តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារកោះហៅប្រជាសហគមន៍ការពារព្រៃព្រះរកា ១១នាក់ ឱ្យចូលឆ្លើយបំភ្លឺពាក់ព័ន្ធករណីញុះញង់ ប៉ុន្តែមិនបានបញ្ជាក់ថា តើអ្នកណាជាភាគីដើមបណ្ដឹងនោះទេ។ ប្រជាសហគមន៍សង្ស័យថា អាជ្ញាធរខេត្តព្រះវិហារជាដើមបណ្ដឹងក្នុងសំណុំរឿងនេះ ដើម្បីគំរាមកំហែងពួកគេមិនឱ្យឈឺឆ្អាលរឿងបទល្មើសព្រៃឈើ។
ប្រជាសហគមន៍ការពារព្រៃព្រះរការស់នៅឃុំម្លូព្រៃ ១ ស្រុកឆែប ឱ្យដឹងនៅថ្ងៃទី៤ ខែវិច្ឆិកាថា សមាជិកសហគមន៍ ៨នាក់ បានចូលបំភ្លឺនៅសាលដំបូងខេត្តព្រះវិហាររួចហើយ កាលពីពេលថ្មីៗ នេះ នៅសល់តែ ៣នាក់ទៀតទេ នឹងត្រៀមខ្លួនទៅបំភ្លឺ នៅថ្ងៃទី៦ និងទី១១ ខែវិច្ឆិកាខាងមុខនេះ។
តំណាងបណ្ដាញសហគមន៍ការពារព្រៃព្រះរកា លោក ណែត ណៃ ប្រាប់អាស៊ីសេរីថា លោកនឹងទៅឆ្លើយបំភ្លឺនៅតុលាការខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ ដោយមានពលរដ្ឋចំនួន ៨ភូមិទៅឃ្លាំមើលដល់តុលាការ។ លោកចាត់ទុកដីកាកោះហៅនេះថា ជាការបំបាក់ស្មារតីប្រជាសហគមន៍ ដែលតែងតែប៉ះទង្គិចជាមួយក្រុមឈ្មួញ និងមន្ត្រីជំនាញ ព្រោះពួកលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ។ លោកបន្ថែមថា ក្នុងដីកាកោះហៅនេះ ពុំមានឈ្មោះដើមបណ្ដឹងនោះទេ តែលោកសង្ស័យថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ គឺជាដើមបណ្ដឹង៖ «យើងអត់មានឆបោក ឬអត់មានញុះញង់អីផង ខ្ញុំគ្រាន់តែកៀរគរកម្លាំងទៅល្បាតព្រៃ ឬសម្រាប់ពង្រឹងសហគមន៍របស់ខ្ញុំតែប៉ុណ្ណោះ ខ្ញុំមានជំហរមួយថា ខ្ញុំពង្រឹងសហគមន៍ខ្ញុំ ដើម្បីល្បាតព្រៃការពារព្រៃឈើសត្វព្រៃ និងការពារច្បោះជ័ររបស់ពួកខ្ញុំ »។
សមាជិកបណ្ដាញសហគមន៍ការពារព្រៃព្រះរកាម្នាក់ទៀត គឺលោក លៀម សាឃីន វ័យ ៦០ឆ្នាំ ថ្លែងថា ពាក្យបណ្ដឹងនេះពុំមែនជាការអនុវត្តច្បាប់នោះទេ ព្រោះអាជ្ញាធរមូលដ្ឋាន ហាក់ចងគំនុំជាមួយប្រជាសហគមន៍ ដែលប្រមូលគ្នាឃ្លាំមើលបទល្មើសព្រៃឈើ និងរិះគន់ភាពអសកម្មរបស់អាជ្ញាធរ។លោកថា លោកនឹងត្រៀមខ្លួនចូលបំភ្លឺ នៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ ព្រោះពួកលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ៖ «មានភ័យអីទេបើខ្ញុំអត់មានខុសអីផង បើគេឃុំក៏ឃុំទៅ តែខ្ញុំអត់មានខុសអីបើថា គេចេះឃុំក៏ឃុំទៅ »។
អាស៊ីសេរីបានព្យាយាមទាក់អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដើម្បីសុំការបំភ្លឺជុំវិញករណីតែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី៤ វិច្ឆិកា។
កាលពីអំឡុងខែតុលាតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក សេង ម៉េង ស្រ៊ុន បានចេញដីកាកោះហៅប្រជាសហគមន៍ការពារព្រៃព្រះរកា ១១រូប ឱ្យទៅឆ្លើយបំភ្លឺពីបទឆបោក និងញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ក្នុងដីកាកោះហៅនោះ បានកំណត់កាលបរិច្ឆេទចាត់ឱ្យប្រជាសហគមន៍ ១១រូបទៅឆ្លើយបំភ្លឺនៅថ្ងៃផ្សេងៗ គ្នា ចាប់ពីដើមខែ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា។
ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវណ្ណថាល់ មានប្រសាសន៍ថា ដីកាកោះហៅនេះ គ្រាន់តែជាការស៊ើបអង្កេតជាបឋមតែប៉ុណ្ណោះ ពុំមែនជាបទល្មើសជាក់ស្ដែងនោះទេ។ លោកបញ្ជាក់ថា ប្រជាសហគមន៍ទាំងនោះ មិនមែនជាជនជាប់ចោទនោះទេ គ្រាន់តែជាជនសង្ស័យរងបណ្ដឹងពីអ្នកដទៃ ឬមន្ត្រីជំនាញណាមួយ ហេតុនេះស្ថាប័នអយ្យការនឹងមិនឃាត់ខ្លួនពួកគាត់នោះទេ។ លោកបដិសេធមិនបញ្ជាក់លម្អិតថា នរណាជាដើមបណ្ដឹងក្នុងសំណុំរឿងនេះទេ៖ «ចូលមកឆ្លើយមកអាហ្នឹងគ្រាន់តែអង្កេតបឋមតើមិនមែនជាបទល្មើសជាក់ស្ដែងណា ដូច្នេះមិនអាចឃាត់ខ្លួនឡើយ។ អាចសំណុំរឿងប្ដឹងចូលសមត្ថកិច្ចនគរបាល ឬអាវុធហត្ថអាវុធហត្ថអង្កេតបឋមកសាងសំណុំរឿងរុញមកខាងខ្ញុំ ហើយជូនកាលអាចគេដើមបណ្ដឹងប្ដឹងផ្ទាល់មកខាងខ្ញុំ »។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ ចាត់ទុកដីកាកោះហៅនេះ ជាការគំរាមកំហែងបំបាក់ស្មារតីពលរដ្ឋដែលស្ម័គ្រចិត្តការពារព្រៃឈើ និងឃ្លាំមើលបទល្មើសព្រៃឈើក្នុងតំបន់ព្រៃព្រះរកា។ លោកសង្កេតឃើញថា អ្នកកាប់ឈើ និងដឹកឈើខុសច្បាប់កម្រឃើញតំណាងអយ្យការកោះហៅមកសួរនាំណាស់។
សហគមន៍ការពារព្រៃព្រះរកាអះអាងថា ព្រៃព្រះរកានៅតែទទួលរងការកាប់ឈើខុសច្បាប់នៅពេលយប់ ដោយគ្មានការរារាំងពីមន្ត្រីបរិស្ថាន និងសមត្ថកិច្ចមូលដ្ឋាន។ ប្រជាសហគមន៍ប្ដេជ្ញាថា ពួកគេនៅតែបន្តការពារព្រៃឈើស្របតាមរដ្ឋធម្មនុញ្ញ បើទោះបីរងការគំរាមកំហែងតាមប្រព័ន្ធតុលាការក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។