូនក្ដី​របស់​លោក​នោះ​ទេ។ ​លោក​មេធាវី សំ សុគង់ ប្រាប់​ដែរ​ថា តាម​ច្បាប់ ការ​សាកសួរ​ជនសង្ស័យ​ធ្វើ​បាន​ក្រៅ​បន្ទប់​សវនាការ​ក្នុង​បរិវេណ​សាលា​ជម្រះក្ដី​បាន លុះត្រាតែ​ជនសង្ស័យ​មាន​សុខភាព​មិន​ល្អ ឬ​គ្មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​បន្ទប់​សវនាការ។ ប៉ុន្តែ​លោក​មេធាវី​អះអាង​ថា លោក កឹម សុខា មាន​សុខភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​បន្ទប់​សវនាការ​ក្នុង​សាលា​ជម្រះក្ដី​នៅ​ក្រុង​ភ្នំពេញ។ មេធាវី​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​កូនក្ដី​ត្រូវ​បាន​បើក​ការ​សាកសួរ​ក្នុង​ពន្ធនាគារ ធ្វើ​ឲ្យ​សិទ្ធិ​មេធាវី​របស់​កូនក្ដី​ត្រូវ​បាន​កាត់​បន្ថយ​ជាង​នៅ​ក្នុង​សវនាការ ដោយសារ​អនុរក្ស​ពន្ធនាគារ​បាន​ឆែក​គ្រប់​សកម្មភាព និង​ឯកសារ​របស់​មេធាវី និង​មាន​បំពាក់​កាមេរ៉ា នៅ​ពេល​ដែល​មេធាវី​សួរ​នាំ​កូន​ក្ដី​ដែល​ធ្វើ​ឲ្យ​ការសម្ងាត់​រវាង​មេធាវី និង​កូន​ក្ដី​បាន​បាត់បង់។

លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​កាល​ពី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា និង​ត្រូវ​យក​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃ​ទី​៦ កញ្ញា ដោយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស «ក្បត់​ជាតិ» តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។ ការ​ឃុំ​ខ្លួន​នេះ ក្រៅ​ពី​ក្រុម​គ្រួសារ និង​មេធាវី ចៅក្រម​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​អាច​ចូល​សួរ​សុខ​ទុក្ខ​លោក កឹម សុខា បាន​នោះ​ទេ។​

លោក​មេធាវី សំ សុគង់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​មុខ​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៧។
លោក​មេធាវី សំ សុគង់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​មុខ​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៧។

​ប្រធាន​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ដែល​ប្រឆាំង​ដាច់​ខាត​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា តាម​រយៈ​ការ​រំលាយ​គណបក្ស​ប្រឆាំង​យល់​ថា ការ​សម្រេច​ចិត្ត​របស់​លោក កឹម សុខា ដែល​ឈប់​ឆ្លើយ​ជាមួយ​ចៅក្រម​ក្នុង​ពន្ធនាការ​ជា​រឿង​ត្រឹមត្រូវ។ លោក​យល់​ថា សកម្មភាព​ចៅក្រម​ដែល​ស្ថិត​ក្រោម​អំណាច​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​សួរ​លោក កឹម សុខា ដល់​ពន្ធនាគារ គឺ​ជា​ការអនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ និង​ជា​រូបភាព​គំរាម​លោក កឹម សុខា។ លោក​ថា បើ​ទោះជា​លោក កឹម សុខា ឆ្លើយ ឬ​មិន​ឆ្លើយ ក៏​គ្មាន​បាន​ការ​អ្វី​ដែរ ព្រោះ​ករណី​លោក កឹម សុខា តុលាការ​មិន​ហ៊ាន​ធ្វើ​អ្វី​ដោយ​គ្មាន​បញ្ជា​ពី​លោក ហ៊ុន សែន នោះ​ទេ៖ «»។

​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ប្រាប់​ថា ក្រុម​មេធាវី​កំពុង​ពិចារណា​ថា តើ​ត្រូវ​ចូល​រួម ឬ​យ៉ាង​ណា ចំពោះ​ការ​សាកសួរ​នៅ​ក្នុង​ពន្ធនាគារ​ម្ដង​ទៀត​លើ​លោក កឹម សុខា ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ។ បន្ថែម​ពី​នេះ​ទៀត មេធាវី​ប្រាប់​ថា លោក កឹម សុខា បាន​ប្រាប់​ចៅក្រម​រួចហើយ​ថា លោក​គ្មាន​អ្វី​ឆ្លើយ​ជាមួយ​ចៅក្រម​ស៊ើបសួរ​ទៀត​នោះ​ទេ ហើយ​លោក កឹម សុខា ស្នើ​សុំ​ឲ្យ​ឈប់​សួរ​នាំ​លោក​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ទៀត។

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​ជាមួយ​លោក​មេធាវី សំ សុគង់ តាម​ការ​សាកសួរ​របស់​លោក ជុន ច័ន្ទបុត្រ៖

0:00 / 0:00

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។