កង​រាជ​អាវុធ​​នៅ​​ខេត្ត​​ព្រះសីហនុ​​បញ្ជូន​​​ពលរដ្ឋ​ និង​អ្នកកាសែត​រង​ការ​ចោទ​​​ក្នុង​​ករណី​​​ជម្លោះ​​​ដី​ធ្លី​​ទៅ​​តុលាការ

0:00 / 0:00

កង​រាជ​អាវុធហត្ថ​​ខេត្ត​ព្រះសីហនុ សម្រេច​បញ្ជូន​ពលរដ្ឋ ៥​នាក់ និង​កាសែត​ពីរ​នាក់ ទៅ​សាកសួរ​​បន្ត​​នៅ​​​តុលាការ​​​ខេត្ត​​ព្រះសីហនុ​​ នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា​។ នេះ​ជា​ថ្ងៃ​ទី​៣ នៃ​ការ​ឃុំខ្លួន បន្ទាប់​ពី​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ពួកគេ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ក្នុង​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ឈ្មួញ​ជា​ឧកញ៉ា។

ប្អូនប្រុស​ចាងហ្វាង​កាសែត TN គឺ​លោក​ កែវ រដ្ឋា ប្រាប់​អាស៊ីសេរី​ថា បងប្រុស​របស់​លោក គឺ​លោក កែវ រដ្ឋា និង​មនុស្ស ​៦​នាក់​ផ្សេង ​ត្រូវ​កងរាជអាវុធហត្ថ​បញ្ជូន​ខ្លួន​ទៅ​សាកសួរ​នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅ​សៀ​ល​ថ្ងៃ​ទី​២១ ខែ​កក្កដា។ លោក​​ថា ពេលនេះ​លោក​មិនទាន់​អាច​ដឹង​បាន​ថា សមត្ថកិច្ច​នឹង​ចាត់វិធានការ​អ្វី​ទៀត​នោះ​ទេ​។ លោក កែវ រដ្ឋា ស្នើ​ទៅ​សមត្ថកិច្ច​ឱ្យ​ដោះលែង​បងប្រុស​លោក​វិញ​ព្រោះ​លោក​យល់ថា តួនាទី​សារព័ត៌មាន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ភាគី​ជម្លោះ​ដីធ្លី​នោះ​ឡើយ៖ «សម្រាប់​ខ្ញុំ​យល់ថា គួរ​មានការ​ផ្ដល់​ផលប្រយោជន៍​អី​ដល់​ពួកគាត់ ​ (​ ពលរដ្ឋ​ )​ ខ្លះ​ទៅ អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​តំបន់​ហ្នឹង​អ្នកណា​ក៏​ដឹង​ថា ពួកគាត់​បាន​កាន់កាប់​ដី​នោះ​តាំងពី​យូរ​ណាស់​មក​ហើយ ផ្ដល់​ដំណោះស្រាយ​ឱ្យ​ពួកគាត់​បាន​ផល​ប្រយោជន៍​​ខ្លះ​​ទៅ គឺ​ចប់​ហើយ​ព្រោះ​ដី​នេះ​ជួល​បាន​ថ្លៃ​លើស​មុន​រាប់​សិប​ដង»។

សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ស្រង់​សំដី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ មក​ចុះផ្សាយ​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ និង​អ្នកកាសែត​នេះ គឺ​ពាក់ព័ន្ធ​បទល្មើស​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​។

មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​នឹង​ឈ្មួញ​មានអំណាច គឺ​ពលរដ្ឋ​ទន់ខ្សោយ​តែង​តែ​រងគ្រោះ និង​ចាញ់​បណ្ដឹង​ឈ្មួញ នៅ​តុលាការ​។ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា តុលាការ​នឹង​ចោទប្រកាន់​ពលរដ្ឋ និង​អ្នកកាសែត តាម​ចោទ​ប្រកាន់​​របស់​​កងរាជអាវុធហត្ថ។

អ្នក​សម្របសម្រួល​សមាគម​ អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធា​រី ប្រាប់​ថា អ្នកស្រី​នឹង​តាមដាន​ដំណើររឿង​ដោយ​ចិត្ត​ទុកដាក់៖ «ឥឡូវ​ហ្នឹង​គេ​បន្ត​សាកសួរ​គេ​អត់​ទាន់​ឱ្យ​ចេញ​មកវិញ​ទេ​ចូល​សាកសួរ​ជាង​មួយ​ម៉ោង​ហើយ ខ្ញុំ​ស្នើ​ទៅ​ខាង​តុលាការ​ឬ​ខាង​អាវុធហត្ថ សូម​មេត្តា​ស៊ើប​ឱ្យ​បាន​ច្បាស់លាស់ ព្រោះ​ថា​នេះ​ជា​រឿង​យល់​ច្រឡំ​ព្រោះ​តួនាទី​របស់​គាត់​ត្រឹម​ជា​អ្នក​សារព័ត៌មាន​ទេ»។

អាស៊ីសេរី​បាន​សុំ​ការ​បំភ្លឺ​ពី​ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ ប៉ុន្តែ​លោក​ប្រាប់​ថា លោក​មិនមែន​ជា​អ្នកនាំពាក្យ​ទៀត​ទេ​ដោយ​បង្វែង​សំនួរ​ទៅ​អ្នកនាំពាក្យ​ថ្មី​។ អាស៊ីសេរី​បាន​ហៅ​ទៅកាន់​អ្នកនាំពាក្យ​ថ្មី គឺ​លោក លឹម ប៊ុនហេង ជា​ច្រើនដង​ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​មេបញ្ជាការ​កងរាជអាវុធហត្ថ លោក ហេង ប៊ុនទី បាន​បញ្ជា​កម្លាំង​ចាប់​ពលរដ្ឋ​ប្រាំ​នាក់ ក្នុង​នោះ​ស្រី​បួន​នាក់ និង​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ លោក ហ៊ុន សុខា និង​ចាងហ្វាង​កាសែត TN លោក កែវ រតនា ក្នុង​ករណី​ជម្លោះដីធ្លី​រ៉ាំរ៉ៃ ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ។ អ្នក​សម្របសម្រួល​សមាគម​ អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធារី ប្រាប់​ថា ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ និង​អ្នកកាសែត​នេះ កើតឡើង​នៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខណៈ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ជាមួយ​ឧកញ៉ា ខូវ សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និង​ជា​កូន​ប្រសា​ឧកញ៉ា ថេង ប៊ុនម៉ា ហើយ​រហូត​មក​ដល់​ពេល​នេះ លោក ខូវ សម្បត្តិ ជួល​ដី​មាន​ជម្លោះ​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​។ ការ​ចាប់ខ្លួន​នេះ​ដោយ​ភាគី​លោក ខូវ សម្បត្តិ និង​ក្រុមហ៊ុន​ចិន ចោទ​ប្រកាន់​ពលរដ្ឋ​ថា រារាំង​មិន​ឱ្យ​យក​គ្រឿងចក្រ​របស់​ខ្លួន​ចូល​កន្លែង​ដី​មាន​ទំនាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។