ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល រិះគន់តុលាការជាន់ខ្ពស់ដែលដោះលែងម្ចាស់ក្លឹបកម្សាន្តរ៉ក (ROCK) ឧកញ៉ា គិត ធាង ដែលជាមេខ្លោងចែកចាយគ្រឿង ញៀនទ្រង់ទ្រាយធំនៅក្នុងក្លឹបកម្សាន្តរបស់ខ្លួន។ ពួកគាត់ ចាត់ទុកថា ការដោះលែងនេះ គឺជាការអនុវត្តច្បាប់ស្តង់ដារពីរ និងមានការសង្ស័យពីអំពើពុករលួយជាប្រព័ន្ធ។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល លើកឡើងថា សំណុំរឿងជួញដូរគ្រឿងញៀនជិត៥០គីឡូក្រាមក្នុងក្លឹបកម្សាន្តរ៉ក ដែលមានជនជាប់ចោទជាឧកញ៉ា គិត ធាង នេះ គឺជាសំណុំរឿងដ៏ធំមួយ ដូច្នេះនៅពេលសាលាឧទ្ធរណ៍ សម្រេចដោះលែងលោកដោយស្ងាត់ៗបែបនេះ គឺកាន់តែធ្វើឱ្យសាធារណជនមានមន្ទិលសង្ស័យអំពីភាពមិនប្រក្រតីជាច្រើន។
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀង លោក យឹម សារ៉េត ដែលកំពុងជាប់ឃុំ គឺលោកស្រី អ៊ុក ចន្ធី ថ្លែងថា វាជារឿងហួសចិត្តដែលតុលាការ ដោះលែងឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ប៉ុន្តែបែរជាបន្តប្រឌិតរឿងចោទប្រកាន់និងឃុំខ្លួនសកម្មជននយោបាយ និងសកម្មជនសង្គមទាំងគ្មានកំហុសទៅវិញ។ លោកស្រីជឿថា ប្រសិនបើតុលាការ អនុវត្តច្បាប់ដោយវិជ្ជាជីវៈនិងឯករាជ្យ គឺប្រាកដជាមិនចោទប្រកាន់និងចាប់ឃុំខ្លួនប្តីលោកស្រី និងសកម្មជននយោបាយ រួមទាំងសកម្មជនសង្គមផ្សេងទៀតតាំងពីដើមទីមកម្ល៉េះ ព្រោះពួកគាត់គ្រាន់តែអនុវត្តសិទ្ធិជាមូលដ្ឋាន និងចូលរួមឈឺឆ្អាលរឿងសង្គមជាតិរបស់ខ្លួនប៉ុណ្ណោះ៖ «សម្រាប់ឧកញ៉ាជាអ្នកមានលុយ ទោះបីជាគាត់ជាមេជួញដូរគ្រឿងញៀនយ៉ាងម៉េចក៏ដោយ ក៏រាជរដ្ឋាភិបាល និងតុលាការ ជួយសម្រួលឱ្យទៅជាគាត់គ្មានទោស តែដល់ពេលយើងធ្វើដើម្បីជាតិ បញ្ចេញមតិដើម្បីស្ថាបនាអីចឹង បែរជាចោទប្រកាន់ថា យើងមានទោស ។ សង្គមនេះ គេគិតតែពីអ្នកមាន។ អ្នកណា មានលុយគឺអ្នកនោះត្រូវ ហើយអ្នកណាក្រគ្មានលុយ និងធ្វើការដើម្បីជាតិ គឺខុស»។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មួយចំនួន បញ្ចេញប្រតិកម្មដោយភ្ញាក់ផ្អើល និងរិះគន់ព្រោងព្រាតចំពោះសាលាឧទ្ធរណ៍ដែលដោះលែងលោកឧកញ៉ា គិត ធាង។ ម្ចាស់គណនីហ្វេសប៊ុកម្នាក់ បញ្ចេញមតិថា ដោយសារតែតុលាការធ្វើបែបនេះ ទើបបានជាគ្រឿងញៀន ចាប់មិនចេះអស់។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បន្តថា សាហាវណាស់ស្រុកយើង គ្រឿងញៀនរហូតដល់ជិត៥០គីឡូក្រាម តែជាប់ទោស២ឆ្នាំ មិនដឹងថា បំផ្លាញអនាគតមនុស្សប៉ុន្មាននាក់នោះទេ។ ម្ចាស់គណនីហ្វេសប៊ុកមួយរូបទៀត សរសេរថា អ្នកឈឺឆ្អាលរឿងសង្គមត្រូវជាប់គុក រត់ចោលស្រុក និងត្រូវគេសម្លាប់។ រីឯអ្នកបំផ្លាញសង្គម និងជនពាលវិញ ពួកគេ ក្លាយជាសេដ្ឋី ក្លាយជាមន្ត្រីខ្ពង់ខ្ពស់ ព្រោះមានលុយ។
ការបញ្ចេញប្រតិកម្មបែបនេះ គឺបន្ទាប់ពីឧកញ៉ា គិត ធាង ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទចាត់ចែងសម្របសម្រួលឱ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិតពាក់ព័ន្ធករណីគ្រឿងញៀនជិត៥០ (៤៩,៤៤) គីឡូក្រាមនោះ ប៉ុន្តែទើបតែត្រូវបានតុលាការជាន់ខ្ពស់សម្រេចដោះលែងដោយស្ងាត់ៗ កាលពីដើមសប្តាហ៍នេះ។ សាលាឧទ្ធរណ៍បានសម្រេចកាត់ទោសតម្រឹមដោយឱ្យលោក គិត ធាង អនុវត្តទោសរយៈពេលតែ២ឆ្នាំ ចំណែក ទោសនៅសល់ត្រូវព្យួរជាធម្មតា។ ទោះជាយ៉ាងណា ក្នុងរយៈពេល២ឆ្នាំមកនេះ ទណ្ឌិតមានងារជាឧកញ៉ារូបនេះ បានជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញប៉េហ្ស៊ី (PJ)រយៈពេលប្រមាណកន្លះខែ។ លោកត្រូវបានផ្ទេរចេញពីពន្ធនាគារ ទៅរស់នៅក្នុងបន្ទប់ពិសេសវី.អាយ.ភី (VIP) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៊ី ចាប់តាំងពីថ្ងៃទី១ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃដែលតុលាការជាន់ខ្ពស់សម្រេចដោះលែងលោកតែម្តង ក្រោមហេតុផលថា មានជំងឺសួត និងស្ទះដង្ហើម។ ប្រភពដដែល បញ្ជាក់ថា សម្រាប់ជនជាប់ចោទប្រមាណជិត៣០នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជាមួយលោក គិត ធាង ដែរនោះ មិនត្រូវបានដោះលែងនោះទេ។
ទាក់ទងករណីនេះ អាស៊ីសេរីមិនទាន់អាចទាក់ទងប្រធានថ្មីនៃសាលាឧទ្ធរណ៍ភ្នំពេញ លោកចៅក្រម សេង ស៊ីវុត្ថា ដើម្បីឆ្លើយតបរឿងនេះបាននៅឡើយទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ដោយឡែក អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ វិញ លោក ថ្លែងថា លោកនៅមិនទាន់ដឹង អំពីករណីសាលាឧទ្ធរណ៍ដោះលែងឧកញ៉ា គិត ធាង នៅឡើយទេ។ លោកបញ្ជាក់ថា សំណុំរឿងនេះ បានផុតពីដៃរបស់លោកហើយ ក្រោយពេលបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទាំងអស់បញ្ជូនទៅតុលាការ ហើយការផ្តន្ទាទោស ឬការដោះលែងយ៉ាងណានោះ គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ៖ «គាត់ ( តុលាការ ) លែងឬកាត់ទោសដោយស្ថានទម្ងន់និងស្ថានសម្រាលយ៉ាងម៉េច គឺអាហ្នឹងនៅលើតុលាការ ប៉ុន្តែយើងបានរួមគ្នាទាំងគ្រប់មជ្ឈដ្ឋានទាំងអស់ទាំងតុលាការ ទាំងប្រជាពលរដ្ឋ ទាំងសមត្ថកិច្ច ហើយរាល់ថ្ងៃនេះយើងបានប្រឹងប្រែង រួបរួមគ្នាដើម្បីចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀននេះ ឱ្យបានខ្លាំងក្លា ព្រោះរាជរដ្ឋាភិបាល លោកបានចង្អុលណែនាំឱ្យមន្ត្រីរួមគ្នាត្រូវបង្ក្រាបនិងបង្ការ។ អ៊ីចឹងអ្នកណាបង្ការគឺបង្ការ អ្នកណាបង្ក្រាបគឺបង្ក្រាបហើយតុលាការ គឺចុងក្រោយដែលគាត់ត្រូវសម្រេចចោទប្រកាន់យ៉ាងម៉េចៗ គាត់ក៏ប្រឹងប្រែងដែរ»។
លោក គិត ធាង គឺជាបងប្រុសបង្កើតរបស់ឧកញ៉ា គិត ម៉េង ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅប៉ុន្មានម៉ោង ក្រោយពីមានបទបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅពេលនោះ ទាំងលោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រតិកម្មខ្លាំងៗថា ករណីចែកចាយគ្រឿងញៀនក្នុងក្លឹបកម្សាន្តរ៉ក គឺជារឿងធំ ដែលត្រូវតែរកមេខ្លោងឱ្យឃើញ ហើយបញ្ជាឱ្យតុលាការត្រូវតែដំណើរការក្តីដោយម៉ឺងម៉ាត់ និងដាក់ទោសឱ្យបានធ្ងន់ធ្ងរ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសតុលាការ គួរតែបង្ហាញព័ត៌មាន និងពន្យល់ឱ្យបានច្បាស់លាស់ដល់សាធារណជនថា តើមានមូលហេតុអ្វីខ្លះទើបសម្រេចដោះលែងឧកញ៉ា គិត ធាង ដែលជាជាប់ចោទក្នុងសំណុំរឿងចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំបែបនេះ។ លោកបន្តថា ការបង្ហាញព័ត៌មាននេះ គឺមានភាពចាំបាច់ ដើម្បីធ្វើឱ្យសាធារណជន មានជំនឿទៅលើស្ថាប័នតុលាការ៖ «គាត់ប្រហែលជាឆ្ងល់ហើយបើយើងមិនចេញព័ត៌មាន ឱ្យបានទូលំទូលាយក្នុងករណីនេះទេ ហើយយើងបានឃើញហើយមានករណីផ្សេង ទៀតដែលប្រជាពលរដ្ឋទូទៅគិតថា ករណីទាំងនោះជាករណីដែលអ្នកពាក់ព័ន្ធឬជន ជាប់ចោទ គាត់ការពារប្រយោជន៍សាធារណៈ ទាក់ទងនឹងបរិស្ថាន និងធនធានធម្មជាតិ ហើយនឹងទ្រព្យសម្បត្តិសាធារណៈជាដើម ប៉ុន្តែគាត់ត្រូវបានគេចោទប្រកាន់ និងកាត់ទោសឱ្យជាប់ពន្ធនាការទៅវិញ ហើយក្នុងពេលទន្ទឹមគ្នានេះ មានមន្ត្រីធំៗឬក៏ឈ្មួញរកស៊ីធំៗ គាត់បែរជារួចទោសទណ្ឌ ក្នុងករណីធំៗបែបនេះទៅវិញ»។
លោកជំរុញឱ្យស្ថាប័នសាធារណៈ ពង្រឹងការអនុវត្តច្បាប់ដែលមានជាធរមានឱ្យបានត្រឹមត្រូវនិងស្មើភាព ដើម្បីលុបបំបាត់គ្រឿងញៀន និងលុបបំបាត់វប្បធម៌និទ្ទណ្ឌភាព ហើយកសាងសង្គមមួយដែលស្អាតស្អំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។