តុលាការ​ពន្យារ​ពេល​សវនាការ​លោក គឹម សុខ ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍ និង​ញុះញង់

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពន្យារ​ពេល​សវនាការ​សំណុំ​រឿង អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជំរុញ​តុលាការ​​ឱ្យ​ទម្លាក់​បទ​ចោទ ជាជាង​បើក​សវនាការ​ ព្រោះ​​ការ​​លើក​ឡើង​កន្លង​មក ជា​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ។

តុលាការ​សម្រេច​ពន្យារ​ពេល​សវនាការ​លើ​អង្គ​សេចក្ដី ទៅ​តាម​សំណើ​របស់​មេធាវី​ដើម​បណ្ដឹង ហើយ​ខាង​ក្រឡា​បញ្ជី នឹង​កំណត់​ថ្ងៃ​បើក​សវនាការ​សំណុំ​រឿង​នេះ​ម្ដង​ទៀត នៅ​ពេល​ក្រោយ ។

មេធាវី​ការពារ​ក្ដី​ឲ្យ លោក គឹម សុខ គឺលោក​មេធាវី ជូង ជូងី លោក​មិន​បញ្ចេញ​យោបល់ បែប​ណា​ទេ ក្នុង​ករណី​នេះ។

ចំណែក​លោក គឹម សុខ លោក​ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ខ្វល់​នឹង​ដំណើរ​ការ​ក្ដី នៅ​តុលាការ​ទេ ព្រោះ ហ៊ុន សែន ប្រព័ន្ធ​យុត្តិធម៌​មួយ​នេះ ស្ថិត​ក្រោម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ចោទ​ថា ដំណើរ​រឿង​ក្ដី​ប្រឆាំង​នឹង​រូប​លោក ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​នេះ គឺ​តុលាការ បាន​បំពាន​រដ្ឋធម្មនុញ្ញ។ លោក គឹម សុខ អះអាង​ថា លោក​កំពុង​ខិតខំ​រក​គន្លឹះ ផ្លាស់ប្ដូរ អំណាច​ផ្ដាច់ការ​របស់​គ្រួសារ​ត្រកូល ហ៊ុន នៅ​កម្ពុជា ហើយ​លោក​ចោទ​ថា លោក ហ៊ុន សែន បាន​ប្រើប្រាស់​តុលាការ​នយោបាយ ដើម្បី​ព្យាយាម​បំបិទ​សិទ្ធិ​តស៊ូ​មតិ​របស់​លោកនៅ​កម្ពុជា ហើយ​តុលាការ ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​នេះ ដំណើរ​ការ​រឿង​ក្ដី​របស់​លោក មិន​ផ្អែក​លើ​មូលដ្ឋាន​អង្គហេតុ អង្គច្បាប់ និង​ភស្តុតាង​ទេ គឺ​ធ្វើ​តាម​មាត់​របស់​លោក ហ៊ុន សែន សុទ្ធសាធ៖ « ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​បំផុត។ ឋានៈ​កំពូល២ របស់​លោក ហ៊ុន សែន គាត់​ប្រើ​ប្ដឹង​ខ្ញុំ​ទាំង២។ បណ្ដឹង​ទី១ ដែល​កាត់​បង្ខំ​ឲ្យ​ខ្ញុំ​ជាប់​គុក យ៉ាង​អយុត្តិធម៌ ១៨ខែ លោក ហ៊ុន សែន ប្រើ​ឋានៈ​របស់​គាត់ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​បណ្ដឹង​ទី២ ដែល​កោះហៅ​ខ្ញុំ​នៅ​ពេល​នេះ គឺ​លោក ហ៊ុន សែន ប្រើ​តំណែង​គាត់ជា​នាយក​រដ្ឋមន្ត្រី។ សម្រាប់​ខ្ញុំ​ច្បាស់​ណាស់ នេះ​គឺ​ជា​តុលាការ​នយោបាយ»

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ស៊ិត វណ្ណៈ បាន​ចេញ​ដីកា​កោះ​ហៅ ​លោក គឹម សុខ ​កាល​ពី​​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ពី​បទ​​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​​សង្គម ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ កាល​ពី​ឆ្នាំ​២០១៧ ថា រដ្ឋាភិបាល បាន​បង្កើត​​ប្រព័ន្ធ​សម្លាប់​មនុស្ស ហើយ​រក​ឃាតក​មិន​ឃើញ ក្នុង​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី។​​​

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​ លោក គុជ គឹមឡុង និង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ នៅ​ថ្ងៃ​ទី​២៦ មករា។

លោក ហ៊ុន សែន ធ្លាប់​ប្ដឹង​លោក គឹម សុខ ឲ្យ​ជាប់​ពន្ធនាគារ​ រយៈ​ពេល ​១ឆ្នាំ​កន្លះ​​ម្ដង​ហើយ កាល​ពី​ឆ្នាំ២០១៧ ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ​ពាក់​ព័ន្ធ​នឹង​ការ​ថ្លែង​​របស់​លោក គឹម សុខ ថា គណបក្ស​កាន់​អំណាច នៅ​ពី​ក្រោយ​សំណុំ​រឿង​ឃាតកម្ម បណ្ឌិត កែម ឡី។ លោក​ត្រូវ​បាន​ដោះ​លែង កាល​ពី​ខែ​សីហា ឆ្នាំ២០១៨ ក្រោយ​អនុវត្ត​ទោស​ពន្ធនាគារ​គ្រប់​ចំនួន តែ​លោក​នៅ​មិន​ទាន់​បង់​លុយ​សំណង​ជំងឺ​ចិត្ត តាម​ការ​បង្គាប់​របស់​តុលាការ ចំនួន​ប្រាំបី​រយ (៨០០) លាន​រៀល ឬ​ស្មើ​ប្រមាណ​ពីរ​សែន (២០ម៉ឺន) ដុល្លារ ឲ្យ​លោក ហ៊ុន សែន ទេ។ លោក ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​ចាប់​លោក គឹម សុខ ដាក់​ពន្ធនាគារ​ឡើង​វិញ​ផង​ដែរ ប្រសិន​បើ​អ្នក​វិភាគ​រូប​នេះ មិន​ព្រម​បញ្ឈប់​រិះគន់​របប​ដឹក​នាំ​របស់​លោក។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា បទ​ចោទ​ប្រកាន់​ថ្មី​ទាំង​ពីរ​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រព្រឹត្តិ​របស់​លោក គឹម សុខ ទេ ដោយសារ​អ្នក​វិភាគ​រូប​នេះ បាន​ប្រើប្រាស់​សិទ្ធិ​សម្ដែង​មតិ ក្នុង​នាម​ជា​ពលរដ្ឋ។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ជំរុញ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ។ លោក​បន្ត​ថា បើ​តុលាការ​បន្ត​នីតិវិធី នឹង​មិន​អាច​ផ្ដល់​យុត្តិធម៌​បាន​ទេ ព្រោះ​ភាគី​ម្ខាង​ទៀត គឺ​លោក គឹម សុខ មិន​អាច​ចូលរួម​សវនាការ​បាន៖ « វា​ជា​នីតិវិធី ជា​ការ​សម្រេច​របស់​តុលាការ។ ប៉ុន្តែ​ គ្រាន់​តែ​ដំណើរ​រឿង​នេះ​ យើង​ឃើញ​ហើយ លោក គឹម សុខ មិន​មាន​វត្តមាន​នៅ​ក្នុង​ស្រុក​ទេ គឺ​លោក​បាន​ចេញ​ទៅ​ប្រទេស​ទី២ ទី៣ ទៅ​ហើយ។ អ៊ីចឹង ដំណើរ​ការ​នីតិវិធី ហើយ​បើ​សិន​ជា​មិន​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​ដេញ​ដោយ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ ការ​រក​យុត្តិធម៌ នៅ​ក្នុង​រឿង​ហ្នឹង វា​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​ភាព​ត្រឹមត្រូវ ក្នុង​ការ​អនុវត្ត​នីតិវិធី​ទេ»

ទោះ​ជា​យ៉ាង​ណា លោក គឹម សុខ អះអាង​ថា លោក​មាន​បំណង​ចង់​តតាំង​រឿង​ក្ដី​នេះ ក្នុង​តុលាការ។ លោក​អះអាង​ថា លោក​នឹង​វិល​ត្រលប់​ចូល​ប្រទេស​វិញ បើ​របប​ក្រុង​ភ្នំពេញ បើក​ផ្លូវ​ឲ្យ​លោក​បាន​ចូល​ទៅ​តតាំង​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។