"ទំនាក់ទំនង​វិជ្ជាជីវៈ​កម្មករ-​ថៅកែ​ក្នុង​វិស័យ​ឧស្សាហកម្ម​ចាស់​ទុំ​ជាង​មុន"

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​តំណាង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល អះអាង​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ថា ស្ថានភាព​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​កម្មករ និង​ថៅកែ ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ចាស់​ទុំ​ជាង​មុន ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ខុស​ពី​ពេល​មុន​ដែល​ការ​ទាមទារ​របស់​កម្មករ​ស្នើ​ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ស្មើ​ច្បាប់ បច្ចុប្បន្ន​ការ​ទាមទារ​គឺ​ស្នើ​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​ច្បាប់។ ក៏ប៉ុន្តែ​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ ស្នើ​ឲ្យ​ភាគី​ក្រុមហ៊ុន រដ្ឋាភិបាល និង​កម្មករ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល អ្នកស្រី ឈីវ ភិរម្យ ថ្លែង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​៧ ស្ដីពី​ទំនាក់ទំនង​វិជ្ជាជីវៈ​ក្នុង​វិស័យ​ឧស្សាហកម្ម ពិសេស​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ និង​ដេរ​ស្បែកជើង​ថា ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​គំរូ​មួយ​សម្រាប់​ប្រទេស​ក្បែរ​ខាង​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ។ នេះ​ដោយសារ​តែ​ភាព​ចាស់ទុំ​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ។

អ្នកស្រី​លើក​ឡើង​ពី​ការ​យល់​ដឹង​ស្ដីពី​ច្បាប់​ការងារ ការ​ថយ​ចុះ​នៃ​ចំនួន​កូដកម្ម ការ​ដោះស្រាយ​ជម្លោះ​ការងារ​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព វត្តមាន​នៃ​ច្បាប់​សហជីព វត្តមាន​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម និង​បេឡា​សន្តិសុខ​សង្គម៖ «ការ​ទាមទារ​មួយ​រយៈ​ក្រោយ បាន​ផ្លាស់ប្ដូរ​រូបរាង​របស់​ខ្លួន​ទៅ​ជា​ការ​ទាមទារ​ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​ច្បាប់។ នេះ​ក៏​បាន​បង្ហាញ​អំពី​ការ​ប្រែប្រួល​ជា​វិជ្ជមាន​នៃ​ឥរិយាបថ​របស់​និយោជក ក្នុង​ការ​សម្រប​ខ្លួន​អនុវត្ត​តាម​ច្បាប់​ស្ដីពី​ការងារ។ វា​ក៏​បាន​បង្ហាញ​អំពី​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ក្រសួង​ការងារ ដែល​មាន​ភារកិច្ច​ចូល​ទៅ​អនុវត្ត​ការ​គោរព​ច្បាប់​នៅ​តាម​មូលដ្ឋាន​នីមួយៗ»

​អ្នកស្រី​បន្ថែម​ថា ច្បាប់​សហជីព​ដែល​ចម្រូងចម្រាស​ទើប​ត្រូវ​ដាក់​ឲ្យ​ចូល​ជា​ធរមាន ក៏​រួម​ចំណែក​បង្ហាញ​ពី​ភាព​ចាស់​ទុំ​ក្នុង​ទំនាក់ទំនង​ការងារ​នៃ​វិស័យ​ឧស្សាហកម្ម​ផង​ដែរ។ អ្នកស្រី​សង្កត់ធ្ងន់​ថា ការ​ចរចា​អនុសញ្ញា​រួម​ពេល​វិវាទ​កាត់​បន្ថយ​ពី​នីតិវិធី ៥០ បូក ១ មក​ត្រឹម ៣០% នៃ​ចំនួន​កម្មករ​សរុប​នៃ​សហគ្រាស​គ្រឹះស្ថាន​នោះ។

ស្រដៀង​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ក្រៅ​ពី​លើក​ចំណុច​វិជ្ជមាន​នៃ​ច្បាប់​សហជីព លោក​ក៏​រំពឹង​ថា ចំនួន​នៃ​បាតុកម្ម​និង​កូដកម្ម នឹង​ថយ​ចុះ​ថែម​ទៀត។ លោក​ថា ភាគី​ទាំង​អស់​នឹង​ចូលរួម​អនុវត្ត​ច្បាប់ និង​ព្រមាន​មិន​លើកលែង​ដល់​អ្នក​រំលោភ​ច្បាប់​នោះ​ទេ៖ «យើង​មិន​លើក​លែង​ទេ អ្នក​ណា​ដែល​ធ្វើ​ខុស​ច្បាប់ បើ​ទោះ​ជា​អ្នក​នោះ​ជា​មន្ត្រី​កម្រិត​ណា​ក៏ដោយ។ អ្នក​ដែល​មិន​ចុះ​បញ្ជិកា​ឲ្យ​សហជីព ដេញ​សហជីព ក៏​មិន​លើកលែង​ឲ្យ​ដែរ។ សហជីព​ដែល​ធ្វើ​ខុស​ក៏​មិន​ឲ្យ​រួច​ខ្លួន​ដែរ ត្រូវ​តែ​ទទួលទោស​ស្មើៗ​គ្នា​ចំពោះ​មុខ​ច្បាប់»

ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១៦ មាន​សហជីព និង​សមាគម​ក្នុង​វិស័យ​ឧស្សាហកម្ម ចុះ​បញ្ជិកា​ជាង ៣.៥០០ (សហជីព​មូលដ្ឋាន ៣.៤៦៩ សហព័ន្ធ​សហជីព ១០៣ សហភាព​សហព័ន្ធ​សហជីព ១៨ និង​សមាគម​និយោជក ៨)។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (Central) លោក មឿន តុលា ទទួល​ស្គាល់​ពី​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ។ ប៉ុន្តែ​លោក​កត់សម្គាល់​ឃើញ​ថា ការ​តវ៉ា​របស់​កម្មករ​នៅ​បន្ត​កើត​មាន​ជា​ហូរហែ ដោយសារ​ការ​បណ្ដេញ​ចេញ បន្ទាប់ពី​​ចូល​រួម​ជាមួយ​សហជីព ឬ​ដោយសារ​ការ​បិទ​រោងចក្រ ឬ​ដោយសារ​លក្ខខណ្ឌ​ការងារ​មិន​ត្រឹមត្រូវ​តាម​ច្បាប់៖ «និយោជក​គួរ​តែ​គោរព​ច្បាប់​បំផុត។ ក្រសួង​ការងារ គួរ​ជំរុញ​ឲ្យ​ន​យោជក (ថៅកែ) អនុវត្ត​ច្បាប់។ ត្រូវតែ​គោរព​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។ មិន​គួរ​យក​តួលេខ​នៃ​បាតុកម្ម កូដកម្ម ជា​សន្ទស្សន៍​នៃ​បញ្ហា​នោះ​ទេ គួរ​តែ​មើល​ថា តើ​អ្វី​ជា​ឫសគល់​បញ្ហា»

​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ និង​ដេរ​ស្បែកជើង ត្រូវ​គេ​សង្កេត​ឃើញ​កម្មករ​ច្រើន​ធ្វើ​បាតុកម្ម ឬ​កូដកម្ម​តវ៉ា​ជា​រឿយៗ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ក្នុង​ជម្លោះ​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។