តុលាការរបបក្រុងភ្នំពេញ មិនទាន់បញ្ចប់ការសាកសួរលើអតីតបុគ្គលិកអាស៊ីសេរីនៅឡើយទេ ។ សវនាការនៅព្រឹកថ្ងៃទី២៦ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញ បញ្ចប់ការសាកសួរតែលើសំណុំរឿងទីមួយពីបទចារកម្ម និងបានប្រកាសលើកពេលទៅសាកសួរលើសំណុំរឿងទី២ នៅពីរសប្ដាហ៍ក្រោយទៀត។ អតីតបុគ្គលិកអាស៊ីសេរី និងសង្គមស៊ីវិល សង្ឃឹមថា តុលាការនឹងទម្លាក់ចោលបទចោទប្រកាន់មិនសមទំនងលើអតីតអ្នកកាសែតទាំងពីរ។
សវនាការសួរដេញដោលពេញមួយព្រឹក នៅថ្ងៃទី២៦ ខែកក្កដា តុលាការបានសាកសួរអតីតបុគ្គលិកអាស៊ីសេរី ២នាក់ ដោយផ្តោតតែសំណុំរឿងទី១ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា អ្នកទាំងពីរបាន "ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ"។
មេធាវីការពារក្តីឲ្យបុគ្គលិកអាស៊ីសេរី លោក សំ ចំរើន មានប្រសាសន៍ថា សវនាការដេញដោលនេះ មិនទាន់មានលទ្ធផលអ្វីទេ។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក អ៊ឹម វណ្ណៈ បានសម្រេចលើកពេលទៅធ្វើសេចក្ដីសន្និដ្ឋាន លើសំណុំរឿងទី១ នេះ ទៅថ្ងៃទី៩ ខែសីហាខាងមុខ។ លោកមេធាវីការពារក្តី បន្តថា តុលាការ ក៏នឹងបន្តសួរដេញដោលលើសំណុំរឿងទីពីរ ពាក់ព័ន្ធនឹងការចោទថា "ផលិតវីដេអូអាសអាភាស" នោះ នៅថ្ងៃទី៩ ខែសីហា តាមការស្នើសុំរបស់លោកដែរ។
លោកមេធាវី សំ ចំរើន លើកឡើងថា ការសួរដេញដោលកូនក្តីរបស់លោក លើសំណុំរឿងទី១ នេះ គឺមិនរលូន ១០០ភាគរយនោះទេ ព្រោះចៅក្រមជំនុំជម្រះ អនុញ្ញាតឲ្យសមត្ថកិច្ចពាក់ព័ន្ធបន្តនៅស្ដាប់ក្នុងបន្ទប់សវនាការ។ ជាមួយគ្នានេះ លោកចាប់អារម្មណ៍ថា សំណួរមួយចំនួនរបស់ចៅក្រម គឺចាកឆ្ងាយពីបទចោទប្រកាន់ក្នុងសំណុំរឿងចារកម្ម៖ « ការសួរសំណួរមួយចំនួនហាក់ដូចជាចាកឆ្ងាយពីបទចោទប្រកាន់ដែរ ហើយខាងខ្ញុំបានស្នើសុំឲ្យសួរសំណួរខិតមកការចោទប្រកាន់វិញ » ។
អតីតបុគ្គលិកអាស៊ីសេរី លោក យាង សុធារិន្ទ រៀបរាប់ថា តុលាការបានប្រើសំណួរស្រដៀងគ្នា ចោទសួរលោក និងលោក អ៊ួន ឈិន តាំងពីមុខរបរមុនចូលធ្វើការនៅវិទ្យុអាស៊ីសេរី និងចូលធ្វើការឲ្យអាស៊ីសេរី តាំងពីពេលណា និងមានតួនាទីអ្វី។ នៅក្នុងបន្ទប់សវនាការនេះ តុលាការបានចោទសួរដែរថា តើធ្លាប់បញ្ជូនព័ត៌មានឲ្យអាស៊ីសេរីទៀតទេ ក្រោយបិទការិយាល័យនៅក្រុងភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១៧ នោះមក?៖ «គេសួរថា មានបានបញ្ជូនទេ ? ខ្ញុំនិយាយដោយត្រង់ថា បានបញ្ជូនពីរព័ត៌មានទៅ ហើយលោក អ៊ួន ឈិន បានបញ្ជូនវីដេអូខ្លះៗ ទៅដែរ។ អ្វីដែលគេសួរខ្លាំងនោះ គឺគេថា តើអ្វីដែលយើងផ្ញើទៅនោះមានដឹងថា ខុសច្បាប់ទេ ? គេព្យាយាមដាក់បន្ទុកថា ពេលអាស៊ីសេរីបិទហើយ រឿងអីផ្ញើព័ត៌មានទៅឲ្យអាស៊ីសេរីទៀត ? ខ្ញុំឆ្លើយតបទៅវិញថា វាមិនមែនជារឿងខុសច្បាប់ទេ ព្រោះព័ត៌មាន ដែលពួកខ្ញុំផ្ញើទៅនោះ គឺសុទ្ធតែជាព័ត៌មានសាធារណៈ ដែលនរណាក៏ដឹងនរណាក៏ឮ។ លើសពីនេះ ព័ត៌មានដែលខ្ញុំផ្ញើទៅ គឺមិនមែនជាព័ត៌មាន ដែលធ្វើឲ្យអន្តរាយដល់ការការពារជាតិទេ។ ដូច្នេះពួកខ្ញុំគិតថា វាមិនមែនជារឿងខុសច្បាប់នោះទេ ?» ។
លោក យាង សុធារិន្ទ ឲ្យដឹងថា តុលាការបានចោទសួរសំណួរផ្សេងៗ ទៀតដែល មិនពាក់ព័ន្ធនឹង សំណុំចារកម្មឡើយ ដូចជាសួរអំពីទំនាក់ទំនងរបស់លោកជាមួយ លោក អ៊ួន ឈិន ជាមួយសហការីដទៃទៀត និងជាមួយថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរីជាដើម។ សូម្បីតែទំនាក់ទំនងរវាងលោកជាមួយអតីតមន្ត្រីព័ត៌មាននៃស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក ជ្រា វណ្ណរិទ្ធិ ក៏តុលាការសួរដេញដោលដែរ ដែលហាក់ដូចជាចង់ភ្ជាប់សំណុំរឿងចារកម្មនេះ ជាមួយសហរដ្ឋអាមេរិក។ លោក ឆ្លើយតបថា ទំនាក់ទំនងក្នុងស្ថាប័នអាស៊ីសេរី គឺជាទំនាក់ទំនងធម្មតានៅកន្លែងការងារ ហើយទំនាក់ទំនងជាមួយអតីតមន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា គឺជាទំនាក់ទំនងរបៀបអ្នកស្គាល់គ្នាផង និងជាអ្នកកាសែតជាមួយប្រភពផង៖ «សួរតាំងពីវីដេអូផ្សេងៗ ដែលនៅក្នុងហាដឌីស (Hard Dish) របស់លោក អ៊ួន ឈិន ដែលជាវីដេអូ ដែលគេធ្វើតាំងពីឆ្នាំណាឆ្នាំណីមក ហើយវីដេអូនោះគេលើកយកចំណុចមួយៗ មកថា និយាយនោះធ្វើឲ្យប៉ះពាល់រដ្ឋាភិបាល និយាយទៅធ្វើឲ្យគេមើលទៅខុសចំពោះថ្នាក់ដឹកនាំជាដើម។ តែវីដេអូនោះចាស់ៗ ដែលគេផ្សព្វផ្សាយលើវ៉ឹបសៃត៍របស់អាស៊ីសេរី ហើយ។ វាទាំងអស់នេះអត់មានអីពាក់ព័ន្ធសំណុំរឿងយើងខ្លាំង ព្រោះអីសំណុំរឿងនេះ គឺ "ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ" ដូច្នេះហើយ អ្វីដែលយើងចង់ ឲ្យតុលាការបង្ហាញនោះ គឺបង្ហាញថា ព័ត៌មានណាខ្លះ ដែលយើងធ្វើតាំងពីដើម ឬដែលយើងបានបញ្ជូននោះ ដែលតុលាការមើលឃើញថា វាធ្វើឲ្យអន្តរាយដល់ការការពារជាតិ ហើយលទ្ធផលនៃ ការការពារជាតិនោះវាបែបណា ?»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសិទ្ធិមនុស្ស យល់ថា បើទោះអ្នកទាំងពីរនៅបន្តរាយការណ៍ព័ត៌មាន ក៏គ្មានច្បាប់ឯណាហាមឃាត់ពួកគាត់នោះដែរ។ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស របស់អង្គការ លីកាដូ លោក អំ សំអាត ថាប័ណ្ណសុពលភាពអ្នកសារព័ត៌មានរបស់អ្នកទាំងពីរ ដែលចេញដោយក្រសួងព័ត៌មានកម្ពុជា នៅមិនទាន់ផុតនៅឡើយ ក្រោយបិទការិយាល័យអាស៊ីសេរីនៅស្រុកខ្មែរនោះ៖ «គាត់នៅអាចជាអ្នកសារព័ត៌មាន។ អាស៊ីសេរីបិទតែនៅស្រុកខ្មែរទេ ប៉ុន្តែនៅសហរដ្ឋអាមេរិក មិនទាន់បិទទេ។ បើគ្រាន់តែផ្ដល់ព័ត៌មានខុស តើសព្វថ្ងៃដែលអាស៊ីសេរីសម្ភាសខ្ញុំ អ្នកនាំពាក្យរដ្ឋាភិបាល និងអ្នកផ្សេងៗ តើហ្នឹងយ៉ាងម៉េចទៅវិញ ? មួយទៀតទាក់ទងនឹងរឿងថតរូបនៅទីសាធារណៈ គាត់ថា ខុសវិជ្ជាជីវៈអ្នកសារព័ត៌មាន មិនមានសិទ្ធិអ្វី ខ្ញុំគិតថា អត់ត្រូវទេ ព្រោះនៅទីសាធារណៈ មិនបាច់ថា អ្នកសារព័ត៌មានទេ ខ្ញុំឬប្រជាពលរដ្ឋទូទៅដទៃទៀត សុទ្ធតែមានសិទ្ធិទទួលបានព័ត៌មាន ថត ឬឈរស្ដាប់នោះដែរ គ្មានអ្វីខុសនោះទេ»។
លោក យាង សុធារិន្ទ សង្ឃឹមថា តុលាការ នឹងទម្លាក់ចោលការចោទប្រកាន់ឲ្យលោក និងលោក អ៊ួន ឈិន ព្រោះបើយោងតាមការសាកសួរនេះ គឺតុលាការពុំមានភស្តុតាងដើម្បីដាក់បន្ទុកលើពួកលោកនោះទេ។
តុលាការរបបលោក ហ៊ុន សែន បានចោទប្រកាន់លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ចំនួនពីរបទចោទ គឺបទ "ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ" និង "ផលិតវីដេអូអាសអាភាស” បន្ទាប់ពីបានឃាត់ខ្លួនពួកគាត់ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ តុលាការបានឃុំខ្លួនអ្នកទាំងពីរ ក្នុងពន្ធនាគារអស់រយៈពេលជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយភ្ជាប់នូវលក្ខខណ្ឌដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសរៀងរាល់ខែ និងហាមធ្វើដំណើរទៅក្រៅប្រទេសជាដើម ដែលលក្ខខណ្ឌទាំងនេះ ដែលទើបត្រូវបានតុលាការដកចេញវិញ កាលពីខែ មិថុនាកន្លងទៅ។
អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា ដែលបានតាមដានសវនាការនេះ ចាប់អារម្មណ៍ថា តុលាការ ហាក់ដូចជាគ្មានភស្តុតាង ដើម្បីដាក់បន្ទុកលើអតីតអ្នកសារព័ត៌មានអាស៊ីសេរី ទាំងពីររូបនោះទេ ។ តុលាការបានព្យាយាមគាស់កកាយយកអត្ថបទព័ត៌មានចាស់ៗ មកសួរអ្នកទាំងពីរ ដោយមិនសមទំនងទាល់តែសោះ។ លោក យល់ថា សំណុំរឿងចោទប្រកាន់លើ អ្នកសារព័ត៌មានទាំងពីររូប គឺមិនមានយុត្តិធម៌តាំងពីដំបូងមកម្ល៉េះ ដោយសារថា សកម្មការងាររបស់ពួកគាត់ គ្មានចំណុចណាមួយដែលខុសច្បាប់នោះទេ៖ «បើយើងសរុបរួមទៅ ! ព័ត៌មានដែលពួកគាត់ធ្វើទាំងអស់ គឺវាពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន។ ទោះបីជាគាត់បានឈប់ពីវិទ្យុអាស៊ីសេរីក៏ដោយ គឺជំនាញ និងវិជ្ជាជីវៈ របស់ពួកគាត់ គឺជាអ្នកសារព័ត៌មាន។ អ៊ីចឹងក្នុងនាមជាអ្នកសារព័ត៌មានរឿងអី គាត់អត់មានសិទ្ធិក្នុងការថតវីដេអូ និងព័ត៌មាន ដែលគេទូទៅអាចធ្វើបាន។ ដូច្នេះក្នុងន័យនេះ គឺជាព័ត៌មានសុទ្ធសាធ មិនមែនរឿងដែលធ្វើឲ្យអន្តរាយដល់ការការពារជាតិនោះទេ។បើយកមាត្រានេះទៅចោទលើពួកគាត់ គឺមានលក្ខណៈធ្ងន់ធ្ងរណាស់»។
នៅមុនសវនាការនេះ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ទាមទារឱ្យតុលាការក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយ ប្រឆាំងនឹងអតីតបុគ្គលិកអាស៊ីសេរីពីររូប ដោយពួកគេចាត់ទុកថា អ្នកទាំងពីររងការចោទប្រកាន់ដោយអយុត្តិធម៌ ក្នុងសំណុំរឿងដែលមានចរិតនយោបាយ។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួល បន្ទុកកិច្ចការតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ថា បទចោទបែបប្រឌិតប្រឆាំងនឹងអតីតបុគ្គលិកអាស៊ីសេរីទាំងពីររូប ធ្វើឡើងក្នុងគោលដៅវាយប្រហារប្រព័ន្ធផ្សព្វផ្សាយ ដែលហ៊ានរិះគន់រដ្ឋាភិបាលកម្ពុជា។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិរូបនេះ ថ្លែងទៀតថា កម្ពុជាបានក្លាយជារដ្ឋឯកបក្សទៅហើយ ប៉ុន្តែលោក ហ៊ុន សែន នៅតែចាត់ទុកអ្នកកាសែតជាចំណាប់ខ្មាំង ដើម្បីដាក់ទណ្ឌកម្មអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល។ លោកអំពាវនាវឱ្យរដ្ឋាភិបាលបរទេស និងម្ចាស់ជំនួយ ចាត់ទុកសេរីភាពសារព័ត៌មានរបស់កម្ពុជាថា បានស្លាប់ដូចគ្នានឹងលទ្ធិប្រជាធិបតេយ្យដែរ ហើយជំរុញរបបក្រុងភ្នំពេញ ឱ្យទម្លាក់ចោលការចោទ ប្រកាន់មិនសមទំនងនេះលើអ្នកទាំងពីរ។
ចំណែកឯក្រុមអ្នករាយការណ៍ពិសេសមួយក្រុម របស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស រួមទាំងអ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាផង នៅថ្ងៃទី២៦ ខែកក្កដា ចេញសេចក្ដីប្រកាសព័ត៌មាន ចាត់ទុកចំណាត់ការរបស់តុលាការនៃរបបលោក ហ៊ុន សែន លើអតីតអ្នកសារព័ត៌មាន គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ថា ជាទង្វើបង្ក្រាបសំឡេងឯករាជ្យ និងអំពាវនាវដល់របបលោក ហ៊ុន សែន ឱ្យចាត់វិធានការបន្ទាន់ និងមានប្រសិទ្ធភាព ដើម្បីការពារសុវត្ថិភាពអ្នកកាសែត ដែលរងការធ្វើទុក្ខបុកម្នេញ ដោយសារការអនុវត្តសិទ្ធិបញ្ចេញមតិរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។