គណៈមេធាវីកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានចាត់តាំងមេធាវីស្ម័គ្រចិត្ត ៦រូប ដើម្បីការពារក្ដីជនជាប់ចោទ ដោយមិនយកប្រាក់កម្រៃ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងបទចោទរួមគំនិតក្បត់ និងញុះញង់។ ជនជាប់ចោទទាំងនោះ ជាមន្ត្រីក្រុមប្រឹក្សាជាប់ឆ្នោតពីគណបក្សសង្គ្រោះជាតិ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែ ក្នុងចំណោមអ្នកទាំងនោះ មានជនជាប់ចោទម្នាក់ មិនព្រមទទួលយកមេធាវីដែលតុលាការចាត់តាំងឲ្យនោះទេ។ គាត់សុំរក្សាសិទ្ធិការពារក្ដី ដោយខ្លួនឯង។
តើច្បាប់កម្ពុជា អនុញ្ញាតឲ្យគាត់ ធ្វើដូច្នេះបានឬទេ?
ទាំងរដ្ឋធម្មនុញ្ញ និងក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា សុទ្ធតែមានចែង អំពីគោលការណ៍នៃការជំនុំជម្រះក្ដីដោយយុត្តិធម៌ ដែលរួមមានទាំងសិទ្ធិការពារក្ដី។
មាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។ សិទ្ធិការពារខ្លួននេះ ចែកចេញជាពីរបន្តទៀត គឺសិទ្ធិការពារក្ដីដោយខ្លួនឯង ដោយមិនចាំបាច់មានមេធាវី និងសិទ្ធិមានជំនួយរបស់មេធាវី ដូចមានចែងក្នុងមាត្រា ៣០១ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។
អ្នកច្បាប់យល់ថា ជនគ្រប់រូប ពិតជាមានសិទ្ធិការក្ដីដោយខ្លួនឯង ដោយមិនចាំបាច់មានមេធាវី។ ប៉ុន្តែ សិទ្ធិនេះអាចអនុវត្តបាន តែក្នុងករណីមួយចំនួនប៉ុណ្ណោះ។ លោកមេធាវី ផែង ហេង ថា ក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា អនុញ្ញាតឲ្យជនត្រូវចោទ ឬជនជាប់ចោទពីបទមជ្ឈិម គឺបទល្មើសដែលមានស្ថានទម្ងន់ទោសត្រឹម ៥ឆ្នាំចុះក្រោម មានសិទ្ធិការពារក្ដីដោយខ្លួនឯងបាន៖ «សាមីខ្លួនដែលរងការចោទប្រកាន់ គាត់មានសិទ្ធិឆ្លើយការពារខ្លួនឯងក៏បាន គាត់រកមេធាវីក៏បាន ហ្នឹងច្បាប់កំណត់មកអ៊ីចឹង »។
ច្បាប់កម្ពុជាត្រង់ចំណុចនេះ ស្របនឹងរដ្ឋធម្មនុញ្ញអាមេរិក វិសោធនកម្មលើកទី៦ ដែលចែងអំពីសិទ្ធិរបស់ជនជាប់ចោទ ក្នុងការតតាំងក្ដីដោយខ្លួនឯង ដោយមិនចាំបាច់មានជំនួយពីមេធាវី។ ក៏ប៉ុន្តែ ច្បាប់អាមេរិក ផ្តល់សិទ្ធិឲ្យជនជាប់ចោទ មានសិទ្ធិការពារក្ដីដោយខ្លួនឯង នៅក្នុងសំណុំរឿងព្រហ្មទណ្ឌទូទៅ។
ទោះជាយ៉ាងនេះក្ដី ច្បាប់អាមេរិកកំណត់ ថាជនជាប់ចោទដែលអាចការពារក្ដីដោយខ្លួនឯងបាន គឺត្រូវមានភាពឆ្លាតវៃ និងចំណេះដឹងគ្រប់គ្រាន់ ក្នុងការការពារខ្លួននៅក្នុងតុលាការ។ ក្នុងករណីដែលចៅក្រមពិនិត្យឃើញថា ជននោះខ្វះសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារក្ដីដោយគ្មានអ្នកច្បាប់ជួយ ឧទាហរណ៍ ជននោះធ្វើឲ្យរាំងស្ទះដល់លំអានត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធីតុលាការ ចៅក្រមអាចបដិសេធសិទ្ធិនេះបាន។
ប្រព័ន្ធច្បាប់អាមេរិក ផ្តល់សិទ្ធិអំណាចឲ្យជនជាប់ចោទ ក្នុងការការពារក្ដីដោយខ្លួនឯង ដោយមិនកម្រិតត្រឹមបទមជ្ឈិម ឬបទឧក្រិដ្ឋនោះទេ។ ប៉ុន្តែ ចំពោះច្បាប់កម្ពុជាវិញ ក្នុងករណីបទឧក្រិដ្ឋ ដែលជនជាប់ចោទ អាចមានទោសចាប់ពី ៥ឆ្នាំដល់ ៣០ឆ្នាំ ឬជាប់ពន្ធនាគារអស់មួយជីវិត ចែងខុសពីច្បាប់អាមេរិក។ ក្នុងករណីទោសធ្ងន់បែបនេះ ច្បាប់កម្ពុជាចាប់បង្ខំ ឲ្យជនជាប់ចោទទាំងអស់ ត្រូវតែមានមេធាវីការពារក្ដី។
មាត្រា ៣០១ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា ជំនួយមេធាវី ត្រូវតែមានដាច់ខាត នៅក្នុងករណីបទឧក្រិដ្ឋ ឬកាលណាជនជាប់ចោទជាអនីតិជន (ពោលគឺ ក្មេងអាយុក្រោម ១៨ឆ្នាំ)។ មិនតែប៉ុណ្ណោះ ច្បាប់នេះចែងទៀតថា បើគ្មានការជ្រើសរើសដោយជនជាប់ចោទទេ ប្រធានតុលាការត្រូវផ្ដួចផ្ដើមគំនិតចាត់តាំងមេធាវីឲ្យជនជាប់ចោទ នៅក្នុងលក្ខខណ្ឌដែលមានចែង ក្នុងច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី។
ទំនងជាដើម្បីបំពេញតាមលក្ខខណ្ឌនេះហើយ ទើបគណៈមេធាវីកម្ពុជា កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចាត់តាំងមេធាវីស្ម័គ្រចិត្ត ៦ រូប ឲ្យជួយការពារក្ដីសកម្មជនគណបក្សប្រឆាំង ជាច្រើន ដែលត្រូវបានកោះហៅឲ្យឡើងតុលាការរួមគ្នា។
ប៉ុន្តែ ក្នុងចំណោមអ្នកទាំងនោះ មានកញ្ញា សេង ធារី មួយ ដែលជានារីខ្មែរអាមេរិក និងជាមេធាវីផង មិនត្រូវការមេធាវីតំណាងកញ្ញានោះឡើយ។ កញ្ញាទាមទារសិទ្ធិការពារក្ដីដោយខ្លួនឯង។
ប៉ុន្តែ ការទាមទារនេះ បើតាមអ្នកច្បាប់ខ្មែរមួយរូបទៀត លោកថាមិនអាចទៅរួចទេ ដោយសារតែប្រព័ន្ធច្បាប់ខ្មែរ មិនអនុញ្ញាតឲ្យធ្វើដូច្នេះបាន។ លោកមេធាវី សុក សំអឿន នៃក្រុមអ្នកច្បាប់អមរិន្ទ ពន្យល់ថា ការការពារខ្លួនដោយខ្លួនឯង នៅក្នុងបរិបទស្រុកខ្មែរ មានន័យផ្សេង គឺមិនដូចគ្នានឹងការការពារខ្លួនដោយខ្លួនឯង នៅក្នុងប្រព័ន្ធច្បាប់អាមេរិកនោះឡើយ៖ «បើស្រុកគេ ពាក្យដែលការពារខ្លួនឯង មានន័យថា យើងដើរតួដូចមេធាវីខ្លួនឯង ហើយយើងអាចមានសិទ្ធិសួរសាក្សី ដូចមេធាវីដែរ។ ប៉ុន្តែ នៅស្រុកយើង អ្នកដែលអាចសួរសាក្សីបាន មានតែមេធាវី។ ជនជាប់ចោទអត់មានសិទ្ធិទេ។ ដូច្នេះពាក្យការពារដោយខ្លួនឯង នៅស្រុកខ្មែរ គឺអត់មានទេ»។

កញ្ញា សេង ធារី និងក្រុមប្រឹក្សាជាប់ឆ្នោតពីគណបក្សសង្គ្រោះជាតិ និងសកម្មជនជាច្រើនទៀត ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ គឺរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងគម្រោងធ្វើមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ បទឧក្រិដ្ឋទាំងនេះ ទម្ងន់ទោសជាប់ពន្ធនាគារចាប់ពី ៥ឆ្នាំរហូតដល់ ២០ឆ្នាំ។
កញ្ញា សេង ធារី បានត្រៀមខ្លួនការពារក្ដីដោយខ្លួនឯង ដោយមិនចាំបាច់ពឹងពាក់ជំនួយពីមេធាវី ចាត់តាំងពីសវនាការដំបូង កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា។ កញ្ញាប្រាប់អាស៊ីសេរី ក្រោយសវនាការនោះភ្លាមថា ក្នុងនាមជាជនជាប់ចោទ និងមានចំណេះដឹងគ្រប់គ្រាន់ផ្នែកច្បាប់ ដើម្បីការពារក្ដីដោយខ្លួនឯង កញ្ញាមិនត្រូវការមេធាវីនោះទេ៖ «អត់អាចតម្រូវឲ្យខ្ញុំមានមេធាវីទេ។ ខ្ញុំជាជនជាប់ចោទ អត់ចង់មានមេធាវី។ គេលើកថា នេះជារឿងព្រហ្មទណ្ឌ។ ព្រហ្មទណ្ឌម៉េចក៏ដោយ ខ្ញុំអត់ចង់មានមេធាវី»។
ទោះជាយ៉ាងនេះក្តី កញ្ញា សេង ធារី ថា កញ្ញាបានត្រៀមមេធាវីទាំងជាតិ និងអន្តរជាតិរួចរាល់ហើយ ក្នុងករណីដែលតុលាការសម្រេចចាប់ខ្លួនកញ្ញាដាក់ពន្ធនាគារ។ កញ្ញាបន្តថា បើតុលាការមិនឲ្យកញ្ញាមានសំឡេងក្នុងសវនាការ កញ្ញានឹងបញ្ចេញសំឡេងនៅខាងក្រៅជាសាធារណៈ ដើម្បីទិតៀនកិច្ចដំណើរនីតិវិធីតុលាការ ដែលកញ្ញាហៅថាជាឆាកល្ខោននយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។