អ្នកច្បាប់លើកឡើងថា ករណីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លួចថតសំឡេងលោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ហើយយកទៅផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២៦ តុលានោះគឺជាអំពើខុសច្បាប់។ ទន្ទឹមគ្នានេះ រដ្ឋធម្មនុញ្ញកម្ពុជាបានបញ្ជាក់ថា ពលរដ្ឋគ្រប់រូបត្រូវបានធានាការពារអាថ៌កំបាំងនៃការឆ្លើយឆ្លងដោយការនិយាយសន្ទនាតាមទូរស័ព្ទ តាមលិខិត តាមសារទូរលេខ ទូរពុម្ព និងទូរគមនាគមន៍។
ប្រធានក្រុមមេធាវីអមរិន្ទ លោក សុក សំអឿន ប្រាប់អាស៊ីសេរីថា ការសន្ទនារបស់ប្រជាពលរដ្ឋចាត់ទុកជារឿងអាថ៌កំបាំង មិនអាចជនណាម្នាក់លួចថតឬលបស្លាប់សំឡេងការសន្ទនាឯកជនតាមអំពើចិត្តបានឡើយ។
លោកបញ្ជាក់ថា ករណីដែលលោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន លបថតសំឡេងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង គឺលោក ហូរ វ៉ាន់ យកទៅផ្សព្វផ្សាយជាសាធារណៈជារឿងមិនត្រឹមត្រូវនោះឡើយ។ លោកអះអាងថា ការថតសំឡេងជនណាម្នាក់អាចធ្វើទៅបានលុះត្រាតែមានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ក្នុងពេលដែលមានការសង្ស័យជនណាម្នាក់ដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ។ លោកមេធាវី សុក សំអឿន បន្ថែមថា ថ្វីត្បិតតែមានការអនុញ្ញាតហើយក៏ដោយ ក៏មានតែមន្ត្រីនគរបាលទេ ដែលមានសិទ្ធិអាចថតសំឡេងនោះបានមិនមែនចេះលបថតសំឡេងការសន្ទនារបស់ពលរដ្ឋតាមចិត្តដូចលោក ហ៊ុន សែន លបថតសំឡេងលោក ហូរ វ៉ាន់ យកមកផ្សព្វផ្សាយឡើយ៖ «ពីព្រោះដល់អីចឹងទៅធ្វើឱ្យមនុស្សយើងម្នាក់ៗ បារម្ភភ័យខ្លាច ដូចយើងសម័យអាពត អីចឹង។ សម័យ ប៉ុល ពត គេអត់មានទូរស័ព្ទទេ គេឱ្យឈ្លបលបតាមដានយើង ដល់អីចឹងទៅយើងបារម្ភយើងភ័យ។ និយាយរួមទៅ ព្រួយបារម្ភថា អត់មានសិទ្ធិសេរីភាព ធម្មតាយើងមានសិទ្ធិសេរីភាពក្នុងការនិយាយស្ដីអី ដល់យើងដឹងថា ការនិយាយរបស់យើងអាចត្រូវគេលបស្ដាប់ ដល់អីចឹងយើងម្នាក់ៗ យើងបារម្ភវាភ័យខ្លាចយើងអត់ហ៊ាននិយាយអីចឹង » ។
កាលពីថ្ងៃទី២៦តុលា មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានចាក់ខ្សែអាត់សំឡេងរបស់លោក ហូរ វ៉ាន់ ដែលកំពុងសន្ទនាតាមទូរស័ព្ទជាមួយកូនចៅរបស់ខ្លួនក្នុងពេលពន្យល់អំពីការចូលរួមតវ៉ាដោយសន្តិវិធីនៅមុខស្ថានទូតចិនប្រចាំនៅក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ តុលា។ បន្ថែមពីនេះលោក ហ៊ុន សែន ក៏បានយកខ្សែអាត់សំឡេងរបស់មន្ត្រីបក្សប្រឆាំងរូបនេះ ដែលក្រុមរបស់លោកលបថតបាននោះយកផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេងដោយបានប្រើភាសាអសុរោះ នៅចំពោះមុខមន្ត្រីការទូតបរទេស និងប្រជាពលរដ្ឋរាប់ពាន់នាក់ទៀតផង៖ «អាវ៉ាន់ អ្ហែងស្ដាប់ឮសំឡេងអាអ្ហែងទេ? អាអ្ហែងប្រាប់ថា អាហ្នឹងជាច្បាប់អន្តរជាតិ អាអ្ហែងចេះច្បាប់អន្តរជាតិដែរតើ។ អ៊ីចឹងអាអ្ហែងជាមេចោរអញចាប់កូនចោររឿងអីខុស។ អញប្រាប់ អានេះបំផ្លាញហ្មង ព្រឹត្តិការណ៍អីក៏វាឆ្លៀតដែរ ហើយឆ្លៀតម្ដងនេះ គឺវាមិនមែនទាមទារសិទ្ធិឯណា វាទាមទារឱ្យដកកងទ័ពចិនចេញពីស្រុកខ្មែរ ក្នុងពេលដែលអត់មានកងទ័ពចិនសោះ។ ចិនវិនិយោគមានចិនអ្នកបច្ចេកទេសមានក៏ជាប្រទេសដទៃកំពុងមានដែរ ក៏ដូចគ្នាដែរ។ អាអ្ហែងកុំនឹកស្មានថា អាអ្ហែងបញ្ជាតាមហ្ស៊ូម (Zoom) ឬបញ្ជាតាមអីគេយកមិនបាននោះអាអ្ហែង » ។
កន្លងទៅប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏ត្រូវគេលូចថតសំឡេងដែរ ដូចជាខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទរវាងលោកនិង លោក ហ៊ុន សែន ដែលត្រូវបានម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ សីហា បង្ហោះលើបណ្ដាញសង្គម ដែលលោកហ៊ុន សែនបានព្យាយាមជំរុញឲ្យលោក កឹម សុខា វាយប្រហារលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងមានមនុស្សមួយចំនួនទៀត ក៏ត្រូវបានរបបឯកបក្សលូចថតសំឡេង និងយកទៅផ្សព្វផ្សាយជាសាធារណៈដែរ ហើយអាជ្ញាធរមិនទាន់ចាប់ជនណាម្នាក់មកផ្ដន្ទាទោសនៅឡើយទេ រួមទាំងលោក ហ៊ុន សែន ផង។
ទាក់ទងនឹងបញ្ហានេះ ទីប្រឹក្សាអង្គការខុមហ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា មេដឹកនាំរបបឯកបក្សលបថតសំឡេងអ្នកដទៃយកទៅចាក់ផ្សាយបែបនេះ គឺជាទង្វើខុសច្បាប់ និងជាការពានលើសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ៖ «ធម្មតារឿងការទាក់ទងរឿងឯកជនគេមានការប្រុងប្រយ័ត្នគេត្រូវការឱ្យមានអនុញ្ញាតពីតុលាការមានអីមក ដើម្បីឱ្យប្រមូលភស្តុតាងប្រមូលអីបានគេធ្វើបាន។ ប៉ុន្តែនេះយើងគ្រាន់តែអ្នកមានអំណាចជាអ្នកនយោបាយជាអ្នកអីហ្នឹងយើងមិនអាចទៅថតគេមុនអីបានទេ មែនទែនទាល់តែមានរឿងហើយ បានគេឱ្យតុលាការហ្នឹងទៅស៊ើបអង្កេត ទៅប្រមូលភស្តុតាង » ប៉ុន្តែគេមិនអាចទៅថតមុនរឿងឯកជនរបស់ប្រជាពលរដ្ឋអីចឹងបានទេ » ។
រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស មាត្រា៤០ មិនត្រឹមតែការពារពលរដ្ឋកម្ពុជា គ្រប់រូបពីការលបថតសំឡេងនិយាយសន្ទនាតាមទូរស័ព្ទរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាការពារអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមនាគមន៍របស់គាត់ទៀតផង។
រីឯច្បាប់ស្ដីពីទូរគមនាគមន៍បញ្ជាក់យ៉ាងច្បាស់ថា ទាំងអ្នកលបថតសំឡេងគេ ទាំងអ្នកយកសំឡេងលបថតនោះទៅផ្សព្វផ្សាយ ត្រូវមានទោសស្មើគ្នា។
មាត្រា៩៧ ចែងថា «ការលបស្ដាប់ ឬការលបថតការសន្ទនាដោយការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ ដោយបុគ្គលដែលពុំមែនជាភាគីនៃការសន្ទនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងទទួលពិន័យជាប្រាក់ពី ១សែនរៀលទៅ ២លានរៀល។ បញ្ញត្តិកថាខណ្ឌទី១ ខាងលើនេះ មិនត្រូវយកមកអនុវត្តទេ ក្នុងករណីដែលការស្ដាប់ ឬការថតការសន្ទនានោះ ធ្វើឡើងដោយមានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ឬដោយមានការអនុញ្ញាតពីអាជ្ញាធរធម្មានុរូប»។
ចំណែកអ្នកយកសំឡេងលបថតនោះទៅផ្សព្វផ្សាយ ក៏មានទោសជាប់ពន្ធនាគារដែរ។ មាត្រា៩៧ នៃច្បាប់ស្ដីពីទូរគមនាគមន៍ដដែលចែងថា «ត្រូវផ្ដន្ទាទោសដូចគ្នាចំពោះការផ្សព្វផ្សាយខ្លឹមសារនៃការសន្ទនា ដោយពុំបានទទួលសិទ្ធិស្របច្បាប់ពីភាគីនៃការសន្ទនា ឬពីអាជ្ញាធរធម្មានុរូប ឬពីបទដ្ឋានគតិយុត្តិជាធរមាន»។
ទាក់ទងនឹងរបបលោក ហ៊ុន សែន លបថតសំឡេង ហើយព្រមានដល់ប្រពន្ធលោក ហូរ វ៉ាន់ និងសកម្មជនបក្សប្រឆាំងនេះ នៅថ្ងៃទី២៧ តុលា គណបក្សសង្គ្រោះជាតិ បានលិខិតសម្ដែងការព្រួយបារម្ភអំពីសុវត្ថិភាពគ្រួសាររបស់មន្ត្រីជាន់ខ្ពស់គណបក្សនេះ ដែលកំពុងរស់នៅកម្ពុជា បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសព្រមានចាត់វិធានការលើពួកគេកាលពីថ្ងៃទី២៦ តុលា។ កន្លងទៅមានសកម្មជនគណបក្សប្រឆាំងចំនួន ១៩រូបនេះហើយ ត្រូវបានជនអនាមិកលួចវាយដោយដំបង និងដុំថ្ម បណ្ដាលឱ្យពួកគេរងរបួសធ្ងន់ ហើយរហូតមកទល់ថ្ងៃទី២៧ តុលា អាជ្ញាធរមិនទាន់ចាត់ជនល្មើសផ្ដន្ទាទោសបាននៅឡើយទេ។ គណបក្សប្រឆាំងអំពាវនាវសុំឱ្យអង្គការជាតិ និងអន្តរជាតិតាមឃ្លាំមើលសន្តិសុខ និងសុវត្ថិភាពរបស់ក្រុមគ្រួសារពួកគេដែលរងការគំរាមកំហែងនោះ ហើយប្រសិនបើពួកគេរងគ្រោះដោយប្រការណាមួយជាការទទួលរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។