ភរិយាអតីតអ្នកទោសមនសិការយុវជន គង់ រ៉ៃយ៉ា ថ្លែងសារឈឺចាប់ ដែលសមត្ថកិច្ចចាប់ស្វាមីលោកស្រីទាំងអយុត្តិធម៌។ លោកស្រីរៀបរាប់ថា ស្វាមីលោកស្រី មិនខុសអ្វីទាល់តែសោះ។ លោកស្រីអំពាវនាវ ឱ្យអាជ្ញាធររបបលោក ហ៊ុន សែន ដោះលែងស្វាមីលោកស្រីជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ។
ភរិយាយុវជន គង់ រ៉ៃយ៉ា លោកស្រី សុខ ស្រីនិច ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១០ ខែកក្កដា ក្នុងថ្ងៃដែលស្វាមីលោកស្រី ត្រូវសមត្ថកិច្ចចាប់ខ្លួនថា មិនគួរណាសង្គមនេះ អយុត្តិធម៌ និងគ្មានមេត្តាចំពោះស្វាមី និង ក្រុមគ្រួសារលោកស្រី ដោយសារតែមុខរបរចិញ្ចឹមជីវិតដោយសុចរិតយ៉ាងដូច្នេះសោះ។ លោកស្រីមិនយល់ទាល់តែសោះ ថាហេតុអ្វីបានជាគ្រាន់តែស្វាមីលោកស្រី រកស៊ីលក់អាវយឺត ដែលមានរូបលោកបណ្ឌិត កែម ឡី ដែលពលរដ្ឋខ្មែរគោរពស្រលាញ់ និងនឹកស្ដាយស្រណោះអាឡោះអាល័យពេញផ្ទៃប្រទេសសោះ បែរជាត្រូវសមត្ថកិច្ចចាប់ខ្លួន ទៅវិញ៖ «កុំឱ្យចោទប្រកាន់ប្ដីខ្ញុំថា លក់អាវខុសច្បាប់ ! អត់មានខុសច្បាប់ទេ ព្រោះពួកអ្នកឯងទាំងអស់គ្នាហ្នឹង អ្នកថ្នាក់ធំហ្នឹង មិនដែលមានចេញលិខិតអ្វី ហាមឃាត់ប្ដីខ្ញុំម្ដងទេ អត់ដែលសោះ ! មិនដែលហាមឃាត់ប្ដីខ្ញុំ ថាអាវហ្នឹងលក់ មិនបានឬមិនពេញចិត្តអ្នកឯង ឬអាវហ្នឹងធ្វើឱ្យចលាចលក្នុងសង្គមអ្វី គឺអត់ដែលមានខាងណា មកណែនាំ ឬ ប៉ុស្តិ៍ណាមកប្រាប់ប្ដីខ្ញុំសោះ។ នៅក្នុងប្រទេសហ្នឹង ទាំងអស់គ្នា គេបោះពុម្ពអាវហ្នឹងទាំងអស់គ្នា ហេតុដូចម្ដេចបានជាមកចាប់តែប្ដីខ្ញុំ ?»។
នេះមិនមែនជាលើកទីមួយទេ ដែលសមត្ថកិច្ចចាប់ខ្លួនយុវជន គង់ រ៉ៃយ៉ា។ អតីតនិស្សិតសាកលវិទ្យាល័យខេមរៈ និងជាអ្នកគាំទ្រគណបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសលោកម្ដងរួចមកហើយ ដោយឱ្យជាប់ក្នុងពន្ធនាគារចំនួន ១៨ខែ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងសារតាមហ្វេសប៊ុករបស់លោក។ លោក គង់ រ៉ៃយ៉ា បានអនុវត្តទោសគ្រប់ចំនួនកំណត់ ដោយត្រូវជាប់ពន្ធនាគារពេញ ១៨ខែ រហូតដល់ថ្ងៃកំណត់ចេញពីពន្ធនាគារកាលពីខែកុម្ភៈ ឆ្នាំ២០១៧។
លើកនេះ ពីរថ្ងៃមុនបុណ្យខួបគម្រប់បីឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងមួយថ្ងៃមុនការចាប់ខ្លួន លោក គង់ រ៉ៃយ៉ា បានចេញមុខយ៉ាងសកម្ម ដើម្បីអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ចូលរួមទិញអាវយឺត ដើម្បីចូលរួមរម្លឹកខួបនៃករណីឃាតកម្មនេះ។ លោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយពពាយនាយលក់អាវយឺតលោកបណ្ឌិត កែម ឡី ដែលមានពណ៌ស និងពណ៌ខ្មៅ ដែលអតិថិជន អាចបញ្ជាទិញតាមបណ្ដាញសង្គម និងលេខទូរស័ព្ទរបស់លោក ដែលបានបង្ហោះតាមបណ្ដាញសង្គមនោះ។ លោកសរសេរបន្ថែមថា ប្តីប្រពន្ធលោក បានយកអាវរូបលោកបណ្ឌិត កែម ឡី ជាអាវគូស្នេហ៍។
ប៉ុន្តែ ការប្រកាសលក់អាវគូស្នេហ៍នេះ បានធ្វើឱ្យលោក ត្រូវឃ្លាតចាកឆ្ងាយពីភរិយា និងកូនតូចដែលអាយុទើបបានជាង ៨ខែ ព្រោះត្រូវជាប់ឃុំឃាំង មិនដឹងពេលណានឹងរួចពីការចោទប្រកាន់នេះ។ លោកស្រី សុខ ស្រីនិច រៀបរាប់អំពីការចាប់ខ្លួននោះថា ធ្វើឡើងទាំងកម្រោល ដោយបំពានច្បាប់ ដូចគេចាប់ចោរប្លន់ និងធ្វើឡើងដោយភាពអមនុស្ស ព្រោះសមត្ថកិច្ចសម្រុកទៅចាប់លោក គង់ រ៉ៃយ៉ា និងក្រុមគ្រួសារនៅផ្ទះ ទាំងគ្មានដីកាចាប់ខ្លួន និងគ្មានមេត្តាធម៌ចំពោះកូនតូចរបស់លោកស្រី ដែលយំស្រេកឃ្លានចំណី និងទឹកដោះគោ ដែលម្ដាយមិនអាចបញ្ចុកបាន ព្រោះសមត្ថកិច្ចបង្ខំឱ្យឡើងរថយន្តយ៉ាងប្រញាប់៖ «គាត់ចូលផ្ទះខ្ញុំព្រូ ធ្វើសកម្មភាពអូសប្ដីខ្ញុំទៅតែម្តង។ ថានៅក្នុងផ្ទះហ្នឹងមានប៉ុន្មាននាក់? ហើយប្តីខ្ញុំសួរថា បងចុះមកហ្នឹងមានដីកាឬទេ? អត់មានទេ! អត់មានដីកា តែបទល្មើសជាក់ស្តែង! គាត់សួរទៀតថា បទល្មើសជាក់ស្តែងស្អីគេបង? ខាងសមត្ថកិច្ចថា អត់ប្រាប់ទេ! ពេលទៅដល់ហ្នឹង នឹងដឹងហើយ! ពេលនោះក៏ចាប់ទាំងខ្ញុំទៀត ខ្ញុំកំពុងបញ្ចុកបបរកូន បបរកូននៅនឹងមាត់ បញ្ចុកមិនទាន់ទាំងអស់ស្រួលបួលផង! ពេលចាប់ខ្ញុំទៅដែរ ខ្ញុំថាឈប់សិនបង ខ្ញុំសុំបញ្ចុកទឹកកូនខ្ញុំសិន! សមត្ថកិច្ចឆ្លើយថា អត់ទេ! អ៊ីចឹងខ្ញុំសុំបងឯង អនុញ្ញាតឲ្យខ្ញុំបញ្ចុកទឹកដោះគោកូនខ្ញុំសិន! សមត្ថកិច្ចឆ្លើយថាអត់ទេទៀត។ ពេលនោះប្ដីខ្ញុំអង្វរ! ប្តីខ្ញុំថា ឥឡូវបង បងឯងអាណិតខ្ញុំ! អាណិតដល់ក្មេងតូចគ្នាអត់ដឹងអី! បងឯងចាប់តែខ្ញុំបានហើយ។ បងឯងកុំចាប់កូនប្រពន្ធខ្ញុំទៅអី។ ទុកឲ្យពួកគាត់នៅទីនេះ បានមឹមសិនទៅ។ សមត្ថកិច្ចថា អត់ទេ ទៅទាំងអស់គ្នា! រុញប្តីខ្ញុំទៅ អូសប្តីខ្ញុំទៅ សឹងតែងដូចអ្នកទោសហ្មង និយាយរួមដូចអ្នកទោសឧក្រិដ្ឋជនហ្មង។ ប្តីខ្ញុំរកតែពាក់ទ្រនាប់ជើង សឹងមិនទាន់ផង! អូសកក្របួចប្តីខ្ញុំទៅ។ និយាយរួមចាប់ក្រៀកកគាត់ទៅ»។
លោកស្រីបន្ថែមថា លោក គង់ រ៉ៃយ៉ា ស៊ាំនឹងការធ្វើទុក្ខបុកម្នេញនេះ ហើយលោកស្រីសរសើរភាពរឹងប៉ឹងរបស់ស្វាមី ដែលទោះជាក្នុងស្ថានការណ៍បែបនេះ ក៏នៅតែបង្ហាញស្នាមញញឹម មិនទន់ជ្រាយ ឬតក់ស្លុតសូម្បីតែបន្តិច។ ប៉ុន្តែ លោកស្រីឈឺចាប់ និងអាណិតស្វាមីខ្លោចចិត្ត ដែលត្រូវបង្ហូរទឹកភ្នែកជាលើកដំបូង តាំងពីរៀបការជាមួយលោកស្រី គឺដោយសារតែខឹង និងមិនអាចស៊ូទ្រាំ បានចំពោះទង្វើរបស់សមត្ថកិច្ច ដែលគ្មានធម៌មេត្តាចំពោះកូនតូចរបស់លោកស្រី ដែលមិនទាន់ដឹងក្តីបែបនេះ៖ «ប្ដីខ្ញុំអត់ដែលស្រក់ទឹកភ្នែកទេ! ពេលគេអូសទៅដល់ស្នងការ គាត់ស្រក់ទឹកភ្នែក ព្រោះធម្មតាគាត់ក្លាហានណាស់ គាត់អត់ស្រក់ទឹកភ្នែកងាយៗ ទេ តែគាត់អាណិតកូនគាត់ ដែលធ្វើរំលោភសិទ្ធិកូនគាត់ អាយុមិនទាន់គ្រប់មួយខួបផង អត់ឲ្យកូនគាត់មឹម ហើយ គេអត់ឲ្យយកទឹកមកតាមខ្លួនទៀត»។
អ្វីដែលលោកស្រីរឹតតែស្រណោះខ្លាំងជាងនេះទៅទៀតនោះ គឺការណ៍ដែលកូនតូចរបស់លោកស្រី ខានបានប្រលែងលេងជាមួយឪពុកដូចមុន ដោយសារតែការចាប់ចង ធ្វើឲ្យឪពុកនិងកូន ត្រូវបែកគ្នានេះ៖ « ស្រណោះបំផុត គឺស្រណោះកូនខ្ញុំ ដែលវានៅតូចណាស់! វាស្រលាញ់ឳវា នឹកឳវា! វាធ្លាប់នៅក្បែរឳវា! ខ្ញុំឈឺចាប់ដែលឃើញគាត់ព្រាត់ប្រាសពីឳពុករបស់គាត់អ៊ីចឹង!»។
ទោះជាយ៉ាងនេះក្ដី លោកស្រីក៏បង្ហាញស្មារតីរឹងប៉ឹង របស់លោកស្រី ដែលមិនចុះញ៉មចំពោះការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ មកលើគ្រួសារលោកស្រីឡើយ។ លោកស្រី សុខ ស្រីនិច បញ្ជាក់ថា លោកស្រីរឹងមាំគ្រប់គ្រាន់ហើយ សុំកុំឱ្យលោក គង់ រ៉ៃយ៉ា បារម្ភអ្វី ព្រោះលោកស្រី ក៏មិនតក់ស្លុតនោះដែរ ចំពោះបញ្ហាទាំងអស់នេះ។ ដោយមិនជឿលើប្រព័ន្ធយុត្តិធម៌កម្ពុជា លោកស្រីយកការបន់ស្រន់ជំនួស ដោយបួងសួងសុំឱ្យលោក គង់ រ៉ៃយ៉ា កុំមានគ្រោះថ្នាក់អ្វីឱ្យសោះ ហើយលោកស្រី និងកូនប្រាជ្ញានៅរង់ចាំរហូត។ លោកស្រីថា លោកស្រីចាំមិនភ្លេចលុះថ្ងៃស្លាប់ លោកស្រីឈឺចាប់ណាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។