លោក​មេធាវី​ សំ សុគង់ ថា ការ​ចាត់​តាំង​មេធាវី​នៅ​កៀក​ថ្ងៃ​សវនាការ គឺ​ជា​ការ​ធ្វើ​គ្រាន់​តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ

0:00 / 0:00

មេធាវី​ការពារ​ក្ដី​ឲ្យ​សមាជិក និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សំ សុគង់ ថា ការណ៍​ដែល​គណៈ​មេធាវី​កម្ពុជា ទើប​តែ​ប្រញាប់ប្រញាល់ ចាត់តាំង​មេធាវី​នៅ​កៀក​ថ្ងៃ​សវនាការ គឺ​ជា​ការ​ធ្វើ​គ្រាន់​តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ គឺ​មិន​អាច​ការពារ​សិទ្ធិ និង​រក​​យុត្តិធម៌​ជូន​កូន​ក្តី​ ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ។

ប្រតិកម្ម​របស់​លោក​មេធាវី សំ សុគង់ ធ្វើឡើង​ ក្រោយ​គណៈមេធាវី​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៤ ខែវិច្ឆិកា បាន​ប្រកាស​ចាត់តាំង​មេធាវី​ស្ម័គ្រចិត្ត​ ៦ រូប ដើម្បី​ការពារ​ក្ដី​ជន​ជាប់​ចោទ ដោយ​មិន​យក​ប្រាក់​កម្រៃ ​ក្នុង​សំណុំរឿង​រួម​គំនិត​ក្បត់ និង​ញុះញង់ ដែល​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា។ មេធាវី​តែ​ត្រូវ​បាន​ចាត់តាំង ឲ្យ​ជួយ​សកម្មជន​គណបក្ស​ប្រឆាំង ទាំង​នេះ​រួម​មាន លោក មេធាវី យុង ផានិត លោក​ស្រី​មេធាវី ស៊ិន សុវ៉ន លោក​មេធាវី ឆែ វិបុល លោក​មេធាវី ជុំ អ៊ៀក លោក​មេធាវី ញ៉ ញេន និង​កញ្ញា​មេធាវី លី រតនា។

ប៉ុន្តែ ការ​ចាត់​តាំង​មេធាវី នៅ​កៀក​ថ្ងៃ​សវនាការ​បែប​នេះ រង​ការ​រិះគន់​ថា មិន​មែន​ធ្វើ​ដើម្បី​ប្រយោជន៍​ការពារ​សិទ្ធិ និង​យុត្តិធម៌​ជូន​កូន​ក្ដី​នោះ​ទេ។ លោក​មេធាវី សំ សុគង់ ដែល​កំពុង​ការពារ​ក្ដី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ដើម​រៀង​មក​ថា ក្នុង​រឿង​ក្តី​នីមួយៗ ជាពិសេស រឿង​ក្ដី​ព្រហ្មទណ្ឌ ដែល​មាន​ស្ថាន​ទម្ងន់​ធ្ងន់​បែប​នេះ តម្រូវ​ឲ្យ​មេធាវី និង​កូនក្តី មាន​ពេល​វេលា​គ្រប់គ្រាន់ ដើម្បី​សិក្សា​សំណុំ​រឿង និង​ជួប​ពិគ្រោះ​យោបល់​គ្នា ដូច​ជា យល់​ដឹង​អំពី​អង្គហេតុ​ស៊ី​ជម្រៅ និង​យល់​ពី​ឆន្ទៈ​របស់​កូន​ក្ដី ដើម្បី​ត្រៀម​ការពារ​ក្ដី​ឲ្យ​បាន​ត្រឹមត្រូវ មិនមែន​ធ្វើ​ទាំង​ប្រថុចញ៉ុច​ដូច្នេះ​នោះ​ទេ។ លោក​ថា មេធាវី​ទាំង ៦នាក់ ​ដែល​គណៈមេធាវី​ចាត់តាំង​មក​នេះ ​អត់​ដែល​បាន​សួរ​កូន​ក្ដី​ម្ដង​ណា​ទេ ហើយ​កាន់​រឿង​ក្ដី​ ដែល​មិន​មាន​ការ​ជួប​ពិគ្រោះ​កូន​ក្ដី​បែប​នេះ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​ជាប់​ចោទ​យ៉ាង​ដំណំ៖ «បើកាលណា​គាត់​ការពារ​ក្ដី មិន​បាន​ជួប​ពិគ្រោះ​យោបល់​ផ្លូវ​ច្បាប់​ ទាក់ទង​នឹង​សិទ្ធិ​របស់​កូន​ក្ដី​ហ្នឹង វា​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួកគាត់​ ជាពិសេស​គឺ​ការ​ការពារ​ក្ដី​ហ្នឹង គ្រាន់តែ​ជា​ការពារ​បង្គ្រប់​កិច្ច។ វា​មិនបាន​យកចិត្ត​ទុកដាក់ មិន​បាន​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ទាំង​អស់ ដែល​មិន​មែន​ជាប់​ចោទ​ក្នុង​មជ្ឈិម​ធម្មតា​ទេ គឺ​ជា​បទ​ឧក្រិដ្ឋ​ដែល​មានកម្រិត​ទោស​ធ្ងន់ ហើយ​វា​ប៉ះពាល់​នឹង​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​ពួគ​គាត់​ទៀត។ អ៊‍ីចឹង​វា​ប៉ះពាល់​ទៅ​ដល់​នីតិវិធី​ផង ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ ដែល​ត្រូវ​បាន​ទទួល​បាន​នូវ​សិទ្ធិ​មួយ ហៅ​ថា​សិទ្ធិ​​ទួល​បាន​នូវ​សវនាការ​មួយ​ត្រឹមត្រូវ និង​យុត្តិធម៌ និង​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ផង​ដែរ»

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈមេធាវី ការ​ចាត់​តាំង​នេះ ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​គោល​បំណង​ការពារ​សិទ្ធិ​ជន​ជាប់​ចោទ ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។ គណៈមេធាវី​អះអាង​ថា ការ​ចាត់តាំង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ទទួល​សំណុំ​រឿង​ព្រហ្មទណ្ឌ ហើយ​មេធាវី​ទាំង ៦ នាក់​នោះ សុទ្ធតែ​បាន​សិក្សា ពិភាក្សា និង​រៀបចំ​មធ្យោបាយ​ការពារ​ក្តី តាម​វិធាន​វិជ្ជាជីវៈ​មេធាវី យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក មេធាវី សំ សុគង់ ដែល​ធ្លាប់​ការពារ​ក្ដី​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​បច្ចុប្បន្ន​កំពុង​ការពារ​ក្ដី ឲ្យ​ប្រធាន​ស្ដីទី​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​នៃ​បក្ស​ប្រឆាំង​នេះ​ដែរ​ថា កូន​ក្ដី​ជា​ច្រើន នៅ​តែ​ចង់​ពឹង​ពាក់​លោក ឲ្យ​ជួយ​ការពារ​ក្ដី ពួកគាត់ ដោយ​មិន​ចង់​បាន​មេធាវី ដែល​ចាត់តាំង​ដោយ​គណៈមេធាវី​នោះ​ឡើយ ព្រោះ​ពួក​គាត់​ចង់​ប្រើប្រាស់​សិទ្ធិ​មាន​មេធាវី​ខ្លួន​ឯង ដែល​មាន​ចែង​ក្នុង​ច្បាប់៖ «មកដល់ពេលនេះ ពួកគាត់​ដែល​អត់​មាន​មេធាវី​ ភាគច្រើន​គាត់​មក​ពឹង​ពាក់​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ជួយ​ការពារ​គាត់។ អ៊ីចឹង​ការណ៍​ដែល​គាត់​មក​ពឹង​ពាក់​ខ្ញុំ​ហ្នឹង​ គាត់​ចង់​បង្ហាញ​អំពី​ឆន្ទៈ​គាត់​ ចង់​រក​មេធាវី​ដោយ​ខ្លួនឯង ​អត់​ត្រូវការ​មេធាវី​ចាត់​តាំង​ពី​តុលាការ​ ឬ​ការ​បញ្ជូន​ពី​គណៈមេធាវី​នោះ​ទេ។ ការ​រក​មេធាវី​ដោយ​ខ្លួន​ឯង ក៏​មាន​បញ្ញត្តិ​ក្នុង​ច្បាប់​ដែរ»

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​គណៈមេធាវី​កម្ពុជា ដឹក​នាំ​ដោយ​មេធាវី​រដ្ឋាភិបាល​គឺ​ លោក លី ច័ន្ទ​តុលា បាន​ចាត់តាំង​មេធាវី​ ឲ្យ​ការពារ​ក្ដី​សមាជិក និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ឥត​យក​ប្រាក់។ លោក លី ច័ន្ទ​តុលា រួម​ជាមួយ​លោក គី តិច បាន​ការពារ​របប​ក្រុង​ភ្នំពេញ ​ក្នុង​សំណុំ​រឿង​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សំណុំ​រឿង​ចោទ​ប្រកាន់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ជា​ច្រើន​ទៀត។

អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​គណៈ​មេធាវី​កម្ពុជា និង​មេធាវី​ទាំង​ប្រាំ​មួយ​រូប ដែល​ត្រូវ​បាន​ចាត់តាំង​នោះ​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ស្អែកនេះ មាន​សកម្មជន អ្នកគាំទ្រ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាងហោចណាស់ ១២៥ នាក់ ត្រូវ​បាន​តុលាការ​កោះហៅ ឲ្យ​ចូល​បំភ្លឺ​ក្នុង​ករណី​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់ ដោយសារ​តែ​អ្នក​ទាំង​នោះ គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ ២០១៩ របស់​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។ ដំណើរ​មាតុភូមិ​និវត្តន៍​នោះ មិន​បាន​សម្រេច​ទេ ដោយសារ​តែ​លោក ហ៊ុន សែន បាន​រារាំង​ពួក​គេ​មិន​ឱ្យ​ចូល។

លោក សំ សុគង់ ប្រាប់​អាស៊ី​សេរី ថា​សូម្បី​តែ​លោក​កាន់​សំណុំរឿង​នេះ ជា​យូរ​មក​ហើយ​ក្ដី​ ក៏​លោក​នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​ការពារ​ក្ដី​ឲ្យបាន​ត្រឹមត្រូវ ព្រោះ​សំណុំ​រឿង​ស្មុគស្មាញ និង​ត្រូវ​ការ​ពេល​វេលា​ច្រើន ចុះ​ទម្រាំ​មេធាវី​ដែល​គណៈមេធាវី​ចាត់តាំង​ឲ្យ​ការពារ​ក្តី ត្រឹម​តែ​ពីរ​ថ្ងៃ​មុន​ថ្ងៃ​សវនាការ​នោះ?៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។