អង្គការ​ជាតិ និង​អន្តរជាតិ​ស្នើ​ឱ្យ​របប​ភ្នំពេញ​លុបចោល​បទ​ញុះញង់​ចេញ​ពី​ក្រមព្រហ្មទណ្ឌ

0:00 / 0:00

អង្គការ​ជាតិ និង​អន្តរជាតិ​អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន លុប​ចោល ឬ​កែប្រែ​បទ​ចោទ​ញុះញង់ ដែល​មាន​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ ដើម្បី​ឱ្យ​ស្រប​នឹង​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​។ សំណើ​នេះ ធ្វើឡើង​ដោយសារ​បទ​ញុះញង់​នេះ កំពុង​ក្លាយ​ជា​ឧបករណ៍​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់ និង​សំឡេង​ប្រឆាំង​នៅ​កម្ពុជា។

មូលនិធិ​ខ្លូនី​ដើម្បី​យុត្តិធម៌ (Clooney Foundation for Justice) ដែល​ជា​អង្គការ​តស៊ូ​មតិ​ផ្នែក​ច្បាប់ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ពិនិត្យ​ឃើញ​ថា អាជ្ញាធរ​កម្ពុជា​កំពុង​ប្រើប្រាស់​បទ​ចោទ​ញុះញង់ រំលោភ​លើ​សេរីភាព​បញ្ចេញមតិ​ដែល​មាន​ចែង​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២០ វិច្ឆិកា មូលនិធិ​ខ្លូនី ដើម្បី​យុត្តិធម៌ បាន​លើក​យក​សំណុំរឿង​យុវជន គង់ រ៉ៃយ៉ា មក​វែកញែក អម​ដោយ​ការ​ពន្យល់​ពី​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​។ អាជ្ញាធរ​បាន​ចាប់ខ្លួន​យុវជន គង់ រ៉ៃយ៉ា និង​ចោទប្រកាន់​រូបគេ​ពី​បទ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” បន្ទាប់ពី​យុវជន​រូប​នេះ​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​រូបភាព និង​ទស្សនៈ​បណ្ឌិត កែម ឡី​។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​គង់ រ៉ៃយ៉ា ឱ្យ​ជាប់ពន្ធនាគារ​២ ឆ្នាំ ដោយ​អនុវត្ត​ទោស​ជាង​៤ ខែ ចំណែក​ទោស​នៅសល់​ត្រូវ​ព្យួរ។

អតីត​រដ្ឋអាជ្ញា​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​យូហ្គោស្លាវី (ICTY) និង​ជា​មន្ត្រី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​របស់​គណៈមេធាវី​សហរដ្ឋអាមេរិក លោក អាធើរ ទ្រែលឌី (Athur Traldi) មាន​ប្រសាសន៍ថា ការ​កាត់ទោស​នេះ​មិន​មាន​បង្ហាញ​ភស្តុតាង​ណាមួយ​ដែល​ថា ជនជាប់ចោទ​មាន​បំណង​ញុះញង់​បុគ្គល​ណា​ម្នាក់​ឱ្យ​ចូលរួម​ក្នុង​អំពើ​ល្មើសច្បាប់​ឡើយ ហើយក៏​មិន​បាន​បង្ហាញ​ថា តើ​ការ​ផ្សព្វផ្សាយ​លក់​អាវយឺត​របស់​គាត់ ឬក៏​អាវយឺត​នោះ អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ណាមួយ​នោះ​ដែរ​។ លោក​វាយតម្លៃ​ថា យុវជន គង់ រ៉ៃយ៉ា ជាប់ទោស ដោយសារតែ​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ​របស់​ខ្លួន​តែប៉ុណ្ណោះ។

សំណុំរឿង​យុវជន គង់ រ៉ៃយ៉ា មិនមែន​ជា​ករណី​ដោយឡែក​នៃ​ការ​ប្រើប្រាស់​បទ​ញុះញង់ ដើម្បី​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នោះ​ទេ​។ អាជ្ញាធរ​បាន​ប្រើប្រាស់​បទ​ញុះញង់​នេះ ដើម្បី​ចោទ​ប្រកាន់ និង​កាត់ទោស​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន អ្នកសារព័ត៌មាន និង​មន្ត្រី​គណបក្ស​ប្រឆាំង​រហូតដល់​រាប់​រយ​នាក់​ឯណោះ​។ ជា​ឧទាហរណ៍ ការ​ចាប់ខ្លួន​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន និង​ក្រុម​សកម្មជន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៣ ខែ​ចុង​ក្រោយនេះ គឺ​អាជ្ញាធរ​ប្រើ​តែ​បទ​ចោទ​ញុះញង់ ស្រប​ពេល​សមាជិក​បក្ស​ប្រឆាំង​យ៉ាងហោចណាស់​១២៥ នាក់ នឹង​ត្រូវ​តុលាការ​បើក​ការ​ជំនុំជម្រះ​នៅ​ពេល​ឆាប់ៗ​ខាងមុខ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់ និង​រួមគំនិត​ក្បត់។

មូលនិធិ​ខ្លូនី​ដើម្បី​យុត្តិធម៌ គូសបញ្ជាក់​ថា បទ​ញុះញង់​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ មាត្រា​៤៩៥ នោះ មិន​ត្រូវ​បាន​តាក់តែង ឬ​កំណត់​ឱ្យ​ជាក់លាក់​ឡើយ ដូច្នេះ​វា​រំលោភ​លើ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​បាន​ទទួល​ស្គាល់ និង​សន្យា​អនុវត្ត​តាម​។ អង្គការ​អន្តរជាតិ​ដដែល​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន លុបចោល ឬ​យ៉ាងហោចណាស់​កែប្រែ​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​និង​ធានា​ថា ការចោទប្រកាន់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ចំពោះ​បទ​ញុះញង់​នេះ ត្រូវ​គោរព​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​។​

ឆ្លើយតប​នឹង​រឿង​នេះ ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា អ្នកធ្វើ​របាយការណ៍ ឬ​សេចក្តី​ថ្លែងការណ៍​នេះ មិនមែន​ជា​អ្នកឯកទេស​ដែល​យល់ដឹង​គ្រប់​ជ្រុងជ្រោយ​អំពី​បញ្ហា​កម្ពុជា ហើយ​អាច​ភ័ន្តច្រឡំ​ចំពោះ​ចំណុច​មួយ​ចំនួន​ដោយសារតែ​ការ​បកប្រែ​។ ដូច្នេះ​លោក​ថា រដ្ឋាភិបាល​មិន​ចាប់អារម្មណ៍​នឹង​ការ​លើកឡើង​ទាំង​នេះ​ទេ។

លោក ផៃ ស៊ីផាន អះអាង​ទៀត​ថា ច្បាប់​កម្ពុជា​ស្រប​ទៅ​តាម​របៀប​របប​សង្គម វប្បធម៌ និង​ស្ថានភាព​របស់​កម្ពុជា មិនមែន​ធ្វើតាម​ការ​ចង់​បាន​របស់​អន្តរជាតិ​នោះ​ឡើយ​។ លោក​បន្ថែម​ថា ទោះជា​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​ដល់​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ក៏ដោយ ក៏​មិនមែន​មាន​ន័យ​ថា កម្ពុជា​ត្រូវតែ​អនុវត្ត​តាម​លិខិត​បទដ្ឋាន​អន្តរជាតិ​ទាំងនោះ​ដែរ៖ «​បើ​យើង​និយាយ​ពី​កតិកា​ (​ សញ្ញា​ )​ អន្តរជាតិ អាហ្នឹង​គ្រាន់តែ​ជា​គោលការណ៍​មួយ​ដែល​យើង​គោរព​នឹង​គោលការណ៍​ហ្នឹង​ទេ មិនមែន​ឱ្យ​យើង​អនុវត្ត​តាម​គោលការណ៍​ហ្នឹង​ទេ​។ មើល​ឱ្យ​ច្បាស់​ទៅ​មើល មើល​ឱ្យ​ច្បាស់​ក្នុង​ការ​ចុះហត្ថលេខា​ផ្ដល់​សច្ចាប័ន មើល​ឱ្យ​ច្បាស់​បាន​យើង​អាច​និយាយ​បាន​។ កតិកាសញ្ញា​របស់​អន្តរជាតិ​ហ្នឹង គ្រាន់តែ​ជា​ការ​សម្រេចចិត្ត​មួយ ដើម្បី​កសាង​ទិសដៅ​ទៅដល់​ដូចគ្នា​តែ​អ៊ីចឹង​។ មិនមែន​អា​ហ្នឹង​ជា​ច្បាប់​ទេ​ណា ច្រឡំ​ហើយ។ ច្បាប់ គឺជា​ច្បាប់​មួយ​លើ​ទឹកដី​មួយ មាន​ដែន​សមត្ថកិច្ច​មួយ​ដែល​គេ​អនុវត្ត»។

ផ្ទុយ​ពី​ការ​បកស្រាយ​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​រូប​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​អនុវត្ត​តាម​លិខិត​បទដ្ឋាន​អន្តរជាតិ​ទាំងឡាយ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន ហើយ​ចំណុច​នេះ​មាន​ចែង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា៖ «​ច្បាប់​ដែល​ល្អ ខ្ញុំ​ទទួល​ស្គាល់​ហើយ​ថា វា​ត្រូវ​សិក្សា​តាំងពី​ទំនៀម​ទម្លាប់ ប្រពៃណី តាំងពី​វប្បធម៌ តាំងពី​ស្អី​របស់​ប្រទេស​នីមួយៗ ហើយ​ក្រៅពី​ហ្នឹង គឺ​គួបផ្សំ​ជាមួយ​នឹង​បទដ្ឋាន​អន្តរជាតិ​។ ទោះបីជា​ច្បាប់​ហ្នឹង​ជា​ច្បាប់​កម្ពុជា​ក៏ដោយ ហើយ​ការអនុវត្ត​នៅ​កម្ពុជា​មែន តែ​កុំភ្លេច​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយ​យើង​បាន​ផ្តល់​សច្ចាប័ន​ជាច្រើន​ទៅលើ​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​។ អ៊ីចឹង ច្បាប់​ទាំងឡាយ​ដែល​ចែង​មក ទី​មួយ​ស្របតាម​រដ្ឋធម្មនុញ្ញ ទី​ពីរ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ដែល​យើង​បាន​ផ្តល់​សច្ចាប័ន​ហ្នឹង​»។

រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ចែង​ថា កម្ពុជា​ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ។

អ្នកការពារ​សិទ្ធិ​មនុស្សលោក អំ សំអាត ជឿជាក់​ថា អង្គការ ឬ​អ្នក​ជំនាញ​អន្តរជាតិ បាន​ពិនិត្យ​យ៉ាង​ដិតដល់ និង​មាន​មូលដ្ឋាន​ច្បាស់លាស់ មុននឹង​ចេញ​សេចក្តី​ថ្លែងការណ៍​ណាមួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្ពុជា​។ លោក​បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក​ក៏​ពិនិត្យ​ឃើញ​អាជ្ញាធរ​ប្រើប្រាស់​បទ​ចោទ​ញុះញង់​នេះ ដើម្បី​បង្ក្រាប​លើ​សិទ្ធិ​សេរីភាពរ​របស់​ពល​រដ្ឋ​ដែរ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ធ្វើ​វិសោធនកម្ម​មាត្រា​ស្តីពី​បទ​ចោទ​ញុះញង់​នេះ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។