តំណាងអយ្យការចាត់ទុកថា ការមិនបានបង្ហាញខ្លួនរបស់សកម្មជនចលនាមាតាធម្មជាតិក្នុងសវនាការគឺជាចេតនាទុច្ចរិត និងជាការក្រឡកនីតិវិធីតុលាការ។ ទោះជាយ៉ាងណាក្រុមសកម្មជនចលនាមាតាធម្មជាតិ អះអាងថា តុលាការទៅវិញទេដែលខ្លាចការពិត និងរារាំងសាធារណជនមិនឱ្យតាមដានករណីនេះ។
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៥ មិថុនា បានបន្តសវនាការទៅលើសកម្មជនការពារបរិស្ថានចំនួន ១០ នាក់ ពាក់ព័ន្ធនឹងបទចោទប្រកាន់«ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់»។
សកម្មជនចលនាបរិស្ថាន ៥នាក់រួមមាន កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងលោក លី ចាន់ដារ៉ាវុត បានធ្វើដំណើរដល់តុលាការ ប៉ុន្តែពួកគេបានធ្វើពហិការ មិនបង្ហាញខ្លួនក្នុងសវនាការដោយសារតែអាជ្ញាធរបានដាក់របាំងរារាំងមិនឱ្យអ្នកគាំទ្រ និងអ្នកសារព័ត៌មានចូលរួមស្ដាប់សវនាការ។
ព្រះរាជអាជ្ញារង លោក សេង ហៀង ចាត់ទុកការមិនបានបង្ហាញខ្លួនរបស់សកម្មជនចលនាមាតាធម្មជាតិក្នុងសវនាការគឺជាចេតនាទុច្ចរិត ឬមានបំណងក្រឡុកនីតិវិធីតុលាការ។
ទោះជាយ៉ាងណា សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត លើកឡើងថា ពួកគេមានចេតនាក្នុងការចូលរួមសវនាការ ប៉ុន្តែលោកយល់ថា ភាគីតុលាការទៅវិញទេដែលហាមឃាត់មិនឱ្យអ្នកគាំទ្រ ឬអ្នកសារព័ត៌មានចូលស្ដាប់សវនាការ គឺជាការបំពានលើគោលការណ៍ជំនុំជម្រះជាសាធារណៈ។
លោក លី ចាន់ដារ៉ាវុត បញ្ជាក់ថា ពួកគេនឹងមិនចូលរួមសវនាការលុះត្រាតែភាគីតុលាការបើកជាសាធារណៈវិញ ដូចដែលព្រះរាជអាជ្ញាបានសន្យា។
លោក លី ចាន់ដារ៉ាវុត៖ «ព្យាយាមពន្លឿនសវនាការឱ្យបានលឿនពីសំណាក់តំណាងអយ្យការ វាហាក់ដូចវាមិនប្រក្រតីទាល់តែសោះរឿងនេះ គឺជាបទឧក្រិដ្ឋដែលអាចផ្ដន្ទាទោសយើងពី៥ ទៅ១០ ឆ្នាំ ហើយអ្នកដែលមានបទចោទប្រកាន់បន្ថែមគឺប្រមាថព្រះមហាក្សត្រគឺអាចជាប់ទៅដល់ ១៥ឆ្នាំ មិនគួរណារឿងនេះដំណើរការលឿនស្លេវហាក់បីជាមានការរៀបចំទុក្ខជាមុន ហាក់បីជាព្យាយាមបំបាត់ចោលនូវពាក្យសម្ដី និងសាច់រឿងយើងទាំងអស់គេ»។
នៅព្រឹកនេះដែរសកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់បន្តស្លៀកសំលៀកបំពាក់ពណ៌ស ក្នុងន័យដើម្បីបង្ហាញពីសោកនាដកម្មនៃប្រព័ន្ធយុត្តិធម៌ខ្មែរ ហើយពួកគេក៏បានដុតធូបមុខតុលាការដើម្បីដឹងគុណដល់បុព្វបុរសខ្មែរ និងសុំឱ្យជួយជាសាក្សីនៃភាពស្អាតស្អំរបស់ពួកគេ។
ចំណែកសកម្មជនបរិស្ថាន៥នាក់ទៀតរួមមាន កញ្ញា ស៊ុន រដ្ឋា លោក ពក ខឿយ លោក ប៉ិញ ពិសិដ្ឋ លោកស្រី រ៉ី រក្សា និង លោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) បានអវត្តមានក្នុងសវនាការ។ ប៉ុន្តែពួកគេមានមេធាវីមកការពារផងដែរ។
មេធាវីការពារជនជាប់ចោទ លោក សំ ចំរើន ឱ្យដឹងថា សម្រាប់សវនាការនៅពេលព្រឹក ចៅក្រមបានឱ្យក្រឡាបញ្ជីអានកំណត់ហេតុសំណួរចម្លើយរបស់ កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុត ក្នុងដំណាក់កាលនគរបាល ដំណាក់កាលអយ្យការ និងដំណាក់កាលចៅក្រមស៊ើបសួរ។ សំណួរទាំងនោះផ្ដោតលើសកម្មភាពរបស់ពួកគេជាមួយ លោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវិតសុន និងចលនាមាតាធម្មជាតិ ដោយចោទគ្មានថា មានបំណងផ្ដួលរំលំរដ្ឋាភិបាល។
ចំណែកសវនាការនៅពេលល្ងាចវិញគឺជាការធ្វើបទបង្ហាញរបស់មន្ត្រីនគរបាលយុត្តិធម៌ដែលអះអាងថា លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន បាននិយាយកន្លងមក ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមក គណបក្សដែលបង្កើតក្រោយមួយចំនួនគឺជាអ្នកជួយឱ្យ លោក ហ៊ុន សែន បន្តអំណាចដើម្បីបំផ្លាញធនធានធម្មជាតិ។ មន្ត្រីនគរបាលយុត្តិធម៌ លោក ជិន វណ្ណៈ ក៏បានយកការសន្ទនារបស់ក្រុមចលនាមាតាធម្មជាតិតាមប្រព័ន្ធអនឡាញ (Zoom) និងការដែល លោក អាឡិច បានផ្ទេរលុយពីធនាគារសហរដ្ឋអាមេរិកដោយគ្មានព័ត៌មានជាក់លាក់ទាំងនោះ គឺជាបទល្មើស។ មន្ត្រីនគរបាលយុត្តិធម៌ លោក ជិន វណ្ណៈ ក៏បានអះអាងទៀត ថា លោក អាឡិច និង ក្រុមចលនាមាតាធម្មជាតិ គឺយកលេសការពារព្រៃឈើដើម្បីធ្វើសកម្មភាពញុះញង់ឱ្យពលរដ្ឋស្អប់ខ្ពើម និងឈានដល់ការផ្ដួលរំលំរដ្ឋាភិបាល។
ទោះជាយ៉ាងណាលោកមេធាវី សំ ចំរើន ចាត់ទុកថា ការលើកឡើងរបស់មន្ត្រីនគរបាលយុត្តិធម៌នេះ មិនមានភស្តុតាងជាក់លាក់ណាមួយដែលបង្ហាញថា ក្រុមចលនាមាតាធម្មជាតិចង់ផ្ដួលរលំរដ្ឋាភិបាល។
ប្រធានចៅក្រមជំនុំជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធា សម្រេចបន្តសវនាការនៅថ្ងៃទី១១ ខែមិថុនា រយៈពេលមួយថ្ងៃពេញ។ សវនាការនេះក៏មានមន្ត្រីតំណាងទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មន្ត្រីតំណាងអង្គការសហប្រជាជាតិ និងសង្គមស៊ីវិលចូលរួមឃ្លាំមើលផងដែរ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត ដែលបានឃ្លាំមើលសវនាការនេះ មានប្រសាសន៍ថា របាយការណ៍របស់នគរបាលយុត្តិធម៌ដែលអះអាងថា ជាភស្តុតាងយកមកបង្ហាញនោះ មិនមានមូលដ្ឋានជាក់លាក់សម្រាប់ចោទប្រកាន់ លើសកម្មជនមាតាធម្មជាតិនោះទេ។ លោកថា មន្ត្រីនគរបាលយុត្តិធម៌ក៏មិនបានបង្ហាញភស្តុតាងបន្ថែមទៀតការតបទៅនឹងសំណួររបស់មេធាវីការពារក្ដីឱ្យក្រុមមាតាធម្មជាតិដែរ។
លោក យី សុខសាន្ត៖ «ពាក់ព័ន្ធនឹងសំណួរមួយដែលគេសួរថា តើក្រុមពួកគាត់ហ្នឹងបានរៀបផែនការ គម្រោង រចនាសម្ព័ន្ធគឺអត់មានទាំងអស់ អត់មានទេ ហើយយកមកចោទប្រកាន់គាត់ថារឿងផ្ដួលរំលំរដ្ឋាភិបាល ហើយពួកគាត់គ្រាន់តែជាក្រុមដែលធ្វើការងារសង្គមពាក់ព័ន្ធនឹងបរិស្ថាន និងព្រៃឈើតែប៉ុណ្ណោះ ហើយយើងមើលឃើញថា ការតាំងសំណួររបស់មេធាវីចោទសួរទៅលើអ្នកក៏សាងសំណុំរឿងដែលចោទប្រកាន់ទៅលើគាត់ដូចជាមានការផ្ទុយគ្នាបន្តិច»។
បើទោះជា រដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់សកម្មជនចលនាមាតាធម្មជាតិថា ជាអ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋក្ដី ក៏សកម្មជនចលនាមាតាធម្មជាតិត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាវីរជនការពារបរិស្ថាន និងធនធានធម្មជាតិដ៏ស្វាហាប់ ហើយពួកគេទទួលបានពានរង្វាន់អន្តរជាតិចំនួនពីរ គឺពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការ Front Line Defenders និងពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) ពីប្រទេសស៊ុយអែត (Sweden) ចំពោះភាពក្លាហាននិងការហ៊ានប្រថុយគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។