សកម្មជនដីធ្លីខេត្តកោះកុង សោកស្តាយដែលសាលាឧទ្ធរណ៍ប្រចាំតំបន់តាំងនៅខេត្តព្រះសីហនុ មិនព្រមលុបចោលការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈប្រឆាំងពួកគាត់។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការសម្រេចរបស់តុលាការជាន់ខ្ពស់នេះ គឺជារឿងអយុត្តិធម៌ និងស្នើដល់តុលាការឲ្យទម្លាក់ការចោទប្រកាន់ទាំងអស់ចំពោះសកម្មជនដីធ្លីទាំងនោះ។
សកម្មជនដីធ្លីនៅខេត្តកោះកុងពីររូប គឺលោកស្រី ផាវ ញ៉ើង និងលោកស្រី សេង លីន លើកឡើងថា សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ នៅមិនទាន់ផ្តល់យុត្តិធម៌ជូនពួកគាត់ទាំងពីរនាក់ពេញលេញនោះទេ។
ការលើកឡើងបែបនេះ ដោយសារកាលពីថ្ងៃទី១៩ ខែធ្នូ សាលាឧទ្ធរណ៍ព្រះសីហនុ បានប្រកាសសាលដីកាសម្រេចឱ្យពួកគាត់រួចផុតពីបទញុះញង់ និងលុបចោលទោសដាក់ពន្ធនាគារ។ ប៉ុន្តែតុលាការក៏បានតម្កល់ការផ្ដន្ទាទោសអ្នកទាំងពីរពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប៉ុន្តែបន្ថយចំនួនសំណងរដ្ឋប្បវេណីមកត្រឹម១០លានរៀលវិញ។ ទោះបីដូចនេះក៏ដោយ តុលាការបានបង្គាប់ឱ្យអ្នកទាំងពីរបង់ប្រាក់ពិន័យម្នាក់ៗចំនួនបួនលានរៀល។
សកម្មជនដីធ្លីខេត្តកោះកុង លោកស្រី ផាវ ញ៉ើង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែធ្នូ ថា លោកស្រីសោកស្ដាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលតម្កល់សាលក្រមសាលាដំបូងខេត្តកោះកុង ក្នុងសំណុំរឿងបទបរិហារកេរ្តិ៍ទុកជាបានការដដែល។ លោកស្រីរំលឹកដល់ថ្ងៃសវនាការដេញដោល ដែលពេលនោះប៉ុន្តែតុលាការមិនបានផ្ដល់ឱកាសឲ្យលោកស្រី បង្ហាញភស្តុតាងដោះបន្ទុកក្នុងសំណុំរឿងបទបរិហារកេរ្តិ៍នោះទេ។
លោកស្រី ផាវ ញ៉ើង៖ «ហើយកន្លែងនេះ ខ្ញុំមានអំណះអំណាងភស្តុតាងមានអីត្រឹមត្រូវច្បាស់លាស់ មានមេធាវីដើម្បីតតាំង តទល់គ្នាអីកន្លែងខ្លះយើងទាមទារជាមួយសាក្សីអី តុលាការមិនឲ្យពួកខ្ញុំតទល់ទេ។ អ៊ីចឹងហើយខ្ញុំសោកស្ដាយនូវចំណុចខ្វះខាតមួយចំនួននេះ។ ខ្ញុំគិតថា ជាការចងខ្ញុំទុកដើម្បីបំបិទសេរីភាពមិនឲ្យប្រជាពលរដ្ឋដទៃទៀតចេញមុខតវ៉ាទាមទារដូចខ្ញុំឲ្យរាងឲ្យចាលកុំឲ្យចេញទៅរកស៊ីនៅខាងក្រៅនៅឯណាឯណីបាន ឲ្យក្ររហេមរហាមអីចឹង ឲ្យវេទនា ដើម្បីឲ្យថ្ងៃក្រោយថ្ងៃមុខ ជាគំរូកុំឲ្យពលរដ្ឋដទៃទៀតចេះដឹងរឿងសង្គម»។
កាលពីខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តកោះកុងបានប្រកាសសាលក្រមផ្ដន្ទាទោសតំណាងសហគមន៍មកពីស្រុកស្រែអំបិល ខេត្តកោះកុង ទាំងពីរនាក់ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទ ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទបរិហារកេរ្តិ៍ជាសាធារណៈ និងបង្គាប់ឱ្យបង់ប្រាក់សំណងចំនួន ៤០លានរៀលទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណី។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការប្រមូលផ្ដុំនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីឆ្នាំ២០១៩ ដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយសមស្របមួយជុំវិញជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ។
លោកស្រី ផាវ ញ៉ើង ស្នើដល់តុលាការចាត់ឲ្យមានក្រុមអធិការកិច្ចចុះមកស៊ើបអង្កេត ចំពោះពោះសំណុំរឿងបទបរិហារកេរ្តិ៍ដែលលោកស្រីអះអាងថា មានភស្តុតាងច្បាស់លាស់បង្ហាញថា ពិតជាមានការលួចគប់គិតគ្នាលក់ដីរដ្ឋ។
លោកស្រី ផាវ ញ៉ើង៖ «អ៊ីចឹងចោរបានដៃងាប់ហើយ បើអ៊ីចឹង អីក៏អយុត្តិធម៌ម្ល៉េះខ្ញុំជាប់គុកដោយសារតែការពារទ្រព្យសម្បត្តិរដ្ឋ ក៏អយុត្តិធម៌ម្ល៉េះ ។ ខ្ញុំមានសិទ្ធិដូចគេដូចឯងដែរ ដីខ្ញុំបាត់ ហើយត្រូវបានរដ្ឋមកចរចាមកដោះស្រាយមកវាស់វែងយកដីខ្ញុំទៅឲ្យលោក ហេង ហ៊ុយ ហើយបែរជាខ្ញុំជាប់គុក ហើយត្រូវបង់ពិន័យឲ្យរដ្ឋផង បង់ឲ្យដើមបណ្ដឹងផង ខ្ញុំអត់យល់ទេ ច្បាប់ស្រុកខ្មែរយ៉ាងម៉េច ? កុំបង្កើតច្បាប់តែនៅក្នុងក្រដាស ហើយពេលវាយតម្លៃ ពេលបកស្រាយវាខុស អាហ្នឹងវាធ្វើឲ្យប្រជាពលរដ្ឋងាប់ ជាពិសេស គឺខ្ញុំតែម្ដង»។
ទាក់ទងនឹងបញ្ហានេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត មានប្រសាសន៍ថា ការទាមទាររកដំណោះស្រាយវិវាទដីធ្លីពីអាជ្ញាធរ សិទ្ធិសេរីភាព ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ហើយបើសិនជា គ្មានរឿងអយុត្តិធម៌ពួកគាត់ ក៏មិនឡើងមកតវ៉ា ដែលប្រឈមនឹងពាក្យបណ្ដឹងតាមផ្លូវតុលាការនោះដែរ ។ លោកស្នើដល់តុលាការទម្លាក់ការចោទប្រកាន់លើតំណាងសហគមន៍ដីធ្លីទាំងនោះ។
លោក វណ្ណ សូផាត៖ «យើងឃើញថា លោក(សាលាឧទ្ធរណ៍ព្រះសីហនុ)បានផ្ដល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលរងគ្រោះហ្នឹងខ្លះៗហើយ ប៉ុន្តែផ្ទុយទៅវិញ ក្នុងករណីនេះនៅតែរក្សាទុកនូវបទចោទប្រកាន់សកម្មជនដីធ្លីទាំងពីររូបនេះ ជាការមួយ ដែលគួរឲ្យសោកស្ដាយ ហើយជាការដាក់បន្ទុកមួយ នៅតែជាគំនាបមួយ តាមប្រព័ន្ធតុលាការទៅលើសកម្មជនដីធ្លីទាំងពីររូបហ្នឹង ដើម្បីរារាំងគាត់ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់គាត់ជាបន្តទៀត»។
ពលរដ្ឋនៅខេត្តកោះកុងរាប់ពាន់គ្រួសារ បានបាត់បង់ដីធ្លី ដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅឱ្យឧកញ៉ា និងអ្នកមានអំណាច ក្នុងនោះ មានលោក លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ ពួកគាត់បានព្យាយាមតវ៉ា និងដើរដាក់ញត្តិរាប់មិនអស់ ទាំងនៅថ្នាក់ខេត្ត និងតាមក្រសួងស្ថាប័ននៅថ្នាក់ជាតិ ដើម្បីស្វែងរកដំណោះស្រាយដីធ្លីអូសបន្លាយអស់រាប់ឆ្នាំមកហើយ មិនដែលទទួលបានដំណោះស្រាយឡើយ ក៏ប៉ុន្តែតុលាការបានចោទប្រកាន់ពួកគាត់ពីបទព្រហ្មទណ្ឌ និងបានឃុំខ្លួនពួកគាត់ក្នុងពន្ធនាគារថែមទៀត។ បើទោះបីជា តំណាងសហគមន៍ត្រូវបានតុលាការឲ្យនៅក្រៅឃុំបណ្ដោះអាសន្នក្ដី តំណាងសហគមន៍មួយចំនួននៅពុំទាន់រួចផុតពីការចោទប្រកាន់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។