យុវជន កែម ឡីនិយម គឺលោក គង់ រ៉ៃយ៉ា កំពុងធ្វើពហិការបង្អត់អាហារខ្លួនឯង តាំងពីថ្ងៃជាប់ពន្ធនាគារនៅថ្ងៃទី១១ ខែកក្កដា ដើម្បីទាមទារឲ្យខាងពន្ធនាគារអនុញ្ញាត បានហាត់ប្រាណ និងអានសៀវភៅ គ្រប់គ្រាន់ព្រមទាំងមានកន្លែងគេងល្មមអាចធ្វើវិបស្សនាបាន។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារសន្យាថា នឹងពិនិត្យដោះស្រាយសំណើនេះ ព្រោះវាមិនមែនជារឿងធំដុំ។
ភរិយា និងមេធាវីការពារក្តីឲ្យយុវជន គង់ រ៉ៃយ៉ា ឲ្យដឹងថា ពួកគេកំពុងបារម្ភពីសុខភាពលោក គង់ រ៉ៃ យ៉ា ដែលធ្វើកូដកម្មបង្អត់អាហារក្នុងពន្ធនាគារ តាំងពីទី១១ ខែកក្កដា ខណៈលោកកំពុងមានជំងឺក្រពះស្រាប់។
ភរិយាលោក គង់ រ៉ៃយ៉ា គឺលោកស្រី សុខ ស្រីនិច ប្រាប់អាស៊ីសេរីថា សុខភាពស្វាមីរបស់លោកស្រី កំពុងទ្រុឌទ្រោមខ្លាំង នៅពេលទៅជួបស្វាមីក្នុងពន្ធនាគារនៅព្រឹកថ្ងៃទី១៥ ខែកក្កដា។ លោកស្រីបន្តថា ស្វាមី ផឹកតែទឹក តែមិនទទួលអាហារឡើយ ដើម្បីធ្វើកូដកម្មទាមទារខាងពន្ធនាគារអនុញ្ញាត ឲ្យគាត់បានហាត់ប្រាណគ្រប់គ្រាន់ និងមានសិទ្ធិខ្ចីសៀវភៅទៅអានក្នុងបន្ទប់ ព្រមទាំងស្នើសុំកន្លែងគេង ដែលល្មមអាចធ្វើវិបស្សនាបាន៖ «គាត់អត់ហូបអីសោះអ៊ីចឹង ធ្វើឲ្យខ្ញុំព្រួយបារម្ភ ហើយជំងឺក្រពះ គាត់រើឡើងវិញ ហើយគាត់កំពុងតែចុកទ្រូងគាត់ខាងស្តាំខ្លាំងមែនទែន។ ឃើញព្រឹកមិញសុខភាពរបស់គាត់ដូចជាទ្រុឌទ្រោមមែនទែន»។
លោកស្រី សុខ ស្រីនិច បន្តថា ចំពោះស្ថានភាពគ្រួសារវិញ កំពុងតែមានបញ្ហាពិបាកដោយសារតែលោកស្រីកំពុងតស៊ូម្នាក់ឯងចិញ្ចឹមកូនតូចអាយុ ៧ខែ នៅក្នុងផ្ទះជួលមួយកន្លែង ដែលមិនអាចរកចំណូលអ្វីបានឡើយ។ លោកស្រីបន្តថា នៅមុនពេលជាប់ពន្ធនាគារ ស្វាមីគឺជាអ្នករកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ដូច្នេះបច្ចុប្បន្នលោកស្រីគ្មានអ្វីជាបង្អែកទៀតទេ៖ «ណាមួយខ្ញុំនៅផ្ទះជួលផង ដល់ពេលអ៊ីចឹង ខ្ញុំត្រូវចិញ្ចឹមកូន ដោយខ្លួនឯងហើយពិបាក ព្រោះថ្លៃទឹកដោះគោកូនផង និងថ្លៃផ្ទះជួលផង»។
មេធាវីការពារក្តីឲ្យយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ គឺលោក សំ សុគង់ ឲ្យដឹងដែរថា កូនក្តីទាំងពីរពិតជាមានបញ្ហាសុខភាពមែន។ ប៉ុន្តែសុខភាពរបស់លោក គង់ រ៉ៃយ៉ា មានសភាពធ្ងន់ធ្ងរ ដោយសារតែលោកធ្វើកូដកម្មបង្អត់អាហារទាមទារឲ្យពន្ធនាគារសម្រួលការកន្លែងស្នាក់នៅ និងមានពេលគ្រប់គ្រាន់សម្រាប់ហាត់ប្រាណ និងអានសៀវភៅ៖ «ខ្ញុំគិតថា ទាក់ទងនឹងលក្ខខណ្ឌទាំង ៣ នេះមិនមែនជាលក្ខខណ្ឌមួយតឹងរ៉ឹង ហើយមិនអាចដោះស្រាយឲ្យគាត់បានទេ ដោយសារថា វាពាក់ព័ន្ធនឹងសិទ្ធិរបស់ ជនជាប់ឃុំ។ ជាគោលការណ៍ច្បាប់ គឺជនជាប់ឃុំបាត់បង់តែសិទ្ធិដើរហើរទេ ចំណែកសិទ្ធិដទៃផ្សេងទៀត គឺទទួលបានដូចអ្នក ដែលនៅក្រៅឃុំចឹង»។
បន្ទប់ពន្ធនាគារព្រៃស រងការរិះគន់ជាយូរណាស់មកហើយដោយសារតែបន្ទប់តូចមួយ ប៉ុន្តែផ្ទុកអ្នក ទោសរហូតដល់ជាង ២០នាក់ ដែលពិបាកដេក និងអង្គុយ។
លោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងយកទៅឃុំខ្លួនក្នុងពន្ធ នាគារព្រៃស កាលពីថ្ងៃទី១១ ខែកក្កដា។ ទោសទណ្ឌដែលរហូតដល់ឃុំខ្លួននេះ ដោយសារតែលោកបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកអំពីការលក់អាវយឺតដែលមានរូបលោកបណ្ឌិត កែម ឡី។ ចំណែកយុវជន សួង នាគព័ន្ធ វិញ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ កាលពីថ្ងៃទី១២ ខែកក្កដា ដូច លោក គង់ រ៉ៃយ៉ា ដែរដោយសារតែលោក បានចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី និងកាន់ខិត្តប័ណ្ណអំពាវនាវឲ្យបញ្ឈប់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា លោកមិនទទួលបានព័ត៌មាន ឬសំណើរបស់លោក គង់ រ៉ៃយ៉ា នៅឡើយទេ។ លោកសន្យាថា ពិនិត្យដោះស្រាយករណីនេះ ប៉ុន្តែលោកយល់ថា ការធ្វើកូដកម្មបង្អត់អាហារនេះ គឺជាការនាំបញ្ហា ដល់ពន្ធនាគារ៖ «ធម្មតាក្នុងពន្ធនាគារវាតែងតែចង្អៀតហើយ ដូចយើងដឹងស្រាប់ហើយតើថា ពន្ធនាគារយើងកំពុងមានភាពចង្អៀតណែន ជាពិសេស នៅមណ្ឌលអប់រំកែប្រែទី១ ។ ចំពោះបញ្ហាបរិស្ថាន វាមិនដូចនៅខាងក្រៅទេ វាមានរបង វាមានមន្ត្រីឆ្មាំ និងមានអ្នកទោសផ្សេងទៀត ធ្វើម៉េចគេហៅថាគុក។ ចំពោះសំណើរ វាមានម៉ោងចេញពីបន្ទប់មកហាត់ប្រាណតើ មាននរណាគេឃុំគាត់ចោលក្នុងបន្ទប់»។
លោកបន្តថា ពន្ធនាគារតែងតែអនុញ្ញាតឲ្យជនជាប់ឃុំចេញពីបន្ទប់ ដើម្បីហាត់ប្រាណក្នុង ១ថ្ងៃជាង ១ម៉ោង ហើយពួកគេ ក៏អាចយកសៀវភៅទៅអានបានផងដែរ។
មេធាវីការពារក្តី លោក សំ សុគង់ ឲ្យដឹងថា លោកនឹងដាក់ពាក្យស្នើសុំឲ្យតុលាការដោះលែង យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ពីពន្ធនាគារបណ្តោះអាសន្ននៅក្នុងសប្តាហ៍ ព្រោះពួកគេពុំបានប្រពឹត្តបទល្មើសនោះទេ ហើយសុទ្ធតែមានកាតព្វកិច្ចរកស៊ីចិញ្ចឹមគ្រួសារ។
កាលពីថ្ងៃទី១២ ខែកក្កដា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រួមនឹងអង្គការក្នុងស្រុកជិត ១០០ស្ថាប័ន ទាមទារឱ្យរបបក្រុងភ្នំពេញ ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងយុវជន គង់ រ៉ៃយ៉ា និងយុវជន សួង នាគព័ន្ធ ឱ្យមានសេរីភាពវិញ។ អង្គការជាតិ និងអន្តរជាតិ លើកឡើងថា អ្នកទាំងពីរ គ្រាន់តែអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិតាមច្បាប់ប៉ុណ្ណោះ គ្មានចំណុចណាមួយជាបទល្មើសនោះទេ។ ដូច្នេះការចោទប្រកាន់ និងឃុំខ្លួននេះ គឺ ធ្វើឡើងទាំងបំពានច្បាប់ និងជាការរឹតត្បិតសិទ្ធិសេរីភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។